ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បក្ស​កាន់​អំណាច​បញ្ជា​ឱ្យ​ប្រធាន​ស្ថាប័ន​រដ្ឋ​ទទួល​យក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​នឹង​មិន​ជាប់​ឆ្នោត​ធ្វើ​ជា​ជំនួយការ


ការិយាល័យ​ចុះ​ឈ្មោះ​បោះឆ្នោត​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ២០១៦។ (ហ៊ាន ​សុជាតា​/VOA)

លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រាប់​ VOA ថា នេះ​ជា​គោលនយោបាយ​របស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​ទ្រទ្រង់​ជីវភាព​មន្ត្រី​របស់​ខ្លួន​ ទោះបី​ជា​ពួកគេ​មិនបាន​ជាប់ឆ្នោត ឬ​ត្រូវ​ចូល​និវត្តន៍​ក្ដី។

គណបក្ស​ប្រជាជន​កម្ពុជា​បញ្ជា​ឱ្យ​ប្រធាន​ស្ថាប័ន​រដ្ឋ​ទាំងអស់​ ត្រូវ​ទទួល​យក​មេ​ឃុំ-ចៅ​សង្កាត់ ជំទប់​ទី១ ជំទប់​ទី២ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ ដែល​មិន​បាន​ជាប់​ឈ្មោះ​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៧​នេះ​ធ្វើ​ជា​ជំនួយ​ការ។

ការ​បញ្ជា​នេះ​ធ្វើ​ឡើង​តាម​រយៈ​លិខិត​របស់​ឧបនាយក​រដ្ឋមន្ត្រី ម៉ែន សំអន ក្នុង​នាម​សេនាធិការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ និង​ទើប​ត្រូវ​បាន​គេ​ចែកចាយ​នា​ពេល​ថ្មីៗនេះ។

នៅ​ក្នុង​លិខិត​ដែល​យោង​តាម​ចំណារ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ លោកស្រី ម៉ែន សំអន ​បញ្ជាក់​ថា មេ​ឃុំ​ឬ​ចៅ​សង្កាត់​មាន​ឋានៈ​ស្មើ​អនុប្រធាន​នាយកដ្ឋាន​ ជំទប់​ទី១​ ជំទប់​ទី២​ មាន​ឋានៈ​ស្មើ​ប្រធាន​ការិយាល័យ និង​សមាជិក​ក្រុម​ប្រឹក្សា​ មាន​ឋានៈ​ស្មើ​អនុប្រធាន​ការិយាល័យ។

លោក ហុង ឡុង នាយក​ខុទ្ទកាល័យ​របស់​លោកស្រី ម៉ែន សំអន​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា​ និង​អធិការកិច្ច ប្រាប់ VOA នៅ​ថ្ងៃសុក្រ​នេះ​ថា ការ​សម្រេចចិត្ត​តែងតាំង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ដែល​នឹង​មិន​ជាប់​ឆ្នោត​នេះ​ គឺ​ជា​សិទ្ធ​របស់​រដ្ឋ​មន្ត្រី​នៅ​តាម​ក្រសួង​នីមួយៗ។

លោក ហុង ឡុង ឱ្យ​ដឹង​ទៀត​ថា អ្នក​ដែល​ទទួល​បាន​មុខងារ​ជា​ជំនួយ​ការ​នេះ​ នឹង​ទទួល​បាន​ប្រាក់បៀវត្សរ៍​ពី​រដ្ឋាភិបាល។

«ចុះ​គាត់​ជា​ជំនួយការ គាត់​មាន​សិទ្ធិ​ទទួល​ប្រាក់ បៀវត្ស​ហ្នឹង​ហើយ»។

លោក ហុង ឡុង មិន​អាច​បញ្ជាក់​ថា គោលការណ៍​នេះ​នឹង​ត្រូវ​អនុវត្ត​សម្រាប់​មេឃុំ​ចៅសង្កាត់​ និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​មក​ពី​គ្រប់​គណបក្ស​ឬ​យ៉ាងណា​នោះ​ទេ។

ទោះ​យ៉ាង​ណា លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រាប់​ VOA ថា នេះ​ជា​គោលនយោបាយ​របស់​គណបក្ស​កាន់​អំណាច​ក្នុង​ការ​ទ្រទ្រង់​ជីវភាព​មន្ត្រី​របស់​ខ្លួន​ ទោះបី​ជា​ពួកគេ​មិនបាន​ជាប់ឆ្នោត ឬ​ត្រូវ​ចូល​និវត្តន៍​ក្ដី។

លោក​បន្ថែម​ថា អ្នក​ដែល​នឹង​ត្រូវ​តែងតាំង​ជា​ទីប្រឹក្សា​នោះ រាប់​បញ្ចូល​ទាំង​បេក្ខជន​ឈរ​ឈ្មោះ​ប្រកួត​ប្រជែង​នៅ​ក្នុង​បក្ស​ផង​ដែរ មិនមែន​សម្រាប់​តែ​បេក្ខជន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ក្នុង​ខែ​មិថុនា​នោះ​ទេ។

«អ៊ីចឹង​ហើយ​បើ​គាត់​ធ្លាក់​ហើយ គាត់​មាន​ទៅ​ឈរ​ឈ្មោះ​អី​បាន​ទៀត? បើ​អត់​ឈរ​ឈ្មោះ​បាន អា​ហ្នឹង​គណបក្ស​ហ្នឹង​ត្រូវ​គិតគូរ​មនុស្ស​ហ្នឹង មិន​ឱ្យ​ទៅ​ណា​ទេ។ គឺ​ថា​នៅ​គិត​គូរ​ធ្វើ​ការងារ​បក្ស​ផង ឬ​មួយ​អស់​លោក​ឯកឧត្ដម​រដ្ឋមន្ត្រី រដ្ឋលេខាធិការ​ណា ដែល​គាត់​មាន​របប​សម្រាប់​ជា​ទីប្រឹក្សា​ ឬ​មួយ​ជំនួយ​ការ​គាត់ កាត់​យក​មនុស្ស​ហ្នឹង​ទៅ​ដើម្បី​បាន​ប្រាក់​ខែ​ចាយ​ចឹង ទ្រទ្រង់​ជីវភាព»។

លោក សុខ ឥសាន អះអាង​ថា ចំណាត់​ការ​នេះ​គឺជា​ការ​យកចិត្ត​ទុកដាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​លើ​មន្ត្រី​របស់​ខ្លួន។ លោក​បន្ត​ថា​នេះ​មិនមែន​ជា​ការ «ត្រៀមខ្លួន» សម្រាប់​ការ​ចាញ់​ឆ្នោត​នោះ​ទេ។

កាលពី​ខែ​ធ្នូ ឆ្នាំ​២០១៦ លោកស្រី ម៉ែន សំអន ក៏បាន​ចេញ​លិខិត​ស្រដៀង​គ្នា​នេះ​ផង​ដែរ ដោយ​បាន​ប្រាប់​ទៅរដ្ឋមន្ត្រី​ និង​ថ្នាក់ដឹកនាំ​នៅ​តាម​ក្រសួង​និង​រដ្ឋលេខាធិការដ្ឋាន​សរុប​ចំនួន​២៣ ឱ្យ​ «ជួយ​ទទួល​ខុសត្រូវ»​ ចំពោះ​មេឃុំ ​ចៅសង្កាត់​ និង​សមាជិក​ក្រុមប្រឹក្សា ដែល​ពុំ​បាន​ជាប់​ឈ្មោះ​នៅ​អាណត្តិ​ឆ្នាំ​២០១៧​នេះ។

លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​មាន​ប្រសាសន៍​ថា ប្រសិនបើ​នេះ​ជា​គោលនយោបាយ​របស់​គណបក្ស ការ​ចេញ​លិខិត​ គួរ​ធ្វើ​ឡើង​ក្នុង​ក្រប​ខណ្ឌ​គណបក្ស មិនមែន​ក្នុង​នាម​រដ្ឋាភិបាល​នោះ​ទេ។

លោក​បន្ត​ថា ដោយសារ​ការ​តែងតាំង​ជា​ជំនួយការ​នេះ​ទាក់ទង​ទៅ​នឹង​ការ​ប្រើប្រាស់​ថវិកា​របស់​រដ្ឋ គោលការណ៍​នេះ​ គួរ​ត្រូវ​បាន​អនុវត្ត​ក្នុង​ក្រប​ខណ្ឌ​ជាតិ ដើម្បី​ឱ្យ​ស្មើ​ភាព​រវាង​គណបក្ស​នយោបាយ​ទាំងអស់។

«បើ​វា​ជា​ការសម្រេច​របស់​រដ្ឋាភិបាល ខ្ញុំ​ថា​ អា​ហ្នឹង​វា​មាន​ប្រយោជន៍​សម្រាប់​មេ​ឃុំ​ចៅសង្កាត់​ណា​ដែល​ធ្លាក់​ឆ្នោត​ហ្នឹង​មក​ពី​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់​ហើយ ព្រោះថា​គោលនយោបាយ​របស់​ជាតិ។ គឺ​មិន​ផ្ដោត​លើ​ក្រុម​ណា​មួយ​ដែល​ពិសេស ឬ​ក៏​ក្រុម​ណា​ ឬ​ក៏​បក្ស​ណា​មួយ​តែ​មួយ​មុខ​ទេ គឺ​ត្រូវ​គ្របដណ្ដប់​បក្ស​ទាំងអស់​ស្មើៗគ្នា»។

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ក្នុង​ឆ្នាំ២០១២ កម្ពុជា​មាន​ឃុំ​សង្កាត់​ចំនួន​១៦៣៣។ ចំណែក​ក្នុង​ការ​បោះឆ្នោត​នៅឆ្នាំ​២០១៧នេះ​វិញ ចំនួន​ឃុំ​សង្កាត់​នេះ​បាន​កើន​ដល់​១៦៤៦ និង​ចំនួន​សមាជិក​ក្រុម​ប្រឹក្សា​សរុប​ចំនួន​១១៥៧២​នាក់៕

XS
SM
MD
LG