ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សម រង្ស៊ី​ប្រាប់​អ្នកបាត់​បង់ផ្ទះ​សម្បែង​ថា​ លោក​នឹង​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សំណង​សមរម្យ


លោក​សម រង្ស៊ី​ប្រធាន​គណ​បក្សសង្គ្រោះជាតិ​​ជួប​ជាមួយ​​អ្នក​ភូមិ​​បឹងកក់។​​
លោក​សម រង្ស៊ី​ប្រធាន​គណ​បក្សសង្គ្រោះជាតិ​​ជួប​ជាមួយ​​អ្នក​ភូមិ​​បឹងកក់។​​
ខណៈ​ដែល​លោក​សម រង្ស៊ី​ចុះ​ទៅ​ជួប​សំណេះ​សំណាលជាមួយប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ក្នុង​ទីក្រុង​ភ្នំពេញ​ លោក​បាន​បញ្ជាក់​ថា​ គណបក្ស​របស់​លោក​នឹង​ទាមទារឱ្យ​ក្រុមហ៊ុន​វិនិយោគ​ទាំង​នោះ​ផ្តល់​សំណង​ឱ្យ​បាន​សមរម្យ​ដល់​ពលរដ្ឋ​រងគ្រោះ ​ឬ​ក៏​ត្រូវ​ប្រឈម​នឹង​ការ​ដក​ហូត​ដី​សម្បទាន​ទាំង​នោះ​មក​ឱ្យ​ប្រជា​ពលរដ្ឋ​វិញ។​

លោកសម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ ​បាន​ប្រកាស​ថា​ គណបក្ស​របស់​លោកនឹង​ដោះស្រាយ​ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​ ដោយ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ចនៅ​ទូទាំង​ប្រទេស ​នៅ​ពេល​គណបក្ស​របស់​លោក​ជាប់​ឆ្នោត​នោះ។ ​លោកសម រង្ស៊ី​បាន​ថ្លែងយ៉ាង​ដូច្នេះ ​ខណៈ​ដែល​លោក​ចុះ​ទៅជួប​សំណេះ​សំណាល​ជាមួយប្រជា​ពលរដ្ឋដែល​រង​គ្រោះ​ពី​ទំនាស់​ដី​ធ្លី​នៅ​ឯ​ទី​ស្នាក់ការ​សហគមន៍​បឹងកក់។​

លោក​និយាយថា៖​ «យើង​ទាមទារ​យុត្តិធម៌ ​ដី​ធ្លី ​និង​ផ្ទះ​សម្បែង​របស់​យើង​មក​វិញ។ ​ត្រូវ​តែ​ប្រគល់​សង​បង​ប្អូន​វិញ​នូវ​ដី​របស់​បងប្អូន​ដែល​បង​ប្អូន​បាន​បាត់​បង់​ទាំង​ប៉ុន្មាន ​ ទោះជា​មិន​ប្រគល់​ដី​មក​វិញ​ត្រូវ​ប្រគល់​សង​ជា​លុយ ហើយ​លុយ​ហ្នឹង​ត្រូវ​មាន​តម្លៃ​ដូច​ដី​សព្វ​ថ្ងៃ»។​

លោកសម រង្ស៊ី​បញ្ជាក់ថា​ គណបក្ស​របស់​លោក​នឹង​សើររើ​ឡើង​វិញ​នូវភាព​ស្រប​ច្បាប់​ ការ​គោរព​សិទ្ធិ​មនុស្ស ​និង​ការ​ផ្តល់​សំណង​សមរម្យ​ដល់​ប្រជា​ពលរដ្ឋ​មូលដ្ឋាន ​ដែល​រង​គ្រោះ​ពី​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់ក្រុម​ហ៊ុន​វិនិយោគ​ឯកជន។​

បើ​យោង​តាមអង្គការ​ យ៉ូមេនរ៉ាយ វ៉ច ​(HRW) ​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស បាន​ឱ្យ​ដឹង​ថា​ មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ​៧​សែន​នាក់​កំពុង​រង​ការ​ប៉ះពាល់​ ដោយ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ចនេះ។​

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​សម្រេច​កាលពី​ឆ្នាំ​២០១១​ កាត់​ដី​ជាង​១២​ហិចតា​នៅតំបន់​ជម្លោះ​ពី​ក្រុម​ហ៊ុន​ស៊ូកាគូ​អ៊ីន​របស់​លោក​ឧកញ៉ា ​ឡៅ ម៉េងឃីន​ សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ដើម្បី​ចែក​ជូន​ប្រជា​ពលរដ្ឋ​សហគមន៍​បឹងកក់​ ដែល​នៅ​សេស​សល់​ពី​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ។​

ក៏​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​ អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅ​មិនទាន់​បាន​ផ្តល់​បណ្ណ​កម្ម​សិទ្ធិ​ដល់​ពលរដ្ឋ​យ៉ាង​ហោច​ណាស់​ចំនួន​៦៣​គ្រួសារ​ទៀត​ដែល​ជា​មូលហេតុ​នៃ​ការ​តវ៉ា​ជា​បន្ត​បន្ទាប់។​

សាលា​រាជធានីភ្នំពេញ​បាន​សន្យា​ថា​ នឹង​ផ្តល់​បណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​ដល់​ពលរដ្ឋ​ដែល​នៅ​សេស​សល់​ពី​ការ​បណ្តេញ​ចេញ​នៅ​មុន​ពេល​បោះឆ្នោត។ ​ប៉ុន្តែ​ក្រុម​ប្រជា​ពលរដ្ឋ​លើក​ឡើង​ថា​ ​រហូត​មក​ទល់​ពេល​នេះ​ សាលា​រាជ​ធានី​ភ្នំពេញ​នៅតែ​មិន​ទាន់​បាន​អើ​ពើ​អំពី​បញ្ហា​នេះ​ទេ។​

អ្នកស្រី​ហុង សុខេង ​អាយុ​៤៨​ឆ្នាំ​ជា​ពលរដ្ឋ​រងគ្រោះ​ក្នុង​សហគមន៍​បឹងកក់។ អ្នកស្រី​សង្ឃឹម​ថា គណបក្ស​សង្គ្រោះជាតិ​របស់​លោក​សម រង្ស៊ី​នឹង​អាច​រក​ដំណោះ​ស្រាយ​ជូន​សហគមន៍​របស់​អ្នកស្រីបាន។​

អ្នកស្រី​និយាយ​ថា៖​ «ដោះស្រាយ​ដី​ជូន​សហគមន៍​បឹងកក់​របស់​ខ្ញុំ។ ​ជួយ​ដោះស្រាយ​រឿង​ដី​នេះ​តែ​ម្តង ​ព្រោះ​វា​រ៉ាំរ៉ៃជិត​៧​ឆ្នាំ​ហើយ»។​ ​

ក្រៅ​ពី​ប្រជា​ពលរដ្ឋ​សហគមន៍​បឹងកក់ គេ​ក៏​ឃើញ​មានប្រជា​ពលរដ្ឋ​មកពី​សហគមន៍​ដែល​រងគ្រោះ​មួយ​ចំនួន​ផ្សេង​ទៀត​ក្នុង​ទីក្រុង​ភ្នំពេញ​ ដូចជា​សហគមន៍​បុរីកីឡា​ និង​ថ្មគោល​ សរុប​ប្រមាណ​១០០០​នាក់បាន​មក​ចូល​រួមក្នុង​ពិធី​សំណេះ​សំណាល​រវាង​លោក​សម រង្ស៊ី ​និង​ពលរដ្ឋ​ក្នុង​សហគមន៍​ក្រីក្រ​នេះ។​

លោកសម រង្ស៊ី​ថ្លែង​ទៅ​កាន់​ហ្វូង​អ្នក​ចូលរួមថា​ គណបក្សរបស់​លោកបាន​ឈ្នះ​ឆ្នោត​លើ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​អាណត្តិ​ទី​៥​នេះ។​

ប៉ុន្តែ​បើ​តាម​តួ​លេខមិន​ផ្លូវ​ការដែល​ចេញ​ផ្សាយ​ គណបក្ស​ប្រជាជន​កម្ពុជា​បង្ហាញ​ថា​ ខ្លួនទទួល​បាន​៦៨​អាសនៈ ​ចំណែក​ឯ​គណបក្ស​សង្គ្រោះជាតិ​ទទួល​បាន​ត្រឹម​តែ​៥៥​អាសនៈ​ប៉ុណ្ណោះ។​

ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ថា ​ខ្លួន​បាន​ទទួល​សំឡេង​គាំទ្ររហូត​៦៣​អាសនៈ។ ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្នើ​ឱ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ចម្រុះ​មួយ​ដែល​មាន​សមាស​ភាព​មក​ពី​គណបក្ស​ទាំង​ពីរ​ គ.ជ.ប. ​សង្គម​ស៊ីវិល​ និង​អង្គការ​សហ​ប្រជាជាតិ​ ដើម្បី​ពិនិត្យ​លើ​ភាព​មិន​ប្រក្រតី​នា​ពេល​កន្លង​មក​ ដែល​នាំ​ឱ្យ​ខ្លួន​បាត់​បង់​អាសនៈ​មួយ​ចំនួន។​

ប៉ុន្តែ​មក​ទល់​ពេល​នេះ ​សំណើ​នេះ​នៅ​តែ​ជាប់​គាំង​នៅ​ឡើង​ ដោយ​សារ​គ.ជ.ប.​លើក​ឡើង​ថា​ ​ការ​ចូលរួម​របស់សង្គម​ស៊ីវិល​ និង​អង្គការ​សហ​ប្រជាជាតិក្នុង​គណៈកម្មការ​នេះ​គឺហួស​ពី​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG