ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រទេស​មួយ​ចំនួន​ក្នុង​ចំណោម G-២០ ​បរាជ័យ​ក្នុង​ការ​រក្សា​ការ​សន្យា​តាម​កិច្ចព្រម​ព្រៀង​អាកាស​ធាតុ​ទី​ក្រុង​ប៉ារីស

  • Henry Ridgwell

រូបភាព​នៃ​កិច្ច​ប្រជុំ​សកម្មភាព​ទ្វីប​អាហ្រ្វិក​ ក្នុង​សន្និសីទ​ស្តី​ពី​បម្រែ​បម្រួល​អាកាស​ធាតុ​របស់​អ.ស.ប. ទីក្រុង​ Marrakech ប្រទេស​ម៉ារ៉ុក កាល​ពី​ថ្ងៃទី ១៦ វិច្ឆិកា ២០១៦។

ប្រទេស​មួយ​ចំនួន​នៃ​ក្រុម​ប្រទេស​G២០ ​ដែល​ជា​ប្រទេស​ឧស្សាហកម្ម ​កំពុង​បរាជ័យ​ក្នុង​ការ​ចាត់​វិធាន​ឲ្យ​ស្រប​ទៅ​តាម​ការ​សន្យា​របស់​ពួក​គេ​ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ដែល​ធ្វើ​ឡើង​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​អាកាសធាតុ​ទី​ក្រុង​ប៉ារីស​ឆ្នាំ​២០១៥​ នេះ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ថ្មី​មួយ។ លោក​ Henry ​Ridgwell​ រាយការណ៍​ថា​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បារម្ភ​ថា​ខ្លាច​សន្ទុះ​នៃ​ការ​តាំង​ចិត្ត​នៅ​ពី​ក្រោយ​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​អាច​នឹង​ត្រូវ​ថមថយ​ប្រសិន​បើ​ប្រធានា​ធិបតី​ជាប់​ឆ្នោត​របស់​សហរដ្ឋអាមេរិក​លោក​ដូណាល់​ត្រាំ ​(Donald Trump)​ ធ្វើ​តាម​យុទ្ធនាការ​ដែល​លោក​សន្យា​ថា​នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​នេះ។

​ប្រទេស​ចំនួន​៦ ​ក្នុង​ចំណោមក្រុម​ប្រទេស​ G-២០ ​តួយ៉ាង ​សហរដ្ឋអាមេរិក ​អាហ្សង់​ទីន​ អូស្ត្រាលី ​កាណាដា​ អារ៉ាប៊ីសាអូឌីត ​និង​តួកគី ​កំពុង​បរាជ័យ​ក្នុង​ការ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ពេញ​លេញ​ដើម្បី​សម្រេច​តាម​គោល​ដៅ​នៃ​ការ​កម្រិត​ការ​បញ្ចេញ​ឧស្ម័ន​ពុល​របស់​ខ្លួន ​នេះ​បើ​យោង​តាម​លោក​សាស្រ្តាចារ្យ​ Samuel Fankhauser ​ដែល​ជា​សមាជិក​នៃ​ក្រុម​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ Grantham ​នៃ​ការ​ប្រែប្រួល​អាកាសធាតុ​និង​បរិស្ថាន ​នៃ​មហាវិទ្យាល័យ​សេដ្ឋកិច្ច​ទី​ក្រុងឡុង​ដ៏។

លោក​សាស្រ្តាចារ្យ​បាននិយាយ​ថា​៖ «តើ​មាន​ក្របខ័ណ្ឌ​គោល​នយោបាយ​ដែរឬ​ទេ? តើ​មាន​ច្បាប់​ដែរ​ឬ​ទេ?​ តើ​មាន​ការ​លើក​ទឹកចិត្ត​ដើម្បី​ឲ្យ​មាន​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ឲ្យ​ទាន់ពេល​ដែរឬ​ទេ? ​ចម្លើយ​ គឺនៅ​សហរដ្ឋ​អាមេរិក​មាន​ តួយ៉ាង ​ផែន​ការ​ថាមពល​ស្អាត​ ប៉ុន្តែ​វា​គឺ​គ្រាន់តែ​ជា​ផែនការ​មួយ​ផ្នែក​(មិន​ទូលំទូលាយ)​ មិន​មែន​ជាគោល​ដៅ​ទូទាំង​ប្រទេស​មូល​ផ្តោតលើ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​នានា​ឡើយ»។

របាយការណ៍​នេះ​ត្រូវ​បាន​គេ​បញ្ចេញ​នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា​នៅ​ក្រៅ​កិច្ច​ប្រជុំ​អាកាសធាតុ​ជា​សកល​ក្នុងទីក្រុង ​Marrackech ​ប្រទេស​ម៉ារ៉ុក។ ប្រតិភូ​នៅ​ទីនោះ​មាន​គោល​បំណង​បញ្ចូល​គោល​នយោបាយ​លម្អិត​ក្នុង​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ដែល​ព្យាយាម​កម្រិត​ការ​ឡើង​កំដៅ​ផែនដី​ឲ្យ​នៅ​ត្រឹម​ពីរ​អង្សាសេ ​គឺ​លើកម្រិត​មុន​ពេល​មាន​បដិវត្តន៍​ឧស្សាហកម្ម ។

លោក​សាស្រ្តាចារ្យ​បាននិយាយ​ថា​៖ «កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ត្រូវ​បាន​ផ្តល់​សច្ចាប័ន​ដោយ​ ប្រទេស​ចំនួន​១១០​ប្រទេស​ ហើយ​វា​គឺ​ជា​ការ​ព្រមព្រៀង​មួយដែល​មានលក្ខណៈ​ផុយ​ស្រួយ​ ដូច្នេះ​លទ្ធភាព​ដែល​នាំ​ឲ្យមាន​ការ​ជជែក​តវ៉ា​ផ្ទៃ​អាច​នឹងកើត​មាន​ជាថ្មី​ម្តងទៀត​នៅ​ក្នុងបណ្តា​ប្រទេស​ទាំង​១១០​នោះ។ ប៉ុន្តែស្ថានភាព​បច្ចុប្បន្ន​ មាន​សញ្ញាថា​ស្ថានភាព​នៅ​មាន​ស្ថិរភាពល្អ​នៅឡើយ។ បណ្តា​ប្រទេស​ទាំងនោះ​ដឹង​ថា​ពួក​គេ​ត្រូវ​ដើរ​ផ្លូវណា​ ហើយ​ពួកគេ​ក៏​យល់​ផងដែរ​ថា​ត្រូវអ្វី​ធ្វើ​ដើម្បី​ប្រយោជន៍​ប្រទេស​ពួកគេ»។

សញ្ញា​នៃ​ស្ថិរភាព​នៃកិច្ច​ព្រមព្រៀង​នោះ​អាច​នឹង​ធ្លាក់​ចុះ​ដោយ​សារ​លោក​ប្រធានាធិបតី សហរដ្ឋ​អាមេរិក​ ​Donald Trump​ ដែល​ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ លោក​បាន​សន្យា​ថា​នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស។

ក្នុង​ទីក្រុង ​Marrackech​ ប្រតិភូ​មក​ពី​ជុំវិញ​ពិភពលោក​បាន​ចេញ​លិខិត​អំពាវនាវ​ឲ្យ​ក្រុង​វ៉ាស៊ីនតោន​ប្រកាន់​ភ្ជាប់​ការ​ប្តេជ្ញាចិត្ត​របស់​ខ្លួន ​ដែល​ក្នុង​ចំណោម​អ្នក​អំពាវនាវ​នោះ​ក៏​មាន​លោក​ Ina ​Khama ​ប្រធានាធិបតីប្រទេស​បុតស្វាណា។

លោក​ប្រធានា​ធិបតី​ប្រទេសបុតស្វាណា បាន​និយាយ​ថា៖​ «មិន​គួរ​មាន​រដ្ឋបាល​បច្ចុប្បន្ន ​ឬ​រដ្ឋបាល​ដែល​នឹង​កាន់​អំណាច​នៅ​ពេល​អនាគត ​ព្យាយាម​បំផ្លាញ​ចោល​ការ​តាំង​ចិត្ត​រួម​របស់​យើង​ក្នុង​នាម​ជា​មនុស្ស​របស់​ពិភពលោក​ ហើយ​យឺតយ៉ាវ​ក្នុងការ​ធ្វើអ្វី​មួយ​ដើម្បី​ឱ្យភព​ផែនដី​ក្លាយ​ជា​កន្លែង​កាន់​តែ​ប្រសើរ​ ​និង​ធានា​ឲ្យ​បាន​នូវ​អត្ថិភាព​នៃ​ជីវិត​គ្រប់​ប្រភេទ​នៅ​លើ​ភពផែន​ដី​នេះឡើយ​»។

ក្រុម​អ្នក​វិទ្យាសាស្ដ្រ​អាកាសធាតុ​បាន​និយាយ​ថា​ ស្ថិត​ក្រោម​រដ្ឋ​បាល​របស់​លោក​អូបាម៉ា​ សហរដ្ឋ​អាមេរិក​ បាន​នៅ​មុខ​ខ្សែ​កោង​ នេះ​បើយោង​តាម​សំដី​របស់​នាង​ Khelly ​Stone ​នៃ​អង្គការ ​ActionAid​ សហរដ្ឋ​អាមេរិក​ប្រាប់ VOA តាមរយៈ​ប្រព័ន្ធ​ Skype ពី​សន្និសីទ ក្នុង​ទីក្រុង Marrakech។

នាង​ Stone បាន​បន្ថែម​ថា៖​ «រដ្ឋបាល ​លោក​ អូបាម៉ា ​បាន​ប្រកាស​ផែនការ​កាល​ពីម្សិលមិញ​ដែល​កំណត់​គោលដៅ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​ឲ្យ​បាន​ ៨០ ​ភាគរយ ​នៅ​ត្រឹម​ឆ្នាំ ​២០៥០​ ដោយ​គិត​ចាប់​ពី​ឆ្នាំ ​២០០៥​មក ​។ ​ដូច្នេះ​នេះ គឺ​ ​ជា​មហិច្ឆតា​ខ្ពស់​ជាង​អ្វី​ដែល​យើង​ធ្លាប់​បាន​ឃើញ​ចេញ​ពី​សហរដ្ឋអាមេរិក​ពី​មុន​ ប៉ុន្តែ​វា​ស្ទើរតែ​មិនមែន​ជា​មហិច្ឆតា​ពេញលេញ​នៅ​ឡើយទេ»។

ប្រទេស​អង់គ្លេស​គឺ​ជា​ប្រទេស​ដែល​ផ្ដល់​សច្ចាប័ន​លើ​កិច្ច​ព្រមព្រៀង​អាកាសធាតុ​ទី​ក្រុង​ប៉ារីស​ក្រោយ​គេ​បង្អស់​។ ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​អាកាសធាតុ​សង្ឃឹម​ថា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​មួយនេះ​ អាច​បញ្ចុះ​បញ្ចូល​លោក​ Trump ​ឲ្យ​រក្សា​ហត្ថលេខា​របស់​សហរដ្ឋអាមេរិក​នៅ​លើ​កិច្ច​ព្រមព្រៀង​នេះ៕

ប្រែ​សម្រួល​ដោយ​ ផន​ បុប្ផា

XS
SM
MD
LG