ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់អំណាច ហៅ​មរណភាព​លោក សុខ អាន ថា​ជា​ការ​បាត់បង់​ដ៏​ធំធេង


រូប​ឯកសារ៖ លោក​ឧបនាយករដ្ឋមន្ត្រី ​សុខ អាន (ឆ្វេង) ពេល​នៅ​មាន​ជីវិត ថត​រូប​ជាមួយ​នឹង​លោក ​ម៉ាក ផតធឺ (Mark Porter) និងប្រតិភូ​ខ្មែរ​ក្រោយ​ពេល​ទទួល​រូប​ចម្លាក់​ពលរាម (Balarama) កាលពីថ្ងៃពុធ​ទី​៧ ខែ​ឧសភា​ឆ្នាំ​ ២០១៤ នៅ សារៈមន្ទីរ Christie's នៅ​ទី​ក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។ (ម៉ែន គឹមសេង/វីអូអេ)

ការ​ស្លាប់​របស់​លោក​ សុខ​ អាន​ បាន​កើត​ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​​ បន្ទាប់​ពី​​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​នរោត្តម សីហ មុនី​ បាន​ប្រោស​ព្រះរាជ​ទាន​គោរម​ងារ​លោក​​ ជា​ «សម្ដេច​វិបុល​បញ្ញា​ សុខ​ អាន»។​

លោក​ សុខ​ អាន​ ដែល​គេ​ដឹង​ថា​ បាន​កាន់​តួនាទី​ជា​ច្រើន​នៅ​ក្នុង​រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​ពុធ នៅ​ក្នុង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ដោយ​រោគាពាធ​ ក្នុង​ជន្មាយុ​ ៦៦​ ឆ្នាំ។​ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រាជ​រដ្ឋាភិបាល​ កម្ពុជា​ដែល​បាន​ចេញផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​ពុធទី ១៥ ខែមីនា ឆ្នាំ២០១៧នេះ។​

ការ​ស្លាប់​របស់​លោក​ សុខ​ អាន​ បាន​កើត​ឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពីព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ​នរោត្តម សីហ មុនី​ បាន​ប្រោស​ព្រះរាជ​ទាន​គោរម​ងារ​លោក ជា​ «សម្ដេច​វិបុល​បញ្ញា​ សុខ​ អាន»។​

យោង​តាម​លិខិត​របស់​គណៈរដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ ចុះ​នៅ​ថ្ងៃ​ទី​ ១៥ ខែ មិនា លោក​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ បាន​ទទួល​មរណភាពនៅ​វេលា​ម៉ោង ៦ និង៣២នាទីល្ងាច​ នៅ​មន្ទីរពេទ្យ​ទីក្រុង​ប៉េកាំង។​

លោក​ សុខ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ប្រាប់​ VOA​ នៅ​ថ្ងៃ​ពុធ​នេះ​ថា​ លោក​ សុខ អាន​ បាន​ធ្លាក់​ខ្លួន​ឈឺ​ជាច្រើន​ខែ​មក​ហើយ​ និង​បាន​ទៅ​ទទួល​ការ​ព្យាបាល​នៅ​ប្រទេស​សិង្ហបុរី។

លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/VOA​)
លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/VOA​)

លោក​ សុខ ឥសាន ​បញ្ជាក់​ថា​ ការ​ស្លាប់​លោក​ សុខ អាន​ ជា​ការ​បាត់​បង់​ដ៏​ធំ​មួយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​

«មិន​ជា​រឿង​ធម្មតា​ទេ​ មានការ​បាត់​បង់​ធំធេង​ណាស់​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​ប្រភព​ធនធានមនុស្ស​សំខាន់​ ហើយ​ត្រូវ​បាត់​បង់​នេះ។​ ធ្វើឲ្យ​យើង​គិតគូរ​សម្បើម​ណាស់​ ក៏ប៉ុន្តែ​អា​ហ្នឹង​វា​ក្រិត​ក្រម​ធម្មជាតិ​ទៅ​ហើយ​ យើង​ធ្វើ​ម៉េច»។

លោក​ សុខ អាន​ គឺជា​សមាជិក​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មកពី​មណ្ឌល​ខេត្ត​តាកែវ​ផង​ដែរ។

យោង​តាម​ជីវប្រវត្តិសង្ខេប​របស់​លោក​ សុខ អាន​ ដែល​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​ របស់​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័សនៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ បាន​ឲ្យ​ដឹង​ថា​ លោក​ សុខ អាន​ កើត​នៅ​ថ្ងៃ​ទី​ ១៦​ ខែ​មេសា​ ឆ្នាំ​ ១៩៥០​ នៅ​ឃុំ​ព្រះបាទជាន់ជុំ​ ស្រុក​គីរីវង់​ ខេត្ត​តាកែវ។

លោក​បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក​ស្រី​ ថេង​ អាយអាន្នី និង​បាន​កូនប្រុស​ស្រី​ចំនួន​ ៥នាក់។

នៅ​ឆ្នាំ​ ១៩៨១​ លោក​មាន​តួនាទី​ជា​ អគ្គលេខាធិការ​នៃ​ក្រសួង​ការបរទេស​ ប្រធាន​ខុទ្ទកាល័យ​ផ្ទាល់​របស់​ លោក​ ហ៊ុន សែន​នៅ​ក្រសួងការបរទេស។​ នៅ​ឆ្នាំ​ ១៩៨៥​ លោក​បាន​ក្លាយ​ជា​ ឯក​អគ្គ​រដ្ឋ​ទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា។​ នៅ​ឆ្នាំ​ ១៩៨៨​ លោក​ត្រូវ​បាន​តែង​តាំង​ជា​អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស។​

ក្រោយ​ការ​បោះឆ្នោត​ជាតិ​ដែល​រៀប​ចំឡើង​ដោយ​អង្គការ​សហ​ប្រជាជាតិ​នៅ​ឆ្នាំ​ ១៩៩៣​ លោក​បាន​ក្លាយ​ជា​ សហ​រដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។​ ចាប់ពី​ឆ្នាំ​ ២០០៤ រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ​ លោក​ជា​ឧប​នាយករដ្ឋមន្ត្រី​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។​

លោក​ ផៃ​ ស៊ីផាន អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ប្រាប់ ​VOA ​កាលពី​ថ្ងៃពុធ​ ថា​ លោក​ សុខ​ អាន​ ជា​អតីត​អ្នកការទូត​ដ៏​ចំណាន​ម្នាក់​ និង​ជា​ឥស្សរជន​ខ្មែរ​នាំ​មុខ​គេ​ ក្នុង​កិច្ចការ​វប្បធម៌​ ដោយ​លោក​បាន​ធ្វើ​ឲ្យបេតិកភណ្ឌ​ជាតិ​ខ្មែរ​ ក្លាយ​ជា​បេតិកភណ្ឌ​ពិភពលោក​ ក្នុង​នោះ​មាន​ប្រាង្គ​ប្រាសាទ​ព្រះវិហារ។

«លោក​បាន​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ហ្នឹង​ដោយ​ជោគជ័យ​ ទោះជា​មាន​ឧបសគ្គ​យ៉ាង​ណា​ក៏​ដោយ​ ដែល​ទូត​អាមេរិកាំង​បាន​និយាយ​ថា​ លោក​មាន​ភាព​ជំនាញ​វ័យ​ឆ្លាត​ ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​ក្នុង​ការ​ងារ​ទូត ដែល​ធ្វើ​ឲ្យ​ប្រាសាទ​ព្រះវិហារ​ទទួល​ស្គាល់​ដោយ​មិន​បាន​ ចាំបាច់​បោះ​ឆ្នោត​ គឺ​ទទួល​ស្គាល់​ដោយ​ឯកច្ឆន្ទ​ឆ្នាំ​ ២០០៨»។

អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ លោក​ ផៃ​ ស៊ីផាន​ បាន​បន្ថែម​ថា​ លោក​ សុខ អាន​ បាន​បំពេញ​ការងារ​ជាច្រើន​ផ្សេង​ទៀត​ ទាក់​ទិន​បញ្ហា​ព្រំដែន និង​ទំនាក់​ទំនងខ្មែរ-សៀម ក៏ដូចជា​កិច្ច​ការ​រដ្ឋបាល​ក្នុង​វិស័យ​នយោបាយរបស់​ប្រទេស​កម្ពុជា។

លោក​ សុខ អាន ដែល​ជា​ដន្លង​របស់ លោក​ ហ៊ុន សែន​ ធ្លាប់​ត្រូវ​បាន​លោក​ ហ៊ុន សែន​ ស្តី​បន្ទោស​លើ​ការ​លេង​ល្បែង​ប្រជល់​មាន់។

លោក​ក៏​ត្រូវ​បាន​ រដ្ឋាភិបាល​លោក​ ហ៊ុន សែន​ ដក​ចេញ​ពី​មុខ​តំណែង​ជាច្រើន​ ក្នុង​នាម​ជា​ប្រធានគណៈកម្មការ​ និង​ក្រុមប្រឹក្សា​នានា​រួម​មាន ប្រធាន​គណៈកម្មាធិការ ទទួល​ស្គាល់​គុណភាព​អប់រំ​នៃ​កម្ពុជា​ ប្រធាន​ក្រុមប្រឹក្សាភិបាល រាជ​បណ្ឌិត​សភា​វិជ្ជាជីវៈ​តុលាការ​ និង​ក្រុមប្រឹក្សា​សាលា​ភូមិន្ទ​រដ្ឋបាល​ជាដើម។​

លោក​ មាស នី អ្នក​សិក្សា​ស្រាវ​ជ្រាវ​កិច្ច​អភិវឌ្ឍ​សង្គម​ប្រាប់​ VOA នៅ​ថ្ងៃ​ពុធ​នេះ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ បានបាត់​បង់​ធនធានមនុស្សដ៏​មាន​សារៈសំខាន់​មួយ​រូប​ ក្រោយ​ការ​ទទួល​មរណភាព​របស់លោក​ សុខ អាន។​

លោក​ថ្លែង​ថា​ ដោយ​ហេតុ​លោក​ សុខ អាន​ មាន​តួនាទី​ច្រើន​ក្នុង​រដ្ឋាភិបាល​ លោក​ពិបាក​កត់​សម្គាល់​អំពី​ស្នាដៃ​របស់​លោក​ ក្នុង​ការ​កសាង​ប្រទេស​កម្ពុជា។​

«បើ​សម្រាប់​គ្រួសារ​គាត់​តែ​ម្ដង​ អា​ហ្នឹង​យើង​ឃើញ​ថា​ គាត់​បាន​ទទួល​ប្រយោជន៍​ច្រើន​ ច្រើន​មែន​ទែន តាំងពី​មុខ​តំណែង​ ទាំង​កេរ្តិ៍​ឈ្មោះ​អី​ហ្នឹង។ ក៏ប៉ុន្តែ​សម្រាប់​ប្រទេសជាតិ​វិញ​ ខ្ញុំ​ពិបាក​ហ្នឹង​និយាយ ដោយសារ​តែ​ការ​ងារ​របស់​គាត់​ច្រើន​ពេក។ ដល់​អញ្ចឹង​ យើង​មិន​ដឹង​ថា​តើ​ការងារ​ណាមួយ​ ដែល​ជា​ការ​ងារ​ពិតប្រាកដ​របស់​គាត់»។​

​ក្រុម​គ្រួសារ​សព​លោក​ សុខ អាន ត្រូវ​គេ​ដឹង​ថា​ ជា​ម្ចាស់​អាជីវកម្ម​ធំៗ​រួមមាន​វិស័យ​កសិកម្ម​ និង​ទូរគមនាគមន៍​នៅក្នុង​ប្រទេស។ កូនប្រុស​របស់​លោក​ចំនួន​បី​រូប ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​ការជំនួញ​ និងនយោបាយ។

លោក សុខ ពុទ្ធិវុធ​ ប្រធាន​សហព័ន្ធស្រូវ​អង្ករ​កម្ពុជា​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​រាជធានីភ្នំពេញ​ កាល​ពីថ្ងៃទី​៩ ខែ​មិនា​ ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)
លោក សុខ ពុទ្ធិវុធ​ ប្រធាន​សហព័ន្ធស្រូវ​អង្ករ​កម្ពុជា​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​រាជធានីភ្នំពេញ​ កាល​ពីថ្ងៃទី​៩ ខែ​មិនា​ ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

កូនប្រុស​ច្បង​លោក​ សុខ អាន គឺ​លោក​សុខ​ ពុទ្ធិវុធ​ ត្រូវ​គេ​ដឹង​ថា​ ជា​ប្រធាន​សហព័ន្ធ​ផលិត​ស្រូវ​អង្ករកម្ពុជា។​ ចំណែក​កូន​ប្រុស​បី​នាក់​ផ្សេង​ទៀត​ គឺ​លោក​ សុខ សូកេន​ ត្រូវ​បាន​ព្រះ​មហាក្សត្រ​ខ្មែរ​តែង​តាំងជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ។ ​លោក សុខ សង្វារ​ គឺ​ជា​អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក សុខ សូកាន ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ធ្វើ​ជា​តំណាង​រាស្ត្រ​ខេត្ត​តាកែវរបស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ជំនួស​ឲ្យលោក​ សូ ឃុន​ អតីត​តំណាងរាស្ត្រ​គណបក្ស​កាន់អំណាច​ និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ដែល​បាន​ទទួល​មរណភាព។

លោក​ សុខ​ អាន​ ​បាន​បញ្ចប់​ការ​សិក្សា​កម្រិត​បរិញ្ញាបត្រ​ភូមិសាស្ត្រ​ ប្រវត្តិសាស្ត្រ​ និង​សង្គម​សាស្ត្រ​ និង​បាន​បន្ត​យក​សញ្ញាប័ត្រ​ផ្នែក​គរុវិជ្ជា​ជាន់​ខ្ពស់​និង​បាន​បន្ត​ការ​សិក្សា​នៅ​សាលា​ជាតិ​រដ្ឋបាល​ជាន់​ខ្ពស់ ផ្នែក​ការទូត​ នៅមុន​ពេល​លោក​ចូល​បម្រើ​ក្នុង​កិច្ចការ​ងារ​រដ្ឋ​ចាប់​ពី​សម័យ​រដ្ឋ​កម្ពុជា​ រហូត​មក​ដល់​រដ្ឋាភិបាល​សព្វថ្ងៃ។

ស្រប​ពេល​នឹង​ការ​ស្លាប់​របស់លោក​ សុខ អាន​ រដ្ឋមន្ត្រី​ស្ដីទី​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​លោក​ ប៊ុន​ អ៊ុយ​ បាន​ចេញ​លិខិត​មួយ​នៅ​ល្ងាច​ថ្ងៃ​ពុធ​ ដោយ​យោង​តាម​សំណើ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដែល​ស្នើ​សុំ​ប្រាក់​ចំនួន​ បី​ពាន់​លាន​រៀល​ពី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​ «សម្រាប់​ចំណាយ​រៀបចំ​ពិធី​បុណ្យ​សព​ សម្ដេច​វិបុល​ បញ្ញា​សុខ​អាន»។

បើ​តាម​ការ​បញ្ជាក់​របស់​លោក​ សុខ ឥសាន អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ សព​លោក សុខ​ អាន កំពុង​ត្រូវ​បាន​រៀប​ចំ​ដឹក​បញ្ជូន​ចេញ​ពី​ទី​ក្រុង​ប៉េកាំង​ប្រទេស​ចិន​ វិល​មកកាន់​ប្រទេស​កម្ពុជា៕

XS
SM
MD
LG