\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​ប្រទេស​តួកគី​ត្រូវ​គេ​បាញ់​ស្លាប់


ខ្មាន់កាំភ្លើង​ឈរ​កាន់​កាំភ្លើង​ក្រោយ​ពេល​បាញ់​ប្រហារ​ទៅ​លើ​លោក Andrei Karlov ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​ប្រទេស​ទួកគី នៅ​ទីក្រុង​អង់ការ៉ា កាល​ពី​ថ្ងៃទី​១៩ ខែ​ធ្នូ។

ខ្មាន់កាំភ្លើង​ឈរ​កាន់​កាំភ្លើង​ក្រោយ​ពេល​បាញ់​ប្រហារ​ទៅ​លើ​លោក Andrei Karlov ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​ប្រទេស​ទួកគី នៅ​ទីក្រុង​អង់ការ៉ា កាល​ពី​ថ្ងៃទី​១៩ ខែ​ធ្នូ។

ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​ប្រទេស​ទួកគី​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ក្នុង​រដ្ឋធានី អង់ការ៉ា នៃ​ប្រទេស​ទួកគី​កាល​ពី​ថ្ងៃ​ចន្ទ។ អ្នក​នាំពាក្យក្រសួង​ការបរទេស​រុស្ស៊ី​លោកស្រី ​Maria Zakharova ​បាន​បញ្ជាក់​ថា​ លោក Andrei Karlov បាន​ស្លាប់​ដោយសារ​របួស​ធ្ងន់ធ្ងរ។

លោកស្រី ​Zakharova បាន​និយាយ​ថា៖ «រឿង​ដែល​បាន​កើត​ឡើង​ក្នុង​ថ្ងៃ​នេះ​គឺ​ជា​លទ្ធផល​នៃ​ការ​វាយប្រហារ​ទៅ​លើ​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​ប្រទេស​ទួកគី ​លោក Andrei Karlov ​ដែល​បាន​ស្លាប់​ដោយសារ​របួស​ធ្ងន់។ យើង​ចាត់​ទុក​ហេតុការណ៍​ដែល​បាន​កើត​ឡើង​ជា​អំពើ​ភេរវកម្ម»។

ការ​បាញ់​ប្រហារ​នេះ​បាន​កើត​ឡើង​ខណៈ​ពេល​ដែល​លោក ​Karlov ​ទៅ​ចូល​រួម​ក្នុង​ពិធី​តាំង​ពិព័ណ៌​រូបថត​ដែល​ឧបត្ថម្ភ​ដោយ​ស្ថានទូត​រុស្ស៊ី ដែល​មាន​ឈ្មោះ​ថា ​«ប្រទេសរុស្ស៊ី​ក្នុង​ក្រសែ​ភ្នែក​របស់ជន​តួកគី»។

ទីភ្នាក់ងារ​សារព័ត៌មាន ​AP ​ចេញ​ផ្សាយ​ថា​ អ្នក​ថត​រូប​ម្នាក់​របស់​ខ្លួន​ដែល​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​បាន​រាយការណ៍​ថា​ បុរស​ម្នាក់​ស្លៀក​ឯកសណ្ឋាន​បាន​ស្រែក​ថា៖ «Allahu Akbar» ហើយ​ក៏​បាន​បាញ់​យ៉ាង​ហោច​ណាស់​ចំនួន​៨​គ្រាប់។ ​

បន្ទាប់​មក​ជន​នោះ​បាន​ស្រែក​ជា​ភាសា​ទួកគី​ថា «កុំ​ភ្លេច Aleppo! កុំ​ភ្លេច​ស៊ីរី!។ ថយ​ក្រោយ! ថយក្រោយ! មាន​តែ​សេចក្តី​ស្លាប់​ទេ ដែល​អាច​យក​ខ្ញុំ​ចេញ​ពី​ទី​នេះ​បាន។ អ្នក​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការគាប​សង្កត់​នេះ​នឹង​ស្លាប់​ម្តង​មួយៗ»។

សាក្សី​ម្នាក់​បាន​ថ្លែង​ប្រាប់ VOA ថា ភ្ញៀវ​ចូល​រួម​ក្នុង​កម្មវិធី​នោះ​បាន​ដើរ​ឆ្លង​កាត់​ឧបករណ៍​ពិនិត្យ​រក​អាវុធ​មុន​នឹង​ចូល​ទៅ​កន្លែង​កម្មវិធី ប៉ុន្តែ​កន្លែង​នោះ​មិន​ទំនង​ជា​មាន​ការរក្សា​សន្តិសុខ​បន្ថែម​ចំពោះ​វត្តមាន​របស់​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​នោះ​ទេ។ ​

នាង ​Bahar Bakir ​ដែល​ជា​អ្នក​យក​ព័ត៌មាន​ផ្នែក​ការទូត​ឲ្យ​ទូរទស្សន៍​ Haberturk TV បាន​ថ្លែង​ប្រាប់ ​VOA ភាសា​ទួកគី​ថា៖ «យើង​បាន​ផ្តេក​ខ្លួន​ទៅ​លើ​ដី​និង​ឮស្នូរ​កាំភ្លើង។ ខ្ញុំ​បាន​ឃើញ​កាំភ្លើង​តម្រង់​ទៅ​រក​ពិដាន ​និង​ជា​សំណាង​អាក្រក់ ​ឃើញ​លោក​ឯកអគ្គរដ្ឋទូត​ដេក​នៅ​លើ​ដី»។

នាង​ Bakir និយាយ​ថា នាង​ឮស្នូរ​កាំភ្លើង​ចំនួន​២០​ទៅ​៣០​គ្រាប់ ​ខណៈ​ដែល​រូប​នាង​និង​អ្នក​ផ្សេង​ទៀត​រត់​ចេញ​ពី​កន្លែង​កើត​ហេតុ។

ទូរទស្សន៍​ NTV ​ទួកគី​បាន​ចេញ​ផ្សាយ​ថា​ នៅ​ពេល​បន្ទាប់​មក​ប៉ូលិស​បាន​បាញ់​សម្លាប់​ខ្មាន់​កាំភ្លើង​រូប​នោះ។ សេចក្តីរាយការណ៍​បឋម​ដែល​បាន​ចេញ​ផ្សាយ​បាន​ឲ្យ​ដឹង​ថា ជន​ដៃ​ដល់​រូប​នោះ​គឺ​ជា​មន្ត្រី​ប៉ូលិស​ដែល​មិន​មាន​ភារកិច្ច៕

XS
SM
MD
LG