ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រុស្ស៊ី​មាន​សំណួរ​ជាច្រើន​អំពី​គោលនយោបាយ​មិន​ច្បាស់​លាស់​របស់​អាមេរិក


លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក Rex Tillerson (រូប​ឆ្វេង) ចាប់​ដៃ​ជាមួយ​នឹង​លោក​រដ្ឋ​មន្ត្រី​ការបរទេស​រុស្ស៊ី Sergey Lavrov មុន​កិច្ចប្រជុំ​របស់​ពួកគេ​នៅ​ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១២​ ខែមេសា ឆ្នាំ២០១៧។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​រុស្ស៊ី​ Sergei Lavrov បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​រដ្ឋាភិបាល​លោក​មាន​សំណួរ​ច្រើន​អំពី​អ្វី​ដែល​លោក​និយាយ​ថា​ ជា​គំនិត​មិន​ច្បាស់​លាស់ និង​ផ្ទុយគ្នា​របស់​រដ្ឋបាល​ថ្មី​នៃ​លោកប្រធានាធិបតី​ស.រ.អា. Donald Trump។

លោក Lavrov បាន​និយាយ​ដូច្នេះ នៅ​ពេល​ចាប់​ផ្តើម​ជំនួប​មួយ​នៅ​ក្នុង​ក្រុង​មូស្គូ​ជាមួយ​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា. Rex Tillerson ដោយ​លោក​បាន​ថ្លែង​បន្ថែម​ថា​ ជា​ការ​មានសារៈសំខាន់​សម្រាប់​រុស្ស៊ី​ឱ្យ​យល់​អំពី​បំណង​របស់​ស.រ.អា.។

លោក Lavrov ក៏​បាននិយាយ​យោង​ដល់​ការ​វាយ​ប្រហារ​របស់​ស.រ.អា.​កាលពី​សប្តាហ៍​មុន​លើ​មូលដ្ឋាន​មួយ​នៃ​កងទ័ព​អាកាស​ស៊ីរី​ដែល​បាន​កើត​មាន​ឡើង​ជា​ការ​ឆ្លើយតប​នឹង​ការ​វាយប្រហារ​ដោយ​អាវុធ​គីមី​មួយដោយ​លោក​បាន​ហៅ​ការ​តបត​នេះ​របស់​ស.រ.អា.​ថា​ជា «ការ​នាំ​ឱ្យ​រំខាន»។

លោក​ Tillerson បាន​និយាយ​យ៉ាង​ខ្លី​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​បើក​ជំនួប​នេះ​ ក៏​ប៉ុន្តែ​ដូច​លោក Lavrov ដែរ​លោក​បាន​និយាយ​ថា​ កិច្ចចរចា​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ​កើត​មាន​ឡើង​នៅ​ពេលវេលា​សំខាន់​មួយ​ហើយ​មាន​រួម​បញ្ចូល​ការ​ពិភាក្សា​គ្នា​ដោយ​ស្មោះត្រង់​អំពី​ការ​ខ្វែងគំនិត​គ្នា​ និង​អត្ថប្រយោជន៍​ទៅ​វិញ​ទៅ​មក។​

អ្នក​ការ​ទូត​កំពូល​ស.រ.អា.​រូប​នេះ​បាន​និយាយ​ថា​ ខ្សែ​គមនាគមន៍​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ «គួរ​នៅ​តែ​បើក​ចំហ​ជានិច្ច»។ លោក​បាន​ថ្លែង​ទៀត​ថា​លោក​ចង់​យល់​អំពី​ហេតុអ្វី​បាន​ជា​នៅ​មាន​ការ​ខ្វែងគំនិត​គ្នា​ខ្លាំង​ក្នុង​វិស័យ​ខ្លះ ហើយ​រក​វីធី​ដើម្បី​ធ្វើ​ឱ្យ​ការ​ខ្វែង​គំនិត​គ្នា​ទាំង​នេះ​មាន​តិច៕

XS
SM
MD
LG