ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មរណភាព​លោក​សុខ អាន ​នៅ​ចិន​ចោទ​ជា​សំណួរ​ជា​ថ្មី​ពី​សេវា​គុណភាព​សុខាភិបាល​ខ្មែរ


រូបឯកសារ៖ លោក សុខ អាន អតីត​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី បាន​ទទួល​មរណភាព​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃពុធ ទី១៥ ខែមិនា ឆ្នាំ២០១៧។

ការស្លាប់​របស់​លោក សុខ អាន​ នៅ​ក្នុង​ប្រទេស​ចិន​នេះ​បង្ហាញ​ដល់​សាធារណជន​ខ្មែរ​ថា​ គុណភាព​នៃ​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​ គឺ​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​មិន​ទាន់​អាច​ទុក​ចិត្ត​បាន​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​អ្នក​ឃ្លំាមើល​ដំណើរ​វិវត្តន៍​របស់​សង្គម​កម្ពុជា។

លោក​ សុខ អាន​ អតីត​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ ត្រូវ​បាន​គេ​ដឹង​ថា​ ជា​ឥស្សរជន​នយោបាយ​ខ្មែរ​ទីពីរ​ដែល​បាន​ទទួល​មរណភាព​នៅ​ប្រទេស​ចិន​ បន្ទាប់ពី​អតីត​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​នរោត្តម​ សីហនុ។​ ព្រះបាទ​នរោត្តម​ សីហនុ​ បាន​សោយទិវង្គត​នៅ​ទីក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​នៅ​ក្នុង​ឆ្នាំ​២០១២ បន្ទាប់​ពី​ទ្រង់​បាន​បន្ត​ទទួល​ការ​ទទួល​បាល​ព្រះរោគ​នៅ​ទីនោះ​អស់​ជា​ច្រើន​ឆ្នាំ​ និង​មិន​សូវ​បាន​គង់​ក្នុង​ប្រទេស​របស់​ទ្រង់​នោះ​ឡើយ។

ការស្លាប់​របស់​លោក សុខ អាន​ នៅ​ក្នុង​ប្រទេស​ចិន​នេះ​បង្ហាញ​ដល់​សាធារណជន​ខ្មែរ​ថា​ គុណភាព​នៃ​ការ​ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​ក្នុង​ប្រទេស​ គឺ​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​មិន​ទាន់​អាច​ទុក​ចិត្ត​បាន​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុម​អ្នក​ឃ្លំាមើល​ដំណើរ​វិវត្តន៍​របស់​សង្គម​កម្ពុជា។

លោក សុខ​ អាន​ ដែល​គេ​ដឹង​ថា​ បាន​កាន់​តួនាទី​ជា​ច្រើន​នៅ​ក្នុង​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ក្រៅ​តែ​ពី​មាន​មុខងារ​ជា​ឧបនាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​នោះ បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ពុធ ​នៅ​ក្នុង​មន្ទីរពេទ្យ​ក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជា​មានិត​ចិន​ ដោយ​រោគាពាធ​ ក្នុង​អាយុ​៦៦ឆ្នាំ។

ទិដ្ឋភាពនៃពិធីបុណ្យសពរបស់ លោក សុខ អាន ប្រារព្ធតាមប្រពៃណី នៅគេហដ្ឋានលោក សុខ អាន នៅរាជធានីភ្នំពេញ​ ថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/ VOA)

ទិដ្ឋភាពនៃពិធីបុណ្យសពរបស់ លោក សុខ អាន ប្រារព្ធតាមប្រពៃណី នៅគេហដ្ឋានលោក សុខ អាន នៅរាជធានីភ្នំពេញ​ ថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០១៧។ (ខាន់ សុគុំមនោ/ VOA)

លោក​ សន ជ័យ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​ប្រាប់​ VOA​ នៅ​ថ្ងៃ​ព្រហ្បតិ៍​នេះ​ថា​ ឥស្សរជន​ខ្មែរ​ ខុសពី​ឥស្សរជន​នៃ​ប្រទេស​ក្បែរ​ខាង​របស់​កម្ពុជា​ដែល​សុខ​ចិត្ត​ទទួល​ការ​ព្យាបាល​ជំងឺ​ក្នុង​ប្រទេស​របស់​ខ្លួន​ ហើយ​លា​ចាក​លោក​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ដែរ។​ លោក​និយាយថា​ នេះ​ទំនង​បណ្តាល​មកពី​គុណភាព​នៃ​ការ​ព្យាបាល​ជំងឺ​ក្នុង​ប្រទេស​នៅ​បន្ត​មាន​បញ្ហា​នៅឡើយ​ ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ ជា​ពិសេស​នោះ​គឺ​ឥស្សរជន​ខ្មែរ​ដែល​មាន​ឋានៈខ្ពង់ខ្ពស់​ ត្រូវ​បង្ខំចិត្ត​ទៅ​ទទួល​ការ​ព្យាបាល​នៅ​ក្រៅ​ប្រទេស។

«លោក លី ក្វាន់យូ ​គាត់​ស្លាប់​ តាម​ខ្ញុំដឹង​គាត់​ស្លាប់​នៅ​ក្នុង​ប្រទេស។ ស្តេច​ថៃ​សោយ​ទិវង្គត​នៅ​ក្នុង​មន្ទីរពេទ្យ​នៅក្នុង​ប្រទេស​ថៃ។​ ប៉ុន្តែ​សម្រាប់​ ថ្នាក់​ដឹកនាំ​ ឬ​ក៏​ឥស្សរជន​ជាន់​ខ្ពស់​របស់​កម្ពុជា​យើង​ ក្នុងនោះ​រួមមាន​អតីត​ព្រះមហាក្សត្រ​ សម្តេច​ព្រះនរោត្តម​សីហនុ​ ហើយ​ឥឡូវ​នេះ​ គឺ​លោក​សុខ អាន ​មួយ​ទៀត​ ហើយ​ក៏​មុន​ហ្នឹង​ក៏​មាន​ព័ត៌មាន​ចចាម​អារ៉ាម​ថា​ លោក​មិន ឃិន​ នោះ​ ដែល​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ​ និង​សាសនា​ហ្នឹង​គាត់​ ទៅមើល​ជំងឺ​នៅ​ប្រទេស​ថៃ​ដែរ​នែ៎»។

លោក​ថ្លែង​បន្ត​ថា​៖

«បាទ​អញ្ចឹង​ចំណុច​នេះ​ បាន​បញ្ជាក់​យ៉ាងច្បាស់​ថា​គុណភាព​នៃ​សេវា​ឬក៏​ការ​ទុកចិត្ត​ទៅលើ​សេវា​សុខាភិបាល​នៅ​កម្ពុជា​ហ្នឹង​ កំពុងតែ​មាន​បញ្ហា​ហើយ​ បញ្ហា​បាន​ន័យ​ថា​ បញ្ហា​ត្រង់​ថា​ ខ្វះ​នូវ​ជំនឿ​ទុកចិត្ត​ ជំងឺ​ធ្ងន់ៗ​ហ្នឹង​គឺ​ ទាំង​ឥស្សរជន​ ទាំងគេ​ហៅ​ថា្នក់​ដឹកនាំ​កំពូល​របស់​ជាតិហ្នឹង​តែង​តែ​ទៅ​រក​សេវា​នៅ​ក្រៅ​ប្រទេស»។

លោក​ មាស នី​ អ្នកសិក្សា​ស្រាវជ្រាវ​កិច្ចអភិវឌ្ឍន៍​សង្គម​នៅ​ប្រទេស​កម្ពុជា​ ប្រាប់​ VOA ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​លោក​ សុខ អាន​ ជា​អ្នកនយោបាយ​ខ្មែរ​ទី​ពីរ​ ដែល​បាន​ស្លាប់​នៅ​ប្រទេស​ចិន។​ លោក​ថា​ កង្វះ​ទំនុក​ចិត្ត​លើ​សេវា​ព្យាបាល​ជំងឺ​ក្នុង​ប្រទេស​ បាន​បង្ខំ​ឲ្យ​មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​រូប​នេះ​ ចាកចេញ​ពី​ប្រទេស​ទៅ​ទទួល​ការ​ព្យាបាល​នៅ​ក្រៅ​ស្រុក។​ លោក​មាន​ប្រសាសន៍​ថា​ ការណ៍​នេះ​ គឺ​ផ្ទុយ​ពី​មេដឹកនាំ​ផ្សេង​ទៀត​ក្នុង​តំបន់​ ដូចជា​សេ្តច​ប្រទេស​ថៃ​ដែល​ទ្រង់​មិន​ចាក​ចេញ​ពី​ប្រទេស​នៅ​គ្រា​ទ្រង់​ប្រឈួន​ខ្លាំង​ ហើយ​បន្ត​ទទួល​ការ​ព្យាបាល​ជំងឺ​ក្នុង​ប្រទេស​ទ្រង់​រហូតដល់​ទ្រង់​សោយ​ទិវង្គត។​

«តាំងពី​ប្រឈួន​រហូត​ដល់​សោយ​ទិវង្គត​ហ្នឹង​ លោក​ស្នាក់​នៅ​ក្នុង​ទីក្រុង​បាងកក​រហូត​ នេះ​ជា​ការ​ខុស​ប្លែកគ្នា​រវាង​សេវាកម្ម​សុខភាព​នៅក្នុង​ស្រុក​យើង​ ហើយ​នឹង​នៅ​ប្រទេស​ថៃ»។

លោក មាស នី​ បន្ថែម​ថា៖​ «អាចជា​ទំនុកចិត្ត​ដែល​អ្នកដឹកនាំ​គេ​មាន​ទៅលើ​សេវាកម្ម​របស់​គេ​ ជួនកាល​សេវាកម្ម​របស់​យើង​ គឺ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្លួន​ឯង​មិន​ទុកចិត្ត​ទេ​ ជួនកាល​មន្ត្រី​ជាន់​ខ្ពស់​របស់​ស្រុក​ខ្មែរ​ ខ្លួន​ឯង​ហ្នឹង​ ក៏​មិន​ទុកចិត្ត​សេវាកម្ម​ហ្នឹង​ដែរ»។

ក្រសួងសុខាភិបាលនៅរាជធានីភ្នំពេញ

ក្រសួងសុខាភិបាលនៅរាជធានីភ្នំពេញ

VOA ​ព្យាយាម​សុំ​ការអធិប្បាយ​ពី​លោក ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ដើម្បី​សុំ​សេចក្តី​អធិប្បាយ​ពាក់ព័ន្ធ​នឹង​គុណភាព​ព្យាបាល​ជំងឺ​នៅ​កម្ពុជា​ តែ​លោក​មិន​លើក​ទូរស័ព្ទ។​ VOA​ ក៏​មិនបាន​ទទួល​សេចក្តី​អធិប្បាយ​ពី​លោក លី សុវណ្ណ​អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ផង​ដែរ​ ដោយសារ​ទូរស័ព្ទ​លោក​រោទិ៍​គ្មាន​អ្នក​ទទួល។

ការ​ស្លាប់​របស់​លោក​ សុខ អាន ​ក៏​ទទួល​រង​ការ​រិៈគន់​ខ្លាំងៗ​ផង​ដែរ​ពី​សាធារណជន​ខ្មែរ​ ទៅលើ​ការ​ចំណាយ​លុយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ដល់​ទៅ​ ៧៥០​ ០០០​ដុល្លារ​អាមេរិក។

ក្រៅពី​លោក​ សុខ អាន ​ដែល​ចេញ​ទៅ​ទទួល​ការ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស​ មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​ត្រូវ​គេដឹង​ថា​ បាន​ចេញ​ទៅ​ទទួល​ការ​ព្យាបាល​ជំងឺ​នៅក្រៅ​ប្រទេស​ផង​ដែរ។​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក៏​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ចេញ​ទៅ​ពិនិត្យ​សុខភាព​នៅ​ប្រទេស​សិង្ហបុរី។ ចំណែក​ លោក​ ប៉ែន សុវណ្ណ ​អតីត​សហការី​លោក​ ហ៊ុន សែន​ និង​ជា​អតីត​នាយករដ្ឋ​មន្ត្រី​ខ្មែរ​ ក៏​បាន​ចេញ​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​សិង្ហបុរី ​មុន​ពេល​លោក​ទទួល​មរណភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំមុន៕

XS
SM
MD
LG