ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សុន្ទរកថា​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុង​ពិធី​ស្បថ​ចូល​កាន់​តំណែង


រូបឯកសារ៖ ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​នៅក្នុង​ពេល​ស្បថចូល​កាន់តំណែងជា​​ប្រធានាធិបតី​របស់​លោក នៅ​វិមាន​សភា​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។
រូបឯកសារ៖ ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​សុន្ទរកថា​នៅក្នុង​ពេល​ស្បថចូល​កាន់តំណែងជា​​ប្រធានាធិបតី​របស់​លោក នៅ​វិមាន​សភា​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។

លោក ដូណាល់ ត្រាំ បាន​ស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ទី៤៥​របស់​សហរដ្ឋ​អាមេរិក​នៅ​ថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧​កន្លង​ទៅ​នេះ។

កំណត់និពន្ធ៖ ខាងក្រោមនេះគឺជា​សុន្ទរកថារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដែល​ត្រូវបាន​ប្រែសម្រួល​ជា​ខេមរភាសា។ ជារៀងរាល់ឆ្នាំ សហរដ្ឋអាមេរិកកំណត់យក​ថ្ងៃទី២០ ខែកុម្ភៈ ជា​«‍ថ្ងៃប្រធានាធិបតី» ឬ President's Day។

ប្រធាន​ចៅ​ក្រម​នៃ​តុលាការ​កំពូលលោក​ Roberts លោក​ប្រធានាធិបតី Carter លោក​ប្រធានាធិបតី Clinton លោក​ប្រធានាធិបតី Bush លោក​ប្រធានាធិបតី Obama ជន​រួម​ជាតិ​អាមេរិកាំង និង​ប្រជា​ពលរដ្ឋ​ទូទាំង​សកលលោក៖ សូម​អរគុណ!

ឥឡូវ​នេះ យើង​ទាំង​អស់​គ្នា​ដែល​ជាពល​រដ្ឋ​អាមេរិកាំង​ចូល​រួម​ក្នុង​កិច្ច​ប្រឹងប្រែង​ដ៏​អស្ចារ្យ ដើម្បី​កសាង​ប្រទេស​ជាតិ​របស់​យើង និង​ដើម្បី​ស្ដារ​ការ​សន្យា សម្រាប់​ប្រជាជាតិ​ទាំង​មូល។

ទាំង​អស់​គ្នា យើង​នឹង​កំណត់​ជោគ​វាសនា​របស់​សហរដ្ឋអាមេរិក និង​ពិភព​លោក​ទាំង​មូល ក្នុង​រយៈពេល​ជា​ច្រើន​ឆ្នាំ​ខាង​មុខ​នេះ។ យើង​នឹង​ប្រឈម​មុខ​នឹង​បញ្ហា។ យើង​នឹង​ប្រឈម​មុខ​នឹង​ការ​លំបាក។ ប៉ុន្តែ​យើង​នឹង​អាច​ដោះស្រាយ​បាន។

ជា​រៀង​រាល់៤ឆ្នាំ យើង​ប្រមូល​ផ្ដុំ​គ្នា​នៅ​លើ​កាំ​ជណ្តើរ​ទាំងនេះ ដើម្បី​អនុវត្ត​ការ​ផ្ទេរ​អំណាច​តាម​របៀប​រៀបរយ និង​ដោយ​សន្តិវិធី ហើយ​យើង​ដឹង​គុណ​ដល់​លោក​ប្រធានាធិបតី Obama និង​លោកស្រី Michelle Obama សម្រាប់​ការ​ជួយ​ជ្រោមជ្រែង​ដ៏​សន្ដោស​ប្រណី​ក្នុង​ការ​ផ្ទេរ​អំណាច​នេះ។​ អ្នក​ទាំង​ពីរ​ពិត​ជា​អស្ចារ្យ​ណាស់។

រូបឯកសារ៖ លោក ដូណាល់ ត្រាំ អម​ដោយ​ក្រុម​គ្រួសារ​លោក បានស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ទី៤៥​របស់​សហរដ្ឋ​អាមេរិក នៅ​វិមាន​សភា​អាមេរិក កាលពី​ថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក ដូណាល់ ត្រាំ អម​ដោយ​ក្រុម​គ្រួសារ​លោក បានស្បថ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ទី៤៥​របស់​សហរដ្ឋ​អាមេរិក នៅ​វិមាន​សភា​អាមេរិក កាលពី​ថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។

យ៉ាង​ណា​ក៏​ដោយ ពិធី​ថ្ងៃ​នេះ​ពិត​ជា​មាន​អត្ថន័យ​ពិសេស​បំផុត ពីព្រោះ​ថ្ងៃនេះ យើង​មិន​គ្រាន់​តែ​ផ្ទេរ​អំណាច​ពី​រដ្ឋបាលមួយ​ទៅ​រដ្ឋបាល​មួយ​ ពី​គណបក្ស​មួយ ទៅ​គណបក្ស​មួយ​តែ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​កំពុង​តែ​ផ្ទេរ​អំណាច​ពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ត្រឡប់​ទៅ​ឲ្យ​អ្នក​ទាំង​អស់​គ្នា ដែល​ជា​ពលរដ្ឋ​អាមេរិក​វិញ។

ជា​យូរ​ណាស់​មក​ហើយ​ ជន​មួយ​ក្រុម​តូច​នៅ​ក្នុង​រដ្ឋធានី​នៃ​ប្រទេស​របស់​យើង​ បាន​ទទួល​ផល​ប្រយោជន៍​របស់​រដ្ឋាភិបាល ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​ជា​អ្នក​រ៉ាប់រង។
រដ្ឋធានី​វ៉ាស៊ីនតោន​រីកចម្រើន​ ប៉ុន្តែ​ពលរដ្ឋ​មិន​សម្បូរ​សប្បាយ។ អ្នក​នយោបាយ​រីក​ចម្រើន ប៉ុន្តែ​ការងារ​ចាក​ចេញ​ពី​អាមេរិក ហើយ​រោងចក្រ​ជា​ច្រើន​បិទ​ទ្វារ។ ​មនុស្ស​មួយ​ក្រុមដែល​មាន​អំណាច​និង​ឥទ្ធិពល​ការពារ​តែ​ខ្លួនឯង ប៉ុន្តែមិន​ការពារ​ពលរដ្ឋ​នៃ​ប្រទេស​របស់​យើង។

ជោគ​ជ័យ​របស់​ពួក​គេ មិន​មែន​ជា​ជោគជ័យ​របស់​អ្នក​រាល់​គ្នា។ ជ័យ​ជម្នះ​របស់​ពួកគេ មិនមែន​ជា​ជ័យ​ជម្នះ​របស់​អ្នក។ ហើយ​ខណៈ​ពេល​ដែល​ពួក​គេ​អបអរ​នៅ​ក្នុង​រដ្ឋធានី​របស់​ជាតិ​យើង មាន​ការ​អប​អរ​តិច​តួច​បំផុត​នៅ​ក្នុង​គ្រួសារ​ជា​ច្រើន​ដែល​កំពុង​រស់​នៅ​ជាមួយ​ការ​តស៊ូ ពាស​ពេញ​ទឹកដី​របស់​យើង។

រឿង​ទាំង​អស់​នេះ​នឹង​ផ្លាស់​ប្ដូរ​ចាប់​ផ្ដើម​ពី​ទី​នេះ ក្នុង​ពេល​ឥឡូវ​នេះ ពី​ព្រោះ​នេះ​ជា​ពេល​វេលា​សម្រាប់​អ្នក​ទាំង​អស់​គ្នា ជា​ពេល​វេលា​របស់​អ្នក​ទាំង​អស់​គ្នា។
នេះ​គឺ​ជា​ថ្ងៃ​របស់​អ្នក។ នេះ​គឺ​ជា​ការ​អបអរ​របស់​អ្នក។ ហើយ​នេះ​ គឺ​ជា​សហរដ្ឋ​អាមេរិក ដែល​ជា​ប្រទេស​របស់​អ្នក។ អ្វី​ដែល​សំខាន់​មិន​មែន​ថា​ គណបក្ស​ណា​ជា​អ្នក​គ្រប់​គ្រង​រដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​គឺ​ប្រជាពលរដ្ឋ​ជា​អ្នក​គ្រប់គ្រង​រដ្ឋាភិបាល។

ថ្ងៃទី២០ ខែ​មករា ឆ្នាំ​២០១៧ នឹង​ត្រូវ​បាន​ចង​ចាំ ថា​ជា​ថ្ងៃ​ដែល​ប្រជាពលរដ្ឋ​ក្លាយ​ជា​អ្នក​ដឹកនាំ​ប្រទេសជាតិ​ឡើង​វិញ។

ពល​រដ្ឋ​ប្រុស​ស្រី​នៃ​ប្រទេស​ជាតិ​របស់​យើង ដែល​ត្រូវ​បាន​គេ​បំភ្លេច​ចោល នឹង​មិនត្រូវ​បាន​គេ​បំភ្លេច​ត​ទៅ​ទៀត​ឡើយ។ ឥឡូវ​នេះ​មនុស្ស​គ្រប់​គ្នា​ កំពុង​តែ​ស្ដាប់​អ្នក។ អ្នក​ទាំង​អស់​គ្នា​រាប់​សិប​លាន​នាក់ មក​ចូល​រួម​ដើម្បីក្លាយ​ជា​ផ្នែក​នៃ​ចលនា​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ពិភព​លោក​មិន​ដែល​បាន​ឃើញ​ពី​មុន​មក។

ចំណុច​ស្នូល​នៃ​ចលនា​នេះ​គឺ​ការ​តាំង​ចិត្ត​ដ៏​សំខាន់​មួយ​ដែល​ថា ប្រទេស​ជាតិ​មួយ​បង្កើត​ឡើង​ដើម្បី​បម្រើ​ពលរដ្ឋ។ ពលរដ្ឋ​អាមេរិក​ចង់​បាន​សាលា​ល្អ​សម្រាប់​កូនៗ​ របស់​ពួក​គេ ចង់​បាន​សង្កាត់​ដែល​មាន​សុវត្ថិភាព​សម្រាប់​គ្រួសារ​ពួកគេ និង​ការងារ​ល្អៗ​សម្រាប់​ខ្លួន​ឯង។ ទាំងនេះ​គឺជា​ការ​ទាម​ទារ​ដ៏ត្រឹម​ត្រូវ​និង​សម​ហេតុផល​របស់​សាធារណជន​ទូទៅ។

ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​របស់​យើង​ជាច្រើន​នាក់ ពួក​គេ​រស់នៅ​ក្នុង​ការ​ពិត​មួយ​ដែល​ផ្សេង​ពី​នេះ៖ ម្ដាយ និង​កូន​តូចៗ​ស្ថិត​ក្នុង​ភាព​ក្រីក្រ នៅ​ក្នុង​ទីក្រុង​នានា​របស់​យើង រោងចក្រ​ច្រែស​ចាប់​រ​ប៉ាត់​រប៉ាយ​ដូច​ផ្នូរ​ខ្មោច​ពាស​ពេញ​ប្រទេស​របស់​យើង។

ប្រព័ន្ធ​អប់រំ សម្បូរ​ទៅ​ដោយ​សាច់​ប្រាក់ ​ប៉ុន្តែ​ទុក​ឲ្យ​សិស្ស​ក្មេងៗ ស្អាតៗ​របស់​យើង​ខ្វះ​ចំណេះ​ដឹង​សព្វ​បែប​យ៉ាង។ ហើយ​ឧក្រិដ្ឋកម្ម និង​ក្រុម​ជន​អន្ធពាល និង​គ្រឿងញៀន បាន​ឆក់​យក​ជីវិត​ពលរដ្ឋ​ជា​ច្រើន​នាក់ និង​បាន​ប្លន់​យក​សក្ដានុពល​របស់​ប្រទេស​យើង​យ៉ាងច្រើន​សន្ធឹក​សន្ធាប់។

រូបឯកសារ៖ លោក​ ដូណាល់ ត្រាំ ចូល​ស្បថ​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ទី៤៥ នៅ​វិមាន​សភា​អាមេរិក កាលពី​ថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក​ ដូណាល់ ត្រាំ ចូល​ស្បថ​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​ទី៤៥ នៅ​វិមាន​សភា​អាមេរិក កាលពី​ថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។

បរាជ័យដ៏​ធ្ងន់ធ្ងរ​របស់​អាមេរិក​បញ្ចប់​នៅ​ទីនេះ និង​នៅ​ពេល​ឥឡូវនេះ។ យើង​គឺ​ជា​ប្រទេស​ជាតិ​មួយ ហើយ​ការ​ឈឺ​ចាប់​របស់​ពួក​គេ គឺ​ជា​ការ​ឈឺ​ចាប់​របស់​យើង។ សុបិន​របស់​ពួក​គេ គឺ​ជា​សុបិន​របស់​យើង ហើយ​ជោគ​ជ័យ​របស់​ពួក​គេ គឺ​ជា​ជោគជ័យ​របស់​យើង។ យើង​រួម​គ្នា​ក្នុង​បេះដូង​តែ​មួយ ផ្ទះ​តែ​មួយ និង​វាសនា​ដ៏​រុង​រឿង​តែ​មួយ។ ការ​ស្បថ​ចូល​កាន់​តំណែង​របស់​ខ្ញុំ​នៅ​ថ្ងៃ​នេះ គឺ​ជា​សម្បថ​នៃ​ភក្ដី​ភាព​ទៅ​កាន់​ពលរដ្ឋ​គ្រប់​រូប។​

រាប់​ទសវត្ស​មក​ហើយ យើង​បាន​អភិវឌ្ឍ​ឧស្សាហកម្ម​បរទេស​ នៅ​ក្នុង​ការ​ចំណាយ​របស់​ឧស្សាហកម្ម​អាមេរិក ឧបត្ថម្ភ​ធនធាន​ដល់​កង​ទ័ព​ប្រទេស​ដទៃ ខណៈ​ពេល​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​កាត់​បន្ថយ​កងទ័ព​នៅ​ក្នុង​ប្រទេស​របស់​ពួក​យើង។

យើង​បាន​ការពារ​ព្រំដែន​របស់​ជាតិ​សាសន៍​ដទៃ ប៉ុន្តែ​បដិសេធ​មិន​ការពារ​ព្រំដែន​ប្រទេស​ខ្លួនឯង។ យើង​បាន​ចំណាយ​ប្រាក់​រាប់​លាន​លាន​ដុល្លារ​នៅ​ក្រៅ​ប្រទេស​ ខណៈ​ពេល​ដែល​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អាមេរិក បាន​ធ្លាក់​ទៅ​ក្នុង​សភាព​ទ្រុឌទ្រោម ​និង​ខ្ទេច​ខ្ទាំ។

យើង​ធ្វើ​ឲ្យ​ប្រទេស​ដទៃ​មាន​បាន ខណៈ​ពេល​ដែល​ទ្រព្យសម្បត្តិ កម្លាំង និង​ទំនុក​ចិត្ត របស់​ប្រទេស​យើង​រលាយ​បាត់​សូន្យ។ រោងចក្រ​បិទ​ទ្វារ ហើយ​បាន​ចាកចេញ​ពី​ប្រទេស​របស់​យើង​ម្ដង​មួយៗ ដោយ​មិន​បាន​គិត​ពី​កម្មករ​អាមេរិក​រាប់​លាន​នាក់ ដែល​ត្រូវ​គេ​ទុក​ចោល។ ទ្រព្យ​សម្បត្តិ​របស់​ពលរដ្ឋ​ថ្នាក់​កណ្ដាល​របស់​យើង ត្រូវ​បាន​រឹប​អូស​ចេញ​ពី​ផ្ទះ​របស់​ពួក​គេ និង​បែង​ចែក​ពាស​ពេញ​ពិភព​លោក។

ប៉ុន្តែ​នេះ​ជា​អតីតកាល។ ហើយ​ឥឡូវ​យើង​កំពុង​សម្លឹង​ទៅ​កាន់​អនាគត។​ យើង​ជួបជុំ​គ្នា​នៅ​ថ្ងៃនេះ ដើម្បី​ចេញ​ក្រឹត្យ​ថ្មី ឲ្យ​ប្រជាជន​បាន​ឮ​គ្រប់​ទីក្រុង ​គ្រប់​រដ្ឋធានី​ក្រៅ​ប្រទេស​ទាំងអស់​ និង​នៅ​គ្រប់​វិមាន​រដ្ឋាភិបាល​ទាំងអស់។

ចាប់​ពី​ថ្ងៃ​នេះ​ទៅ ទស្សន​វិស័យ​ថ្មី​មួយ​នឹង​គ្រប់​ដណ្ដប់​លើ​ទឹក​ដី​របស់​យើង។ ចាប់​ពី​ពេល​នេះ​ទៅ សហរដ្ឋ​អាមេរិក​គឺ​ជា​អាទិភាព។ រាល់​ការ​សម្រេច​ចិត្ត​លើ​ពាណិជ្ជកម្ម ពន្ធដារ និង​អន្តោប្រវេសន៍ ការបរទេស នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ប្រយោជន៍​កម្មករ​អាមេរិក និង​គ្រួសារ​ជនជាតិ​អាមេរិក។

យើង​ត្រូវ​តែ​ការពារ​ព្រំ​ដែន​របស់​យើង​ពី​ការ​ខូច​ខាត​បង្ក​ឡើង​ដោយ​សារ​ប្រទេស​ផ្សេង​ទៀត​ដែល​ផលិត​ទំនិញ​របស់​យើង​ លួច​យក​ក្រុមហ៊ុន​របស់​យើង និង​បំផ្លាញ​ការងារ​របស់​យើង។ ការ​ការពារ​នឹង​នាំ​មក​នូវ​ភាព​រឹងមាំ និង​សេចក្ដី​រុងរឿង​ដ៏​ត្រចះត្រចង់។​

ខ្ញុំ​នឹង​ប្រយុទ្ធ​សម្រាប់​អ្នក​រាល់​ដង្ហើម​ចេញ​ចូល​ក្នុង​ខ្លួន​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​មិន​ធ្វើ​ឲ្យ​អ្នក​អស់​សង្ឃឹម​ឡើយ។ សហរដ្ឋអាមេរិក​នឹង​ផ្ដើម​ការ​ឈ្នះ​ជា​ថ្មី ជ័យ​ជម្នះ​ដែល​មិន​ធ្លាប់​មាន​ពី​មុន។

យើង​នឹង​នាំ​ការងារ​ដែល​ជា​របស់​យើង​មកវិញ។ យើង​នឹង​យក​ព្រំដែន​របស់​យើង​មក​វិញ។ យើង​នឹង​យក​ទ្រព្យ​សម្បត្តិ​របស់​យើង​មក​វិញ។ ហើយ​យើង​ក៏​នឹង​យក​សុបិន​របស់​យើង​មក​វិញ​ផង​ដែរ។ យើង​នឹង​កសាង​ផ្លូវ​ថ្នល់ ផ្លូវជាតិ ស្ពាន អាកាសយានដ្ឋាន ផ្លូវ​ក្រោម​ដី និង​ផ្លូវ​ដែក ពាសពេញ​ទឹក​ដី​ដ៏​ពិសិដ្ឋ​របស់​យើង។

យើង​នឹង​ជួយ​ពលរដ្ឋ​យើងឲ្យ​ឈប់​ពឹង​ផ្អែក​លើ​ប្រព័ន្ធ​ទ្រទ្រង់​សុខុមាលភាព ហើយ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ធ្វើ​ការ ដើម្បី​កសាង​ប្រទេស​របស់​យើង ដោយ​ប្រើ​ស្នាដៃ និង​កម្លាំង​របស់​ពលរដ្ឋ​អាមេរិក។

យើង​នឹង​ប្រតិបត្តិ​តាម​លក្ខខណ្ឌ​សាមញ្ញ​ពីរ៖ ទិញ​ផលិតផល​អាមេរិក និង​ជួល​ជនជាតិ​អាមេរិក​ឲ្យ​ធ្វើ​ការ។ យើង​នឹង​ស្វែង​រក​មិត្តភាព និង​សុឆន្ទៈ នៅ​ក្នុង​ប្រទេស​នានា​ក្នុង​ពិភពលោក ប៉ុន្តែ​យើង​ធ្វើ​ឡើង​ជា​មួយ​នឹង​ការ​យោគយល់​ដែល​ថា វា​គឺ​ជា​សិទ្ធិ​របស់​ប្រទេស​ជាតិ​ទាំងអស់​ក្នុង​ការ​ដាក់​ផល​ប្រយោជន៍​របស់​ប្រទេស​ខ្លួន​ជា​អាទិភាព។

យើង​មិន​បង្ខំ​ក្នុង​ការ​បញ្ចូល​របៀប​រស់​នៅ​របស់​យើង​ទៅ​លើ​ជីវិត​របស់​នរណា​ម្នាក់​ឡើយ ប៉ុន្តែ​យើង​នឹង​ធ្វើ​ឲ្យ​របៀប​រស់​នៅ​របស់​យើង ចែង​ចាំង​ឡើង​ជា​ឧទាហរណ៍​សម្រាប់​ពួកគេ។

រូបឯកសារ៖ លោក ដូណាល់ ត្រាំ បានចាប់ដៃជាមួយ​នឹង​លោក បារ៉ាក់ អូបាម៉ា នៅ​ក្នុង​ពិធី​ស្បថ​ចូលកាន់តំណែង​ជា​ប្រធានាធិបតី​របស់​លោក នៅវិមានសភាអាមេរិក កាលពីថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក ដូណាល់ ត្រាំ បានចាប់ដៃជាមួយ​នឹង​លោក បារ៉ាក់ អូបាម៉ា នៅ​ក្នុង​ពិធី​ស្បថ​ចូលកាន់តំណែង​ជា​ប្រធានាធិបតី​របស់​លោក នៅវិមានសភាអាមេរិក កាលពីថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។

យើង​នឹង​ពង្រឹង​សម្ព័ន្ធ​ភាព​ចាស់ៗ​របស់​យើង​ឡើង​វិញ ព្រមទាំង​បង្កើត​ជា​សម្ព័ន្ធភាព​ថ្មីៗ និង​បង្រួប​បង្រួម​ពិភព​លោក ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​អ៊ីស្លាម​និយម​ជ្រុល ដែល​យើង​នឹង​លុប​បំបាត់​ឲ្យ​អស់​ចេញ​ពី​ផែន​ដី។

ហើយ​មូលដ្ឋាន​គ្រឹះ​នៃ​នយោបាយ​របស់​យើង​គឺ​ភក្ដីភាព​ទាំង​ស្រុង​លើ​សហរដ្ឋ​អាមេរិក​ ហើយ​តាម​រយៈ​ភាព​ស្មោះ​ត្រង់​របស់​យើង​ចំពោះ​ប្រទេសជាតិ​យើង យើង​នឹង​ស្វែងរក​ភាព​ស្មោះ​ត្រង់​ចំពោះ​គ្នា​ និង​គ្នា។

នៅ​ពេល​អ្នក​បើក​បេះដូង​ចំពោះ​ការ​ស្នេហាជាតិ អ្នក​នឹង​លែង​មាន​ការ​រើស​អើង​ក្នុង​ខ្លួនហើយ។ ព្រះ​គម្ពីរ​ប្រាប់​ពួក​យើង​ថា៖ វា​ពិត​ជា​ល្អ និង​សប្បាយ​រីករាយ​មែន​ទែន​នៅ​ពេល​ដែល​កូនចៅ​របស់​ព្រះ​រស់​នៅ​ជា​មួយ​គ្នា​ដោយ​សាមគ្គីភាព។

យើង​ត្រូវ​តែ​និយាយ​ចេញ​ពី​ចិត្ត​ដោយ​បើក​ចំហ ជជែក​ដេញ​ដោល​ពី​ការ​មិន​យល់​ស្រប​របស់​យើង​ដោយ​ភាព​ស្មោះត្រង់​ ប៉ុន្តែ​ត្រូវ​តែ​បន្ត​សាមគ្គីភាព។ នៅ​ពេល​ដែល​អាមេរិក​សាមគ្គី​គ្នា គ្មាន​នរណា​អាច​បញ្ឈប់​អាមេរិក​បាន​ឡើយ។ មិន​មាន​អ្វី​គួរ​ឲ្យ​ភ័យ​ខ្លាច​ឡើយ។ យើង​ត្រូវ​បាន​ការពារ ហើយ​យើង​នឹង​តែង​តែ​ត្រូវ​បាន​ការពារ​ជានិច្ច។

យើង​នឹង​ត្រូវ​បាន​ការពារ​ដោយ​បុរស​ និង​ស្រ្តីដ៏​ខ្លាំង​ពូកែ​ក្នុង​កង​យោធា និង​ប៉ូលិស​របស់​យើង។ ហើយ​អ្វី​ដែល​សំខាន់​បំផុត​គឺ យើង​នឹង​ត្រូវ​បាន​ការពារ​ដោយ​ព្រះ​ជាម្ចាស់។

ជា​ចុង​ក្រោយ យើង​ត្រូវ​តែ​គិត​គូរ​ឲ្យ​បាន​វែងឆ្ងាយ និង​សុបិន​ឲ្យ​បាន​កាន់​តែ​ធំ។ នៅ​ក្នុង​សហរដ្ឋអាមេរិក យើង​ដឹង​ថា​ជាតិ​មួយ​រស់​បាន​ ដរាប​ណា​ជាតិ​នោះ​ខំប្រឹង​ពុះពារ​តស៊ូ។

យើង​លែង​ទទួល​យក​បាន​ទៀត​ហើយ​នូវ​អ្នក​នយោបាយ​ណា​ដែល​បាន​តែ​មាត់ គ្មាន​សកម្មភាព ពូកែ​ខាង​ប្ដឹងតវ៉ា ប៉ុន្តែ​មិន​ធ្វើ​អ្វី​ទាំងអស់។ ពេលវេលា​សម្រាប់​សម្ដី​ខ្យល់​ត្រូវ​បាន​បញ្ចប់​ហើយ។ ឥឡូវ​នេះ​ដល់​ពេល​សម្រាប់​ការ​អនុវត្ត​ម្ដង។

សូម​កុំ​ឲ្យ​នរណា​ម្នាក់​ប្រាប់​អ្នក​ថា​កិច្ច​ការ​នេះ​មិន​អាច​ធ្វើ​បាន។ គ្មាន​បញ្ហា​ប្រឈម​ណា អាច​យក​ឈ្នះ​កម្លាំង​ចិត្ត ការ​ប្រយុទ្ធ​ និង​ដួង​ព្រលឹង​របស់​អាមេរិក​ឡើយ។ យើង​នឹង​មិន​បរាជ័យ​ឡើយ។ ប្រទេស​ជាតិ​យើង​នឹង​លូតលាស់ ហើយ​រីកចម្រើន​ម្ដង​ទៀត។

យើង​ឈរ​នៅ​ថ្ងៃ​កំណើត​នៃ​សហស្សវត្ស​រ៍ថ្មី ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បក​ស្រាយ​អាថ៌កំបាំង​នៅ​ក្នុង​អវកាស ដើម្បី​បញ្ចៀស​ផែនដី​ពី​ទុក្ខ​វេទនា​នៃ​ជំងឺ និង​ដើម្បី​ទាញ​យក​ថាមពល សម្រាប់​ប្រើ​ប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​នា​ពេល​អនាគត។

មោទនភាព​ជាតិ​ថ្មីនឹង​តម្រង់​ផ្លូវ​យើង បំភ្លឺ​ភ្នែក​យើង និង​ព្យាបាល​ការ​បែកបាក់​របស់​យើង។ វា​ជា​ពេល​ដែល​ត្រូវ​ចង​ចាំ​ថា វីរភាព​របស់​កង​ទ័ព​យើង​នឹង​មិន​ត្រូវ​បាន​បំភ្លេច​ឡើយ មិន​ថា​យើង​ជា​ជនជាតិ​ស្បែក​ខ្មៅ ត្នោត ឬ​ស​ឡើយ យើង​បង្ហូរ​ឈាម​ចេញ​មក​ នូវ​ឈាម​ក្រហម​នៃ​ការ​ស្នេហាជាតិ​ដូចគ្នា។ យើង​ទាំង​អស់​គ្នា​រីករាយ​ជា​មួយ​នឹង​សេរីភាព​ដ៏​អស្ចារ្យ ហើយ​យើង​ទាំង​អស់​គ្នា​គោរព​ទង់​ជាតិ​ដ៏​អស្ចារ្យ​របស់​អាមេរិក​យើង​ដូចគ្នា។

ហើយ​មិន​ថា​ទារក​ចាប់​កំណើត​នៅ​តំបន់​ប្រជុំ​ជន​ក្នុង​ទីក្រុង Detroit ឬ តំបន់​វាល​ទំនាប​ក្នុង​រដ្ឋ Nebraska ពួក​គេ​សម្លឹង​ទៅ​លើ​មេឃ​តែ​មួយ​ មាន​ក្ដី​សុបិន​ដូចគ្នា​ក្នុង​ក្រអៅ​បេះដូង​ ហើយ​បំពេញ​ដង្ហើម​ជីវិត​ដោយ​អ្វី​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​ដូច​គ្នា។

ដូច្នេះ​គ្រប់​ពលរដ្ឋ​អាមេរិក​ទាំងអស់​ មិន​ថា​នៅ​ក្នុង​ទីក្រុង​ជិត ឬ​ឆ្ងាយ តូច ឬ​ធំ ពី​ភ្នំ​មួយ ទៅ​ភ្នំ​មួយ ពី​សមុទ្រ​មួយ ទៅ​សមុទ្រ​មួយ សូម​អ្នក​ទាំង​អស់​គ្នា​ចង​ចាំ​ថា៖ អ្នក​នឹង​មិន​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ម្ដង​ទៀត​ទេ។

សំឡេង​របស់​អ្នក ក្ដី​សង្ឃឹម​របស់​អ្នក និង​សុបិន​របស់​អ្នក​នឹង​កំណត់​ជោគ​វាសនា​របស់​សហរដ្ឋអាមេរិក។ សេចក្ដីក្លាហាន និង​អំពើ​ល្អ ហើយ​នឹង​សេចក្ដី​ស្រឡាញ់​របស់​អ្នក នឹង​នាំ​អ្នក​ឲ្យ​ដើរ​ផ្លូវ​ត្រូវ​ជា​រៀង​រហូត។

យើង​ទាំង​អស់​គ្នា នឹង​ធ្វើ​ឲ្យ​អាមេរិក​ខ្លាំង​ម្ដង​ទៀត។

យើង​នឹង​ធ្វើ​ឲ្យ​អាមេរិក​មាន​ម្ដង​ទៀត។

យើង​នឹង​ធ្វើ​ឲ្យ​អាមេរិក​មាន​មោទនភាព​ម្ដង​ទៀត។

យើង​នឹង​ធ្វើ​ឲ្យ​អាមេរិក​មាន​សុវត្ថិភាព​ម្ដង​ទៀត​។

ហើយប្រាកដ​ណាស់ ទាំង​អស់​គ្នា យើង​នឹង​ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ​ម្ដង​ទៀត។

សូម​អរគុណ! សូម​ព្រះ​ជា​ម្ចាស់ ប្រទាន​ពរ​ដល់​អ្នក​ទាំង​អស់​គ្នា។ និង​សូម​ឲ្យ​ព្រះ​ជា​ម្ចាស់​ប្រទាន​ពរ​ដល់​សហរដ្ឋ​អាមេរិក៕

ប្រែសម្រួលដោយ សឿន វឌ្ឍនា

XS
SM
MD
LG