ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គ្រោះថ្នាក់​ចរាចរណ៍​ឆក់​យក​ជីវិតមនុស្ស​៤៣​នាក់​ពេល​ចូលឆ្នាំ​ខ្មែរ​៤ថ្ងៃ


រថយន្ត​ឈ្នួល​ ដឹក​មនុស្ស​លើស​ចំនួន​កំណត់​ នា​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១៣ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

រយៈពេល​៤ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ​ចាប់​ពី​ថ្ងៃ​ទី១៣​ដល់​ថ្ងៃទី​១៦ ​ខែមេសា ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស ​មាន​ចំនួន​៩៥​ករណី។ ក្នុង​នោះ​ មនុស្ស​ចំនួន​៤៣​នាក់ ​បាត់​បង់​ជីវិត ​មនុស្ស​១០២​នាក់​រង​របួស​ធ្ងន់ ​និង​៧៧នាក់ ​រង​របួស​ស្រាល។

អ្នក​ជំនាញ​លើក​ឡើង​ថា​ គ្រោះ​ថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រយៈពេល​៤ថ្ងៃ​ ដែល​បាន​សម្លាប់​មនុស្ស​ចំនួន​៤៣​នាក់​ ជា​ចំនួន​គ្រោះថ្នាក់​ខ្ពស់​បណ្តាល​មក​ពី​ការ​រឹត​បន្តឹង​ច្បាប់​នៅ​មាន​ភាព​ធូររលុង។

គ្រោះ​ថ្នាក់​ចរាចរណ៍​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​មូលហេតុ​ដែល​សម្លាប់​មនុស្ស​ច្រើន​ជាង​គេ​នៅ​កម្ពុជា​ បើ​ធៀប​នឹង​ជំងឺ​កាច​សាហាវ​ផ្សេងៗ​ជា​ច្រើន​ទៀត។

បើតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ​ចេញ​នៅ​ថ្ងៃទី​១៦​ ខែ​មេសា​ បង្ហាញ​ថា រយៈពេល​៤ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ​ចាប់​ពី​ថ្ងៃ​ទី១៣​ដល់​ថ្ងៃទី​១៦ ​ខែមេសា ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស ​មាន​ចំនួន​៩៥​ករណី។ ក្នុង​នោះ​ មនុស្ស​ចំនួន​៤៣​នាក់ ​បាត់​បង់​ជីវិត ​មនុស្ស​១០២​នាក់​រង​របួស​ធ្ងន់ ​និង​៧៧នាក់ ​រង​របួស​ស្រាល។ របាយការណ៍​ដដែល​បន្ថែម​ថា ​ចំនួន​នេះ​ថយ​ចុះ​បន្តិច​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦​ ដែល​មាន​ចំនួន​៩៨​ករណី ​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៤៧​នាក់ ​និង​របួស​ធ្ងន់​ស្រាល​ចំនួន​២៣៦​នាក់។

លោក អ៊ា ចរិយា​ អ្នក​ប្រឹក្សា​ឯករាជ្យ​ ផ្នែក​សុវត្ថិភាព​ចរាចរណ៍ ​ប្រាប់​ VOA ​ថា ​បើ​យោង​តាម​ចំនួន​ប្រជាជន​កម្ពុជា​ដែល​មាន​តែ​ជាង​១៥លាន​នាក់ ​តួលេខ​ដែល​បង្ហាញ​ពី​ចំនួន​អ្នក​ស្លាប់ ​និង​របួស​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​៤​ថ្ងៃនេះ ​ជាតួលេខ​ដែល​ខ្ពស់ ​និង​គួរ​ឲ្យ​បារម្ភ​ បើ​ធៀប​នឹង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​អាស៊ាន។ លោក​បន្ថែម​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​នៅ​តែ​មាន​ចំនួន​ច្រើន​បែប​នេះ ​គឺ​ដោយសារ​ការ​អនុវត្ត​ច្បាប់​របស់​រដ្ឋាភិបាល​នៅ​មាន​ភាព​ធូររលុង ​ស្រប​ពេល​ដែល​ការ​គោរព​ច្បាប់​របស់​ប្រជា​ពលរដ្ឋ​នៅ​មានកម្រិត។

លោក​លើក​ឡើង​ថា៖ «មូលហេតុ​ដែលធ្វើ​ឲ្យ​មានគ្រោះ​ថ្នាក់ ​គឺ​ការ​បើកបរ​ហួស​ល្បឿន​កំណត់ ​និង​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ​ហើយ​ក៏​យើង​សង្កេត​ឃើញ​ការ​រឹតបន្តឹង​ច្បាប់​នៅ​មាន​ភាព​ទន់​ខ្សោយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង។ ហើយ​មាន​កន្លែង​ពេល​ខ្លះ​ និង​កន្លែង​ខ្លះ​មាន​ការ​អនុវត្ត​ខ្លះ​ដែរ ​ប៉ុន្តែ​វាអត់​មាន​ជាប់​ជាប្រចាំ។ ដូច្នេះ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង ​និង​គោរព​ច្បាប់ ​គឺ​ត្រូវ​ធ្វើការ​អប់​រំ និង​រឹតបន្តឹង​ឲ្យ​បាន​ជាប់​ជានិច្ច ​ដើម្បី​ឲ្យ​ពួកគាត់​គោរព»។​

អ្នកធ្វើដំណើរ​ ៣រូប​ អង្គុយ​លើ​ដំបូល​នៃ​រថយន្តឈ្នួល​ ទៅកាន់​ស្រុក​កំណើត នា​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១៣ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)
អ្នកធ្វើដំណើរ​ ៣រូប​ អង្គុយ​លើ​ដំបូល​នៃ​រថយន្តឈ្នួល​ ទៅកាន់​ស្រុក​កំណើត នា​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​១៣ ខែ​មេសា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/ VOA)

លោក ​រុន រ័ត្ន​វាសនា ​ប្រធាន​នាយក​ដ្ឋាន​នគរបាល​ចរាចរណ៍ ​និង​សណ្តាប់​ធ្នាប់​សាធារណៈ ​ប្រាប់ VOA ​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា ​ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​មាន​ការ​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ លោក​បន្ថែម​ថា ​បើ​ទោះបីជា​ចំនួ​ន​គ្រោះ​ថ្នាក់​ចរាចរណ៍​មាន​ការ​ថយ​ចុះ​ក៏​ពិតមែន តែ​លោក​ទទួល​ស្គាល់​ថា ​ចំនួន​នេះ​នៅ​តែ​ជា​ចំនួន​ច្រើន​ដែល​កម្ពុជា​កំពុង​ព្យាយាម​កាត់​បន្ថយ​បន្ថែម។​

លោក​បញ្ជាក់​ថា៖ «សម្រាប់​កម្ពុជា ​ទី១ ការ​អនុវត្ត​ច្បាប់​យើង​ទើប​តែ​បាន​មួយឆ្នាំ។ ហើយ​យើង​គិត​ថា ​ការ​អនុវត្ត​ច្បាប់​មួយ​ឆ្នាំ​នេះ​មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​ច្រើន។ យើង​ឃើញ​ហើយ​ថា ជោគ​ជ័យ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ដែល​ថយមនុស្ស​ស្លាប់​ជាង​២០០​នាក់ ​និង​របួស​ជិត​៦០០​នាក់​ក្នុង​ឆ្នាំ​២០១៦​នេះ ខ្ញុំ​គិតថា ​ទោះបីជា​មាន​គ្រោះ​ថ្នាក់​កើត​ឡើង​មែន ​ប៉ុន្តែ​អ្វីៗ​ក៏​មាន​ការ​ចូល​រួម​ច្រើន ​និង​មានការ​កាត់​បន្ថយ​ដែរ។ អញ្ចឹង​បើទោះបី​យើង​មាន​ប្រជាជនតិច​មែន តែ​ការ​អនុវត្ត​ច្បាប់​យើង​ទើប​តែ​មាន​ការ​រឹត​បន្តឹង»។​

បើ​តាម​របាយការណ៍​របស់​ប៉ូលិស​ចរាចរណ៍​ផ្លូវ​គោក ​ក្នុង​ឆ្នាំ​២០១៦ គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​ចំនួន​ ៣,៧០០​ករណី​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន ១,៧១៧​នាក់ ​និង​របួស ៦,៦០៧​នាក់។ ចំនួន​គ្រោះ​ថ្នាក់​ចរាចរណ៍​បើ​ធៀប​នឹង​កាល​ពី​ឆ្នាំ​២០១៥ ​គឺ​បាន​ថយ​ចុះ​ចំនួន​៤៤៣​ករណី ​ឯ​អ្នក​ស្លាប់​ក៏​បាន​ថយ​ចុះ​ចំនួន​ ២៧១​នាក់​ផង​ដែរ។ ចំណែក​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​រួម​មាន ​ការ​បើកបរ​ក្នុង​ល្បឿន​លឿន ​ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ​ការបើកបរ​ជែង ​ការ​មិន​ប្រកាន់​ស្តាំ ​ការ​មិន​គោរព​សិទ្ធិ ​ការ​បត់​គ្រោះថ្នាក់ ​កត្តា​យានយន្ត​ និង​ការ​ងងុយ​ដេក​ជា​ដើម៕

XS
SM
MD
LG