ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រុស្ស៊ី​អំពាវនាវ​ឲ្យ​មាន​ភាព​អត់ធ្មត់​នៅ​ស៊ីរី បន្ទាប់​ពី​កា​រវាយប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​ទៅ​លើ​កន្លែង​ផ្គត់ផ្គង់​អាវុធ​របស់​ក្រុម Hezbollah


លោក Dmitry Peskov អ្នក​នាំពាក្យ​របស់​វិមាន​ក្រឹមឡាំង​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន Associated Press នៅ​ក្នុង​ក្រុង​មូស្គូ កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧។

រដ្ឋាភិបាល​រុស្ស៊ី​បាន​អំពាវនាវ​ឲ្យ​ប្រទេស​អ៊ីស្រាអែល​ និង​ប្រទេស​ដ​ទៃ​ទៀត​ចៀសវាង​វិធានការ​នានា​ដែល​អាច​បង្កើន​ភាពតានតឹង​នៅ​ក្នុង​ប្រទេស​ស៊ីរី បន្ទាប់​ពី​ប្រទេស​អ៊ីស្រាអែល​ធ្វើ​ការ​វាយប្រហារ​តាម​អាកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទៅ​លើ​កន្លែង​ផ្គត់ផ្គង់​អាវុធ​មួយ​កន្លែង ដែល​ស្ថិត​នៅ​ក្បែរ​អាកាសយានដ្ឋាន​អន្តរជាតិ Damascus។ ​

លោក Dmitry Peskov អ្នក​នាំពាក្យ​របស់​វិមាន​ក្រឹមឡាំង​បាន​ថ្លែង​ប្រាប់​អ្នកកាសែត​នៅ​ក្នុង​ទីក្រុង​មូស្គូ​ថា «ប្រទេស​ទាំងអស់​ត្រូវ​បញ្ឈប់​រាល់​សកម្មភាព​ទាំងអស់​ដែល​ឈាន​ទៅ​ដល់​ការ​បង្កើន​ភាពតានតឹង​នៅ​ក្នុង​តំបន់​ដែល​ហែកហួរ​ទៅ​ដោយ​ជម្លោះ​រួច​ទៅ​ហើយ​នេះ‍»។ ​

លោក Peskov ក៏​បាន​និយាយ​ថា អធិបតេយ្យភាព​របស់​ប្រទេស​ស៊ីរី​គួរ​តែ​ត្រូវ​បាន​គោរព។
កន្លែង​ផ្គត់ផ្គង់​អាវុធ​នេះ​ត្រូវ​បាន​បើក​ដំណើរការ​ដោយ​ក្រុម Hezbollah លីបង់។ ក្រុម​ឧទ្ទាម​ស៊ីរី​ និង​ប្រភព​ស៊ើបការណ៍​សម្ងាត់​របស់​តំបន់​នេះ បាន​និយាយ​ថា ការ​វាយប្រហារ​នេះ​គឺ​សំដៅ​ទៅ​លើ​អាវុធ​ដែល​បាន​ដឹកជញ្ជូន​ពី​អ៊ីរ៉ង់​តាមរយៈ​យន្តហោះ​យោធា​ និង​យន្តហោះ​ពាណិជ្ជកម្ម។

ចាប់​តាំង​ពី​សង្គ្រាម​នៅក្នុង​ប្រទេស​ស៊ីរី​ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ខែ​មីនា​ឆ្នាំ​២០១១ អ៊ីស្រាអែល​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ខ្លួន​មិន​អនុញ្ញាត​ឲ្យ​ដឹក​ជញ្ជូន​អាវុធ​ពី​អ៊ីរ៉ង់​ទៅ​ឲ្យ​ក្រុម Hezbollah ដែល​ប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​ស៊ីរី​នោះ​ទេ៕

XS
SM
MD
LG