ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព្រឹទ្ធសភា​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដ៏​ចម្រូងចម្រាស


អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​លោក​ម៉ម ប៊ុននាង​ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​សម្ងាត់​ដក​អភ័យឯកសិទ្ធិ​អ្នកស្រី​ថាក់ ឡានី​កាល​ពី​ថ្ងៃ​ទី០១ ខែ​កញ្ញា ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)

អ្នក​នាំ​ពាក្យ​ព្រឹទ្ធសភា​លោក​ម៉ម ប៊ុននាង​ ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​សម្ងាត់​ដក​អភ័យឯកសិទ្ធិ​អ្នកស្រី​ថាក់ ឡានី​កាល​ពី​ថ្ងៃ​ទី០១ ខែ​កញ្ញា ឆ្នាំ​២០១៦។ (កាន់ វិច្ឆិកា/VOA)

វិសោធនកម្ម​ច្បាប់​ស្តី​ពី​បក្ស​នយោបាយ​ដែល​​ព្រឹទ្ធសភា​បាន​អនុម័ត​​នៅ​ថ្ងៃ​នេះ ជា​ការ​បើក​ផ្លូវ​ឲ្យ​ក្រសួង​​មហាផ្ទៃ​ និង​​តុលាការ​កំពូល​អាច​ផ្អាក​ ឬ​រំលាយ​គណបក្ស​នយោបាយ​​​ណា​មួយ​​ចោល ប្រសិន​បើ​ក្រសួង​ ឬ​ តុលាការ​រក​ឃើញ​ថា​ គណបក្ស​​នយោបាយ​នោះ​បំពាន​លើ​មាត្រា​ណា​មួយ​នៃ​ច្បាប់​ថ្មី​នេះ។​

បន្ទាប់​ពី​រដ្ឋសភា​បានអនុម័ត​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ និងបញ្ជូន​ទៅ​កាន់​ព្រឹទ្ធសភា​ភ្លាមៗ សមាជិក​ព្រឹទ្ធសភាមក​ពីគណបក្ស​កាន់​អំណាច​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ បាន​អនុម័ត​វិសោធនកម្មច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ក្នុង​សំឡេង​៤៤/៤៤​ ដោយ​គ្មាន​ការ​ចូលរួម​ពី​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រឆាំង។ វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​នេះ​ មាន​គោល​បំណង​រំលាយគណបក្ស​នយោបាយ​ណា​ ដែល​មានមេដឹកនាំប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ។

កាល​ពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន​ រដ្ឋសភា​បាន​អនុម័ត​វិសោធនកម្ម​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ​ដ៏​ចម្រូងចម្រាស​នេះ​យ៉ាង​ប្រញាប់​ប្រញាល់ ​បន្ទាប់​ពី​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន ​សែន ​បាន​បញ្ជា​ឲ្យ​ក្រុម​ការងារ​របស់​លោក​ ស្នើ​ទៅ​រដ្ឋសភា​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ​ ដោយកំណត់​ថា ​ប្រធាន​ ឬ​អនុប្រធាន​គណបក្ស​នយោបាយ​ ត្រូវ​តែ​ជា​ជន​គ្មាន​ទោស​ពៃរ៍។ ក្រោយ​ការ​អនុម័ត​ រដ្ឋសភា​បាន​បញ្ជូន​សេចក្តី​ព្រាង​សេចក្តី​ស្នើ​វិសោធនកម្ម​នោះ​ទៅ​ព្រឹទ្ធសភា​ភ្លាមៗ​ ហើយ​ព្រឹទ្ធសភា​ក៏​បាន​សម្រេច​នៅ​ព្រឹក​នេះ​ ដោយ​ប្រកាស​ថា​ នឹង​បញ្ជូន​វិសោធនកម្ម​ច្បាប់​នេះ​បន្ត​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​យូរ​បំផុត​ត្រឹម​ថ្ងៃ​ស្អែក។

ព្រឹទ្ធសភា​ សព្វថ្ងៃ​មាន​សមាជិក​សរុប​ ៦១ ​រូប​ ក្នុង​នោះ ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ចំនួន​ ៤៦​ រូប​ គណបក្ស​សមរង្ស៊ី​ ១១​ រូប​ រី​ឯ​សមាជិក​ព្រឹទ្ធសភា​ ២​រូប​ ជ្រើសតាំង​ដោយ​រដ្ឋសភា​ និង​២​រូប​ទៀត​តែង​តាំង​ដោយ​ព្រះ​មហាក្សត្រ។​

កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ​នេះ​ ក្រុម​សមាជិក​ព្រឹទ្ធសភាគណបក្ស​ សម ​រង្ស៊ី ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍មួយ​ ដោយ​បង្ហាញ​ពី​ការ​មិន​គាំទ្រ​លើ​សំណើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ។ ពួកគេ​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​មិន​គាំ​ទ្រ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​នោះ​ដោយ​សម្រង់​សម្តី​ដើម​ថា៖

«ខ្លឹមសារក្នុង​សេចក្តី​ស្នើ​ច្បាប់​មាន​លក្ខណៈ​ផ្ទុយ​ពី​គោលការណ៍នៃ​លទ្ធិ​ប្រជាធិបតេយ្យ សេរីពហុបក្ស។ សំណើ​ធ្វើ​វិសោធនកម្ម​នេះ​ធ្វើ​ឡើង​ផ្ទុយ​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ខ្មែរ។ សេចក្តី​ស្នើ​ច្បាប់​នេះ​នឹងបង្ក​ឲ្យ​មាន​ការ​បែកបាក់​ឯកភាព​ជាតិ។ វិសោធនកម្ម​នេះ​ គឺ​ធ្វើ​ឡើង​ដោយ​ប្រញាប់​ប្រញាល់ ហើយឲ្យ​យក​មក​បម្រើ​ ដើម្បី​គាប​សង្កត់​គណបក្ស​គូ​ប្រជែង»។​

ថ្លែង​ក្រោយ​បញ្ចប់​ការ​អនុម័ត​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ លោក ម៉ម​ ប៊ុននាង អ្នក​នាំពាក្យ​ព្រឹទ្ធសភា ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា វិសោធនកម្មច្បាប់ស្តីពី​គណបក្ស​នយោបាយ​នេះ ធ្វើឡើង​ដើម្បី​អនុវត្ត​លើ​បុគ្គល​ ឬ​គណបក្ស​ដែល​ប្រព្រឹត្ត​ខុស​ច្បាប់។ លោក​បន្ថែម​ថា ការ​អនុម័ត​ច្បាប់​ថ្មី​នេះ ​ក្នុង​គោលដៅ​ការពារ​សិទ្ធិប្រជាពលរដ្ឋ និង​ផល​ប្រយោជន៍​ជាតិ។

លោក​មាន​ប្រសាសន៍​ថា៖

«យើង​បង្កើត​ច្បាប់​ដើម្បី​ផល​ប្រយោជន៍​ជាតិ ដើម្បី​ស្ថេរភាព​ជាតិ ដើម្បី​ការ​អភិវឌ្ឍ​ជាតិ មិន​មែន​បង្កើត​ច្បាប់​មក​ដើម្បី​ឲ្យ​មាន​ការ​ប្រេះ​ស្រាំ ឬ​ការ​បែក​បាក់ ឬ​ក៏​មាន​សង្គ្រាម ដូច​គាត់​ចេះតែ​គិតថា​ហ្នឹង​គាប​សង្កត់ ​គ្មាន​ប្រជាធិបតេយ្យ ធ្វើ​ឲ្យ​បាត់​អនាគត​យុវជន។ ខ្ញុំ​មើល​មិន​ឃើញថា កន្លែង​ណា​ធ្វើ​ឲ្យ​បាត់​អនាគត​យុវជន ហើយ​ក៏​គ្មាន​ចំណុច​ណា​មួយ​ដែល​ធ្វើ​ឲ្យ​បាត់​លទ្ធិ​ប្រជាធិបតេយ្យ។ បាត់​គឺ​គាត់​មិន​មក​ចូលរួម​ពិភាក្សា អាហ្នឹងបាត់​ហើយ»។

វិសោធនកម្ម​ច្បាប់​ស្តី​ពី​បក្ស​នយោបាយ​ដែលព្រឹទ្ធសភា​បាន​អនុម័តនៅ​ថ្ងៃ​នេះ ជា​ការ​បើក​ផ្លូវ​ឲ្យ​ក្រសួងមហាផ្ទៃ​ និងតុលាការ​កំពូល​អាច​ផ្អាក​ ឬ​រំលាយ​គណបក្ស​នយោបាយ​ណា​មួយចោល ប្រសិន​បើ​ក្រសួង​ ឬ​ តុលាការ​រក​ឃើញ​ថា​ គណបក្សនយោបាយ​នោះ​បំពាន​លើ​មាត្រា​ណា​មួយ​នៃ​ច្បាប់​ថ្មី​នេះ។​

ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថានការណ៍​នយោបាយ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ បាន​រិះ​គន់​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​ដែល​មិន​មាន​ការ​ចូល​រួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នេះ។ ពួកគេ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ថា ច្បាប់​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ខណៈ​ដែល​កម្ពុជា​កំពុង​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​ ឃុំ​សង្កាត់ នា​ខែ​មិថុនា ខាង​មុខ៕

XS
SM
MD
LG