ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី​ជួប​ជាមួយ​លោក​ប្រធានាធិបតី ត្រាំ នៅ​សេតវិមាន


ប្រធានាធិបតី​អាមេរិក​លោក Donald Trump​ ជួប​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ីលោក Sergey Lavrov (ឆ្វេង) ក្បែរ​ឯកអគ្គរដ្ឋទូត​រុស្ស៊ីប្រចាំសហរដ្ឋអាមេរិក​លោក Sergei Kislyak នៅ​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃទី​១០ ឧសភា ២០១៧។

លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ បាន​ជួប​ជាមួយ​លោក​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី Sergei Lavrov ​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​នៅ​សេតវិមាន។

លោក​ប្រធានាធិបតី ត្រាំ និង​លោក​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី Lavrov ​បាន​និយាយ​ថា ​ពួកគេ​បាន​ពិភាក្សា​ពី​ភាព​ចាំ​បាច់​ដើម្បី​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ីរី ហើយ​លោក​ប្រធានាធិបតី​ត្រាំ​បាន​បញ្ជាក់​ថា រដ្ឋបាល​របស់​លោក​បាន​ប្តេជ្ញា​ដោះស្រាយ​ជម្លោះ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

វា​ជា​ជំនួប​ទល់​មុខ​គ្នា​លើក​ទី​មួយ​របស់​លោក​ប្រធានាធិបតី ត្រាំ ជាមួយ​អ្នកការទូត​ជាន់​ខ្ពស់​រុស្ស៊ី​ចាប់​តាំង​ពី​លោក​ចូលកាន់​ដំណែង​ជា​ប្រធានាធិបតី​កាល​ពី​ខែ​មករា​មក។

​បន្ទាប់​ពី​ជំនួប​មក ​លោក​ប្រធានាធិបតី ត្រាំ បាន​មាន​ប្រសាសន៍​ថា ​ជំនួប​នេះ​ល្អ​ណាស់។

លោក​ប្រធានាធិបតី​ត្រាំ​បាន​ថ្លែង​ថា «​ខ្ញុំ​គិត​ថា ​យើង​នឹង​ធ្វើ​កិច្ចការ​នេះ​បាន​យ៉ាង​ល្អ​ចំពោះ​បញ្ហា​ប្រទេស​ស៊ីរី ខ្ញុំ​គិត​ថា អ្វី​ៗ​ដែល​កំពុង​កើត​មាន​ឡើង​មាន​ភាព​វិជ្ជមាន‍​ណាស់»។

​លោក​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី Lavrov បាន​និយាយ​ថា ​មេដឹកនាំ​ទាំង​២​ ​បាន​និយាយ​ភាគ​ច្រើន​អំពី​តំបន់​បន្ថយ​ភាព​តានតឹង​នៅ​ក្នុង​ប្រទេស​ស៊ីរី។ លោក​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី​និយាយ​បន្ត​ទៀត​ថា ​ប្រទេស​ទាំង២​មាន​ការយល់​យោគ​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​អត្ថប្រយោជន៍​នៃ​តំបន់​បន្ធូរបន្ថយ​ភាពតានតឹង​នេះ។

​លោក​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី Lavrov ​បាន​និយាយ​ក្នុង​អំឡុង​ពេលសន្និសីទ​កាសែត​នៅ​ឯ​ស្ថានទូត​រុស្ស៊ី​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា «ការណ៍​នេះ​នឹង​ក្លាយ​ជា​ជំហាន​មួយ​ដើម្បី​រួម​ចំណែក​ដល់​ដំណោះស្រាយ​បញ្ហា​មនុស្សធម៌‍»។

​លោក​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋអាមេរិក Rex Tillerson ​បាន​ស្វាគមន៍​លោក​រដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី Sergei Lavrov នៅ​ឯ​ក្រសួង​ការបរទេស​៕

XS
SM
MD
LG