ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​ថា សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​បច្ចុប្បន្ន​រង​ការ​គំរាម​កំហែង​ជាង​ពេល​ណាៗ​ទាំង​អស់


ផែនទី​របស់​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន​បែងចែក​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​ពិភពលោក​ សម្រាប់​ឆ្នាំ២០១៧។

អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) បាន​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ប្រចាំ​ឆ្នាំ​របស់​ខ្លួន ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា នៅ​ទូទាំង​ពិភពលោក សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នា​ពេល​បច្ចុប្បន្ន​នេះ រង​ការ​គំរាម​កំហែង​ខ្លាំង​ជាង​ពេល​ណាៗ​ទាំង​អស់។

អង្គការ​ការពារ​សិទ្ធិ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ សំដៅ​ជាពិសេស​ដល់​ប្រទេស​ប្រជាធិបតេយ្យ ថា​ជា​ប្រទេស ដែល​សេរីភាព​សារព័ត៌មាន​មាន​ការ​ធ្លាក់​ចុះ នៅ​ក្នុង​អំឡុង​មួយ​ឆ្នាំ​ចុង​ក្រោយ​នេះ។

របាយការណ៍​របស់​អង្គការ​នេះ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​នានា កំពុង​ជាន់ឈ្លី​សេរីភាព ដែល​ជា​គោល​ការណ៍ គួរតែ​ជា​កត្តា​នាំ​មុខ​មួយ​របស់​ពួកគេ​នៅ​ក្នុង​ការ​ដឹកនាំ​ប្រទេស។ ការ​ជាន់ឈ្លី​សេរីភាព​ទាំង​នោះ​មាន​ដូចជា ការ​ប្រើ​ច្បាប់​សាហាវ​យង់​ឃ្នង ជម្លោះ​ផល​ប្រយោជន៍ និង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​រាងកាយ​ជា​ដើម»។

របាយការណ៍​របស់​អង្គការ​នេះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ការ​ថយចុះ​នៃ​សេរីភាព​សារព័ត៌មាន ភាគ​ច្រើន​ឃើញ​ច្បាស់​នៅ​ក្នុង​ប្រទេស​ណា ដែល​គំរូ​នៃ​ការ​ដឹកនាំ​បែប​បុរស​ខ្លាំង​ផ្ដាច់ការ​ត្រូវ​បាន​អនុវត្ត ដូចជា​នៅ​ក្នុង​ប្រទេស​ប៉ូឡូញ ហុងគ្រី និង​តួកគី ជា​ដើម។

លោក Christophe Deloire អគ្គលេខាធិការ​អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំដែន បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «អត្រា​ដែល​ប្រទេស​ប្រជាធិបតេយ្យ​កំពុង​ឈាន​ដល់​ដំណាក់​កាល​ផ្លាស់ប្ដូរ​នោះ គឺ​គួរឲ្យ​ព្រួយ​បារម្ភ។ កត្តា​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ គឺ​សម្រាប់​ប្រទេស​ប្រជាធិបតេយ្យ​ណា ដែល​យល់​ថា ប្រសិន​បើ​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​មិន​ត្រូវ​បាន​ធានា​នោះ​ទេ នោះ​សេរីភាព​ផ្សេងៗ​ទៀត​ក៏​មិន​អាច​ធានា​នោះ​ដែរ»។

ជា​រួម របាយការណ៍​ឆ្នាំ ២០១៧ របស់​អង្គការ​នេះ បាន​បង្ហាញ​ថា ប្រទេស​ដែល​អង្គការ​នេះ​ធ្វើ​ការ​វាស់វែង​សិក្សា ចំនួន ៦២ ភាគរយ បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ធ្លាក់ចុះ​នៃ​សេរីភាព​សារព័ត៌មាន៕

XS
SM
MD
LG