ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​លើក​ឡើង​ថា ភាគច្រើន​លើស​លុប​នៃ​អ្នក​បើក​រថយន្ត​ដឹក​កម្មករ គឺ​គ្មាន​ប័ណ្ណ​បើកបរ


លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក ចូល​រួម​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៦ របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន កាល​ពី​ថ្ងៃទី​២៩ ខ

គ្រោះថ្នាក់​ចរាចរណ៍ ​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ខាតបង់​ថវិកា​ក្នុង​មួយ​ឆ្នាំៗ​យ៉ាងហោចណាស់​ ៣០០​លាន​ដុល្លារ ដោយ​មិន​ទាន់​គិត​ដល់​ផល​វិបាក​សង្គម​ផ្សេង​ទៀត ​ដូចជា​ការ​បន្សល់​ទុក​នូវ​ស្ត្រី​មេម៉ាយ កុមារ​កំព្រា ជន​ពិការ និង​ធ្វើ​ឱ្យ​គ្រួសារ​មួយ​ចំនួន​ធ្លាក់​ទៅ​ក្នុង​ភាព​ក្រីក្រ។ នេះ​បើ​យោង​តាម​ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង។

លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថ្លែង​ថា ស្ទើរ​តែ​ទាំង​អស់នៃ​អ្នកបើកបរ​រថយន្ត​ដឹក​កម្មករ​នៅ​តាម​រោងចក្រ​នានា មិន​មាន​ប័ណ្ណ​បើកបរ​ ខណៈ​ដែល​អ្នក​បើកបរ​រថយន្ត​ប្រភេទ​ផ្សេង​ទៀត​ ដែល​មានដឹក​មនុស្ស​ច្រើន ​មិន​គោរព​ច្បាប់​ចរាចរណ៍ ជា​ហេតុ​ធ្វើ​ឱ្យ​តួលេខ​អ្នក​ស្លាប់​និង​រង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ នៅតែ​មាន​ចំនួន​ខ្ពស់។

លោក ស ខេង បាន​ថ្លែង​ដូចនេះ​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០១៦​ របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ ដែល​ធ្វើ​ឡើង​កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ នៅ​សាល​មហោស្រព​ចតុមុខ ក្នុង​រាជធានី​ភ្នំពេញ។

«ឡាន​ដឹក​កម្មករ ពេល​យើង​ចាប់​ផ្ដើម​អនុវត្ត​ច្បាប់​ចរាចរណ៍​[ផ្លូវ​គោក​ថ្មី​]នៅ​ដើម​ឆ្នាំ​២០១៦ យើង​ត្រួត​ពិនិត្យ​ទៅ ៩០​ភាគរយ​នៃ​អ្នក​បើកបរ​ហ្នឹង ​អត់មាន​ប័ណ្ណ​បើកបរ​ទេ​ បាន​ន័យ​ថា គាត់​អត់​បាន​រៀន​បើកបរ​ទេ​ ហើយ​ទៅ​បើកបរ​ដឹក​មនុស្ស​មួយ​ឡាន​៥០​នាក់ ៦០​នាក់​ក៏​មាន​ដែរ។ អ៊ីចឹង ​ជោគវាសនា​របស់​មនុស្ស​៥០​នាក់​ហ្នឹង​ វា​ពឹង​ទៅ​លើ​អ្នក​ដែល​អត់​ចេះ​បើកបរ​នោះ​ឯង។ អញ្ចឹង​គ្រោះថ្នាក់​ម្ដងៗ ​ធ្ងន់​ណាស់»។

គ្រោះថ្នាក់​ចរាចរណ៍ ​បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ខាតបង់​ថវិកា​ក្នុង​មួយ​ឆ្នាំៗ​យ៉ាងហោចណាស់​ ៣០០​លាន​ដុល្លារ ដោយ​មិន​ទាន់​គិត​ដល់​ផល​វិបាក​សង្គម​ផ្សេង​ទៀត ​ដូចជា​ការ​បន្សល់​ទុក​នូវ​ស្ត្រី​មេម៉ាយ កុមារ​កំព្រា ជន​ពិការ និង​ធ្វើ​ឱ្យ​គ្រួសារ​មួយ​ចំនួន​ធ្លាក់​ទៅ​ក្នុង​ភាព​ក្រីក្រ។ នេះ​បើ​យោង​តាម​ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង។

លោក​បន្តថា យោង​តាម​របាយការណ៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា ជាមធ្យម​ក្នុង​មួយ​ថ្ងៃ​មាន​មនុស្ស​ស្លាប់​៥នាក់ និង​រង​របួស​ធ្ងន់​ជាង​១០​នាក់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។

លោក​ថា បើ​ទោះ​ជា​ក្នុង​ថ្ងៃ​ខ្លះ​មិន​មាន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ​ក៏ប៉ុន្តែ​ តួលេខ​នៃ​ចំនួន​អ្នក​ស្លាប់​ជា​មធ្យម​នៅ​តែ​ខ្ពស់ ដោយសារ​គ្រោះថ្នាក់​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ដែល​មាន​ដឹក​មនុស្ស​ច្រើន។

«អញ្ចឹង​បាន​ចំនួន​អ្នក​ស្លាប់​របស់​យើង ជួន​អី​វា ស បាន​ន័យ​អត់​មាន​អ្នក​ស្លាប់​ទេ​ឬ​ក៏​ស្លាប់​១​ស្លាប់​២​អីចឹង។ ក៏​ប៉ុន្តែ ​ស្រាប់​តែ​ដល់​ថ្ងៃ​ទី​៣​ទី​៤​ដាក់​មួយ​ឡាន​ទៅ ម្ភៃ​សាមសិប​នាក់​តែ​ម្ដង ដោយសារ​អី? ដោយសារ​ឡាន​ដែល​ដឹកជញ្ជូន​ច្រើន​នេះ​ឯង។ ដឹកជញ្ជូន​ច្រើន ហើយ​អ្នក​ដែល​បើក​ហ្នឹង​គឺ​មិន​បាន​រៀន​ក្បួន​ខ្នាត ច្បាប់​ទម្លាប់​ គ្មាន​ពាក់​មី គ្មាន​សំបុត្រ​បើកបរ​អី​ច្បាស់​លាស់​ទេ។ អ្នក​ដឹក​ភ្ញៀវ​ទេសចរណ៍ ​អាច​ថា​បាន​រៀន​មាន​ពាក់​មី​ភាគច្រើន​បំផុត ប៉ុន្តែ​មិន​បាន​គោរព​ច្បាប់»។

បើ​តាម​លោក​ឧបនាយករដ្ឋមន្ត្រី ៤០​ភាគរយ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៦​ បង្ក​ឡើង​ដោយ​ការ​បើកបរ​លើស​ល្បឿន​កំណត់។

លោក ស ខេង អះអាង​ដែរ​ថា នៅ​ក្នុង​ឆ្នាំ​២០១៧​ខាងមុខ អាជ្ញាធរ​នឹង​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​លើ​បញ្ហា​ប័ណ្ណបើកបរ​រថយន្ត​ដឹក​មនុស្ស​ច្រើន​នេះ និង​បទ​ល្មើស​ច្បាប់​ចរាចរណ៍​ផ្សេង​ទៀត​ដូច​ជា​ការ​បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង​និង​គ្រឿងញៀន ព្រម​ទាំង​ការ​បើកបរ​លើស​ល្បឿន​កំណត់។

គ្រោះថ្នាក់​ចរាចរណ៍​ដែល​មាន​ពាក់ព័ន្ធ​នឹងរថយន្ត​ដឹក​កម្មករ​និង​រថយន្ត​ដឹក​ភ្ញៀវ​ធ្វើ​ដំណើរ​ កើត​មានជា​ញឹកញាប់​នៅ​តាម​ដង​ផ្លូវ​ ដោយ​បណ្ដាល​ឱ្យ​មាន​កម្មករ​និង​អ្នក​ធ្វើ​ដំណើរ​ជា​ច្រើន​នាក់​ បាន​បាត់បង់​ជីវិតនិង​រង​របួស។

កាលពី​ខែ​មេសា ឆ្នាំ​២០១៦​ គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​រថយន្ត​ដឹក​អ្នក​ដំណើរជាមួយ​រថយន្ត​ស្ទូច ​នៅ​ក្នុង​ស្រុក​មោងឬស្សី​នៃ​ខេត្ត​បាត់ដំបង បាន​សម្លាប់​មនុស្ស​អស់​៨​នាក់ និង​បង្ក​ឱ្យ​មនុស្ស​ជាង​៣០​នាក់​ទៀតរង​របួស។

ចំណែក​កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥ គ្រោះថ្នាក់​ចរាចរណ៍​ដែល​រថយន្ត​ដឹក​អ្នក​ដំណើរ​បុក​រថយន្ត​ដឹក​កម្មករ​នៅ​ក្នុង​ខេត្ត​ស្វាយរៀង ក៏​បាន​បណ្ដាលឲ្យ​កម្មករ​ស្លាប់​១៧នាក់ និង​រងរបួស​ជាង​២០​នាក់។

លោក អៀ ចរិយា នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ប្រាប់​ VOA កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​ត្រួត​ពិនិត្យ​ដើម្បី​ឱ្យ​ប្រាកដ​ថា​ ​អ្នក​បើកបរ​រថយន្ត​ដែល​មាន​ដឹក​មនុស្ស​ច្រើន​ដូចជា​រថយន្ត​ដឹក​កម្មករ​និង​រថយន្ត​ដឹក​អ្នក​ដំណើរ​ ត្រូវ​មាន​ប័ណ្ណ​បើកបរ​ជា​ការ​ចាំ​បាច់​មួយ។

ទោះ​យ៉ាង​ណា លោក​ថា បញ្ហា​សំខាន់​ពីរ​ផ្សេងទៀត​ដែល​ក្រសួង​គួរ​យក​ចិត្ត​ទុកដាក់គឺ​ការ​បើកបរ​ហួស​ល្បឿន​កំណត់​និង​ការ​បើកបរ​ក្រោម​ឥទ្ធិពល​ជាតិ​ស្រវឹង។

«បញ្ហា​ទាំង​ពីរ​ហ្នឹង​ ការ​អនុវត្ត ការ​រឹត​បន្តឹង​ច្បាប់​គឺ​នៅ​មាន​ភាព​ធូររលុង​ មិនទាន់​បាន​ផ្ដោត​ជា​សំខាន់​នៅ​ឡើយ។ ហើយ​កាលណា​យើង​អត់​ទាន់​បាន​យកចិត្ត​ទុកដាក់​រឹត​បន្តឹង​ទៅលើ​បញ្ហា​ទាំង​ពីរ​ហ្នឹង​ទេ វា​អត់​បាន​ទប់ស្កាត់​មូលហេតុ​ធំៗ។ វា​មិន​អាច​ឈាន​ទៅ​ដល់​ការ​កាត់​បន្ថយ​ចំនួន​អ្នក​ស្លាប់​និង​អ្នក​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ហ្នឹង​បាន​ដោយ​ជោគជ័យ​ឬ​ក៏​មាន​ប្រសិទ្ធភាព​ខ្ពស់​[នោះ​ទេ]»។

លោក អៀ ចរិយា បន្ត​ទៀត​ថា រដ្ឋាភិបាល​ ក៏​គួរ​ធ្វើ​ការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ឱ្យ​កាន់​តែ​ទូលំទូលាយ រឹត​បន្តឹង​ការ​ប្រឡង​យក​ប័ណ្ណ​បើកបរ ត្រួត​ពិនិត្យ​យានយន្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ស្តង់ដារ​បច្ចេកទេស និង​ដាក់​ផ្លាក​សញ្ញា​បន្ថែមនៅ​តាម​ដង​ផ្លូវ​ជា​ដើម៕

XS
SM
MD
LG