ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

តុលាការ​កាត់​ទោស​លោក​សម រង្ស៊ី​ ឱ្យ​ជាប់​ពន្ធនាគារ​២០ខែ


រូបឯកសារ៖ លោក សម រង្ស៊ី អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (កណ្តាល) ថ្លែង​សុន្ទរកថាក្នុង​ថ្ងៃប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នៅ​មុខ​រដ្ឋសភាជាតិ នៅ​ទីក្រុង​ភ្នំពេញ កាលពីថ្ងៃពុធ ទី១០ ខែធ្នូ ឆ្នាំ​២០១៤។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​សម​ រង្ស៊ី​ ដោយ​ដាក់​ពន្ធនាគារ​១​ឆ្នាំ​៨ខែ​ និង​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល​ ហើយ​លោក​ត្រូវ​សង​សំណង​១០០​រៀល​ទៅ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​សម​ រង្ស៊ី​ ដោយ​ដាក់​ពន្ធនាគារ​១​ឆ្នាំ​៨ខែ​ និង​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល​ ហើយ​លោក​ត្រូវ​សង​សំណង​១០០​រៀល​ទៅ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។ លោក​ហ៊ុន សែន ​បាន​ប្ដឹង​លោក​សម​ រង្ស៊ី លើ​ករណី​ដែល​លោក​និយាយ​ថា ​រដ្ឋាភិបាល​កម្ពុជា​នៅ​ពី​ក្រោយ​ការ​សម្លាប់​លោក​បណ្ឌិត​កែម ឡី។​

លោក​លី សុផាណា ​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​តាម​បណ្ដាញ​សង្គម ​Telegram ថា​ ​លោក​សម រង្ស៊ី​ ត្រូវ​ចោទ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម។​

លោក​លី សុផាណា​ បាន​ថ្លែង​តាម​រយៈ​សារ​ជា​សំឡេង​លើ​បណ្ដាញ​សង្គម Telegram ​ដូចនេះ​ថា៖​

«ថ្ងៃនេះ ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ប្រកាស​សាលក្រម ​ដោយ​សម្រេច​ផ្ដន្ទាទោស​ទៅ​លើ​ជន​ជាប់ចោទ​ឈ្មោះ​សម រង្ស៊ី​ ដោយ​ដាក់​ពន្ធនាគារ​កំណត់​២០​ខែ ​និង​ពិន័យ​ជា​ប្រាក់​១០​លាន​រៀល ​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម»។​

កាល​ពី​ខែ​សីហា ​ឆ្នាំ​២០១៦ ​លោក​គី តិច មេធាវី​តំណាង​ឲ្យ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ បាន​ដាក់​ពាក្យ​ប្តឹង​លោក​សម រង្ស៊ី ​ដែល​ពេល​នោះ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ។ ​លោក​សម រង្ស៊ី​ ធ្លាប់​បាន​ថ្លែង​តាម​បណ្តាញ​សង្គម ​និង​សារ​ព័ត៌មាន​ថា ​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​ ជា​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​លើ​លោក​កែម ឡី ​និង​ឃាតកម្ម​សម្លាប់​បុគ្គល​ល្បី​ឈ្មោះ​មួយ​ចំនួន​ទៀត​នៅ​កម្ពុជា។​

លោក​សំ សុគង់ ​មេធាវី​ការពារក្តី​ឲ្យ​លោក​សម រង្ស៊ី បាន​ប្រាប់​ VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​សេចក្ដី​សម្រេច​របស់​សាលា​ដំបូង​មិន​យុត្តិធម៌​ដល់​កូនក្ដី​របស់​លោក​ និង​មិន​អាច​ទទួល​យក​បាន​នោះ​ទេ។​ លោក​ថា ​មិនមាន​ភស្តុតាង​ណា​បង្ហាញ​ថា ​លោក​សម រង្ស៊ី ​បាន​ប្រព្រឹត្ត​បទញុះញង់​ដូចការ​ចោទ​ប្រកាន់​របស់​តុលាការ​នោះ​ទេ។​

«ជា​បទ​ញុះញង់​កើត ​លុះត្រាតែ​មាន​ការ​ខូចខាត​ ឬ​ក៏មាន​ព្យសនកម្ម ​ដោយសារ​ការ​លើកឡើង ​ដោយសារ​ការ​និយាយ​របស់​កូនក្ដី​ហ្នឹង ​បាន​វា​ទៅ​ជា​បទ​ញុះញង់។​ ប៉ុន្តែ​ក្នុង​រឿង​នេះ ​ក្រោយ​ពី​មាន​ការ​លើកឡើង​នៅ​ក្នុង​អង្គប្រជុំ​ ក៏​ដូចជា​និយាយ​នៅ​វិទ្យុ​អាស៊ី​សេរី​នេះ ​មិនមាន​ព្យសនកម្ម ឬ​ការ​ខូចខាត​ ឬ​ក៏​មាន​ចលាចល​ណា​ដែល​កើតឡើង​ដោយសារ​ការ​និយាយ​នេះ​នោះ​ទេ»។

ទោះបីជា​យ៉ាងណា​ក៏ដោយ ​អ្នកនាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​អះអាង​ថា​ ការ​សម្រេច​របស់​តុលាការ​ធ្វើ​ឡើង​ដោយ​ឆ្លង​កាត់​ការ​ជំនុំ​ជម្រះ​ប្រកប​ដោយ​ភាព​ត្រឹមត្រូវ​និង​យុត្តិធម៌ ​ដោយ​ពិចារណា​និង​ពិនិត្យ​លើ​ទង្វើ​ និង​ភស្តុតាង។ ​លោក​ថា​ ភាគី​ដែល​មិនសុខ​ចិត្ត​នឹង​សាលក្រម​នេះ​មាន​សិទ្ធិ​ប្ដឹង​ឧទ្ធរណ៍​តាម​ច្បាប់​កំណត់។

លោក​សំ សុគង់ ​ឱ្យ​ដឹង​ថា ​លោក​នឹង​ពិភាក្សា​ជាមួយ​លោក​សម រង្ស៊ី ​ថា​ ត្រូវ​ប្ដឹង​ជំទាស់​ទៅ​សាលា​ឧទ្ធរណ៍​ឬ​យ៉ាងណា។​

ក្រៅ​ពី​បណ្ដឹង​នេះ ​លោក​សម រង្ស៊ី ​ក៏​រង​ពាក្យ​បណ្ដឹង​យ៉ាង​តិច​ចំនួន​៧​ទៀត​ដែល​ប្ដឹង​ដោយ​លោក​ហ៊ុន សែន ​និង​មន្ត្រី ​ឬ​អ្នក​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល។​ លោក​សម រង្ស៊ី ​ត្រូវ​បាន​តុលាការ​កាត់​ទោស​ជា​បន្តបន្ទាប់​ ដោយ​ក្នុង​ករណី​ខ្លះ​លោក​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ និង​ករណី​ខ្លះ​តម្រូវ​ឱ្យ​បង់​ប្រាក់​សំណង។​

ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ឃាតកម្ម​លើ​លោក​កែម ឡី ​រដ្ឋាភិបាល​ក៏​បាន​ប្ដឹង​មនុស្ស​ចំនួន​២​នាក់​ទៀត​ផង​ដែរ។

លោក​ហ៊ុន សែន ​បាន​ប្តឹង​លោកស្រី​ថាក់ ឡានី ​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​សម រង្ស៊ី​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម​ បន្ទាប់ពី​លោកស្រី​ថ្លែង​ថា ​លោក​ហ៊ុន សែន​ ជា​អ្នក​សម្លាប់​លោក​កែម ឡី។​ តុលាការ​បាន​កាត់​ទោស​លោកស្រី​ឲ្យ​ជាប់​ពន្ធនាគារ​១ឆ្នាំ​៦ខែ​ និង​ពិន័យ​ជា​ប្រាក់​៨លាន​រៀល​ ព្រម​ទាំង​បង្គាប់​ឲ្យ​សង​សំណង​ជំងឺ​ចិត្ត​ទៅ​លោក​ហ៊ុន សែន​ ចំនួន​១០០​រៀល។​

ចំណែក​អ្នក​វិភាគ​នយោបាយ​លោក​គឹម សុខ​ ត្រូវ​បានលោក​ហ៊ុន សែន​ ប្តឹង​ក្រោម​បទ​ចោទ​ប្រកាន់​ស្រដៀង​គ្នា​នេះ ​ដោយ​ទាមទារ​សំណង​៥០​ម៉ឺន​ដុល្លារ។​ លោក​គឹម សុខ​ត្រូវបាន​តុលាការ​សម្រេច​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​កាលពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ៕

XS
SM
MD
LG