ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កាន់​អំណាច​ឲ្យ​មន្ត្រី​របស់​ខ្លួន​ទប់ទល់​ការ​រិះគន់​ពី​គណបក្ស​ជំទាស់


ស្ត្រី​ម្នាក់​កាន់​​ស្លាក​​គណបក្ស​​សង្គ្រោះជាតិ​​ពេល​​ធ្វើ​​បាតុកម្ម​​ទាមទារ​ឲ្យ​មាន​​ការ​បោះឆ្នោត​​សេរី​​និង​​យុត្តិធម៌។​
ស្ត្រី​ម្នាក់​កាន់​​ស្លាក​​គណបក្ស​​សង្គ្រោះជាតិ​​ពេល​​ធ្វើ​​បាតុកម្ម​​ទាមទារ​ឲ្យ​មាន​​ការ​បោះឆ្នោត​​សេរី​​និង​​យុត្តិធម៌។​
គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​បង្កើត​យុទ្ធសាស្ត្រ​ដើម្បីឲ្យ​មន្ត្រី​របស់ខ្លួន​ទប់ទល់​ជាមួយ​ការ​វាយ​ប្រហារ​របស់​គណបក្សជំទាស់​ក្នុងពេល​បោះឆ្នោត​ ក្នុងខណៈ​ពេល​ដែល​គណបក្ស​ជំទាស់​បាន​វាយ​ប្រហារ​លើ​ចំណុច​អសកម្ម​របស់​រដ្ឋាភិបាល​ លើ​ចំណុច​ជាច្រើន ​ដូចជា​បញ្ហា​ដីធ្លី​អំពើ​ពុករលួយ​ និង​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ជាដើម។​

ក្រៅពី​មេដឹកនាំ​របស់​ខ្លួន​ប្រើប្រាស់​បណ្តាញ​ព័ត៌មាន​ចម្រុះ​ដ៏​សម្បូរណ៍​បែប​សឹង តែ​ទាំងអស់​ដើម្បី​វាយ​ប្រហារ​គណបក្ស​ជំទាស់​ គណបក្ស​ប្រជាជន​កម្ពុជា​របស់​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បានបង្កើត​ឯកសារ​មូលដ្ឋាន​មួយ​សម្រាប់​ណែនាំ​មន្ត្រី​របស់ខ្លួន​គ្រប់ថ្នាក់​ទូទាំង​ប្រទេស​ឲ្យប្រើប្រាស់​សម្រាប់​ផ្តល់​ជា​ព័ត៌មាន​ ដល់​សមាជិក​របស់ខ្លួន​និង​អ្នក​បោះឆ្នោត​ឲ្យ​យល់​ដឹង​ពីគោល​នយោបាយ ​និង​សមិទ្ធិ​ផល​ដែល​គណបក្ស​គ្រប់គ្រង​ប្រទេស​សម្រេច​បាន ​ហើយនឹង​សមិទ្ធិផល​ ដែល​ត្រូវ​បន្ត​ធ្វើនៅ​អាណត្តិ​ខាងមុខ​ ព្រមទាំង​ទប់ស្កាត់​ការ​វាយ​ប្រហារ​របស់​គណបក្ស​ប្រឆាំង​ចំពោះ​ការ​ឃោសនា​បំភាន់។​

ឯកសារ​ជាភាសា​ខ្មែរ​ចំនួន​៨១​ទំព័រ​ដែល​វីអូអេ​ខ្មែរ​ទទួល​បាន​ពីប្រភព​ដ៏​ទុកចិត្ត​មួយ​ឈ្មោះ​«ឯកសារ​ជំនួយ​ស្មារតី​សម្រាប់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ប្រើ​ប្រាស់​ក្នុងការ​ឃោសនា​និង​ការ​វាយបក​លើការ​ឃោសនា​របស់​គណបក្ស​ប្រឆាំង»​ មាន​ចែក​ជាបួន​ផ្នែក​ដែល​រៀប​រៀង​កាលពី​ខែ​មេសា​ឆ្នាំ​២០១៣។​

ឯកសារ​ជំនួយ​ស្មារតី​ដដែល​នោះ​បាន​សរសេរ​ថា៖​
«ឯកសារ​នេះ​ជា​ធាតុសម្រាប់​ឲ្យ​ឃោសនិក​យក​ទៅ​ដាំស្ល​ ដាក់​គ្រឿង​ផ្សំ ​ដោយ​ខ្លួន​ឯង​ដើម្បី​ប្រើប្រាស់​ស្របតាម​ទីកន្លែង​និង​កាលៈទេសៈ​ជាក់ស្តែង ​នីមួយៗ​ក្នុង​គោលដៅ​ជម្រាប​ជូន​ប្រជាជន​កម្ពុជា​ឲ្យ​បាន​ទទួល​ព័ត៌មាន​ត្រឹមត្រូវ ​និង​ពេញ​លេញ​ ក៏ដូចជា​ក្នុង​គោលដៅ​វាយបក​ទៅ​លើ​គណបក្ស​ប្រឆាំង​ប្រកប​ ដោយ​ប្រសិទ្ធិ​ភាព​ខ្ពស់»។​

លោក​ឈាង វុន​ សមាជិក​សភា​និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​បញ្ជាក់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​មាន​ការ​រៀបចំ​គោល​នយោបាយ​ច្បាស់ លាស់​ ចងក្រង​ជា​ឯកសារ​សម្រាប់​ឲ្យ​សមាជិក​ឃោសនា​តាម​ខ្លឹមសារ​នានា​របស់​បក្ស។​ ​ដូច្នេះ​ហើយ​បានជា​ពេលខ្លះ​គណបក្ស​ប្រជាជន​ក្នុង​សភា​និង​គណៈ​រដ្ឋ​មន្ត្រី​មិន​អាច​ទទួល​យក​ការ​ស្នើសុំ​របស់​គណបក្ស​ជំទាស់​លើ​បញ្ហា​ផ្សេងៗ​ទេ។​
«ខ្ញុំ​ចង់​បញ្ជាក់​ត្រង់ហ្នឹង​ថា​ របប​ប្រជា​ធិបតេយ្យ​មិន​ដែល​ចែង​ថា​ គណបក្ស​ដែល​ ឈ្នះ​ឆ្នោត​ហ្នឹង​ គណៈ​រដ្ឋមន្ត្រី​របស់​គណបក្ស​ឈ្នះឆ្នោត​ហ្នឹង​ ត្រូវយក​សំណើ​របស់​គណបក្ស​ប្រឆាំង​យក​ទៅ​អនុវត្ត​ទេ។ ​ វាមិន​ដែលមាន​ទេ​អាហ្នឹង ​ព្រោះ​យើង​បាន​យក​គោល​ការណ៍​នយោបាយ​របស់​គណបក្ស​យើង​ទៅ​សុំ​ឲ្យ​ប្រជា​ពលរដ្ឋអនុម័ត​ ឲ្យ​បោះឆ្នោត​ឲ្យយើង។​ អញ្ចឹង​ហើយ​ដល់​ពេល​យើង​ធ្វើការងារ ​យើង​ធ្វើ​ទៅ​តាម​ហ្នឹង ​ទៅតាម​ការ​ស្នើសុំ​របស់​យើង​ហ្នឹង។ ​អញ្ចឹង​ហើយ​ដែល​ប្អូន​ខេមរា​លើក​អម្បាញ​ម៉េញ​ហ្នឹង​ពីរឿង​ឯកសារ​ស្តីពី​ជំនួយ​ស្មារតី​សម្រាប់​ការ​ឃោសនា​បោះ​ឆ្នោត​នេះ​គឺ​ដោយ​សារ​វាអញ្ចឹង។​ យើង​ចង​ក្រង​អញ្ចឹង។​ ហើយ​ដល់​ពេល​យើង​យក​មក​អនុវត្ត​ បើ​យើង​អនុវត្ត​ផ្សេង ​វា​អត់​កើត»។​

ឯកសារ​ជំនួយស្មារតី​ដដែល​នោះ​បាន​រៀបរាប់​លម្អិត​អំពី​សកម្មភាព​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស​ដែលបាន​ធ្វើពី​អតីត​កាល​ និង​គម្រោង​នានា​ក្នុងការ​ធ្វើ​បន្ត​ទៅមុខ​ទៀត។​ បញ្ហា​ទាំងនោះ​មាន​ដូចជា​ការបង្កើត​ឲ្យ​មាន​សន្តិភាព​និង​សណ្តាប់​ធ្នាប់​សង្គម​ និយាយ​ពីការ​ការពារ​របប​រាជានិយម​ ការ​ស្រោចស្រង់​ព្រះ​ពុទ្ធ​សាសនា​ ការការពារ​បូរណភាព​ទឹកដី ​បញ្ហា​ធ្វើឲ្យ​មាន​កំណើន​នៃការ​អភិវឌ្ឍ​សេដ្ឋកិច្ច​និង​ការ​វិនិយោគ​ កំណើន​នាំចេញ​នៃអង្ករ​ខ្មែរ​ជាដើម។​ គណបក្ស​ទាំង​ពីរ​គឺគណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅមក​អំពី​គោល​នយោបាយ​របស់​ពួក​គេរៀងៗ​ខ្លួន​ផង​និង​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅមក​អំពីការ​បំផ្លើស​ព័ត៌មាន​ផង​ដែរ។​

ក្នុងការថ្លែង​ប្រាប់​វីអូអេ​ផ្នែក​ខេមរៈ​ភាសា​ លោក​ កឹមសុខា​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បដិសេធ​ ហើយ​ចោទ​ប្រកាន់​ថា ​គណបក្ស​គ្រប់គ្រង​ប្រទេស​កំពុង​ដឹកនាំ​ប្រទេស​ខុស​ឆ្គង​ច្រើន៖
«ចំណុច​ខ្សោយ​គណបក្ស​ប្រជាជន​មាន​ច្រើន​ណាស់។ ​យើង​និយាយ​សព្វថ្ងៃ​ និយាយ​មិន​ទាំង​អស់​ផង ​មិនអស់​នូវអ្វី​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្វើ​ ខុស​ហ្នឹង​ផង គឺយើង​អត់​មាន​បំផ្លើស​ អត់មាន​បំប៉ោង​ទេ»។

លោក​កឹម សុខា​លើកយក​ឧទាហរណ៍​ខ្លះមក​បញ្ជាក់ ​ដូចជា​អំពើ​ពុក​រលួយ​ក្នុង​ វិស័យ​មួយ​ចំនួន​ ដូចជា​ក្នុង​វិស័យ​ពន្ធដារ ​ពន្ធនាំចូល​ និង​ពន្ធ​គយ​ដែល​អង្គការ​ USAID​ ធ្លាប់បាន​បង្ហាញ​កាលពី​ឆ្នាំ​២០០៧​ថា ​បាន​បាត់​ថវិកា​ពី​៣០០​ទៅ​៥០០​លាន​ដុល្លារ ​បញ្ហា​សម្បទាន​ដីធ្លី​ជិត៣​លាន​ហិកតា​ ដែល​ប៉ះពាល់​ប្រជារាស្ត្រ​បញ្ហា​មិន​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​លើ​ជនជាតិ​វៀតណាម​ខុសច្បាប់​ ហើយ​នឹង​ការ​គ្មាន​គុណភាព​សេវា​កម្ម​សុខាភិបាល​សម្រាប់​ប្រជា​ពលរដ្ឋ​ក្រីក្រ​ ភាពអត់​ការ​ងារ​ធ្វើ​ជាដើម​ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​លើកឡើង​ជារឿង​ពិត​និង​គ្មានការ​បំផ្លើស។​
«ដូច្នេះ​ហើយ​បានជា​គណបក្ស​ប្រជាជន​ហ្នឹង​គាត់ទាល់​ច្រក​ ហើយ​គាត់​ឈប់​ លេង​កម្មវិធី​នយោបាយ​ លេង​អត់​ឈ្នះ​យើង​ទេ។​ គាត់ទាល់​ច្រក​ លេង​អត់ឈ្នះ​ យើង​បាន​ជា​លេង​អាល្បែង​ខូច​ដើរ​ បង្ខូច​ឈ្មោះ​ ដើរ​ហៅ​អ្នកនេះ​ អ្នកនោះ​មក​ និយាយ​ទូរទស្សន៍​ ដើរ​វ៉ៃ​បង្ខូច​យើង​ ដើរ​គំរាមយើង​គ្រប់បែប​យ៉ាង​ទាំងអស់​ហ្នឹង។​ អាហ្នឹង​ដោយសារ​គាត់ទាល់​ច្រក​នៅ​លើ​កម្មវិធី​នយោបាយ​របស់​គាត់​ អត់​ឈ្នះ​យើង»។​

តែលោក​ឈាង វុន​បាន​ការពារ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហើយ​ចាត់​ទុក​ថា​ ពាក្យសម្តី​ឃោសនា​របស់​គណបក្ស​ជំទាស់​ខ្លះ​លោក​មិន​អាច​ទទួល​ យក​បាន​ទេ​ ហើយ​បង្កឲ្យ​មាន​បញ្ហា ​និង​ប្រតិកម្ម​ទៅវិញ​ទៅមក។​ បញ្ហា​ទាំងនោះ​មាន​ដូច​ជា​ការ​រើស​អើង​ពូជសាសន៍​ ការ​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ជិតខាង​ និង​ការ​គម្រាម​ផ្សេងៗ​ទៀត​ទាក់ទង​នឹង​រឿង​គុក​ទួលស្លែង​ខ្មែរក្រហម។​ ​
«តែ​ពេលខ្លះ​សមាជិក​គណបក្ស​ប្រឆាំង​គាត់​បំភ្លៃ​ការណ៍​ពិត​ ឬលេបខាយ​ របៀប​ញុះញង់​នៅ​ក្នុង​ការ​ឃោសនា។​ អញ្ចឹង​ហើយ​កន្លង​មក​នេះ ​បញ្ហា​ដែល​កើត​មាន​ឡើង​គឺ​អញ្ចឹង​គឺ​គាត់​តែងតែ​ភ្ជាប់​គណបក្ស​ប្រជាជន​កម្ពុជា​ទៅនឹង​យួន ​ទៅនឹង​ វៀតណាម ​តែងតែ​ភ្ជាប់​គណបក្ស​ប្រជាជន​ទៅ​នឹង​ការ​បាត់បង់​ទឹកដី​ ទៅនឹង​បញ្ហា​ដទៀត។​ ហើយ​ស្អី​ដែល​យើង​ខំ​កសាង​មក​តាំងពី​ឆ្នាំ​១៩៧៩ ​តស៊ូ​រដោះ​ប្រទេស​ជាតិ​ចេញពី​របប​ប្រល័យ​ពូជសាសន៍។​ ថ្វីត្បិត​តែ​មានការ​ស្ម័គ្រចិត្ត​ចេញ​ពី​កងទ័ព​វៀតណាម​ តែ​ពួក​ហ្នឹង​បាន​ត្រឡប់​ទៅស្រុក​គេវិញ​ដោយ​សន្តិភាព។​ នេះ​គឺជា​ជោគជ័យ​ធំណាស់​ដែលយើង​ដឹកនាំ​ប្រទេស​ជាតិ​ មិនឲ្យ​ប្រទេស​យើង​ធ្លាក់​ទៅ​ក្នុងសង្រ្គាម​តទៅ​ទៀត ​ក្រោយពី​រំដោះ​ប្រទេស​ចេញ​ពី​របប​ប្រល័យ​ពូជ សាសន៍»។​

គណបក្ស​ប្រជាជន​កម្ពុជា​បានឈ្នះ​ឆ្នោត​៩០​អាសនៈ​ក្នុង​ចំណោម​អាសនៈ​សរុប​ ១២៣​នៃ​រដ្ឋ​សភា​កាលពី​ការ​បោះឆ្នោត​ឆ្នាំ២០០៨។​ គណបក្ស​នេះ​បាន​បង្កើត​ រដ្ឋាភិបាល​តែម្នាក់​ឯង​ មិន​ត្រូវ​ការសម្លេង​ពី​គណបក្ស​ជំទាស់​ ហើយ​កាន់​កាប់​ ស្ថាប័ន​រដ្ឋ​តែម្នាក់​ឯង។​

គណបក្ស​ជំទាស់​ធំៗ​ពីរ​ ដែល​ដឹកនាំ​ដោយ​លោក​សម​រង្ស៉ី​ និង​លោក​កឹម សុខា​បានទទួលអាសនៈ២៦ ​និង​៣​ ដោយ​មិន​គ្រប់​សម្លេង​ ៣០​អាសនៈ​ដែល​អាច​កោះហៅ​មន្ត្រីរដ្ឋាភិបាល​មកសួរ​ដេញដោល​ ឬស្តី​បន្ទោស​ បាន​ទេ​ ពេល​រដ្ឋាភិបាលសម្រេច​កិច្ចការ​ប្រទេស​ជាតិ​ធំៗ​មិន​ត្រឹមត្រូវ។​
គណបក្ស​នយោបាយ​៨​បាន​ត្រៀម​ចូលរួម​ប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​ជា​ សកល​នៅថ្ងៃទី​២៨​កក្កដា​ឆ្នាំ​២០១៣។​ ក្នុងនោះ​គណបក្ស​តែ​ពីរ​ទេ​ដែល​គេ​មើល​ឃើញ​ថា ​មាន​កម្លាំង​ប្រកួត​ប្រជែង​គឺគណបក្ស​សង្រ្គោះជាតិ​របស់​លោក​សម រង្ស៉ី​ដែល​កំពុង​និរទេស​ខ្លួន​ដោយ​សាររឿង​ក្តីក្តាំ​នៅ​តុលាការ​ទាក់ទង​នឹង​ការដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​វៀតណាម​កាលពី​ឆ្នាំ២០០៩ ​និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន​ដែលកាន់​កាប់​អំណាច​ជាង​៣០​ឆ្នាំ។​

​ក្នុង​ឯកសារ​ជំនួយ​ស្មារតី​ដដែល​នោះ​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​កោត​សរសើរ​ពីការ​ដឹកនាំ​របស់​ខ្លួន​ ហើយ​ដោយសារ​ការ​បោះឆ្នោត​ធ្វើតាម​ប្រព័ន្ធ​សមមាត្រ​ គណបក្ស​ប្រជាជន​បាន​ណែនាំ​ឲ្យ​សមាជិក​របស់ខ្លួន​និយាយ​ឃោសនា​តែ​ពី​គណបក្ស​និង​មេដឹកនាំ​របស់​ខ្លួន​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ដើម្បី​ឲ្យ​ពលរដ្ឋ​ងាយស្រួល​ចងចាំ​និង​បោះ​ឆ្នោត​ឲ្យ។​ ឯកសារ​ដដែល​នោះបាន​បញ្ជាក់​អំពី​កំណើន​សេដ្ឋកិច្ច​ ហើយថា​ ប្រាក់​ចំណូល​ជាតិ​ដែល​បាន​ពីវិស័យ​ទេសចរណ៍​បាន​កើន​៣៩​ភាគរយ​ ដែលរក​ចំណូល​ជាតិ​បាន​ពី​១​ពាន់លាន៥៩០.០០០​ក្នុងឆ្នាំ​២០០៨​ និង​កើន​ដល់​២ពាន់លាន​២សែន​ក្នុងឆ្នាំ​២០១២។​
​ចំនួននេះ​កើត​ចេញ​ពី​ទេសចរណ៍​រាប់លាន​នាក់​ដែល​មក​ទស្សនា​ក្នុងប្រទេស​កម្ពុជា។​ កំណើន​សាលា​បឋម​សិក្សាមាន​៦៩១០​ខ្នង​ អនុវិទ្យាល័យ​មាន​១២១៤ ​និង​វិទ្យាល័យ​មាន​៤៣៣​ខ្នង ​មកដល់​ឆ្នាំ២០១២។​

ឯកសារ​ដដែល​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្ហាញពីការប្តូរ​ផ្តាច់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ ក្នុង​ការគ្រប់គ្រង​ជន​អន្តោ​ប្រវេសន៍​ឲ្យ​មាន​ប្រសិទ្ធិភាព​ ការ​កសាង​ផ្លូវ​ថ្នល់​ ស្ពានទឹក ​អគ្គិសនី ​និងផ្តល់​អាទិភាព​សម្រាប់​ការ​វិនិយោគ​ ហើយនឹង​កសាង​សាលា​រៀន​ មន្ទីរ​ពេទ្យ​ វត្តអារាម​ ផ្លូវ ​ស្ពាន​ ប្រឡាយទឹក​សម្រាប់​ពលរដ្ឋ​ផង​ដែរ ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ចោទ​សួរ​ ថា​តើ​គណបក្សប្រឆាំង​បានធ្វើ​របៀប​នេះ​ដែរ​ឬ​ទេ?​ គណបក្ស​ប្រជាជន​កម្ពុជា​បានហៅ​ការ​សន្យា​មួយ​ចំនួន​របស់​បក្ស​ជំទាស់ដូចជា​រឿង​ដំឡើង​ប្រាក់ខែ​មន្ត្រី​រាជការ ​ប្រាក់ខែ​កម្មករ ​និង​ប្រាក់​ឧបត្ថម្ភ​មនុស្ស​ចាស់​៤ម៉ឺន​រៀល​ក្នុង១​ខែ​នោះ​ ថា​ជាការ​សន្យា​ខ្យល់។ ​

លោក​យឹម សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្រ្គោះជាតិ​ បាន​អះអាង​ថា​ ​គណបក្ស​កាន់​អំណាច​ជា​គណបក្ស​យក​ពន្ធ​ពីប្រជា​ពលរដ្ឋ ​ទៅ​ខ្ចីលុយ​ពី​បរទេស​ក្នុង​នាម​ប្រជា​ពលរដ្ឋ​ ​ទទួល​ជំនួយ​ក្នុងនាម​ប្រជាពលរដ្ឋ។​ លោក​បន្ថែម​ថា​ នេះ​ជា​កាតព្វកិច្ច​របស់​ខ្លួន​ដែល​ត្រូវ​ធ្វើ។​ ចំណែក​គណបក្ស​ប្រឆាំង​ នៅ​ប្រទេស​ណា​ក៏ដូច​ប្រទេសណា​ដែរ​ គឺ​មិនកាន់​កាប់​ចំណូល​ជាតិ​ មិន​បាន​ទៅយក​ពន្ធ​ពីប្រជា​ ពលរដ្ឋ។ ​
«គេ​បំភ្លៃ​ការណ៍​ពិត​គ្រប់ពេល​វេលា។​ គណបក្ស​ប្រឆាំង​និយាយ​ថា​ មិន​យក​ពន្ធ​លើ​ដី​ប្រជាកសិករ។​ គេទៅ​និយាយ​ក្នុង​ទូរទស្សន៍​ប្រាប់​ប្រជា​ពលរដ្ឋ​ថា​ គណ​បក្ស​ប្រឆាំង​យក​ពន្ធ​ដី​ប្រជា​កសិករ។​ នេះជាការ​បំភ្លៃ​ការណ៍​ពិត។​ យើង​និយាយ​ថា​ យើងនឹង​បន្ថយ​ការប្រាក់​មក​នៅ​ត្រឹមតែ​មួយ​ភាគ​រយ​ក្នុង​មួយ​ខែ។​ គេ​ថា​ មួយ​ភាគ​រយ​ក្នុង​មួយឆ្នាំ។​ អញ្ចឹង​ធនាគារឡុងចុងបិទ​ធនាគា ​ដូចសម័យ​ខ្មែរក្រហម។​ គេ​បំភ្លៃ​ការណ៍​ពិតទាំង​អស់​ ដោយសារ​តែ​គេ​គ្រប់គ្រង​ប្រព័ន្ធ​ទូរទស្សន៍​ ប្រព័ន្ធ​វិទ្យុ​រាប់រយ​គ្រឿង។ គេនិយាយ​អ្វី​បំភ្លៃ​ការណ៍​ពិត​ធ្វើឲ្យ​ប្រជា​ពលរដ្ឋ​ភាន់​ច្រឡំ។​ ហើយនេះ​ជា​កត្តា​ដែលធ្វើ​ឲ្យ​កាន់តែ​មាន​ភាព​តានតឹង​ដែល​មិន​អាច​ឲ្យមាន​ការបោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​បាន»។​

លោក​យឹម សុវណ្ណ​បាន​អះអាងបន្ថែម​ថា៖​
«កាលណា​គណបក្ស​សង្គ្រោះជាតិ​កាន់អំណាច​នឹង​ធ្វើ​ ហើយធ្វើ​ច្រើន​ជាង​គណបក្ស​ប្រជាជន​កម្ពុជា​ទៀត ​ពីព្រោះ​លុយ​ដែលបាត់​បង់​ដោយសារ​អំពើ​ពុក រលួយ​មួយ​ឆ្នាំៗ​ជាង​មួយ​ពាន់​លានដុល្លារ​នោះ​នឹងត្រូវ​ដាក់ចូល​ទៅក្នុង​ឃ្លាំង​របស់​រដ្ឋ​ ហើយ​នឹង​ធ្វើឲ្យ​បាន​ច្រើនជាង​គណបក្ស​ប្រជាជន​កម្ពុជា​ទៅទៀត​ ព្រោះ​យើង​មាន​លុយ​ច្រើន​ជាង ​ហើយ​យើង​អាច​ប្រមូល​តាម​ប្រភព ​ដែល​យើង​សិក្សា​ហ្នឹង​គឺ​ជាង​មួយ​ពាន់​លាន​ដុល្លារ»។​

លោក​សុវណ្ណ​និង​លោក​កឹម សុខា​បាន​អះអាង​ថា​ តួនាទី​របស់​គណបក្ស​ជំទាស់​ គឺ​កែ​តម្រង់​រដ្ឋាភិបាល​ ការ​ធ្វើច្បាប់​ក្នុង​រដ្ឋសភា ​ការ​ការពារ​ផល​ប្រយោជន៍​ប្រជា រាស្ត្រ​ ហើយ​នឹង​ការពារ​សិទ្ធិ​របស់​ប្រជារាស្ត្រ​ថ្នាក់​មូលដ្ឋាន។​ មេដឹកនាំ​គណបក្ស​ ជំទាស់​ទាំងពីរ​បាន​សុំ​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ពិចារណា​អំពី​ការ​បំភ្លៃ​ការណ៍​ពិត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ជាពិសេស​លើបញ្ហា​ដែលមាន​ការចោទ​ប្រកាន់​ ថា​មាន​សង្គ្រាម​ ប្រសិនបើ​គណ​បក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត។​
លោក​ កឹម សុខា​បាន​អះអាង​ថា៖​
«អត់​អាច​មាន​សង្គ្រាម​ទេ ​នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ ​ព្រោះ​គណបក្ស​ សង្គ្រោះ​ជាតិ​មិនមែន​ជាក្រុម​ប្រដាប់​អាវុធ។​ យើង​អត់មាន​អាវុធ​ទេ​ ហើយ​យើង​អត់​យក​ខ្មែរណា​ធ្វើ​សត្រូវ​ទេ។​ យើង​ចង់​បាន​ឯកភាព​ជាតិ។ ​យើង​ចង់​ដោះស្រាយ​បញ្ហា​ជាតិ»។​

លោក​កឹម សុខា​បាន​អះអាង​ទៀត​ថា​ ដើម្បី​ពន្យល់​សមាជិក​របស់​ខ្លួន​ចំពោះ​ព័ត៌មាន​បំផ្លើស​របស់​គណបក្ស​គ្រប់គ្រង​ប្រទេស​នោះ​ មេដឹកនាំ​និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិបាន​ចុះ​ជម្រាប​ជូន​សមាជិក​នៅតាម​ខេត្ត​ដើម្បី​ ពន្យល់​អំពី​ជំហរ​ច្បាស់លាស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំពោះការ​មិន​យកពន្ធ​ដីពី​ប្រជា​ពលរដ្ឋ​ មិន​រំសាយ​មន្ត្រី​រាជការ​ពីមុខ​តំណែង ​ផ្តល់​តួលេខ​ និង​ប្រភព​ចំណូល​ដែល​អាច​ជួយ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ពលរដ្ឋ​ចាស់​ អាយុ​លើស​៦៥​ឆ្នាំ​ ចំនួន​៤០.០០០រៀល​ក្នុងមួយ​ខែ​ នៅពេល​គណបក្ស​នេះ​ឈ្នះ​ឆ្នោត។​

ក្រុម​អ្នក​សង្កេត​ការណ៍​ខ្លះ​ក្នុង​ប្រទេស​កម្ពុជា​បាន​កត់​សម្គាល់​ឃើញ​ថា​ គ្មាន​អំពើ ហិង្សា​ធ្ងន់ធ្ងរ​កើតឡើង​នៅឡើយ​ទេ ​ទោះជា​មាន​សង្គ្រាម​ពាក្យ​សម្តី​រវាង​មេ​ដឹកនាំ​ នយោបាយ​ធ្ងន់ធ្ងរ​ក្តី។​ តែគេ​បាន​ហៅការ​វាយ​ប្រហារគ្នា​រវាង​គណបក្ស​នយោបាយ​ធំៗ​ថា​ ជា​ការ​ឃោសនា​មុនការ​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​និង​ជា​រឿង​ដែល​ពលរដ្ឋ​កំពុង​ចាប់​អារម្មណ៍។​

លោក​ឈាង វុន​ សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​អះអាង​ថា​ ភាព​ តឹងតែង​ផ្នែក​នយោបាយ​មុនពេល​បោះឆ្នោត​ ឬ​មុន​ការ​ឃោសនា​បោះឆ្នោត​ដែល​ ជា​ការ​បោះឆ្នោត​ថ្នាក់ជាតិ​ បង្កើត​រដ្ឋាភិបាល នេះ​ជារឿង​ធម្មតា។​
«នេះ​មិនមែន​ជាលើក​ទីមួយ​ទេ​គឺ​ថា​ គ្រប់ពេល​វេលា​ទាំងអស់​ដែល​មាន​កន្លង​ មក។​ សូម្បីតែ​ជំនាន់​អ៊ុន​តាក់​រៀបចំ​ការ​បោះឆ្នោត​ក៏មាន​ការ​លើក​ឡើង​ប្រឈម​ ដាក់​គ្នា​នៅ​ចំណុច​ខ្លះ​ដែរ។ ​តែគ្រាន់​តែ​ថា ​ចំពោះ​ខ្ញុំ​ទេ ​ខ្ញុំយល់​ថា​ ការ​ប្រឈម​ របៀប​នេះវាល្អ​ជាង​ការ​ប្រឈម​របៀប​កាន់​អាវុធ​យុទ្ធភ័ណ្ឌ​សម្លាប់​គ្នា​ទៅ​វិញ​ទៅ​មក។​ នេះជា​រូបភាព​មួយ​នៃ​ប្រជាធិបតេយ្យ​ដែរ»។​

មេដឹកនាំ​គណបក្ស​គ្រប់គ្រង​ប្រទេស ​ជា​ពិសេស​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​ឃោសនា​សឹងតែ​ទាំងអស់​ បាន​វាយ​ប្រហារ​មេដឹកនាំ​គណបក្ស​ជំទាស់​ជា​រឿយៗ​ក្នុងវេទិការ​សាធារណៈ។​ តែ​មេដឹកនាំ​គណបក្ស​ជំទាស់វិញ​មាន​ឱកាស​តិចតួច​ណាស់​ក្នុងការ​វាយ​បក​ ដោយសារ​តែ​គណបក្ស​ជំទាស់​មិន​សូវ​មាន​ប្រព័ន្ធ​ឃោសនា​ព័ត៌មាន៕
XS
SM
MD
LG