ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មហោស្រព​ជំរុញ​សិស្ស​ចាប់​អារម្មណ៍​លើ​មុខ​វិជ្ជា​ស្ទែម

  • ហ៊ាន សុជាតា

ការ​ពិសោធន៍​លក្ខណៈ​វិទ្យាសាស្ត្រ​ នៅ​ក្នុង​មហោស្រព​ជាតិ​លើក​ទី​៣​នៅ​កម្ពុជា​ ស្តីពី​វិទ្យាសាស្ត្រ​ និង​វិស្វកម្ម​ នៅឯ​ស្តាត​អូឡាំពិក​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៩​ ខែ​មិនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

ការ​ពិសោធន៍​លក្ខណៈ​វិទ្យាសាស្ត្រ​ នៅ​ក្នុង​មហោស្រព​ជាតិ​លើក​ទី​៣​នៅ​កម្ពុជា​ ស្តីពី​វិទ្យាសាស្ត្រ​ និង​វិស្វកម្ម​ នៅឯ​ស្តាត​អូឡាំពិក​ ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​៩​ ខែ​មិនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

កម្មវិធី​សំខាន់ៗ​នៃ​មហោស្រព​ជាតិ​ស្តី​ពី​វិទ្យាសាស្ត្រ​ និង​វិស្វកម្ម​នេះ​ រួម​មាន​ការ​តាំង​ពិព័ណ៌​ឧបករណ៍​បច្ចេកវិទ្យា​ និង​វិស្វកម្ម​ ការ​ពិសោធន៍​លក្ខណៈ​វិទ្យាសាស្ត្រ​ដោយ​ផ្ទាល់​ និង​ការ​ប្រកួត​ប្រជែង​ដណ្តើម​ជ័យ​លាភី​ស្ទែម​ជាដើម​ ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​របស់​យុវជន​កម្ពុជា​ចំពោះ​មុខវិជ្ជា​ និង​មុខជំនាញ​ STEM។

ការ​សាកល្បង​ឧបករណ៍​បច្ចេកវិទ្យា​ និង​ធ្វើការ​ពិសោធន៍​បែប​វិទ្យាសាស្ត្រ​ដោយ​ផ្ទាល់​ អាច​ជំរុញ​ឲ្យ​យុវជន​និង​កុមារ​កម្ពុជា​កាន់​តែ​ចាប់អារម្មណ៍​និង​ស្គាល់​កាន់តែ​ច្បាស់​ថា​ អ្វី​ជា​«វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ និង​គណិតវិទ្យា​» ឬ​ហៅថា​ស្ទែម (STEM)។

មហោស្រព​ជាតិ​ស្តី​ពី​វិទ្យាសាស្ត្រ​និង​វិស្វកម្ម​រយៈពេល​៣ថ្ងៃ​ដែល​ធ្វើឡើង​នៅឯ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ ដែល​ស្ថិត​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​នេះ​ អនុញ្ញាត​ឲ្យ​អ្នក​ចូលរួម​ សាកល្បង​ឧបករណ៍​បច្ចេកវិទ្យា​ និង​ធ្វើការ​ពិសោធន៍​បែប​វិទ្យាសាស្ត្រ​ដោយ​ផ្ទាល់។​

(ចុចមើល​កម្រង​រូបភាព​នៃ​ថ្ងៃដំបូង​នៃ​មហោស្រពជាតិ​ស្តី​ពី​វិទ្យាសាស្ត្រ និង​វិស្វកម្មនេះ)

​កម្មវិធី​សំខាន់ៗ​នៃ​មហោស្រព​ជាតិ​ស្តី​ពី​វិទ្យាសាស្ត្រ​ និង​វិស្វកម្ម​នេះ​ រួម​មាន​ការ​តាំង​ពិព័ណ៌​ឧបករណ៍​បច្ចេកវិទ្យា​ និង​វិស្វកម្ម​ ការ​ពិសោធន៍​លក្ខណៈ​វិទ្យាសាស្ត្រ​ដោយ​ផ្ទាល់​ និង​ការ​ប្រកួត​ប្រជែង​ដណ្តើម​ជ័យ​លាភី​ស្ទែម​ជាដើម​ ដើម្បី​លើក​កម្ពស់​ការ​យល់ដឹង​របស់​យុវជន​កម្ពុជា​ចំពោះ​មុខវិជ្ជា​ និង​មុខជំនាញ​ STEM។

លោក Allen Dogson Tan ​នាយក​គ្រប់គ្រង​នៃ​អង្គការ​ STEM Cambodia​ ថ្លែង​ថា​កម្មវិធី​នេះ​ផ្តល់​ឱកាស​ឲ្យ​យុវជន​កម្ពុជា​ មិន​មែន​គ្រាន់​តែ​មក​ចូលរួម​ និង​ទស្សនា​ការតាំង​ពិព័ណ៌​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ពួកគេ​អាច​មក​ពិសោធន៍​ឧបករណ៍​នានា​ដោយ​ផ្ទាល់ដៃ​តែម្តង។

«ពួកគេ​អាច​មក​ទី​នេះ​ មើល​ការ​តាំង​ពិព័ណ៌​នានា​ សាកល្បង​ការ​ពិសោធន៍​ និង​ជួប​មនុស្ស​ដែល​ចាប់អារម្មណ៍​លើ​របស់​ស្រដៀង​គ្នា។ ដូច្នេះ​ មហោស្រព​នេះ​ ជា​ការ​អាច​មើលឃើញ​ថា​តើ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ វិស្វកម្ម​ មាន​ឥទ្ធិពល​យ៉ាងណា​ចំពោះ​ជីវិត​ប្រចាំថ្ងៃ​របស់​យើង។ អ្នក​ទាំង​អស់គ្នា​អាច​មក​ទីនេះ​ និង​មើលឃើញ​នូវ​ឧទាហរណ៍​ជាក់ស្តែង​ថា​ យើង​ទាំង​អស់គ្នា​បាន​ប្រើប្រាស់វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ជា​រៀងរាល់ថ្ងៃ»។

លោក ម៉ៃ​ ឆដា​ វ័យ​១៨ ឆ្នាំ​ ជា​សិស្ស​ថ្នាក់ទី​១២​ នៃ​វិទ្យាល័យ​ឬស្សីកែវ​ មិន​ធ្លាប់គិត​ថា​ យុវជន​កម្ពុជា​អាច​មាន​សមត្ថភាព​បង្កើត​ឧបករណ៍​វិទ្យាសាស្ត្រ​បាន​ដោយ​ខ្លួន​ឯង​នោះ​ទេ។

​យុវជន​រូប​នេះ​ ស្រមៃ​ចង់​ក្លាយ​ជា​វិស្វករ​នា​ពេល​អនាគត​ ហើយ​ការ​ចូលរួម​ក្នុង​មហោស្រព​នេះ ជា​ការ​ជំរុញ​ទឹក​ចិត្ត​មួយ​បន្ថែម​ទៀត​ ដែល​បង្ហាញ​ថា​ក្តី​ស្រមៃ​ចង់​ក្លាយ​ជា​វិស្វករ​នេះ​ មិន​នៅ​ឆ្ងាយ​ពី​ដៃ​របស់​ខ្លួន​នោះ​ទេ។​

«ប្លែក​ភ្នែក​ហ្មង។ ខ្ញុំ​ចូលចិត្ត​អាខាង​ហ្នឹង​ហ្មង​ ចូលចិត្ត​ខាង​បច្ចេកវិទ្យា​ បង្កើត​អ្វី​ថ្មីៗ របក​គំហើញ​ថ្មីៗ។

ខ្ញុំ​គិត​ថា​ ពី​មុន​មានតែ​ស្រុកគេ​ ឬ​ប្រទេស​គេ​ផ្សេង​ទៀត​ដែល​គេ​ធ្វើ​ចឹង​ ដល់​ពេល​ខ្ញុំ​បាន​មក​ដល់​កម្មវិធី​តាំង​ពិព័ណ៌​ស្ទែម​ចឹង​ បាន​ខ្ញុំ​ដឹង​ថា​ខ្មែរ​យើង​ក៏​អាច​ធ្វើ​ចឹង​បាន​ដែរ។ ពេល​ខ្ញុំ​មក​ជួប​អាហ្នឹង​គឺ​វា​ពាក់ព័ន្ធ​នឹង​ថ្ងៃ​អនាគត​ខ្ញុំ​ហ្មង»។

យុវតី​ ឃីវន​ ទិត្យ​ស្រីនិច​ វ័យ​១២​ឆ្នាំ​ ជា​សិស្ស​ថ្នាក់ទី​៦​ នៃ​សាលារៀន​ Washington D.C.​ ក្នុង​រាជធានី​ភ្នំពេញ​ដែល​បាន​ចូលរួម​ក្នុង​មហោស្រព​នេះ​ ឲ្យ​ដឹង​ទៀត​ថា​ ការមើល​ឃើញ​ការ​ពិសោធន៍​ដោយ​ផ្ទាល់​ភ្នែក​នេះ​ ជំរុញ​ឲ្យ​យុវតី​រូប​នេះ​ ចង់​ក្លាយ​ខ្លួន​ជា​អ្នក​វិទ្យាសាស្ត្រ​មួយ​រូប​ដែរ។

សម្រាប់​យុវតី​ ទិត្យ​ស្រីនិច​ នេះ​គឺ​ជា​លើក​ទី​មួយ​ ដែល​ខ្លួន​បាន​មើល​ឃើញ​ការ​ពិសោធន៍​វិទ្យាសាស្ត្រ​ ដោយ​ផ្ទាល់ភ្នែក​បែប​នេះ។ កន្លង​មក​ ស្រីនិច​ ធ្លាប់​តែ​មើលឃើញ​ការពិសោធន៍​នានា​នៅ​តាម​ប្រព័ន្ធ​អ៊ីន​ធឺណេត​ និង​កញ្ចក់​ទូរទស្សន៍​ប៉ុណ្ណោះ។ ​

«វា​ឡូយ​ ខ្ញុំ​អត់​ដែល​ឃើញ​ចឹង​ទេ។ គេ​ពិសោធន៍​ដូច​ Dry Ice [ការ​ពិសោធន៍​ទឹកកក​ស្ងួត] ​និយាយ​ទៅ​គេ​ពិសោធន៍​បែប​ពពុះ​ ហើយ​វាចេញ​ផ្សែង​មក​ ពេល​យើង​ប៉ះ​ទៅ​វា​ចេញ​ផ្សែង។ ហើយ​ដល់​ពេល​គេ​ដាក់​អាហ្នឹង​លាយ​ចូល​គ្នា​ចឹង​ទៅ​ បាន​យើង​ដឹង​ថា​អាហ្នឹង​វា​ចេញ​ម៉េច»។

(ទស្សនា FacebookLive ដែល​លោក សឹង សុផាត នៃ VOA បាន​សម្ភាសន៍​អ្នក​ជំនាញ​ខាង​មុខវិជ្ជាស្ទែម​)

លោក​ ជុំ កែម​ ជា​គណៈគ្រប់គ្រង​ នៃ​សាលារៀន​ Washington D.C. ​ថ្លែង​ប្រាប់​ VOA​ ថា​ការ​ពិសោធន៍​ជាក់ស្តែង​ដែល​មាន​នៅក្នុង​មហោស្រព​នេះ​ គឺ​ជា​ការ​បំពេញ​បន្ថែម​លើ​ទ្រឹស្តី​ដែល​សិស្ស​ និស្សិត​បាន​សិក្សា​នៅឯ​សាលា​រៀន។

«ការ​ធ្វើពិសោធន៍​ ការ​ធ្វើ​ឧទាហរណ៍​ឲ្យ​មើល​ទៅលើ​កម្មវិធី​វិទ្យាសាស្ត្រ​ហ្នឹង​ ខ្ញុំ​ជឿថា​ជា​កត្តា​មួយ​ដែល​ជួយ​ជំរុញ​ឲ្យ​គាត់​មាន​ទឹកចិត្ត​ ក៏ដូចជា​ពញ្ញាក់​ឲ្យ​គាត់​យល់​បន្ថែម​ ក៏ដូចជា​ធ្វើ​ឲ្យ​គាត់​ចាប់​អារម្មណ៍​ទៅលើ​មុខវិជ្ជា​ មុខជំនាញ​ខាងហ្នឹង»។​

លោក​ ជុំ កែម​ ចង់​មើល​ឃើញសាលា​រៀន​ទាំង​អស់​ដាក់​បន្ថែម​នូវ​ការ​អនុវត្ត​ និង​ការ​ពិសោធន៍​វិទ្យាសាស្ត្រ​ និង​វិស្វកម្ម​ ដោយ​ផ្ទាល់​ដែល​អាចឲ្យ​សិស្ស​កាន់​តែ​ចាប់អារម្មណ៍​ចំពោះ​មុខវិជ្ជា​ទាំង​នេះ។

អាជីព​ការងារ​ផ្នែក​ STEM​ នេះ​ បាន​ក្លាយជា​វិស័យ​អាទិភាព​ដែល​ប្រទេស​កម្ពុជា​ និង​ពិភពលោក​កំពុង​ត្រូវការ។ អ្នក​ជំនាញ​វិស័យ​បច្ចេកវិទ្យា​ ឲ្យ​ដឹង​ថា​ វិស័យ​បច្ចេកវិទ្យា​របស់​កម្ពុជា​បាន​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​នាប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ ដោយ​វិស័យ​នេះ​ត្រូវ​គេ​ប៉ាន់​ស្មាន​ថា​ មាន​ទំហំ​ជា​ទឹកប្រាក់​ប្រមាណ​៨០០​លាន​ដុល្លារ។ ​ទោះជា​យ៉ាង​ណា​ចំនួន​អ្នក​ដែល​មាន​ជំនាញ​នេះ​នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ។​

ថ្លែង​មក​កាន់​ក្រុម​អ្នក​សារព័ត៌មាន​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​ ហង់ ជួនណារ៉ុន​ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​លើក​ឡើង​ថា​ ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ផ្តើម​ពង្រឹង​មូលដ្ឋាន​អប់រំ​ស្ទែម​ តាំង​ពី​កម្រិតបឋម​សិក្សា​ រហូត​ដល់​ឧត្តម​សិក្សា។​

«កន្លង​មក​នេះ​ យើង​ពង្រឹង​ការ​ប្រឡង។ យើង​ចែក​ជូន​ឲ្យ​សិស្ស​នូវ​មេរៀន។ យើង​បង្រៀន​គ្រូ​លើ​វិស័យ​ស្ទែម​។ គឺ​យើង​ចង់​ឲ្យ​សិស្ស​មាន​មូលដ្ឋាន​រឹង​មាំ ដើម្បី​ទៅ​ចាប់​យក​មុខវិជ្ជា​ផ្សេងៗ​ទៀត ​ដូចជា​បច្ចេកវិទ្យា។ ឧទាហរណ៍​ថា​ Computer Coding ​នៅពេល​គាត់មក​ គាត់​ឃើញ​គាត់​ចាប់​អារម្មណ៍​ គាត់​ទៅវិញ​គាត់​ខំ​ប្រឹង ​ហើយ​គាត់ផ្តោត​ទៅលើ​វិស័យ​ណាមួយ​ដែល​គាត់​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ។​ ហើយ​បន្ទាប់មក​ទៀត​នៅ​ពេល​គាត់​រៀន​ចប់​មធ្យម​សិក្សា​ គាត់​អាច​ជ្រើសរើស​បច្ចេកវិទ្យា»។

មហោស្រព​វិទ្យាសាស្ត្រ​ និង​វិស្វកម្ម​នេះ​ ធ្វើឡើង​ក្នុង​រយៈពេល​៣ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃទី​០៩ ​ដល់​ទី១១​ ខែ​មីនា​ ឆ្នាំ​២០១៧។ មហោស្រព​រយៈពេល​៣ថ្ងៃ​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មាន​អ្នក​ចូលរួម​ប្រមាណ​២៥.០០០​នាក់៕

XS
SM
MD
LG