ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រុស្ស៊ី​រារាំង​ការ​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ស្តី​ពី​ប្រទេស​កូរ៉េ​ខាង​ជើង


លោក Vladimir Safronkov ឯកអគ្គរដ្ឋទូត​រង​របស់​រុស្ស៊ី​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​លើក​ដៃ​ប្រឆាំង​នឹង​សេចក្តី​សម្រេច​មួយ​នៅ​ទីស្នាក់ការ​កណ្តាល​ នៅ​ក្នុង​ក្រុង​ញូវយ៉ក កាលពី​ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៧។

កាល​ពី​ថ្ងៃ​ពុធ ប្រទេស​រុស្ស៊ី​បាន​រារាំងសេចក្តី​ព្រាង​សេចក្តី​ថ្លែងការណ៍​មួយ​ដោយ​ស.រ.អា.​នៅ​ក្នុង​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.​ដែល​ថ្កោលទោស​ការ​បាញ់​ពិសោធន៍​កាំជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​កាលពី​ពេល​ថ្មីៗ​នេះ។

សេចក្តី​ថ្លែងការណ៍​នេះ​បាន​និយាយ​ថា ​សកម្មភាព​កាំជ្រួច​មីស៊ីល​ផ្លោង​ខុស​ច្បាប់​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​កំពុង​ឈាន​ទៅ​រក​ការ​ផលិត​ប្រព័ន្ធ​បាញ់​អាវុធ​នុយក្លេអ៊ែរ និង «កំពុង​បង្កើន​ភាព​តានតឹង​យ៉ាង​ខ្លាំង​នៅ​ក្នុង​តំបន់​នោះ​ និង​ក្រៅ​តំបន់​ផង​ដែរ»។

ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ក៏​បានទា​មទារ​ដែរ​ថា​ ប្រទេស​កូរ៉េ​ខាង​ជើង​ «ត្រូវ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​បន្ថែម​ទៀត​ ដែល​ខ្លួន​បាន​រំលោភ​លើ​សេចក្តី​សម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ និង​ត្រូវ​គោរព​ឱ្យ​បានពេញ​លេញ​តាម​កាតព្វកិច្ច​របស់​ខ្លួន​តាម​រយៈសេចក្តី​សម្រេច​ចិត្ត​ទាំង​នេះ»។

ពួក​សមាជិក​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​ខ្វល់ខ្វាយ​ថា​ រដ្ឋាភិបាល​ក្រុង ព្យុងយ៉ាង​បង្វែ​ធនធាន​ទៅ​បង្កើត​កាំជ្រួច​មីស៊ីល និង​គ្រាប់បែក​នៅ​ពេល​ដែល​ប្រជារាស្ត្រ​កូរ៉េ​ខាង​ជើង «មាន​សេចក្តី​ត្រូវការ​ច្រើន​ដែល​មិន​បាន​ត្រូវ​បំពេញ»។

គេ​ដឹង​មិន​ច្បាស់លាស់​ទេ​ហេតុ​ដូចម្តេច​បាន​ជា​ប្រទេស​រុស្ស៊ី​បាន​រារាំង​សេចក្តី​ថ្លែង​ការណ៍​នេះ​ដែល​សឹង​តែ​ដូច​នឹង​សេចក្តី​ថ្លែងការណ៍​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.​កាល​ពី​ខែកុម្ភៈ​ដែល​ប្រទេស​រុស្ស៊ី​បាន​យល់​ព្រម លើ​ការ​ថ្កោលទោស​ការ​បាញ់​ពិសោធន៍​កាំជ្រួច​មីស៊ីល​ផ្លោង​ឯ​ទៀតៗ។​

ក៏​ប៉ុន្តែ​ពួក​អ្នក​ការ​ទូត​និយាយ​ថា​ រដ្ឋាភិបាល​ក្រុង​មូស្គូ​បាន​ជំទាស់​នឹង​ការ​ដក​ពាក្យ​ថា​ «តាម​រយៈ​ការ​សន្ទនា​គ្នា» ចេញ​ពី​សេចក្តី​ថ្លែងការណ៍​ថ្មី​បំផុត​ នៅពេល​និយាយ​អំពី​ដំណោះស្រាយ​ខាង​ការ​ទូត​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង។​

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា. Rex Tillerson គ្រោង​នឹង​ធ្វើ​ជា​អធិបតី​នៃ​ការ​ប្រជុំ​មួយ​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​នៅ​សប្តាហ៍​ក្រោយ​អំពី​បញ្ហា​ប្រទេស​កូរ៉េ​ខាង​ជើង។ លោក​អគ្គលេខាធិការ​អ.ស.ប. Antonio Guterres នឹង​មាន​ប្រសាសន៍​ត្រួសៗ​ប្រាប់​ពួក​សមាជិក​នៃ​ក្រុមប្រឹក្សា​នេះ។

កាល​ពីថ្ងៃ​ពុធ​ លោកស្រី​ឯកអគ្គ​រដ្ឋ​ទូត​ស.រ.អា.​ប្រចាំ​អ.ស.ប. Nikki Haley បាន​ព្រមាន​ប្រទេស​កូរ៉េ​ខាង​ជើង​កុំ​ឱ្យ «ឈ្លោះ» ជាមួយ​ស.រ.អា.៕

XS
SM
MD
LG