ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ក្រុម​មន្រ្តី​រុស្ស៊ី​និង​អង្គការ​អូតង់​និយាយ​ពីបញ្ហា​សន្តិសុខ​ក្រោយ​ពេល​ផ្តាច់​ទំនាក់​ទំនង​មួយ​រយៈមក


លោក​ Petr Pavel (ឆ្វេង) ​ប្រធាន​គណៈ​កម្មាធិការ​យោធា​របស់​អង្គការ​អូតង់ និយាយ​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក Jim Mattis នៅ​ទីបញ្ជការ​អង្គការអូតង់​នៅ​ទីក្រុង​ប៊្រុចសែល កាល​ពី​ខែ​កុម្ភៈ។

លោក​ Petr Pavel (ឆ្វេង) ​ប្រធាន​គណៈ​កម្មាធិការ​យោធា​របស់​អង្គការ​អូតង់ និយាយ​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ប្រទេស​អាមេរិក Jim Mattis នៅ​ទីបញ្ជការ​អង្គការអូតង់​នៅ​ទីក្រុង​ប៊្រុចសែល កាល​ពី​ខែ​កុម្ភៈ។

ពួក​អ្នក​តំណាង​មក​ពី​អង្គការ​អូតង់​ និង​ប្រទេស​រុស្ស៊ី ​បាន​និយាយគ្នា​ជា​លើក​ទី​មួយ​កាល​ពី​ថ្ងៃ​សុក្រ ​ចាប់​តាំង​ពី​ភាគីទាំង​២ ​បាន​ផ្តាច់​ការ​ទាក់ទង​ដោយ​សារការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ​នេះ​យោ​ង​តាមការបញ្ជាក់​របស់ក្រសួងការពារ​ប្រទេស​រុស្ស៊ី។

លោក​ Petr Pavel ​ប្រធាន​គណៈ​កម្មាធិការ​យោធា​របស់​អង្គការ​អូតង់ ​បាន​ទូរស័ព្ទ​ទៅ​លោក ​Valery Gerasimov ​អគ្គបញ្ជាការ​កងទ័ព​រុស្ស៊ី​ដើម្បី​ពិភាក្សា​ពី​បញ្ហា​សន្តិសុខ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ហើយ​និង​ការ​បង្កើត​កិច្ច​សហប្រតិបត្តិការ​ខាង​យោ​ធា​ដើម្បី​បញ្ចៀស​ឧបទ្ទវហេតុ។

ក្រសួងការ​ពារ​ប្រទេស​រុស្ស៊ី​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «នេះ​ជា​ការទាក់​ទង​ខាង​យោ​ធា​កម្រិត​ខ្ពស់​លើក​ទី​១​ ចាប់​តាំង​ពី​ក្រុម​ប្រឹក្សា​របស់អង្គការ​អូតង់​បាន​សម្រេចបញ្ឈប់​ការទាក់ទង​ជាមួយ​រុស្ស៊ី‍»។

សេចក្តី​ថ្លែងការណ៍​នោះ ក៏បាន​ប្រាប់​ឲ្យ​ដឹងថា ​លោក ​Gerasimov ​បាន​ត្អូញត្អែ​អំពីការ​កើន​ឡើង​នូវ​សកម្មភាព​ខាង​យោធា​របស់​អង្គការ​អូតង់​នៅ​ជិត​ព្រំ​ដែន​រុស្ស៊ី។

អង្គការ​អូតង់ ​បាន​ប្រាប់​ឲ្យ​ដឹងថា ​ការ​បង្កើត​គមនាគមន៍​ថ្មី​រវាង​ភាគីទាំង​២​ ស្ថិត​ក្នុង​ផលប្រយោជន៍​រវាង​គ្នា​និង​គ្នា​នៃ​អង្គការ​អូតង់​និង​ប្រទេស​រុស្ស៊ី។

អង្គការ​អូតង់​បាន​ប្រាប់​ឲ្យ​ដឹង​ ដោយ​មិនបាន​ផ្តល់​សេចក្តី​លម្អិត​អំពី​អ្វី​ដែល​ពួកគេ​បាន​ពិភាក្សា​ដោយ​និយាយថា«លោក​ឧត្តមសេនីយ៍​ទាំង២​បាន​ព្រម​ព្រៀង​ថា ពួកអស់​លោក​នឹងនៅតែ​ធ្វើ​ការទាក់​ទង​គ្នា​‍»។

អង្គការ​អូតង់​បាន​កាត់​ផ្តាច់ការទាក់​ទង​ខាង​យោធា​ជាមួយ​រដ្ឋាភិបាល​ក្រុងមូស្គូ​បន្ទាប់​ពី​ធ្វើការ​ឈ្លាន​ពាន​ម្តង​ហើយ​ម្តង​ទៀត​ប្រឆាំង​នឹង​ប្រទេស​អ៊ុយក្រែន ​ទោះ​យ៉ាង​នោះ​ក៏ដោយ ​អ្នកការទូត​មក​ពីភាគីទាំង​២​នៅ​ធ្វើ​ការទាក់​ទង​គ្នា៕

XS
SM
MD
LG