ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខុមហ្វែ្រល៖ ​គណបក្ស​កាន់​អំណាច​មិន​ធ្វើ​តាម​ការសន្យា​កាលពី​ឃោសនា​បោះឆ្នោត​លើក​មុន


អ្នកបោះឆ្នោត​ទាំងនេះ​ដែលភាគច្រើន​ជាយុវវ័យ​កំពុងតម្រង់​ជួរ​បោះឆ្នោត​ឃុំសង្គាត់​កន្លងទៅនេះ។​
អ្នកបោះឆ្នោត​ទាំងនេះ​ដែលភាគច្រើន​ជាយុវវ័យ​កំពុងតម្រង់​ជួរ​បោះឆ្នោត​ឃុំសង្គាត់​កន្លងទៅនេះ។​
គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច​មិនបាន​ធ្វើតាម​ការសន្យារ​បស់​ខ្លួន​ទាល់តែសោះ​ឬ​បាន​បំពេញ​តាម​ការសន្យា​បាន​តិចតួច​បំផុត។ នេះ​បើតាម​លទ្ធផល​នៃ​ការស្ទង់មតិ​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ខុមហ្វ្រែល ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

មាន​សិស្ស​និស្សិត ​មន្ត្រី​តំណាង​អង្គការ ​និង​មន្ត្រី​តំណាង​គណបក្ស​ប្រមាណ​ ៨០ ​នាក់​ត្រូវ​បាន​សាកសួរ​ក្នុង​ការស្ទង់មតិ​នេះ​ក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​ឲ្យ​ពួកគេ​វាយតម្លៃ​លើ​ការសន្យា​នានា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​អំឡុងពេល​ឃោសនា​បោះឆ្នោត​កាលពី​ខែ កក្កដា ប្រាំ​ឆ្នាំ​មុននេះ។

ការសន្យា​ទាំង​នោះ​សរុប​ចំនួន​៤៨​ចំណុច​ រួម​មាន​ការសន្យា​លើ​ការពង្រឹង​សន្តិសុខ​និង​ស្ថិរភាព​នយោបាយ ​លើកស្ទួយ​វិស័យ​សារព័ត៌មាន ​ការពង្រឹង​វិស័យ​យុត្តិធម៌​និង​ច្បាប់ ​អភិបាលកិច្ច​ល្អ​និង​ការការពារ​បូរណភាព​ទឹកដី ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ​គោរព​សិទ្ធិ​មនុស្ស ​ការថែរក្សា​ព្រៃឈើ ​និង​ធនធាន​ជលផល ​ការអភិវឌ្ឍ​ធនធាន​ទឹក ​ការជំរុញ​ការវិនិយោគ​ លើ​រ៉ែ​ប្រេងកាត​និង​រ៉ែផ្សេងៗ​ ការកសាង​ហេ​ដ្ឋា​រចនា​សម្ធ័ន្ធ ​ការសន្យា​លើ​ការបង្កើន​ថាមពល​អគ្គិសនី ​វិស័យ​សុខាភិបាល ​និង​ការអប់រំ​ដល់​ក្រុមយុវជន។

ចំនួន​៦៥% ​នៃ​អ្នកចូលរួម​និយាយ​ថា​គណបក្ស​កាន់អំណាច ​មិនបាន​បំពេញ​តាម​ទាល់​តែសោះ ​ឬ​បាន​បំពេញ​តិចតួច។ស្រប​ពេលដែល ២៦%នៃ​អ្នកចូលរួម​បោះឆ្នោត​និយាយ​ថាគណបក្ស​កាន់អំណាច​ដ៏​រឹងមាំ​នេះ​បានធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​ខ្លះ​ដែរ។ ដោយ​ឡែក​៦% ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ស្ទង់​មតិ​និយាយ​ថា​គណបក្ស​ប្រជាជន​បាន​គោរព​ការសន្យា​របស់ខ្លួន​ជា​មធ្យម។ មានតែ​អ្នកចូលរួម​ប្រហែល​ ៣%​តែ​ប៉ុណ្ណោះ​អះអាង​ថា​គណបក្ស​ប្រជាជន​កម្ពុជា​បំពេញ​តាម​ការសន្យា​បាន​ច្រើន។

លោក គុល បញ្ញា ​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការបោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌ ​នៅ​កម្ពុជា ​ហៅថា ​ខុមហ្វ្រែល​លើកឡើង​ថា​ការស្ទង់មតិ​នេះ​ដើម្បី​ជាការ​ក្រើន​រំលឹក​មួយ​ដល់​គណបក្ស​ដែល​កាន់អំណាច ​អំពី​ការសន្យា​របស់​ខ្លួន។

លោក​និយាយថា៖ «នេះ​ជា​របៀប​នៃ​ការពង្រឹង​នៃ​ការ​អនុវត្ត ​និង​ទំនួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​ជាប់ឆ្នោត​នឹង​មន្ត្រី​ដែល​ជាប់ឆ្នោត»។

ទោះជា​យ៉ាងណា​លោក​ផៃ ស៊ីផាន​ រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រីរបស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ហៅ​លទ្ធផល​ស្ទង់​មតិ​របស់​អង្គការ​ខុមហ្វ្រែល​នេះ​ថា​មិនអាច​ទទួលយក​បានទេ។

«អ្វីដែល​រដ្ឋាភិបាល​មាន​តួរ​លេខ​ច្បាស់​លាស់​ទាំង​វិស័យ​សេដ្ឋកិច្ច ​វិស័យ​សង្គមកិច្ច។ ហើយ​ក្នុង​លក្ខណៈ​នៃ​វិទ្យាសាស្ត្រ ​មិនមែន​ធ្វើឡើង​ដើម្បី​តែ​បំប៉ោង​សំឡេង​ប៉ុណ្ណោះ​ទេ»។
ទោះជា​យ៉ាងនេះ​ក្តី​លទ្ធផល​នៃ​ការស្ទង់​មតិ​ខាងលើ​ធ្វើឡើង​តែ​លើ​៣៤​ចំណុច​តែ​ប៉ុណ្ណោះ។​

លោក​គល់ បញ្ញា ​បញ្ជាក់​ថា​១៤​ចំណុច​ផ្សេង​ទៀត​មាន​សូចនាករ​ច្បាស់លាស់ ​ហើយ​ខុមហ្វ្រែល​បាន​រកឃើញ​ថា​មានតែ​ ៥០%​នៃ​ចំណុច​ទាំងនោះ​ដែល​គណបក្ស​កាន់អំណាច​បាន​ជោគជ័យ​ច្រើន​ក្នុង​នោះ​មាន​ការអភិវឌ្ឍ​សេដ្ឋកិច្ច ​ការលើកស្ទួយ​យេនឌ័រ ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ការដំឡើង​ប្រាក់ខែ​ដល់​កម្មករ​និង​ការជំរុញ​ការវិនិយោគ​ទុន​ជាដើម។

ការស្ទង់​មតិ​នេះ​ធ្វើឡើង​បី​ថ្ងៃ​ប៉ុណ្ណោះ​មុននឹង​ការឃោសនា​បោះឆ្នោត​សម្រាប់​អណត្តិ​ទី៥​ចាប់ផ្តើម។ លទ្ធផល​នៃ​ការស្ទង់​មតិ​នេះ​នឹងត្រូវ​ដាក់ជូន​ដល់​អង្គការ​នានា ​គណបក្ស​នយោបាយ ​ជាពិសេស​គណបក្ស​ប្រជាជន​កម្ពុជា​ហើយក៏​នឹងត្រូវ​ដាក់​បញ្ចូល​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ផងដែរ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG