ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​រុស្ស៊ី​វ៉េតូ​សេចក្តី​សម្រេច​ដែល​ថ្កោលទោស​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​នៅ​ស៊ីរី


លោកស្រី​ Nikki Haley ឯកអគ្គរដ្ឋ​ទូត​ស.រ.អា.​ប្រចាំ​អ.ស.ប.​បាន​លើក​ដៃ​បោះឆ្នោត​សេចក្តី​សម្រេច​ដែល​ថ្កោលទោស​ការ​ប្រើប្រាស់​អាវុធ​គីមី​នៅ​ក្នុង​ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧។
លោកស្រី​ Nikki Haley ឯកអគ្គរដ្ឋ​ទូត​ស.រ.អា.​ប្រចាំ​អ.ស.ប.​បាន​លើក​ដៃ​បោះឆ្នោត​សេចក្តី​សម្រេច​ដែល​ថ្កោលទោស​ការ​ប្រើប្រាស់​អាវុធ​គីមី​នៅ​ក្នុង​ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧។

កាល​ពី​ថ្ងៃ​ពុធ​ ប្រទេស​រុស្ស៊ី​បាន​បោះឆ្នោត​វ៉េតូ​មួយ​លើក​ទៀត​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ដើម្បី​ការពារ​អ្នក​កាន់​អំណាច​ផ្តាច់​ការ​ស៊ីរី​ឈ្មោះ Bashar al-Assad ពី​ការ​ថ្កោលទោស​អន្តរជាតិ​ដោយសារ​ការ​វាយ​ប្រហារ​ដោយ​អាវុធ​គីមី​ដ៏​ប្រល័យ​កាលពី​សប្តាហ៍​មុន។

លោកស្រី​ Nikki Haley ឯកអគ្គរដ្ឋ​ទូត​ស.រ.អា.​ប្រចាំ​អ.ស.ប.​បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​ប្រឹក្សា​សន្តិសុខ​ថា «ជាមួយ​ការ​បោះឆ្នោត​វ៉េតូ​របស់​ផង​ខ្លួន​ ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា​ទេ​ដល់​ភាព​ទទួល​ខុស​ត្រូវ​ខ្ពស់ ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា​ទេ​ដល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ការ​ស៊ើបអង្កេត​ឯករាជ្យ​របស់​អ.ស.ប. ហើយ​ប្រទេស​រុស្ស៊ី​បាន​និយាយ​ថា​ទេ​ដល់​សេចក្តី​សម្រេច​ចិត្ត​មួយ​ដែល​អាច​ជួយ​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​ឱ្យ​មាន​សន្តិភាព​នៅ​ក្នុង​ប្រទេស​ស៊ីរី។ លោកស្រី​បាន​មាន​ប្រសាសន៍​យោង​ដល់​ប្រធានាធិបតី​ស៊ីរី Bashar al-Assad ថា «ម្តង​ទៀត​ប្រទេស​រុស្ស៊ី​បាន​ជ្រើសរើស​ការ​កាន់ជើង​ Assad»។

នៅ​ក្នុង​ការ​បោះឆ្នោត​មួយ​ដែល​មាន​សំឡេង​ឆ្នោត​គាំទ្រ១០ ពីរ​ប្រឆាំង​នឹង​សំឡេង​ឆ្នោត​បី​អនុប្បវាទ​ រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​រារាំង​វិធានការ​ដែល​បាន​ត្រូវ​ដាក់​ជំរុញ​ដោយ​ប្រទេស​អង់គ្លេស បារាំង​ និង​ស.រ.អា.។ នៅ​ក្នុង​ការ​បែក​ចេញ​ពី​រុស្ស៊ី​ដែល​មិន​សូវ​មាន​ធ្វើ ប្រទេស​ចិន​បាន​បោះឆ្នោត​អនុប្បវាទ ចំណែក​ឯ​ពួក​ប្រទេស​មិនមែន​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ មាន​ប្រទេស បូលីវី​បាន​បោះឆ្នោទ​ជំទាស់​ ហើយ​ប្រទេស​អេត្យូពី និង​ប្រទេស​កាហ្សាក់ស្ថាន​បាន​ចូល​រួម​ជាមួយ​ប្រទេស​ចិន​ក្នុង​ការ​បោះឆ្នោត​អនុប្បវាទ។

សេចក្តី​ព្រាង​សេចក្តី​សម្រេច​ចិត្ត​នេះ​របស់​អ.ស.ប.​ថ្កោលទោស​ការ​វាយ​ប្រហារ​នោះ​ដោយ​ឧស្ម័ន​ពុល និង​ពង្រឹង​ការ​ស៊ើបអង្កេត​អន្តរជាតិ​អំពី​អ្វីដែល​បាន​កើត​មាន​ឡើង។​ សេចក្តី​ព្រាង​សេចក្តី​សម្រេច​ចិត្ត​មួយ​ស្រដៀងគ្នា​នេះ​ដែរ​កាលពី​ពេល​មុន​នេះ​គ្មាន​ជោគជ័យ​ទេ​ក្នុង​ការ​ដាក់​ឱ្យ​បោះឆ្នោត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន៕

XS
SM
MD
LG