ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​៦០​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​អំពើ​ហិង្សា​ក្នុង​ពន្ធនាគារ​មួយ​នៅ​ប្រទេស​ប្រេស៊ីល


ក្រុមគ្រួសារ​របស់​អ្នក​ជាប់​ពន្ធនាគារ​រង់​ចាំ​នៅ​ខាង​ក្រៅ​ពន្ធនាគារ Anisio Jobim Penitentiary កាល​ពី​ថ្ងៃទី​២ ខែ​មករា។
ក្រុមគ្រួសារ​របស់​អ្នក​ជាប់​ពន្ធនាគារ​រង់​ចាំ​នៅ​ខាង​ក្រៅ​ពន្ធនាគារ Anisio Jobim Penitentiary កាល​ពី​ថ្ងៃទី​២ ខែ​មករា។

មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​៦០​នាក់​បាន​ស្លាប់ ក្រោយ​ពី​អំពើ​ហិង្សា​បាន​កើត​ឡើង​នៅ​ក្នុង​ពន្ធនាគារ​មួយ​ក្នុង​រដ្ឋ ​Amazonas ដែល​ស្ថិត​នៅ​ប៉ែក​ពាយព្យ​នៃ​ប្រទេស​ប្រេស៊ីល។ អាជ្ញាធរ​និយាយ​ថា តួលេខ​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង​បន្ថែម​ទៀត។​

ក្រុម​មន្ត្រី​បាន​និយាយ​ថា ហេតុការណ៍​នោះ​បាន​កើតឡើង​កាល​ពី​ថ្ងៃ​អាទិត្យ នៅ​ឯ​ពន្ធនាគារ ​Anisio Jobim Penitentiary​ នៅ​ក្នុង​រដ្ឋធានី​ Manaus ​ហើយ​ស្ថានការណ៍​នោះ​បាន​ស្ថិត​នៅ​ក្រោម​ការគ្រប់គ្រង​វិញ​កាល​ពី​ថ្ងៃ​ចន្ទ។ សេចក្តី​រាយការណ៍​នានា​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ក្នុង​ស្រុក​និយាយ​ថា សាក​សព​គ្មាន​ក្បាល​មួយ​ចំនួន​ត្រូវ​បាន​បោះ​ទៅ​លើ​ជញ្ជាំង​ពន្ធនាគារ ​ខណៈ​ដែល​អំពើ​ហិង្សា​ដែល​កើតឡើង​ដោយសារ​សង្គ្រាម​រវាង​ក្រុម​ជនពាល​ជួញដូរ​ថ្នាំញៀន​ដែល​ជា​គូ​ប្រជែង​នឹង​គ្នា​បាន​កើត​ឡើង។

លោក ​Sergio Fontes ​ដែល​ជា​ប្រធាន​សនិ្តសុខ​ក្នុង​រដ្ឋ​នេះ​បាន​មាន​ប្រសាសន៍​ថា អ្នក​ជាប់​ពន្ធនាគារ​មួយ​ចំនួន​បាន​លួច​រត់​ក្នុង​អំឡុង​ពេល​ដែល​មាន​ភាពចលាចល​នេះ ហើយ​គេ​បាន​រាប់​ចំនួន​អ្នក​ជាប់​ពន្ធនាគារ​ដើម្បី​កំណត់​ថា​តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​បាន​លួច​រត់។ អំពើ​ហិង្សា​នេះ​ត្រូវ​បាន​គេ​ពណ៌នា​ថា​ជា​ហេតុការណ៍​ដ៏​ប្រល័យ​បំផុត​នៅ​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ។

អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​អន្តរជាតិ​នានា ដូចជា​អង្គការ ​Human Rights Watch បាន​រិះគន់​ប្រទេស​ប្រេស៊ីល​ចំពោះ​ប្រព័ន្ធ​ពន្ធនាគារ​របស់​ប្រទេស​នេះ ដោយ​សារ​តែ​ស្ថានភាព​ដែល​មាន​មនុស្ស​ច្រើន​កុះករ​នៅ​ក្នុង​ពន្ធនាគារ បាន​បណ្តាល​ឲ្យ​មាន​អំពើ​ហិង្សា​ដ៏​ប្រល័យ​កើតឡើង​ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ៕

XS
SM
MD
LG