ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​រុស្ស៊ី​​ចុះ​ហត្ថលេខា​ដក​ខ្លួន​ចេញ​ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរ​ជាតិ​ 


រូបភាព​ឯកសារ៖ កាល​ពី​ថ្ងៃទី ១២​ មករា ២០១៦ បង្ហាញ​ពី​រូបភាព​ខាង​ក្រៅ​នៃ​ទីស្នាក់​ការ​កណ្តាល​របស់​ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ។
រូបភាព​ឯកសារ៖ កាល​ពី​ថ្ងៃទី ១២​ មករា ២០១៦ បង្ហាញ​ពី​រូបភាព​ខាង​ក្រៅ​នៃ​ទីស្នាក់​ការ​កណ្តាល​របស់​ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ។

សេចក្តី​ប្រកាស​របស់​ប្រទេសរុស្ស៊ី​ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា​ កន្លង​ទៅ​នេះ ស្តី​អី​ពី​ការ​ដក​ខ្លួន​ចេញ​ពី​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរ​ជាតិ​ គឺ​ជា​ព្រឹត្តិការណ៍​ប៉ះពាល់​ដ៏គួរ​ឲ្យកត់​សម្គាល់​ចំពោះ​តុលាការ​អន្តរជាតិ​។​ ប៉ុន្តែ​​ ក្រុមអ្នក​ជំ​នាញ​​​បាន​និយាយ​ថា​ការ​ដកខ្លួន​ចេញនេះ​​ នឹង​មិន​ជះ​ឥទ្ធិពល​ដល់​តុលាការ​នេះ​ឡើយ។​

អនុ​សញ្ញាទីក្រុង​រ៉ូម​ បាន​បង្កើត​ឲ្យ​មាន​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នេះ នៅ​ឆ្នាំ​១៩៩៨។​ បន្ទាប់​ពី​បង្កើត​បាន​ពីរ​ឆ្នាំ​ក្រោយ​មក​ រដ្ឋាភិបាល​ទីក្រុង​មូស្គូ​ ក៏​បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​នេះ​ ប៉ុន្តែ​មិន​ដែល​ទទួល​បាន​សច្ចាប័ន​ឡើយ។​

នៅ​ក្នុង​ការដក​ខ្លួនចេញ​ ក្រសួង​ការបរទេស​នៃ​ទីក្រុង​មូស្គូ​ បាន​ចោទ​តុលាការ​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ឡាអេ​ ថា «មិន​មាន​ឯករាជ្យ​ភាព​ពិតប្រាកដ»​ និង​បាន​បដិសេធ​ចោល​កិច្ចការ​របស់​តុលាការនេះ​ថា​ធ្វើការ «ប្រកាន់តែ​ម្ខាង និង​គ្មាន​ប្រសិទ្ធ​ផល»។​

ការ​ដក​ខ្លួនចេញ​នេះ​ កើត​ឡើង​មួយថ្ងៃ​ក្រោយ​បន្ទាប់​ពីប្រធាន​ព្រះរាជ​អាជ្ញា​តុលាការ​ ចេញ​ផ្សាយ​របាយកាណ៍​មួយ​ដែល​បញ្ជាក់​ថា​ ស្ថានភាព​នៅ​ក្នុងតំបន់​ឧបទ្វីប Crimea និង​ទីក្រុង Sevastopol «ពិតជា​តំបន់​ដែល​នៅតែ​ស្ថិតក្រោម​ការកាន់​កាប់​»​ របស់​រុស្ស៊ីទៅ​លើប្រទេស​អ៊ុយក្រែន។​ ទីក្រុង​មូស្គូ​បាន​ដាក់​បញ្ចូល​បន្ថែមដែន​ដីអ៊ុយក្រែននេះ​ នៅ​ខែ​មីនា​ ឆ្នាំ២០១៤​ ក្រោយ​ពី​មាន​ការរិះគន់​យ៉ាងខ្លាំង​តាម​ការ​ស្ទង់​ប្រជាម​តិ។

ក្រុម​អ្នក​ជំនាញ​ផ្នែក​សិទ្ធិមនុស្សដែល​រួម​មាន​លោកស្រី Elizabeth Evenson ​ នៃអង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្សបាន​និយាយ​ថា​ ការដក​ខ្លួន​របស់​ទីក្រុង​មូស្គូ​ នឹង​មិន​ជះឥទ្ធិពល​ដល់​កិច្ចការ​របស់​តុលាការ​ឡើយ។

លោកស្រី​ Elizabeth Evenson បាន​និយាយ​ថា៖ «វាពិតជា​គ្មានផល​ប៉ះពាល់​អ្វី​ឡើយ។ ជាក់​ស្តែង​ ទោះបី​ជា​ប្រទេស​រុស្ស៊ី​បាន​ចុះហត្ថលេខា​អនុសញ្ញាបង្កើត​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ក៏ដោយ ក៏ប៉ុន្តែ​ រុស្ស៊ី​មិន​ដែល​ជា​សមាជិក​របស់​តុលាការ​ទេ​។ ដូច្នេះ​ រឿង​នេះ មិនមែន​ជារឿងធំ​សម្រាប់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICCផ្ទាល់​នោះទេ»។ ​

លោក​ស្រី​ Evenson បាននិយាយ​ថាវា​ពិតជា​បង្ហាញ​អំពី​ការដកថយ​របស់ប្រទេសរុស្ស៊ី ចេញ​ការប្តេជ្ញាចិត្តនិង​ប្រព័ន្ធ​យុត្តិធម៌​អន្តរ​ជាតិ។​ លោកស្រីបន្ថែម​ថាអង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យល់ថាទង្វើ​នេះ​ គឺជា​ផ្នែកមួយ​នៃ​ «ការបង្ក​គ្រោះថ្នាក់​លំនាំ​ទ្រង់ទ្រាយធំ»​ ដែល​ទីក្រុង​មូស្គូកំពុងធ្វើ​ទៅលើ​ប្រជាជន​សាមញ្ញ និងការ​ទទួល​បាន​យុត្តិធម៌​សម្រាប់​ប្រជាជន​ទាំងនោះ។​

ប្រែ​សម្រួល​ដោយ សើ ​សាយ្យា​ណា

XS
SM
MD
LG