ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ពូទីន ​តែងតាំង​អតីត​រដ្ឋមន្រ្តី​ជា​ជំនួយការ


លោកវ្លាឌីមៀ ពូទីន ​ប្រធានាធិបតី រុស្សី
លោកវ្លាឌីមៀ ពូទីន ​ប្រធានាធិបតី រុស្សី
លោក​ប្រធានាធិបតី រុស្សី (Russia) វ្លាឌីមៀ ពូទីន (Vladimir Putin) បានតែងតាំងជំនួយការ​ថ្មីៗ​ជាច្រើនរូប។ ក្រុម​អ្នកវិភាគ​ជាច្រើន​ចាត់​ទុក​ចំណាត់ការបែបនេះ​ថាជា​ការប៉ុនប៉ង​ ដើម្បី​ធ្វើឱ្យអំណាច​របស់​លោក​នាយករដ្ឋមន្រ្តី ឌីមីទ្រី មីដវីដេវ (Dmitry Medvedev) ​ចុះខ្សោយ​។

សេចក្តី​ប្រកាស​របស់​លោក ពូទីន ត្រូវបាន​រំពឹង​ថា​នឹង​ផ្លាស់ប្តូរ​មជ្ឈមណ្ឌល​នៃ​អំណាច​ទៅកាន់​វិមានក្រឹមឡាំង (Kremlin)។ អ្នកវិភាគ​ជាច្រើន​និយាយ​ថា លោក​ប្រធានាធិបតីអាចប្រើប្រាស់​ការតែងតាំង នេះ​ជា​មជ្ឈមណ្ឌល​នៃ​អំណាច​ ដែលស្ថិតនៅដាច់ពី​រដ្ឋាភិបាល។

នៅក្នុង​ចំណោម​អតីត​រដ្ឋមន្រ្តី ដែល​ឥឡូវនេះ​គឺជា​ជំនួយការ​របស់​លោក ពូទីន រួមមាន លោក តាទីអាណា ហ្គូលីកូវ៉ា (Tatiana Golikova) អតីត​រដ្ឋមន្រ្តី​សុខាភិបាល និង​ លោក អ៊ីហ្គូរ៍ ឡឺវីទីន (Igor Levitin) អតីត​រដ្ឋមន្រ្តី​ដឹកជញ្ជូន។ លោក ពូទីន ក៏បាន​តែងតាំង​ លោក រ៉ាស្សីដ នុហ្គាលីយ៉េវ (Rashid Nurgaliyev) អតីត​រដ្ឋមន្រ្តី​មហាផ្ទៃ ដើម្បី​ធ្វើ​ជា​អនុប្រធានរបស់​មេដឹកនាំ​ដ៏មាន​ឥទ្ធិពល​ ដែល​ទទួលបន្ទុកក្រុម​ប្រឹក្សា​សន្តិសុខ​របស់ រុស្សី ដែលជា​ស្ថាប័នប្រឹក្សា​មួយ​របស់​វិមាន ក្រឹមឡាំង។

ទោះបីជា​ថា អាណត្តិ​របស់​លោក នុហ្គាលីយ៉េវ ត្រូវ​បាន​បំផ្លិចបំផ្លាញដោយសារ​អំពើ​ហិង្សា​របស់​ប៉ូលីស អំពើ​ពុករលួយ និង​ការរំលោភ​បំពាន។ ឡេអូនីដ រ៉ាដហ្សីខូវស្គី (Leonid Radzikhovsky) ដែលជា​អ្នក​វិភាគ​នយោបាយ និយាយ​ថា ការសម្រេច​ចិត្ត​របស់​លោក ពូទីន អាច​សំដៅ​ទៅ​លើកិច្ចការតែ​ម៉្យាង​គត់។

លោក​និយាយ​ថា ទាំងនេះ​គឺជា​ការសម្រេចចិត្តតាមបែប​ការិយាធិបតេយ្យ ដែល​បង្ហាញអំពី​រឿង​តែមួយ​គត់ ដែលស្តែង​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​ហៅថា​ជា​អ្នក​ជំនាញ​ប្រកបដោយ​វិជ្ជាជីវៈ ត្រូវបាន​អញ្ជើញ​ឱ្យចូលរួម​នៅក្នុង​រដ្ឋាភិបាល។ ប៉ុន្តែ លោកនិយាយ​ថា តាម​ទស្សនរបស់លោក ​សមាជិក​របស់​រដ្ឋាភិបាលថ្មីនេះ ​មិនមែន​ជា​សញ្ញា​ ​នៃការផ្លាស់ប្តូរទស្សន ឬ​ចក្ខុវិស័យ​នៃ​ស្ថានការ​នោះទេ។

ប្រការនេះ​នឹង​មិនបំពេញ​តាមការចង់បាន​របស់​ប្រជាពលរដ្ឋ​ រុស្សី ភាគច្រើន ដែល​សង្សឹម​ថា សេដ្ឋកិច្ច​នឹង​ស្ថានការ​នយោបាយ ​អាច​ផ្លាស់ប្តូរ​នៅ​រុស្សី។ លោក ពូទីន បាន​ប្រឈមមុខ​នឹង​បាតុកម្មទ្រង់​ទ្រាយធំ​ជាងគេ​បង្អស់ ចាប់តាំង​ពីការដួលរលំ​របស់​សហភាពសូវៀត។ មនុស្ស​ជាច្រើន​និយាយ​ថា លោក​បាន​ដឹកនាំ​ប្រទេស​តាមរយៈប្រព័ន្ធ​នយោបាយ​ដែល​ត្រូវបាន​គ្រប់គ្រង​យ៉ាង​តឹងរឹង​មួយ​និង​អំពើពុករលួយ។

ពួកគេ​បាន​តវ៉ាប្រឆាំងនឹងជ័យជម្នះរបស់​គណបក្សរួបរួម រុស្សី (United Russian Party) របស់​លោក នៅក្នុង​ការបោះឆ្នោត​សភា​កាលពីខែធ្នូ ហើយ​ការ​វិល​ត្រឡប់ដែលមិនធ្លាប់មាន​ពីមុនមក​របស់​លោក ពូទីន ទៅកាន់​វិមាន​ក្រឹមឡាំង ជាលើក​ទីបី។

លោកស្រី​ សានដ្រា គីទីណា (Sandra Kytina) ដែល​ជា​ពលរដ្ឋ រុស្សី និយាយបន្ទាប់ពី​ការតែងតាំង​ចុងក្រោយ​បង្អស់ថា មិនមាន​សេចក្តី​សង្ឃឹមសម្រាប់ការផ្លាស់ប្តូរ​នយោបាយ​ពិតប្រាកដ​ណា​មួយទេ។ លោកស្រី បានឲ្យដឹងថា វិមាន​ក្រឹមឡាំង​កំពុង​ព្រងើយ​កន្តើយ​ជាបន្តបន្ទាប់​ចំពោះការទាមទា​របស់​ប្រជាពលរដ្ឋ​ ដែលថា​លទ្ធផល​នៃ​ការបោះឆ្នោត​សភា​និង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី គួរ​ត្រូវបាន​ទុក​ជាមោឃៈ និង​ថា​ការបោះឆ្នោត​ថ្មី ទាំង​ការបោះឆ្នោត​សភា​និង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី គួរ​ត្រូវបាន​ធ្វើឡើង។

ប្រជាពលរដ្ឋ រុស្សី ជាច្រើនអះអាងថា លុះត្រាតែរឿងនេះ​ត្រូវបាន​អនុវត្ត រាល់​ការសម្រចចិត្ត​របស់​រដ្ឋាភិបាល​ទាំងអស់​នឹងមិនស្រប​ច្បាប់​ឡើយ​។ អ្នកវិភាគ​ជាច្រើន​ក៏យល់ស្របដែរ​ថា រដ្ឋាភិបាល​ថ្មី​ដែលត្រូវបាន​តែងតាំង​ដោយ​លោក ពូទីន កាលពី​ថ្ងៃច័ន្ទ នឹង​រារាំង​មនុស្សលំដាប់ទីពីរ​របស់លោក គឺ​លោក​នាយករដ្ឋមន្រ្តី ឌីមីទ្រី មីដវីដេវ មិន​ឲ្យធ្វើ​កំណែ​ទម្រង់ឡើយ។

កំណែ​ទម្រង់​ទាំងនេះ​រួមមាន ការដាក់ចេញ គោលនយោបាយ​ដែល​គាំទ្រ​ការរីក​ចម្រើន និង​ការប៉ុនប៉ង​ធ្វើ​ឯកជនភាព​វូបនីយកម្ម ដើម្បី​ផ្តាច់​ រុស្សី មិនឲ្យ​ពឹង​ផ្អែក​លើ​ប្រេងតទៅទៀត។ ទោះជាយ៉ាងនេះក្តី លោក មីដវីដេវ បន្ត​និយាយ​ប្រកប​ដោយ​ភាព​វិជ្ជមាន​អំពី​រដ្ឋាភិបាល​ថ្មីនេះ។

លោក​មាន​ប្រសាសន៍​ថា ប្រទេស រុស្សី ត្រូវធ្វើ​កំណែ​ទម្រង់​សំខាន់ៗ​ទៅលើ​សេវាកម្មរបស់​រដ្ឋ ដែលរួមទាំង​ការណែនាំ​ឱ្យមាន​ការប្រកួត​ប្រជែងទៅលើ​ការទទួលយក​តួនាទី​ដឹកនាំ​នៅក្នុង​អង្គ​នីតិប្រតិបត្តិ​ ​របស់​សហព័ន្ធទៀត​ផង។ លោកនាយក​រដ្ឋមន្រ្តី​និយាយ​ថា លោក​បាន​និយាយ​អំពី​រឿងនេះ នៅក្នុង​ក្របខណ្ឌ​នៃ​រដ្ឋាភិបាល​បើក​ចំហរ​មួយ ហើយ​ថា​រាល់​តួនាទី​នយោបាយ​ទាំងអស់​នៅក្នុង​រដ្ឋាភិបាល រុស្សី ត្រូវបាន​បំពេញ ដោយស្រប​ទៅតាម​ច្បាប់។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ក្រុមសកម្មជនប្រឆាំង​និយាយ​ថា ពួកគេ​នឹងបន្ត​ជំទាស់​ទៅនឹង​ការវិលត្រឡប់​របស់​លោក ពូទីន ទៅកាន់​វិមានក្រឹមឡាំងវិញ​ រហូតដល់ប្រព័ន្ធ​នយោបាយ​ប្រកបដោយ​តម្លាភាព ​ត្រូវបាន​អនុវត្ត៕

ប្រែសម្រួលដោយ ឌី​ ខាំបូលី
XS
SM
MD
LG