ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

របាយការណ៍​បាន​បង្ហាញ​ថា​ ក្រុម​សកម្ម​ប្រយុទ្ធ​នៅ​អាហ្វហ្គានីស្ថាន​ក្លាយ​ជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ដោយ​សារ​ការ​រត់​ពន្ធ​រ៉ែ


អ្នកសារព័ត៌មាន​ជនជាតិ​អាហ្វហ្គានីស្ថាន​ដើរ​កាត់​ពិពរណ៌​​វត្ថុ​ធាតុដើម​នៅ​តាម​ផ្លូវ​ទៅ​កាន់​សន្និសីទ​សារព័ត៌មាន​មួយ​ដោយ​រដ្ឋមន្រ្តី​ក្រសួងរ៉ែ ក្នុង​ក្រុងកាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១០។

ប្រទេស​អាហ្វហ្គានីស្ថាន​ជាប្រទេសមាន​ប្រភព​ធនធាន​រ៉ែ​ដ៏​សម្បូរ​ជាង​​គេ​​បំផុត​​នៅ​​លើ​​ពិភព​លោក​ រួមមាន​ស្ពាន់​លំដាប់​ពិភពលោក​ រ៉ែ​ដែក ​ត្បូង ​និង​លោហៈ​ធាតុ​មាន​តម្លៃ​ផ្សេងៗ​ទៀតជាច្រើន។

អង្គការ​ឃ្លាំ​មើល​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​មួយ​ក្នុង​ប្រទេសអាហ្វហ្គានីស្ថាន​បាន​រាយការណ៍​នៅ​ដើម​ខែ​កុម្ភៈ​នេះ​ថា​ ការ​រត់​ពន្ធ​រ៉ែ​របស់​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ផ្តល់​ប្រាក់​រាប់​លាន​ដុល្លារ​ដល់​ក្រុម​ប្រដាប់​អាវុធ​ ក្រុម​បះបោរ​ និង​ក្រុម​អ្នក​មាន​អំណាច​នៅ​ក្នុង​ប្រទេស​នេះ។

បណ្តាញ​ប្រឆាំង​អំពើ​ពុករលួយ​របស់​អាហ្វហ្គានីស្ថាន​បាន​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​មួយ​ថា​ ​កាល​ពី​ឆ្នាំ​មុនក្រុម​សកម្ម​ប្រយុទ្ធ​អាហ្វហ្គានីស្ថាន ​បាន​ទទួល​ប្រាក់​យ៉ាង​ហោច​ណាស់​ចំនួន​៤៦​ លាន​ដុល្លារ​ពី​អាជីវកម្ម​រ៉ែ ​និង​ ត្បូង​មាន​តម្លៃនាំ​ចេញខុស​ច្បាប់ ​ពីតំបន់​ភាគ​ខាង​កើត​នៃ​ខេត្ត ​Nangarhar ​ទៅ​កាន់​ប្រទេស​ប៉ាគីស្ថាន​ដែល​នៅជិត​ខាង។

របាយការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា​ នៅក្នុងឆ្នាំ2016 មានការរត់ពន្ធ ថ្មម៉ាប​ និង​ថ្ម​គីលឬ ​(Talc)​សរុបចំនួន ​៧៥០.០០០​តោន​ ចេញពីតំបន់ជាច្រើន​ នៃ​ខេត្ត​ដែល​កំពុងតែមានភាព​ចលាចល​ គឺជា​កន្លែង​ដែល​ពួក​តាលីបង់​ និង​ពួក​អ្នក​ប្រយុទ្ធ​ក្រុម​រដ្ឋ​ឥស្លាម​មាន​ កំពុងតែមានសកម្មភាព​យ៉ាងខ្លាំងក្លានៅ​ក្នុង​ស្រុក​ជា​ច្រើន​នៃ​ខេត្ត​ទាំង​នោះ។

លោក​ Zaman Khan Amarkhail​ ប្រធានបណ្តាញ​ប្រឆាំង​អំពើ​ពុករលួយ​បាន​ប្រាប់​វិទ្យុ​សេរីភាព​ជា​ភាសា​អាហ្វហ្គានីស្ថាន​ថា៖ «ជា​រៀងរាល់​ថ្ងៃ​ រថយន្ត​ចំនួន​៥០០​គ្រឿង​ដឹក​ត្បូង​ពណ៌​សឆ្លង​កាត់តាមផ្លូវដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ ចូលទៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ដែល​ត្បូង​ទាំង​នោះ​ត្រូវ​បាន​គេ​ដឹក​តាម​កាប៉ាល់​នាំ​ចេញ​ទៅ​កាន់​ប្រទេស​នៅ​អឺរ៉ុប។ រថយន្ត​នីមួយៗ​ដឹក​ត្បូង​ទម្ងន់​ប្រហែល​៤៥​តោន»។ថ្ម​គីល​គឺជា​ប្រភេទ​រ៉ែ​ម្យ៉ាង​ដែល​មាន​តម្រូវ​ការ​ច្រើន ហើយត្រូវ​បាន​គេ​យកទៅកែច្នៃជា​របស់​របរ​ជា​ច្រើន ​រួម​មាន​គ្រឿង​សម្អាង​ ប្លាស្ទិច​ សេរ៉ាមិច ​និង​ថ្នាំ​លាប​ជាដើម។

បុរសម្នាក់​អង្គុយធ្វើការ​នៅ​រោងចក្រ​ Lazuli ក្នុង​ក្រុង Kabul ប្រទេស​អាហ្វហ្គានីស្ថាន។
បុរសម្នាក់​អង្គុយធ្វើការ​នៅ​រោងចក្រ​ Lazuli ក្នុង​ក្រុង Kabul ប្រទេស​អាហ្វហ្គានីស្ថាន។

ប្រទេស​អាហ្វហ្គានីស្ថាន​ជាប្រទេសមាន​ប្រភព​ធនធាន​រ៉ែ​ដ៏​សម្បូរ​ជាងគេបំផុតនៅលើពិភព​លោក​ រួមមាន​ស្ពាន់​លំដាប់​ពិភពលោក​ រ៉ែ​ដែក ​ត្បូង ​និង​លោហៈ​ធាតុ​មាន​តម្លៃ​ផ្សេងៗ​ទៀតជាច្រើន។

ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា ​ក្រុម​ឧទ្ទាម​ និង​ក្រុម​អ្នក​មាន​អំណាច​ក្នុង​ស្រុក​បាន​កាន់​កាប់​ប្រតិបត្តិការ​រុក​រក​រ៉ែ​នៅ​ក្នុង​តំបន់​ជា​ច្រើន ​ហើយ​បាន​ដក​ហូតយក​ពន្ធ​លើ​រ៉ែ​ដែល​ត្រូវ​បាន​រត់​ពន្ធ​ចេញ​ពី​ប្រទេស​នេះ។

ឧត្តមសេនីយិ៍ស៊ើបការណ៍ពិសេសរបស់​សហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ច​ការ​ស្តារ​ប្រទេសអាហ្គានីស្ថាន​ឡើង​វិញ បាន​និយាយនៅ​ក្នុង​របាយការណ៍​កាល​ពី​ឆ្នាំ​មុន​ថា៖ «អាជីវកម្ម​សិប្បកម្ម​រ៉ែ​ទ្រង់​ទ្រាយ​តូចខុសច្បាប់​ និងមិន​បាន​ចុះ​បញ្ជីជាច្រើន​ នៅ​តែ​ជា​ប្រភព​នៃ​ជម្លោះ​ស៊ីវិល ​ប្រាក់​ចំណូលមិន​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល និង​ជាប្រភពនៃការ​បាត់​បង់​ទិន្នផល​សេដ្ឋកិច្ច»។

របាយការណ៍ ​SIGAR ​នេះ​បាន​សរសេរ​ថា៖ «ការ​ជីកយករ៉ែ​ ​និងការ​ជួញ​ដូរ​ត្បូង​មាន​តម្លៃ​ និង​រ៉ែ​ផ្សេងៗ​ទៀតដោយ​គ្មាន​ការ​គ្រប់គ្រង​ត្រឹម​ត្រូវ​ និង​ដោយ​ខុស​ច្បាប់​ បាន​ដើរ​តួនាទី​ក្នុង​យុទ្ធសាស្ត្រ​រៃ​អង្គាស​ប្រាក់​របស់ក្រុម​សកម្ម​ប្រយុទ្ធ​ និងក្រុម​ឧក្រិដ្ឋ​ជន​ដែល​មាន​ការ​ចាត់​តាំង»។

រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​បាន​និយាយ​ថា ​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​កម្លាំង​អាហ្វហ្គានីស្ថាន​ និង​ក្រុម​សកម្ម​ប្រយុទ្ធ​ជាមូលហេតុបណ្តាល​ឲ្យ​មាន​ការ​កើន​ឡើង​នៃ​ការ​រុករក​រ៉ែ​ខុស​ច្បាប់។

លោកស្រី ​Ghizal Habibyar ​រដ្ឋមន្ដ្រី​ស្ដី​ទី​នៃ​ក្រសួង​រ៉ែ​ និង​ប្រេងកាត​បាន​និយាយ​ថា៖ «ដោយសារ​តែ​ជម្លោះ​ និងបញ្ហា​អសន្ដិសុខ ​យើង​មិន​ទាន់​អាច​ការពារធន​ធាន​រ៉ែ​បាន​ទេ ហើយ​ការ​ទាញ​យក​រ៉ែខុស​ច្បាប់​ និង​កា​ររត់​ពន្ធ​នៅ​តែ​បន្ត​កើត​ឡើង»។

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ការ​រត់ពន្ធ​រ៉ែ​ធ្វើឡើង​តាមរយៈ​បណ្តាញ​ដ៏​រឹង​មាំ​របស់​ពួក​សកម្មប្រយុទ្ធ​ ក្រុម​ម៉ាហ្វីយ៉ា​ក្នុង​តំបន់​ ​ក្រុម​មន្ត្រី​ស៊ីវិល​ និង​មន្រ្តី​យោធា​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​នេះ។

លោក Haroon Rashid Sherzad ​សកម្មជន​សង្គម​ស៊ីវិល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​កាប៊ុល​ និង​ជា​អតីត​អនុ​រដ្ឋ​មន្រ្តី​ប្រឆាំង​គ្រឿងញៀន​បាន​ប្រាប់​ VOA ថា៖ «បណ្តាញរបស់ក្រុម​សកម្ម​ប្រយុទ្ធ​តាលីបង់ រួម​មាន​ក្រុម​អ្នក​ប្រយុទ្ធ​នៅ​តំបន់​អាស៊ី​កណ្តាល​មួយចំនួន​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ក្រុម​អាល់កៃដា​ ក្រុម​អ្នក​មាន​អំណាច​ក្នុង​ស្រុក​ និង​ក្រុម​មន្ត្រី​រដ្ឋាភិបាលពុក​រលួយ​ដែលមាន​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​អាជីវកម្ម​ខុស​ច្បាប់​នេះ»។

លោក​ Sherzad​ បាន​និយាយ​ថា៖ «វា​គឺ​ជា​អាជីវកម្ម​មួយ​ដ៏​ធំ​របស់​ភាគី​ពាក់ព័ន្ធ​ទាំងឡាយ ដែលអាជីវកម្មទាំងនោះកំពុងតែរីករាលដាល​យ៉ាង​ខ្លាំងនៅ​ក្រោម​ការ​ឃ្លាំមើល​របស់​រដ្ឋាភិបាល​ដែល​ទន់​ខ្សោយ»។

រូបថត​បង្ហាញ​ពី​ឧបករណ៍​និង​គ្រឿងម៉ាស៊ីន​នៅ​រ៉ែ​លោហៈ​ទង់ដែង​មួយ​ក្នុង​ក្រុង Mes Aynak ខេត្ត Logar ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
រូបថត​បង្ហាញ​ពី​ឧបករណ៍​និង​គ្រឿងម៉ាស៊ីន​នៅ​រ៉ែ​លោហៈ​ទង់ដែង​មួយ​ក្នុង​ក្រុង Mes Aynak ខេត្ត Logar ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

មន្ត្រីក្រសួង​ធនធាន​រ៉ែ​អាហ្វហ្គានីស្ថាន​និយាយ​ថា​ រដ្ឋាភិបាល​បាន​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​នាំ​រ៉ែ​ចេញ​ទៅ​កាន់​ប្រទេស​ប៉ាគីស្ថាន​ និង​លើក​ទឹក​ចិត្ត​ដល់អាជីវករក្នុង​ស្រុក​ឲ្យ​វិនិយោគនៅ​ក្នុង​វិស័យ​រ៉ែ​នេះ និង​នាំ​ចេញ​ដោយ​ស្របច្បាប់​នូវ​សម្ភារៈ​ដែល​កែច្នៃ​រួច​ទៅ​កាន់​ប្រទេស​ក្រៅ។

មន្ត្រី​មួយ​រូប​នៃ​ក្រសួង​រ៉ែបាន​ប្រាប់​ VOA​ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា៖ «ប៉ុន្តែ​ការ​បះបោរ​ដែល​កំពុង​បន្ត​ និង​អស្ថិរភាព​នៅ​ក្នុង​ខេត្ត​នេះ​មិន​បាន​អនុញ្ញាត​ឲ្យ​ក្រុមអាជីវករអាច​បង្កើត​រោងចក្របាន​ឡើយ»។

ប្រទេស​ប៉ាគីស្ថាន​ និង​អាហ្វហ្គានីស្ថាន​មិន​មាន​កិច្ច​ព្រមព្រៀង​ជា​ផ្លូវការ​ណា​មួយ​លើ​ការ​នាំ​ចេញ​សារធាតុ​រ៉ែ​ទៅ​កាន់​ប៉ាគីស្ថាននោះ​ទេ។

តម្រូវ​ការ​ដែល​ចេះ​តែ​កើន​ឡើង​ក្នុង​វិស័យ​ឧស្សាហកម្មរបស់​ប៉ាគីស្ថាន​នៅ​តែ​បន្ត​ទាក់​ទាញ​យក​វត្ថុ​ធាតុ​ដើមចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន ​រួមមាន​សារធាតុ​រ៉ែ​ដែល​គេ​ហៅ​ថា ​Chromite​ កែវ​ចរណៃ​ ​ធ្យូងថ្ម​ និង​ថ្មម៉ាប។

ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា ​អំពើ​ពុក​រលួយ​នៅ​តាម​ព្រំដែន​កំពុង​ធ្វើ​ឲ្យ​ប្រទេស​អាហ្វហ្គានីស្ថាន​បាត់បង់​ប្រាក់​រាប់​លាន​ដុល្លារ។ ទោះ​បី​ជា​ការ​ប្រមូល​ប្រាក់​ចំណូល​គយ​បាន​កើន​ឡើង​ក្នុង​ពេល​មួយឆ្នាំ​កន្លង​មក​នេះ​ក៏​ដោយ ​បើ​យោង​តាម​ក្រសួង​ហិរញ្ញវត្ថុ​អាហ្វហ្គានីស្ថាន ​អំពើ​ពុករលួយ​ដែល​រាល​ដាល​យ៉ាង​ខ្លាំង​នៅ​តាម​ព្រំដែន​មាន​ន័យ​ថា​ រដ្ឋាភិបាល​បាត់​បង់​ប្រាក់​ចំណូល​យ៉ាង​ច្រើន​ដែល​គេ​មិន​អាច​ដឹង​បាន។

លោក ​Sherzad​ ថ្លែង​ថា៖ «ការ​ឃ្លាំ​មើល​នៅ​តាម​ព្រំដែន​មាន​ភាព​ទន់​ខ្សោយ។ បុគ្គល​ម្នាក់​ដែល​មាន​អាជ្ញាប័ណ្ណនាំ​ចេញ​ត្បូង​ទម្ងន់​ត្រឹម​ ១០០ ​តោន ​នឹង​អាច​នាំ​ចេញ​ត្បូង​បាន​រហូត​ដល់​ទម្ងន់​ ១.០០០​តោន​ឯ​ណោះ។ មន្រ្តី​ពុករលួយ​ព្រងើយ​កន្តើយ​ចំពោះ​ការ​នាំចេញ​ខុស​ច្បាប់​ ហើយ​ផ្ទុយ​ទៅ​វិញ​ពួក​គេផ្ទាល់​ក៏ទទួល​បាន​ផលប្រយោជន៍​ពី​ការ​នាំ​ចេញ​ខុស​ច្បាប់​នោះ​ដែរ»។

យោង​តាម​បណ្តាញ​ប្រឆាំង​អំពើ​ពុក​រលួយ​ ត្បូង​មាន​តម្លៃ​កំពុង​ត្រូវ​បានជីក​យក​ចេញ​ដោយ​ខុស​ច្បាប់យ៉ាង​ហោច​ណាស់​ពី​កន្លែង​មាន​រ៉ែ​ចំនួន​ ​២០០០​ កន្លែង នៅ​ភាគ​ឦសាន​នៃ​ខេត្ត​ Badakhshan។

លោក ​Zabiullah Wardak ​សមាជិក​មួយ​រូប​នៃ​ក្រុម​អ្នក​ឃ្លាំមើល​បាន​និយាយ​ថា៖ «កាល​ពី​ឆ្នាំ​មុន​ ត្បូង​មាន​តម្លៃ​ ដែល​មាន​តម្លៃ​ប្រហែល ៣០០​ លាន​ដុល្លារ​ត្រូវ​បាន​គេ​រត់ពន្ធចេញ​ពី​ខេត្ត​នេះ​ទៅ​កាន់​ប្រទេស​ចិន»។ ខេត្ត​ Badakhshan​ ដែល​នៅ​ដាច់​ស្រយាល​ត​ភ្ជាប់​ទៅ​ប្រទេស​ចិន​តាមរយៈ​ច្រក​របៀង ​Wahkhan Corridor។

ពួក​តាលីបង់​ និង​ក្រុម​រដ្ឋ​ឥស្លាម​បានបោះទីតាំង​សម្រាប់​ដក​ពន្ធ​ខុស​ច្បាប់​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ដែល​ពួក​គេ​កាន់​កាប់។ លោក Sherzad​ បាន​និយាយ​ថា៖ «ពួកគេ​កំពុង​ទទួលលុយ​ដោយ​ការ​ដាក់​ពន្ធ​ផ្សេងៗ​ រាប់​ចាប់​ពី​ពន្ធ Ushar​ (ពន្ធ​ឥស្លាម​នៅ​លើ​ផលិតផល​កសិកម្ម)​ រហូត​ដល់​ទៅ​ពន្ធ​ទីក្រុង ​និង​ពន្ធ​ដឹក​ជញ្ជូន»។ លោក​បាន​បន្ថែម​ថា​ មេ​បញ្ជាការ​ក្រុម​តាលីបង់​ជា​ច្រើន​ កំពុង​ធ្វើ​អាជីវកម្ម​ខុសច្បាប់ ក្រៅ​ពី​ការ​ដឹកនាំ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កង​កម្លាំង​រដ្ឋាភិបាល៕

ប្រែ​សម្រួល​ដោយ ​ផន​ បុប្ផា

XS
SM
MD
LG