ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គណបក្ស​តូចៗ​មួយ​ចំនួន​រំពឹង​ថា ​នឹង​ឈ្នះ​ឃុំ​សង្កាត់​ខ្លះ​ក្នុង​ការបោះឆ្នោត​នៅ​ខែ​មិថុនា

  • ហ៊ាន សុជាតា

ស្លាកគណបក្សខ្មែររួបរួមជាតិ ដាក់នៅតាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ស្លាកគណបក្សខ្មែររួបរួមជាតិ ដាក់នៅតាមដងផ្លូវ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ក៏​ប៉ុន្តែ​ អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ យល់ថា​ មាន​គណបក្ស​ក្រៅ​រដ្ឋសភា ​តិចតួច​ប៉ុណ្ណោះ​ ដែល​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ។ ​

ស្រប​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប) នឹង​បើក​ទទួល​ពាក្យ​សុំ​ចុះ​បញ្ជី​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​នា​ដើម​ខែ​មីនា​នេះ​ គណបក្ស​នយោបាយ​មួយ​ចំនួន​ បាន​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​ និង​សុទិដ្ឋិនិយមនៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ នា​ខែ​មិថុនា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ។

គណបក្ស​នយោបាយ​ ដែលមិន​មាន​កៅអី​នៅ​ក្នុង​រដ្ឋសភា​ រួមមាន​គណបក្ស​ខ្លះ​ដែល​ទើប​នឹងបង្កើត​ថ្មី​ គណបក្ស​ខ្លះ​ដែល​ត្រូវ​បាន​បង្កើត​ឡើងវិញ​ និង ​គណបក្ស​ខ្លះ​ទៀត​ដែល​បាន​ផ្ដាច់​ខ្លួន​ចេញ​ពី​គណបក្ស​ដែល​មាន​ស្រាប់​ផង​នោះ​ លើកឡើង​ថា​ ​ពួកគេ​អាច​ទទួល​បាន​ការ​គាំទ្រ​នៅ​តាម​ភូមិ​ឃុំ​គោលដៅ​មួយ​ចំនួន។

ក៏​ប៉ុន្តែ​ អ្នក​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា​ យល់ថា​ មាន​គណបក្ស​ក្រៅ​រដ្ឋសភា ​តិចតួច​ប៉ុណ្ណោះ​ ដែល​អាច​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ។ ​

ពលរដ្ឋ​កម្ពុជា​កំពុង​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​ ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

ពលរដ្ឋ​កម្ពុជា​កំពុង​រង់ចាំ​ចុះ​ឈ្មោះ​បោះឆ្នោត​ ក្នុង​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។ (ហ៊ាន សុជាតា/VOA)

លោក ​សាម អ៊ីន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​ឲ្យ​ដឹង​ថា​ គណបក្ស​របស់​លោក​បាន​រៀប​ចំ​ថ្នាក់​ដឹក​នាំ​តាម​ឃុំ​សង្កាត់​ចំនួន​ត្រឹមតែ​២៥​ ឃុំ​ សង្កាត់​ប៉ុណ្ណោះ។

លោក​បញ្ជាក់​ថា គណបក្ស​របស់​លោក​កំណត់​ថា ​កន្លែង​ទាំង​នេះគឺជា ​ឃុំ​សង្កាត់​គំរូ​ចំពោះ​ជំហាន​ដំបូង​នៃ​ការ​ចាប់​ផ្ដើម​វិថី​នយោបាយ​ថ្មី​របស់​ខ្លួន។

«យើង​ជឿជាក់​ថា​ យ៉ាង​តិច​បំផុត​ក៏​មាន​១០ ទៅ១៥​ឃុំ​សង្កាត់​ដែល​យើង​អាច​យក​ឈ្នះ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ហ្នឹង​បាន ដើម្បីយើង​ជួយ​ពួកគាត់​ឲ្យ​កសាង​គំរូ​នៃ​ការដឹកនាំ​ឃុំ​សង្កាត់​មួយ​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ល្អ សម្រាប់​ផ្ដល់​សេវា​សាធារណៈ ​ល្អ​ប្រសើរ​ជូន​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ការដឹកនាំ​ការ​អភិវឌ្ឍ​ឃុំ​សង្កាត់​ដើម្បី​ជា​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​នៅ​ទី​នោះ»។

លោក សាម អ៊ីន​ លើក​ឡើង​ថា​ ពេលវេលា​ និង​ថវិកា​មិន​គ្រប់​គ្រាន់​ ​គឺ​ជា​ការ​ប្រឈមចម្បង​សម្រាប់​គណបក្ស​ថ្មី ដែល​មាន​អាយុ​កាល​ទើប​ជាង​មួយ​ឆ្នាំ​នេះ។

បើ​តាម​លោក ​សាម អ៊ីន ​ ​មេឃុំ~​មេភូមិ​ល្អ ​គ្រូ​ល្អ​ ដែល​សំដៅ​ដល់​គ្រូពេទ្យ គ្រូ​បង្រៀន​ និង​គ្រូ​កសិកម្ម​ និង​ប៉ូលិស​ល្អ​នៅ​តាម​មូលដ្ឋាន ជា​សារ​នយោបាយ​៣សំខាន់ៗ​របស់​គណបក្សនេះ។

«ទី១ យើង​បាន​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ ជួបជុំ​ជាប្រចាំ​ជាមួយ​ ថ្នាក់ដឹកនាំ​មូលដ្ឋាន​របស់​យើង​នៅ​តាម​ឃុំ​សង្កាត់។ ទី២​ យើង​ចុះ​ផ្ទាល់​នៅ​តាម​មូលដ្ឋាន​តែ​ម្ដង​ លើក​ទឹក​ចិត្ត​គាត់​ ទៅ​ជជែក​ពិគ្រោះ​យោបល់​ជាមួយ​គាត់ ​ក៏ដូចជា​ទៅ​ពង្រឹង​សមត្ថភាព​គាត់​ផ្ទាល់​នៅ​តាម​មូលដ្ឋាន។ ទី៣ យើង​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​ផ្សព្វផ្សាយ​គោល​នយោបាយ​របស់​យើង»។

​លោក ​សួន ​សេរីរដ្ឋា​ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ ឲ្យ​ដឹង​ថា​ គណបក្ស​នេះ ​កំណត់​យក​ខេត្ត​ចំនួន​៦​ជា​ខេត្ត​គោលដៅ​ គឺ​ ខេត្ត​បាត់ដំបង ​ប៉ៃលិន​ បន្ទាយ​មានជ័យ​ កំពង់ស្ពឺ​ តាកែវ​ និង​សៀមរាប។

លោក​ពន្យល់​ថា​ កម្មវិធី​នយោបាយ​សំខាន់ៗ​របស់​គណបក្ស​នេះ​ រួមមាន​ កម្មវិធី​រំដោះ​ដី​ធ្លី​របស់​ពលរដ្ឋ​ពី​ឈ្មួញ​រកស៊ី​បញ្ចាំ​ ដើម្បី​ចៀស​វាង​ការ​រឹបអូស ឬ​លក់​ឡៃឡុង​ដោយ​មិន​ស្រប​ច្បាប់ ​កម្មវិធី​កែទម្រង់​ថ្នាក់ដឹកនាំមូលដ្ឋាន​ ឲ្យ​ក្លាយ​ជា​រដ្ឋាភិបាល​របស់​ពលរដ្ឋ​ និង​កម្មវិធី​បង្ហាញ​កញ្ចប់​ថវិកា​ចំណូល​ចំណាយ​របស់រដ្ឋាភិបាល​មូលដ្ឋាន​ជូន​ដល់​ពលរដ្ឋ​ជាដើម។

«យើង​រៀប​ចំ​ជា​ក្រុម​បេក្ខជនសម្រាប់​ឃុំ​សង្កាត់ ចុះ​បង្ហាញ​គោល​នយោបាយ​តាម​ផ្ទះ។​ យើង​មាន​ផលិត​ជា​ប្រក្រតីទិន​ប្រចាំ​ឆ្នាំ​២០១៧ ។ មាន​ដាក់​ថ្ងៃ​បោះឆ្នោត​ចែក​ជូន​ពលរដ្ឋ​តាម​ផ្ទះ​នីមួយៗ​ក្នុង​ឃុំ​សង្កាត់ដែល​យើង​ឈរ​ឈ្មោះ។ ហើយ​យើង​មាន​បើក​វេទិកា​បង្ហាញ​គោលនយោបាយឃុំ​សង្កាត់ ការ​អភិវឌ្ឍ​ឃុំ​សង្កាត់​ ​ដែល​បង្ហាញ​នូវ​បេក្ខជន​ជា​សាធារណៈ​សម្រាប់​ឲ្យ​ពលរដ្ឋសួរ​ដល់​បេក្ខជន​ក្នុង​ភូមិ»។​

រីឯ​គោល​នយោបាយគណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​ លោក ម៉ម សូណង់ដូ​ ផ្ដោតសំខាន់​ទៅ​លើ​ការ​ផ្ដល់​អំណាច​ដល់​ស្ថាប័ន​ព្រះមហាក្សត្រ​ ការ​ពង្រឹង​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌​ ការធានា​សិទ្ធិ​អំណាច​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​ ការ​កំណត់​អាណត្តិ​របស់​នាយករដ្ឋមន្ត្រី​ ព្រមទាំង​ការ​គាំទ្រ​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​គ្នា​ជាដើម។

គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​របស់​លោក​ ម៉ម សូណង់ដូ​នេះ​ ធ្លាប់​ត្រូវបាន​បង្កើត​ម្ដង​ហើយ​ក៏​ប៉ុន្តែ​បក្ស​នេះ​ត្រូវ​បាន​លោក​រំលាយ​ទៅ​វិញ។ ចំពោះ​ការ​បង្កើត​គណបក្ស​លើក​នេះ លោក​ ម៉ម សូណង់ដូ​ ថ្លែង​ថា​ លោក​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​ ក៏ប៉ុន្តែ​លោក​មិន​ទាន់​អាច​ធ្វើការ​សន្និដ្ឋានពី​លទ្ធផល​ទុក​ជាមុន​បាន​នោះ​ទេ។

«កំពុង​តែ​រៀបចំ​បញ្ជី​ឈ្មោះ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។ គណបក្សសំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​ ខ្ញុំ​រៀប​ចំ​អស់​ហើយ។ ពូ​ចូលរួម​ប្រកួត​ ក៏​ប៉ុន្តែ​បាន​ប៉ុន្មាន​ យើង​មិន​ទាន់​ដឹង​ទេ»។

រូបឯកសារ៖ លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​

រូបឯកសារ៖ លោក ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ​

លោក ញឹក ប៊ុនឆៃ​ ប្រធាន​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​ ដែល​ទើប​ផ្ដាច់​ខ្លួន​ចេញ​ពី​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច​ ឲ្យ​ដឹង​ថា​ គណបក្ស​ថ្មី​របស់​លោក​ ក៏​បាន​ត្រៀម​ខ្លួន​រួចជាស្រេចសម្រាប់​ការ​បោះឆ្នោត​ឃុំ សង្កាត់​ នា​ពេល​ខាង​មុខ​នេះ​ដែរ។

«ទី១​ រចនាសម្ព័ន្ធ​ យើង​ខ្ញុំ​បាន​រៀបចំ​ទាំង​ថ្នាក់​ខេត្ត​ ស្រុក​ ឃុំ​ហ្នឹង​ពេញលេញ។ ទី២ ​យើង​ខ្ញុំ​បាន​រៀបចំ​ផ្លាក​សញ្ញា​ ដែល​ត្រូវ​បង្ហាញ​ឲ្យ​ប្រជា​ពលរដ្ឋ​ស្គាល់។ យើង​ខ្ញុំ​បាន​រៀបចំ​បេក្ខភាព​ទាំងអស់​ទូទាំង​ប្រទេស។ ខ្លួន​ខ្ញុំ​ផ្ទាល់​បាន​ចុះ​ទៅ​តាម​បណ្ដា​ស្រុក​ ទៅ​ជួប​បេក្ខជន​ឃុំ​ទាំង​ពេញ​សិទ្ធិ​ ទាំង​បម្រុង​ជា​បន្ត​បន្ទាប់»។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

ដោយ​អះអាង​ថា​ គណបក្ស​ថ្មី​របស់​លោក​មាន​ភាព​ខុស​ប្លែក​គ្នា​ទាំង​ស្រុង​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ដែល​ជា​អតីត​គណបក្ស​របស់​ខ្លួន​ លោក ញឹក ប៊ុនឆៃ ឲ្យ​ដឹង​ថា​ គោល​នយោបាយ​ឃុំ សង្កាត់​របស់​គណបក្ស​លោក​ ត្រូវ​បាន​រៀបចំ​ទៅ​តាម​តំបន់​ និង​ទីតាំង​ភូមិសាស្ត្រ​រស់នៅ​របស់​ពលរដ្ឋ​កម្ពុជា ដើម្បី​គណបក្ស​របស់​លោក​ អាច​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ជាក់ស្ដែង​របស់​ពលរដ្ឋ។

«ខុសគ្នា​តាម​ឃុំ​នីមួយៗ។ ឧទាហរណ៍​ថា​ បើ​ឃុំ​ខ្លះ​គាត់​នៅ​តាម​បឹង​ទន្លេ​សាប​ យើង​ទៅ​និយាយ​រឿង​ខ្វះ​ទឹក​ដូច​អត់​ត្រូវ។ ហើយ​បើ​នៅ​តំបន់​ភ្នំ​ រដូវ​ប្រាំង​ វា​អត់​មាន​ទឹក។ អញ្ចឹង​តម្រូវការ​របស់​ពលរដ្ឋ អាច​ត្រូវការ​ស្រះ​ទឹក​ អណ្ដូង​ទឹក​ជាដើម»។

ស្រដៀង​គ្នា​ដែរ​ លោក​ ញ៉ែម​ វណ្ណថន​ ប្រធាន​គណបក្ស​មហា​សាមគ្គី​ជាតិ​ខ្មែរ​ ក៏​បាន​បែង​ចែក​សារ​នយោបាយដាច់​ពី​គ្នា​រវាង​គោលនយោបាយ​មូលដ្ឋាន​ និង​គោល​នយោបាយ​ថ្នាក់​ជាតិ​ផង​ដែរ។

គណបក្ស​ថ្មី​នេះ​ សង្កត់​ធ្ងន់​ទៅ​លើ​វិស័យ​កសិកម្ម​ ការ​អប់រំ​ក្រៅ​ប្រព័ន្ធ​ និង​បណ្ដុះបណ្ដាល​ជំនាញ​ដល់​យុវជន​ ដើម្បី​កាត់​បន្ថយ​ការ​ចំណាក​ស្រុកដើម្បី​រក​ការងារ​ធ្វើ​ជាដើម។

«យើង​រៀបចំ​គោល​នយោបាយ​សម្រាប់​ឃុំ​សង្កាត់​ ដាច់​ពី​គោល​នយោបាយ​រួម​របស់​គណបក្ស។ ប៉ុន្តែ​មិន​ដាច់​ឆ្ងាយ​ទេ​ គ្រាន់តែ​យើង​បំបែក​ឲ្យ​ទៅ​ជា​គោល​នយោបាយ​ថ្នាក់​មូលដ្ឋាន​ហ្នឹង​ ជាក់លាក់​ជាង​ គោល​នយោបាយ​ជាតិ»។

ក្រសួង​មហាផ្ទៃ​ ឲ្យដឹង​ថា​ គិត​ត្រឹម​ចុង​ខែ​មករា​ ឆ្នាំ​២០១៧​នេះ​ មាន​គណបក្ស​នយោបាយ​ចំនួន​ ៤៥​បាន​ចុះបញ្ជី​គណបក្ស​ ដែល​រាប់​បញ្ចូល​ទាំង​គណបក្ស​ខ្លះ​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ផង​ដែរ។​

គ.ជ.ប.​ឲ្យ​ដឹង​ថា​ ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ អាណត្តិ​ទី​៤ នា​ខែ​មិថុនា​ខាងមុខ​នេះ​ មាន​ពលរដ្ឋ​កម្ពុជា​ ប្រមាណ​៧​លាន​៨​សែន​នាក់​ ដែល​មាន​សិទ្ធិ​បោះឆ្នោត​ ហើយ​ការិយាល័យ​បោះឆ្នោត​សរុប​មាន​ចំនួន​១៦៣៣​ ការិយាល័យ​នៅ​ទូទាំង​ប្រទេស។

លោក

លោក ​យឿង ​សុធារ៉ា មន្ត្រី​ច្បាប់​និង​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ ហៅ​កាត់​ថា​ខុមហ្វ្រែល។ (លឹម សុធី/VOA)

លោក ​យឿង ​សុធារ៉ា មន្ត្រី​ច្បាប់​និង​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ ហៅ​កាត់​ថា​ខុមហ្វ្រែល។ (លឹម សុធី/VOA)

មន្ត្រី​ច្បាប់​និង​អង្កេត​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​ ហៅ​កាត់​ថា​ខុមហ្វ្រែល​ យល់ថា​ នឹង​មាន​គណបក្ស​នយោបាយ​ថ្មី​តិចតួច​ប៉ុណ្ណោះ​ ដែល​អាច​មាន​សក្ដានុពល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នា​ពេល​ខាងមុខ​នេះ។

លោក​អះអាង​ថា​ ជា​ទូទៅ​ប្រជា​ពលរដ្ឋ​ផ្ដោត​អារម្មណ៍​ទៅលើ​គណបក្ស​ដែល​មាន​កៅអី​នៅ​ក្នុង​រដ្ឋសភា​ ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ប្រកួត​ប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ។

«ជាទូទៅ ​លទ្ធផល​នៃ​ការ​បោះឆ្នោត​តំណាង​រាស្ត្រ​ឆ្លុះ​បញ្ចាំង​ពី​ប្រជាប្រិយ​របស់​គណបក្ស​ ជាជាង​បេក្ខជន។ តែ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នេះ​ វា​អាស្រ័យ​លើ​ប្រជាប្រិយ​បុគ្គល​ អ្នកដឹកនាំ​នៅ​ក្នុង​មូលដ្ឋាន​ហ្នឹង​ដែរ»។

លោក​បន្ថែម​ថា​ លទ្ធផល​នៃ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ ​សង្កាត់​នេះ ក៏​អាច​ជា​ការវាយតម្លៃ​ចំពោះ​ទំនោរ​នៃ​ការ​ជ្រើសរើស​មេដឹកនាំ​ សម្រាប់​ការ​បោះឆ្នោត​សកល​នា​ពេល​ខាងមុខ​នេះ​ផង​ដែរ។

កម្ពុជា​គ្រោង​នឹង​បោះឆ្នោត​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ចំនួន១១.៥៧២​នាក់​សម្រាប់ឃុំ​សង្កាត់​ចំនួន​១.៦៤៦ ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា​ឆ្នាំ​២០១៧​ខាងមុខនេះ៕

XS
SM
MD
LG