ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​ក្មេង​ឆក់​ស្លាប់​នៅ​ Pub Street បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​នៅ​កន្លែង​កម្សាន្ត


 ទិដ្ឋភាព​នៅ​សង្កាត់​កម្សាន្ត​ពេល​រាត្រី «ផាប់ស្ទ្រីត‍» (Pub Street) ​នៅ​ក្រុង​សៀមរាប នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែ​មីនា ឆ្នាំ២០១៥។
ទិដ្ឋភាព​នៅ​សង្កាត់​កម្សាន្ត​ពេល​រាត្រី «ផាប់ស្ទ្រីត‍» (Pub Street) ​នៅ​ក្រុង​សៀមរាប នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី១៩ ខែ​មីនា ឆ្នាំ២០១៥។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​សៀមរាប លោក យិន ស្រាង បាន​ថ្លែង​ប្រាប់ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​បណ្តោះអាសន្ន ហើយ​សំណុំរឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ។

តុលាការ​ខេត្ត​សៀមរាប​បាន​ចោទ​ប្រកាន់​ថៅកែ​ហាង​ម៉ាស្សា​ម្នាក់​ពី​បទ​មនុស្ស​ឃាត​ដោយ​អចេតនា​ក្រោយ​ពី​កុមារី​អាយុ​១៤​ឆ្នាំ​មួយ​រូប ​បាន​ឆក់​ខ្សែ​ភ្លើង​ស្លាប់​នៅ​មុខ​ហាង​ម៉ាស្សា​មួយ​ក្នុង​តំបន់​ Pub Street (ផាប់ស្ទ្រីត) ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយ​ក្នុង​ក្រុង​សៀមរាប កាល​ពី​យប់​ថ្ងៃ​ចូល​ឆ្នាំ​ទី​បី​ ឆ្លង​ចូល​ថ្ងៃទី​១៧​ ខែ​មេសា។

ការ​ឆក់​ខ្សែ​ភ្លើង​នេះ​នាំ​ឲ្យ​មាន​ការ​ពិភាក្សា​ជា​បន្តបន្ទាប់​ថា តើ​ម្ចាស់ហាង​ត្រូវ​ទទួល​ខុសត្រូវ​កម្រិត​ណា​ចំពោះ​ការ​ស្លាប់​នេះ។ ​អ្នកច្បាប់​យល់​ថា ​ត្រូវ​តែ​មាន​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់​លាស់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពី​កម្រិត​នៃ​ការ​ធ្វេសប្រហែស​របស់​ម្ចាស់​ហាង ​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ករណី​ស្លាប់​ពេល​មាន​ការ​ជួបជុំ​មនុស្ស​ច្រើន ​នៅ​តាម​កន្លែង​កម្សាន្ត​នានា។

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​សៀមរាប លោក យិន ស្រាង បាន​ថ្លែង​ប្រាប់ VOA ​នៅ​ថ្ងៃ​ពុធ​នេះ​ថា តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ​បណ្តោះអាសន្ន ហើយ​សំណុំរឿង​នេះ​កំពុង​ស្ថិត​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ។ លោក​បញ្ជាក់​ថា​ តុលាការ​បាន​ចោទ​ប្រកាន់​ ដោយ​យោង​តាម​របាយការណ៍​របស់​ប៉ូលិស។

​មាត្រា​ ២០៧​ នៃ​ក្រមព្រហ្មទណ្ឌ​ចែង​ថា បទ​មនុស្សឃាត ដោយ​អចេតនា បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ ដោយ​ការ​ធ្វេសប្រហែស ការ​មិន​ប្រុងប្រយ័ត្ន ឬ​ការ​ខ្ជីខ្ជា ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​១​ទៅ​៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​២លាន​រៀល​ទៅ​៦​លាន​រៀល។

ប្រធាន​ការិយាល័យ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប លោក ដួង សុខា បាន​ថ្លែង​ប្រាប់ VOA ថា អ្នក​មក​លេង​កម្សាន្ត​នៅ​តំបន់ Pub Street បាន​លេង​បាញ់​ទឹក និង​ជះ​ទឹក​ដាក់គ្នា។ លោក​បន្ត​ថា​ ហាង​ម៉ាស្សា​ឈ្មោះ Baray Spa បាន​ត​ដាក់ប្រ៊ី​ភ្លើង​មួយ​ដុំ ដើម្បី​បំភ្លឺ​ផ្លាក​យីហោ​ម៉ាស្សា​របស់​ខ្លួន។ លោក​បន្ត​ថា​សមត្ថកិច្ច​ជំនាញ​ចាត់​ទុក​ថា​ ករណី​នេះ​ជា​ការ​ធ្វេស​ប្រហែស​មួយ​របស់​ហាង​ម៉ាស្សា ដែល​មិន​បាន​លើក​ប្រ៊ី​ភ្លើង​ឲ្យ​ខ្ពស់​ ស្រប​ពេល​ដែល​មាន​ការ​បាញ់​ទឹក​ដាក់គ្នា​នៅ​តំបន់​នោះ។

លោក​មាន​ប្រសាសន៍​ថា៖ «ការិយាល័យ​បច្ចេកទេស គេ​ពិនិត្យ​ទៅ​ឃើញ​ថា វា​មាន​ការ​ឆ្លង​អាហ្នឹង អាហ្នឹង​មក​ពីការ​ខ្ជីខ្ជា ការ​ធ្វេស​ប្រហែស​របស់​គាត់ គាត់​មិន​បាន​មាន​ការ​ប្រុង​ប្រយ័ត្ន ដាក់​ប្រ៊ី ឲ្យ​ផុត​ពី​កន្លែង​សើម​អីចឹង​ទៅ​ខ្ពស់​ទៅ»។

លោក ដួង សុខា បាន​បញ្ជាក់​បន្ថែម​ថា​ ស្នងការ​នគរបាល​ខេត្ត​សៀមរាប​តែងតែ​យកចិត្ត​ទុក​ដាក់​ខ្ពស់​នៅ​តំបន់​ Pub Street ពេល​មាន​ព្រឹត្តិការណ៍​ធំៗ ដោយ​បាន​ណែនាំ​ឲ្យ​មន្រ្តី​គ្រប់​ជំនាញ ចុះ​ណែនាំ និង​ប្រាប់​អ្នក​លក់​នៅ​ទីនោះ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ខ្សែ​ចរន្ត​អគ្គិសនី។

លោក​មាន​ប្រសាសន៍​ថា៖ «ខាង​អាជ្ញាធរ​បាន​ណែនាំ បាន​ត្រួត​ពិនិត្យ​ហើយ ប៉ុន្តែ​ការ​ធ្វើ​ហ្នឹង​ វា​មិន​ទាន់​បាន​ដល់​កម្រិត​នៅ​ឡើយ»។

លោក​ ហុង គឹមសួន ​នាយក​ប្រតិបត្តិ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ​បាន​ចោទ​ជា​សំណួរ​ទៅ​កម្រិត​នៃ​ការ​ធ្វេស​ប្រហែស​របស់​ម្ចាស់​ហាង​លើ​ការ​ត​ប្រ៊ី​ភ្លើង។

លោក​មាន​ប្រសាសន៍​ថា៖ «ទី​មួយ​សំខាន់​ថា​ តើ​អាការ​ត​ភ្លើង​របស់​គាត់​ហ្នឹង គាត់​មាន​ការ​ធ្វេស​ប្រហែស​អត់? បើ​គាត់​មិន​បាន​ធ្វេសប្រហែស​ទេ តើ​ក្មេង​ដែល​វា​ទៅ​ប៉ះ​ឆក់​ស្លាប់​ហ្នឹង តើ​វា​ទៅ​លេង​ទី​ហ្នឹង ឬ​ក៏​កន្លែង​ហ្នឹង​វា​ដាក់​ឆ្ងាយ​ពី​មនុស្ស​ដើរ​ទេ។ យើង​មើល​អា​ហ្នឹង​សិន បាន​យើង​វាយ​តម្លៃ​ទៅ​បាន។ តែ​បើ​គាត់​ត​ខ្សែ​ប្រ៊ី ដាក់​ចោល​តាមពាសវាលពាសកាល អាណា​អាច​ទាត់​របូត ប៉ះ​ឆក់ ប៉ះ​អីហ្នឹង អាហ្នឹង​ជា​ការ​ធ្វេស​ប្រហែស​ធ្ងន់ធ្ងរ គាត់ត្រូវ​មាន​ទោស​ហើយ»។

លោក​បញ្ជាក់​បន្ថែម​ថា ប្រសិន​បើ​ម្ចាស់ហាង ដាក់​ប្រ៊ី​ភ្លើង​មានរបៀប​រៀបរយ និង​នៅ​កន្លែង​សុវត្ថិភាព ដូច្នេះ​គាត់​មិន​ត្រូវ​ទទួល​ខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ​នោះ​ទេ តែ​ត្រូវ​ទទួល​ខុស​ត្រូវ​ផ្នែក​រដ្ឋប្បវេណី​ប៉ុណ្ណោះ។

លោក​ ហុង គឹមសួន បាន​ឲ្យ​ដឹង​ទៀត​ថា​ លោក​ធ្លាប់​ធ្វើ​ការ​លើ​ករណី​មួយ ដែល​ប្រហែល​ជា​កើត​ឡើង​ក្នុង​ឆ្នាំ​១៩៩៨ នៅ​ពេល​ដែល​ក្មេង​ម្នាក់​ទៅ​រើស​គ្រាប់​សី​នៅ​ក្នុង​ផ្ទះ​មួយ​ ដែល​ម្ចាស់​ផ្ទះ​បាន​ត​ចរន្តអគ្គិសនី​ភ្ជាប់​នឹង​បន្លា​លួស​ដែល​ហ៊ំព័ទ្ធ​ផ្ទះ​នោះ ដើម្បី​ការពារ​សុវត្ថិភាព។ ក្មេង​នោះ​បាន​ស្លាប់ ដោយសារ​បន្លា​លួស​មាន​ចរន្ត​អគ្គិសនី។

លោក​មេធាវី​ ហុង គឹមសួន បាន​បញ្ជាក់​ថា ​តុលាការ​បាន​កាត់​ទោស​ម្ចាស់​ផ្ទះ​នោះ ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ។

ក្រៅ​ពី​ករណី​ឆក់​ចរន្ត​អគ្គិសនី​ដែល​បណ្តាល​ឲ្យ​ស្លាប់​នេះ​កន្លង​ទៅ ក៏​មាន​ករណី​ស្លាប់​ផង​ដែរ​នៅ​ក្នុង​ឧបទ្ទវហេតុ​ឆេះ​ក្លឹប​កម្សាន្ត ដោយសារ​ឆ្លង​ចរន្ត​អគ្គិសនី។

លោក ហុង គឹមសួន ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​ពី​សុវត្ថិភាព​នៅ​តាម​ក្លឹប​កម្សាន្ត​នានា​នៅ​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ ហើយ​លោក​ស្នើ​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​ពី​ប្រព័ន្ធ​សុវត្ថិភាព​ដូចជា​ការ​តខ្សែ​ភ្លើង​ប្រកប​ដោយ​សុវត្ថិភាព និង​ច្រកចេញ​នៅ​ពេល​មាន​អាសន្ន​ជាដើម។

លោក​បាន​ថ្លែង​ប្រាប់​ VOA ​ថា៖

«បើ​និយាយ​ពី​ក្លឹប​កម្សាន្ត ត្រូវ​មាន​ការ​សុំ​ច្បាប់​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ ហើយ​ត្រូវ​មាន​កន្លែង​សុវត្ថិភាព​កន្លែង​ចេញ​ចូល មិន​មែន​បិទ​ជិត​ឈឹង មាន​តែ​កន្លែង​មួយ។ អាជ្ញាធរ​ត្រូវ​តែ​តាម​ត្រួត​ពិនិត្យ​មើល មិន​មែន​ចេះ​តែ​ចេញ​លិខិត​អនុញ្ញាត​ឲ្យ​គេ​ហើយ​ ខ្លួន​មិន​ទៅ​ពិនិត្យ​បច្ចេកទេស​អា​រឿង​គ្រោះ​ថ្នាក់​ទាំង​ឡាយ ដែល​វា​អាច​កើត​ឡើង​ជា​យថាហេតុ​នោះ​ទេ។ ត្រូវ​តែ​មាន​ការ​ពិនិត្យ​ឡើង​វិញ ហើយ​ពិនិត្យ​ហ្នឹង​មិន​មែន​ចេះ​តែ​យក​លុយ​ហើយ ហើយ​ OK ទេ។ ត្រូវ​ពិនិត្យ​ឲ្យ​ឃើញ​ អាហ្នឹង​វា​ត្រូវ​តាម​ស្តង់ដារ​អត់»?

ចំណែក​លោក​មេធាវី ​សុក សំអឿន ​មាន​ប្រសាសន៍​ថា ​កម្រិត​នៃ​ការ​ប្រឈម​ចំពោះ​មុខ​ច្បាប់​របស់​ម្ចាស់​ហាង​នៅ​ Pub Street នោះ​ អាស្រ័យ​លើ​ការ​ស៊ើបអង្កេត​របស់​សមត្ថកិច្ច ។

លោក​មាន​ប្រសាសន៍​ថា៖ «ចំណែក​ម្ចាស់​ហាង​ម្ចាស់​អី ជួនកាល ម្ចាស់​ហាង គាត់​មិន​មែន​អ្នក​ត​ខ្សែ​ភ្លើង​ណា ជួន​កាល​កូនចៅ​ អ្នក​ត​ហ្នឹង។ បើ​សិន​ជា​ចាប់​អា​ម្ចាស់​ហាង ម៉េច​ត្រូវ។ ម្ចាស់​ហាង​យ៉ាង​ត្រូវ​ អាច​ទទួល​ខុស​ត្រូវ​ផ្នែក​រដ្ឋប្បវេណី មិន​អញ្ចឹង។ ដូច្នេះ បើ​យើង​ចាប់​ម្ចាស់ហាង ខ្ញុំ​ថា​អត់​ត្រូវ​ទេ។ យ៉ាង​ច្រើន គាត់​ទទួល​ខុស​ត្រូវ រឿង​រដ្ឋប្បវេណី​ទេ។ លើកលែង​តែ​យើង​រក​ភស្តុតាង​ទៅ ឃើញ​ថា​ម្ចាស់​ខ្លួន​ឯង​ហ្នឹង​ហើយ​ គាត់​ជា​អ្នក​ធ្វើ»។

លោក​បញ្ជាក់​ថា ​អ្វី​ដែល​សំខាន់​ គឺ​ត្រូវ​ស៊ើបអង្កេត​ពី​កម្រិត​នៃ​ការ​ធ្វេសប្រហែស​របស់​ម្ចាស់​ហាង​នោះ។

លោក​ សុក សំអឿន មាន​ប្រសាសន៍​ថា៖ «និយាយ​រួម​យក​មនុស្ស​ទៅ​ដាក់​គុក ត្រូវ​គិត​ឲ្យ​មែន​ទែន ទាល់តែ​មាន​ការ​ខុស​ហ្នឹង វា​ខ្លាំង​ណាស់ កុំ​ស៊ើប​យក​មនុស្ស​ទៅ​មនុស្ស​ទៅ​ដាក់​គុក កុំ​ស្អី​ក៏​ដាក់​គុក ស្អី​ក៏​ដាក់​គុក»។

លោក​ សន ជ័យ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ មាន​ប្រសាសន៍​ថា គួរ​តែ​មាន​ការ​ស៊ើបអង្កេត​ថា​តើ​ករណី​ឆក់​ស្លាប់​នេះ អាច​បណ្តាល​មក​ពី​ការ​បាញ់​ទឹក​ឬ​យ៉ាង​ណា។

លោក​មាន​ប្រសាសន៍​ប្រាប់​ VOA ថា៖ «សម្រាប់​ខ្ញុំ ខ្ញុំ​យល់​ថា ​វា​ជា​រឿង​មួយ​ដែល​រួម​ផ្សំ​គ្នា​ជាមួយ​បច្ចេកទេស​ផង ជាមួយ​អ្វី​ដែល​ជា​ឧបទ្ទវហេតុ ដូច​ជា​ការ​បាញ់​ទឹក បាញ់​អី ហ្នឹង បណ្តាល​ឲ្យ​ឆក់​ខ្សែ​ភ្លើង បណ្តាល​ឲ្យ​មាន​ការ​ឆ្លង​ចរន្តអគ្គិសនី​ហ្នឹង»។

លោក​បញ្ជាក់​បន្ថែម​ថា៖ «ការ​ចោទ​ប្រកាន់​ទៅ​លើ​ថៅកែ​ដែល​គ្រប់គ្រង​នៅ​ទី​នោះ ខ្ញុំ​គិត​ថា​មិន​មែន គ្រាន់​តែ​ជា​រឿង​មួយ​មុខ​នោះ​ទេ វា​ចាំបាច់​ត្រូវ​មាន​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ម៉ត់ចត់​ដែរ​ណា»។

លោក សន ជ័យ ក៏​បាន​ស្នើ​ឲ្យអាជ្ញាធរ​យក​ចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្ពស់ នៅ​ពេល​មាន​ការ​ជួបជុំ​ដែល​មាន​មនុស្ស​ច្រើន​ផង​ដែរ ដោយ​លោក​បាន​លើក​ឡើង​ពី​បទ​ពិសោធន៍​នៃ​ការ​ស្លាប់​មនុស្ស​រាប់​រយ​នាក់ ដោយ​សារ​ព្រឹត្តិការណ៍​រត់​ជាន់​គ្នា​នៅ​លើ​ស្ពាន​កោះពេជ្រ កាលពី​ឆ្នាំ២០១០។

លោក​បញ្ជាក់​ថា៖ «បញ្ហា​គួរ​ត្រូវ​បាន​បង្ការ​ឲ្យ​បាន​ម៉ត់ចត់ និង​ធានា​ថា ​ព្រឹត្តិការណ៍​ដែល​មាន​ការ​ជួបជុំ​មនុស្ស​ច្រើន ត្រូវ​ធានា​និង​ពិនិត្យ​មើល​ដោយ​ម៉ត់ចត់ ដោយ​អាជ្ញាធរ»។

គួរ​បញ្ជាក់​ថា​ នៅ​ខេត្ត​សៀមរាប កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ មាន​ករណី​ភ្លើង​ឆេះ​ក្លឹប​ដោយសារ​ការ​ឆ្លង​អគ្គិសនី​បណ្តាល​ឲ្យ​មនុស្ស​៥នាក់​ស្លាប់។ ហើយ​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៥ មនុស្ស​៥​នាក់​បាន​ស្លាប់​ ដោយសារ​ឆេះ​ក្លឹប​កម្សាន្ត​មួយ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង។ ចំណែក​កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៥ មាន​ករណី​ឆេះ​ក្លឹប​កម្សាន្ត​មួយ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ដែល​បណ្តាល​ឲ្យ​មនុស្ស​៥នាក់​ស្លាប់​ផង​ដែរ៕

XS
SM
MD
LG