ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ភាព​ប្រទាំង​ប្រទើស​ជាមួយ​រុស្ស៊ី​នៅ​តែ​ជា​បញ្ហា​សំខាន់​សម្រាប់​សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក


លោក​ប្រធានាធិបតី Donald Trump ថ្លែង​នៅ​ក្នុង​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​កិច្ចប្រជុំ​មួយ​ អំពី​ច្បាប់​សុខភាព​ កាលពី​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី Donald Trump ថ្លែង​នៅ​ក្នុង​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ក្នុង​កិច្ចប្រជុំ​មួយ​ អំពី​ច្បាប់​សុខភាព​ កាលពី​ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៧។

សេតវិមាន​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​បន្ត​ការពារ​នូវ​សារ​បង្ហោះ​លើ​ប្រព័ន្ធ Twitter របស់​លោក​ប្រធានាធិបតី Donald Trump ដែល​បាន​ចោទ​ប្រកាន់​អតីត​ប្រធានាធិបតី​លោក Barack Obama ថា​បាន​លួច​ថត​សំឡេង​នៅ​ឯ​អាគារ Trump Tower នៅ​ពេល​ដែល​លោក Trump មាន​តួនាទី​ជា​បេក្ខជន​ប្រធានាធិបតី​កាល​ពី​ឆ្នាំ​មុន។

អ្នក​សារព័ត៌មាន​នានា​បាន​ជជីក​សួរ​អ្នក​នាំ​ពាក្យ​សេតវិមាន​លោក Sean Spicer ឲ្យ​បង្ហាញ​ភស្តុតាង​ដើម្បី​គាំទ្រ​ដល់​ការ​អះអាង​របស់​លោក​ប្រធានាធិបតី Trump ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​ដោយ​មាន​ថត​វីដេអូ ប៉ុន្តែ​លោក Spicer បាន​និយាយ​ថា ការ​បង្ហាញ​ភស្តុតាង​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​របស់​សភា​ដែល​កំពុង​តែ​ដំណើរការ ដើម្បី​ស្វែង​រក​អំពី​សកម្មភាព​ប្រឹងប្រែង​របស់​ប្រទេស​រុស្ស៊ី​ក្នុង​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​មុន។

លោក Spicer បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា វិធី​ដ៏​ប្រសើរ​បំផុត​ក្នុង​ការ​ដោះស្រាយ​ជាមួយ​នឹង​ស្ថានការណ៍​នេះ គឺ​ស្នើ​ទៅ​គណៈកម្មការ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋសភា និង​ព្រឹទ្ធសភា ដែល​កំពុង​តែ​ធ្វើ​ការ​ស៊ើបអង្កេត​លើ​រឿង​នេះ ឲ្យ​ស្វែង​រក​រឿង​នេះ និង​ព័ត៌មាន​សម្ងាត់​លេច​ធ្លាយ​ផ្សេងៗ​ទៀត‍»។

លោក Obama និង​អតីត​នាយក​ផ្នែក​ស៊ើបការណ៍​សម្ងាត់​ជាតិ​លោក James Clapper បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​លោក Trump។

លោក James Clapper បាន​ប្រាប់​បណ្ដាយ​ផ្សព្វផ្សាយ​ព័ត៌មាន ABC ថា៖ «មិន​មាន​ការ​លួច​ថត​សំឡេង​ណា​មួយ​ធ្វើ​ឡើង​នៅ​ឯ​អាគារ Trump Tower ក្នុង​អំឡុង​ពេល​យុទ្ធនាការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​មុន ដែល​ធ្វើ​ឡើង​ដោយ​ផ្នែក​ណា​មួយ​នៃ​សហគមន៍​ជាតិ​ស៊ើបការណ៍​សម្ងាត់​នោះ​ទេ‍»៕

XS
SM
MD
LG