\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

យន្តហោះ​រុស្ស៊ី​ដែល​មាន​ដឹក​មនុស្ស​៩២​នាក់​បាន​ធ្លាក់​ក្នុង​សមុទ្រ​ខ្មៅ


ក្រុម​ជួយ​សង្គ្រោះ​បាន​នាំ​យក​សាសព​ពី​កម្ទេច​យន្តហោះ​ដែល​បាន​ធ្លាក់ នៅ​ក្បែរ​ទីក្រុង​ Sochi ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃទី​២៥ ខែ​ធ្នូ។

ក្រុម​ជួយ​សង្គ្រោះ​បាន​នាំ​យក​សាសព​ពី​កម្ទេច​យន្តហោះ​ដែល​បាន​ធ្លាក់ នៅ​ក្បែរ​ទីក្រុង​ Sochi ប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃទី​២៥ ខែ​ធ្នូ។

ក្រសួងការពារ​ប្រទេស​រុស្ស៊ីប្រាប់​ឲ្យ​ដឹង​ថា ​យន្ត​ហោះ​យោធា​មួយ​គ្រឿង​ដែល​មាន​មនុស្ស​៩៣​នាក់​នៅ​លើ​នោះ ​រួមទាំង​អ្នក​ចម្រៀង​យោ​ធា​ដ៏​មាន​ប្រជា​ប្រិយភាព​បាន​ធ្លាក់​នៅ​ក្នុង​សមុទ្រ​ខ្មៅ​ភា្លមៗ​បន្ទាប់​ពី​ហោះ​ចេញ​ពីទី​កន្លែង​លំហែកាយ​សូជី។

ពួក​មន្រ្តី​និយាយ​ថា ​កម្ទេច​បាក់​បែក​មកពី​យន្តហោះ​ និង​សាកសព​ខ្លះ​បាន​ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុងផ្ទៃ​ទឹក​ទល់​មុខ​ឆ្នេរ​សមុទ្រ​រុស្ស៊ី។ ​ផ្នែក​ដ៏​សំខាន់​មួយ​របស់​យន្តហោះ​ស្ថិត​នៅ​ចម្ងាយ​១​គីឡូ​ម៉ែត្រ​កន្លះ​នៅ​ផ្ទៃ​ទឹក​ក្នុង​ជម្រៅ​ប្រ​ហែល​៧០​ម៉ែត្រ។

​យន្តហោះ​ធុន​ Tu-154 ​បាន​បាត់​ពី​ប្រព័ន្ធ​រ៉ាដា​តែ​ប៉ុន្មាន​នាទី​បន្ទាប់​ពីហោះ​ចេញ​ពី​ទី​កន្លែង​លំហែ​កាយ​សូជី​នៅ​ម៉ោង​ ៥​និង​៤០​នាទី​ព្រឹក។​ យន្ត​ហោះ​នោះ​បាន​ហោះ​ទៅ​កាន់​មូល​ដ្ឋាន​ទ័ព​អាកាស​នៅ​ក្នុង​ប្រទេស​ស៊ីរី។

គ្មាន​ការ​ចង្អុល​បង្ហាញ​ពី​មូល​ហេតុ​នៃ​ការ​ធ្លាក់​យន្តហោះ​នោះ​នៅ​ឡើយ​ទេ។ ពួក​មន្រ្តីនិ​យាយ​ថា ​គ្មាន​សញ្ញា​ភាព​អាសន្ន​បាន​បញ្ជូន​ចេញ​ពី​បន្ទប់​បើក​បរ​ទេ។

កិច្ច​ប្រតិបត្តិការ​រុករក​កំពុង​បន្ត​ធ្វើ​ឡើង។​ពួក​អាជ្ញាធរ​និយាយ​ថា ​មិន​សង្ឃឹម​ថា​មាន​មនុស្ស​នៅ​រស់​រាន​មាន​ជី​វិត​ទេ។

ក្រសួង​ការពារ​ប្រទេស​រុស្ស៊ី​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​យន្ត​ហោះ​ម៉ាស៊ីន​៣​ដែល​រចនា​ដោយ​សូវៀត ​បាន​ធ្វើ​ការ​ហោះ​ហើរ​ជា​ប្រចាំ​ទៅ​កាន់​ទី​តាំង​មូលដ្ឋាន​អាកាស​រុស្ស៊ី​នៅ​ខាង​ក្រៅ​ទីក្រុង​ Latakia ​ទី​ក្រុង​ឆ្នេរ​សមុទ្រ​របស់​ប្រទេស​ស៊ីរី។

ក្រសួង​ការពារ​ប្រទេស​រុស្ស៊ី​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​យន្តហោះ​នោះ​បាន​ដឹក​កងទ័ព​និង​សមាជិក​ក្រុម​អ្នក​ចម្រៀង​យោធា​ប្រុសៗ​ឈ្មោះ ​Alexandrov Ensemble ​ដែល​បាន​ហោះ​ទៅ​កាន់​ប្រទេស​ស៊ីរី​ដើម្បី​ចូល​រួម​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​នៅ​ឯមូលដ្ឋាន​យោធា។

នៅ​លើ​យន្ត​ហោះ​នោះ​មាន​លោកស្រី ​Yelizaveta Glinka​ ជាវេជ្ជបណ្ឌិត​រុស្ស៊ី​ដ៏​ល្បី ល្បាញ​ដែល​គេ​ស្គាល់​ដោយ​សារ​ការ​ងារ​សប្បុរស​ធម៌​របស់​លោកស្រី។ ​លោក​ស្រី​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​នោះ​ដើម្បី​ជួយ​ផ្តល់​ជំនួយ​សុខាភិបាល​ដល់​ប្រទេស​ស៊ីរី៕

XS
SM
MD
LG