\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​យល់ព្រម​ចែករំលែក​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​អំពី​កូរ៉េ​ខាង​ជើង


បាតុករ​កូរ៉េខាងត្បូង​ប៉ះទង្គិច​ជាមួយ​នឹង​មន្រ្តី​ប៉ូលិស​អំឡុងពេល​បាតុកម្ម​មួយ​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ព័ត៌មាន​សន្តិសុខ​យោធា​ទូទៅ (GSOMIA) រវាង​កូរ៉េខាងត្បួង និង​ជប៉ុន នៅ​ពី​មុខ​ក្រសួងការពារ​ជាតិ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃ​ទី២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

បាតុករ​កូរ៉េខាងត្បូង​ប៉ះទង្គិច​ជាមួយ​នឹង​មន្រ្តី​ប៉ូលិស​អំឡុងពេល​បាតុកម្ម​មួយ​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​ព័ត៌មាន​សន្តិសុខ​យោធា​ទូទៅ (GSOMIA) រវាង​កូរ៉េខាងត្បួង និង​ជប៉ុន នៅ​ពី​មុខ​ក្រសួងការពារ​ជាតិ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាល​ពី​ថ្ងៃ​ទី២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

ប្រទេស​ជប៉ុន និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ចែករំលែក​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​ពាក់ព័ន្ធ​នឹង​សកម្មភាព​យោធា​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ដែល​ក្នុង​នោះ​មាន​ទាំង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ផង​ដែរ។

ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង​នេះ​នឹង​ជួយ​រារាំង​សកម្មភាព​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង។

ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​ថា៖ «ដោយសារតែ​យើង​អាច​ប្រើប្រាស់​សមត្ថភាព​ស៊ើបការណ៍​សម្ងាត់​របស់​ជប៉ុន​ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​ការ​គំរាមកំហែង​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​ដ៏​ខ្លាំងក្លា​របស់​កូរ៉េ​ខាង​ជើង កិច្ច​ព្រមព្រៀង​នេះ​នឹង​ជួយ​ពង្រីក​បន្ថែម​ដល់​ផល​ប្រយោជន៍​សន្តិសុខ​របស់​កូរ៉េ​ខាង​ត្បូង‍»។

កិច្ច​ព្រមព្រៀង​នេះ​អនុញ្ញាត​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ប្រទេស​ជប៉ុន​ធ្វើ​ការ​ផ្លាស់ប្ដូរ​ព័ត៌មាន​ដោយ​ផ្ទាល់ ជាជាង​ការ​ទទួល​បាន​ព័ត៌មាន​ទាំង​នោះ​តាមរយៈ​សហរដ្ឋ​អាមេរិក ដោយសារតែ​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​សហរដ្ឋ​អាមេរិក​ចំពោះ​បញ្ហា​ព័ត៌មាន​ស៊ើបការណ៍​សម្ងាត់​របស់​សកម្មភាព​យោធា​របស់​កូរ៉េ​ខាង​ជើង​នេះ​តាំង​ពី​ឆ្នាំ ២០១៤ មក​ម្ល៉េះ។

កិច្ច​ព្រមព្រៀង​ថ្មី​នេះ​មិន​ទទួល​បាន​ការ​គាំទ្រ​ពី​សកម្មជន និង​គណបក្ស​នយោបាយ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​នោះ​ទេ ដែល​ក្នុង​នោះ​មាន​ទាំង​អ្នក​ដែល​ទាមទារ​ឲ្យ​លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Park Geun hye ចុះ​ចេញ​ពី​តំណែង​ផង​ដែរ។

ប្រទេស​ចិន ដែល​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​កូរ៉េ​ខាង​ជើង ក៏​មិន​គាំទ្រ​ចំពោះ​កិច្ច​ព្រមព្រៀង​នេះ​ដែរ ដោយ​បាន​បញ្ជាក់​ថា កិច្ច​ព្រមព្រៀង​នេះ​នឹង​ធ្វើ​ឲ្យ​តំបន់​មាន​អសន្តិសុខ និង​អស្ថិរភាព៕

XS
SM
MD
LG