\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ចំណូល​ផ្ទាល់​ខ្លួន​ជា​យុទ្ធសាស្ត្រ​សំខាន់​សម្រាប់​និរន្តរភាព​អង្គការ​សង្គមស៊ីវិល


កិច្ច​ប្រជុំ​ម្ចាស់​ជំនួយ​នៅ​ក្នុង​ក្រុង​ភ្នំពេញ។

កិច្ច​ប្រជុំ​ម្ចាស់​ជំនួយ​នៅ​ក្នុង​ក្រុង​ភ្នំពេញ។

វ៉ាស៊ីនតោន៖ អង្គការ​សង្គម​ស៊ីវិល​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​ប្រទេស​ដែល​លទ្ធិប្រជាធិបតេយ្យ​នៅ​ក្មេង​ខ្ចី និង​កំពុងអភិវឌ្ឍ។ លោក ឃៀង​ សុធី​ ដែល​ជា​បេក្ខជន​បណ្ឌិត​ផ្នែក​អង្គភាព​ និង​សង្គម​ស៊ីវិល​ (Organization Sciences) នៃ​សាលវិទ្យាល័យ​ VU Amsterdam ប្រទេស​ហូឡង់ បាន​ប្រាប់​កម្មវិធី​សំឡេង​ជំនាន់​ថ្មី ​(ហេឡូវីអូអេ) ប្រចាំខែ​ នៃ​វីអូអេ យ៉ាង​ដូច្នេះ។ លោក សុធី​ក៏​បាន​បន្ថែម​ថា នៅ​ក្នុង​បរិបទ​កម្ពុជា ឥទ្ធិពល​ និង​សមត្ថភាព​របស់​សង្គមស៊ីវិល​នៅមាន​កម្រិត​ ហើយ​នេះ​មួយ​ផ្នែក​ក៏​ដោយសារ​តែ​អង្គការ​សង្គមស៊ីវិល​ក្នុង​ស្រុក​ពឹង​ផ្អែកហួស​ប្រមាណ​លើ​ជំនួយ​បរទេស។ ការ​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស​នាំ​ឲ្យ​ដំណើរការ​របស់​អង្គការ​មិន​សូវ​មាន​ស្ថិរភាព និង​និរន្តរភាព។

លោក​សុធី​ពន្យល់​ថា៖ «ជំនួយ​បរទេសផ្តល់​បញ្ហា​ដល់​អង្គការ​សង្គមស៊ីវិល ដោយ​សារ​នៅ​ពេល​ដែល​ម្ចាស់​ជំនួយ​មាន​បញ្ហាហិរញ្ញ​វត្ថុ​ខ្លួន​ឯង ពួក​គេ​បាន​ផ្អាក​ជំនួយ ឬ​បង្វែរ​គម្រោង​ទៅប្រទេស​ផ្សេងៗ​ដូច​ជា​នៅ​ទ្វីបអាហ្វ្រិក។ នេះ​នាំ​ឲ្យ​អង្គការ​ខ្លះ​ត្រូវ​បិទ​ទ្វារ​ និង​អង្គការ​ខ្លះ​ត្រូវ​រក​វិធី​ផ្សេងៗ​ដើម្បី​រក​ចំណូល»។

លោក ឃៀង​ សុធី​ ដែល​ជា​បេក្ខជន​បណ្ឌិត​ផ្នែក​អង្គភាព​ និង​សង្គម​ស៊ីវិល​ (Organization Sciences) នៃ​សាលវិទ្យាល័យ​ VU Amsterdam ប្រទេស​ហូឡង់ នៅ​ក្នុង​កម្មវិធី​«សំឡេង​ជំនាន់​ថ្មី»​នៃ​វីអូអេ។

លោក ឃៀង​ សុធី​ ដែល​ជា​បេក្ខជន​បណ្ឌិត​ផ្នែក​អង្គភាព​ និង​សង្គម​ស៊ីវិល​ (Organization Sciences) នៃ​សាលវិទ្យាល័យ​ VU Amsterdam ប្រទេស​ហូឡង់ នៅ​ក្នុង​កម្មវិធី​«សំឡេង​ជំនាន់​ថ្មី»​នៃ​វីអូអេ។

ក្នុង​ន័យ​នេះ​ដែរ​ បណ្ឌិត អ៊ា សុផល ដែល​ជាសាស្ត្រាចារ្យ​ខ្មែរ​អាមេរិកាំ​ម្នាក់​ដែល​បាន​សរសេរ​សៀវភៅ​មួយ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា Aid Dependence in Cambodia: How Foreign Assistance Undermines Democracy (ជំនួយ​បរទេស​នៅ​កម្ពុជា៖ តើ​ជំនួយ​បរទេស​ធ្វើ​ឲ្យ​អន្តរាយ​ដល់​លទ្ធិ​ប្រជា​ធិបតេយ្យដោយ​របៀប​ណា) ​បានប្រាប់​វីអូអេ​ នៅ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ដោយ​ឡែក​មួយថា ​ជម្រើស​មួយ​ក្នុង​ចំនួន​ចំណោម​ជម្រើស​ដែល​លោក​បាន​ផ្តល់​ដល់​រដ្ឋាភិបាល​ដែល​ស្ទើរ​តែដួល​រលំ ហើយ​ពឹងពាក់​តែលើ​ជំនួយ​បរទេស​សម្រាប់ការចំណាយ​គឺតួនាទី​ដ៏​សំខាន់​របស់​អង្គការ​សង្គម​ស៊ីវិល។ ប៉ុន្តែ​លោក​ក៏​ទទួល​ស្គាល់​អំពី​ភាព​ទន់​ខ្សោយ​របស់​អង្គការ​សង្គម​ស៊ីវិល​ដែរ។

លោក អ៊ា សុផល បន្ថែម​ថា៖ «កត្តា​មួយ​ទៀត​នោះ​គឺ​ពង្រឹង​សមត្ថភាព​នៃ​អង្គការសង្គម​ស៊ីវិល​នៅ​កម្ពុជា​ ពីព្រោះអង្គការសង្គម​ស៊ីវិល​ផ្តល់​គណនេយ្យភាពទាក់​ទង​នឹង​ការ​ធានា​ថា​ ការ​បំពាន​ពី​សំណាក់​អាជ្ញាធរ​មិន​ហួសហេតុ​ពេក។ យើង​ដឹង​ថា សង្គម​ស៊ីវិល​នៅ​កម្ពុជា​ខ្សោយ​ ដូច្នេះ​ត្រូវ​ធ្វើ​ឲ្យ​គេ​ខ្លាំង​ ផ្តល់​លទ្ធភាព​ និង​បង្កើន​សមត្ថភាព​ដល់​គេ»។

ទោះបី​ជាមាន​ការ​ព្រួយ​បារម្ភ​មួយ​ចំនួនអំពីផលប៉ះពាល់​នៃ​សកម្មភាព​ពាណិជ្ជកម្ម​ចំពោះ​បេសកម្ម និង​គោលដៅ​របស់​អង្គការ​សង្គម​ស៊ីវិល លោក​ឃៀង សុធី​ បាន​ប្រាប់​កម្មវិធី​សំឡេង​ជំនាន់​ថ្មី​នៃ​វីអូអេ​ថា លទ្ធផល​ការ​ស្រាវជ្រាវ​របស់​លោកបង្ហាញ​ថា​ យុទ្ធសាស្ត្រ​ធ្វើ​សកម្មភាព​ពាណិជ្ជកម្ម​របស់​អង្គការ​សង្គមស៊ីវិល​គឺ​ជា​កត្តា​វិជ្ជមាន​ក្នុង​ការ​រក្សានិរន្តរភាព​ហិរញ្ញវត្ថុ និង​ឯករាជ្យភាព​របស់​ខ្លួន៕

តើអ្នកយល់​យ៉ាង​ណា​ចំពោះ​ទស្សនៈវាគ្មិន?

បង្ហាញ​មតិ

XS
SM
MD
LG