ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខួប២៥ឆ្នាំ​នៃកិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៖ បញ្ហា​សេសសល់ ​(ភាគទីបី)

  • ម៉ែន គឹមសេង

រូបឯកសារ៖ ​លោក​ Alan Lowenthal ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​បាតុករ​ដែល​មក​ពី​រដ្ឋ​នានា​នៃ​​សហរដ្ឋ​អាមេរិក ដែល​កំពុង​តែ​ជួបជុំ​គ្នា​តវ៉ា​នៅ​ខាងមុខ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ដើម្បី​សុំ​ឱ្យ​មាន​​​អន្តរាគមន៍​បញ្ឈប់​ការ​រំលោភសិទ្ធិ​មនុស្ស​នានា​ក្នុង​ប្រទេស​កម្ពុជា នៅរដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦។

រយៈពេល​២៥​ឆ្នាំ​ក្រោយ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ត្រូវ​បាន​ចុះ​ហត្ថលេខា​ កូន​សោរ​ពិតប្រាកដ​ក្នុង​ការ​ទាមទារ​ឱ្យ​បាន​លទ្ធិ​ប្រជាធិតេយ្យ​ និង​សេរីភាព​នៅ​កម្ពុជា​គឺ​ពលរដ្ឋ​កម្ពុជា។​

កំណត់​និពន្ធ៖ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​២៥​ឆ្នាំ​មុន បាន​នាំ​មក​នូវ​ការ​រីកចម្រើន​ និង​ការ​ទទួលស្គាល់​ជា​អន្តរជាតិ​ដល់​ប្រទេស​កម្ពុជា ដែល​ធ្លាប់​តែ​ហែកហួរ​ដោយសារ​សង្គ្រាម។ ប៉ុន្តែ​ ការ​អភិវឌ្ឍ​ក្នុង​រយៈពេល​នេះ​ក៏​បាន​មក​ដោយ​សារ​ការ​បណ្តេញ​ពលរដ្ឋ​ក្រីក្រ​ចេញ​ពី​លំនៅដ្ឋាន​ផងដែរ។ នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ ដូចជា​សិទ្ធិ​សេរីភាព​ នៅ​តែ​ជា​បញ្ហា​ប្រឈម។ រីឯ​បញ្ហា​ព្រំដែន​ត្រូវ​បាន​អ្នក​ជំនាញ​មើល​ឃើញ​ថា​ មិន​ត្រូវ​បា​នអនុវត្តតាមកិច្ចព្រមព្រៀងនោះនៅឡើយទេ។ លោក ម៉ែន គឹមសេង នៃវីអូអេ បានផលិតវីដេអូឯកសារដែលមានចំណងជើងថា«បញ្ហាសេសសល់‍»។ ខាងក្រោមនេះជាអត្ថបទភាគទីបីនៃសេចក្តីរាយការណ៍ ដែលមានបីភាគដកស្រង់ពីឯកសារវីដេអូនេះ។

រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦។
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ថ្លែង​នៅ​ក្នុង​វេទិកា​ថ្នាក់ជាតិ​លើកទីមួយ​ស្ដី​អំពី​«​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​ នៅ​វិមា​ន​សន្តិភាព នៅ​ថ្ងៃ​ច័ន្ទ ទី​២២​ ខែ​សីហា ឆ្នាំ​២០១៦។

...​ កង្វះខាត​នៃ​ការ​អនុវត្ត​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ កំពុង​នាំ​ឱ្យ​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​កំពុង​ខិតខំ​ឱ្យ​មាន​ការ​យកចិត្ត​ទុក​ដាក់​លើ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​ និង​ស្នើ​សុំ​ឱ្យ​ប្រទេស​ហត្ថលេខី​ជួប​ប្រជុំ​គ្នា ​ដើម្បី​ពិនិត្យ​មើល​លើ​ការ​អនុវត្ត។

លោកស្រី ​ចក់ សាខុន ​ប្រធាន​នៃ​ចលនា​ខ្មែរ​ម្ចាស់​ស្រុក​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង​ បាន​បញ្ជាក់​ក្នុង​បទសម្ភាស​ពិសេស​ជាមួយ​នឹង​វីអូអេ​ថា៖

«ខ្ញុំ​ថា​ បើសិនជា​រដ្ឋាភិបាល​ហ្នឹង​នៅ​តែ​ជា​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​នៅ​ក្រោម​អំណាច​យួន​ទេ​ ខ្ញុំ​ថា​គេ​អត់​មាន​ប្រយោជន៍​អ្វី​នឹង​ឱ្យ​ខ្មែរ​មាន​សិទ្ធិ​ទេ។ ទាល់តែ​រក​រដ្ឋាភិបាល​មួយ​ ដែល​បម្រើ​ប្រយោជន៍​ខ្មែរ​បាន​ធ្វើការ​កែលម្អ​ទៅបាន។ ចឹង​បាន​ខ្ញុំ​ថា​ឆ្នាំ​២០១៧ ​២០១៨​ហ្នឹង​ ខ្ញុំ​គ្មាន​សង្ឃឹម​ថា ​នឹង​មាន​ការ​កែលម្អ​រាស្ត្រ​ខ្មែរ​មាន​សុខ​តទៅទៀត​ទេ។ ខ្ញុំ​អត់​មាន​ជំនឿ​ទេ។ ដូច្នេះ​ហើយ​មាន​តែ​ប្រជា​ពលរដ្ឋ​គិត​ខ្លួន​ឯង​ទៅ​ថា​ធ្វើ​អ្វី​ផ្សេង​ពី​ហ្នឹង​ទៀត‍»។

យុទ្ធនាការ​នានា​បាន​កើត​មាន​ឡើង​នៅ​សហរដ្ឋ​អាមេរិក ​បារាំង​ និង​កាណាដា​ជាដើម។

លោក​ ទូច វិបុល ​ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរ-អាមេរិកាំង​បាន​បញ្ជាក់​ថា៖

«ដូច​បងប្អូន​យើង​បាន​ឃើញ​ហើយ​ថា​ គឺ​មាន​ការ​រួបរួម​គ្នា​ធ្វើ​ជា​បាតុកម្ម​នៅមុខ​សភា​សហរដ្ឋ​អាមេរិក​ក្តី​ នៅមុខ​សភា​អឺរ៉ុប​ក្តី ​ហើយ​នៅ​តាម​បណ្តា​ប្រទេស​នៅ​តាម​សហគមន៍​អឺរ៉ុប​នានា​ក្តី​ ដើម្បី​លើក​បញ្ហា​នេះ​ឱ្យ​បាន​ដឹង​បាន​ឮទៅ​ដល់​ប្រទេស​ដែល​ជា​ហត្ថលេខី​នៃ​កិច្ចព្រម​ព្រៀង​ទីក្រុង​ប៉ារីស​២៣តុលា​ហ្នឹង​ ដើម្បី​ឱ្យ​គេ​ពិនិត្យ​ឡើងវិញ ឬ​ក៏​យើង​ជំរុញ​ឱ្យ​គេ​គិត​គូរ​ពិចារណា​ឡើង​វិញ​ តាម​ឃ្លាំ​មើល​ការ​វិវត្តន៍​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស‍»។

រូបឯកសារ៖ បាតុករ​មក​ពី​រដ្ឋ​ជាច្រើន​ក្នុង​សហរដ្ឋ​អាមេរិក កំពុង​តែ​ជួបជុំ​គ្នា​តវ៉ា​នៅ​ខាងមុខ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ដើម្បី​សុំ​ឱ្យ​មាន​អន្តរាគមន៍​បញ្ឈប់​ការ​រំលោភសិទ្ធិ​មនុស្ស​នានា​ក្នុង​ប្រទេស​កម្ពុជា នៅរដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦។
រូបឯកសារ៖ បាតុករ​មក​ពី​រដ្ឋ​ជាច្រើន​ក្នុង​សហរដ្ឋ​អាមេរិក កំពុង​តែ​ជួបជុំ​គ្នា​តវ៉ា​នៅ​ខាងមុខ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ដើម្បី​សុំ​ឱ្យ​មាន​អន្តរាគមន៍​បញ្ឈប់​ការ​រំលោភសិទ្ធិ​មនុស្ស​នានា​ក្នុង​ប្រទេស​កម្ពុជា នៅរដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦។

គណបក្ស​ប្រឆាំង​ក៏​បាន​ស្នើ​សុំ​ឱ្យ​អង្គការ​សហប្រជាជាតិ​ដឹកនាំ​ការ​សើរើ​ពិនិត្យ​លើការ​អនុវត្ត​កិច្ចព្រម​ព្រៀង​នេះ​វិញ​ដែរ។​

លោក​ សម រង្ស៊ី​ បាន​បញ្ជាក់​ក្នុង​បទសម្ភាស​ មុន​ពេល​លោក​លាលែង​ចេញ​ពី​តំណែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ថា៖

«អង្គការ​សហ​ប្រជាជាតិ​ក៏​មាន​តួនាទី​ប្រមែ​ប្រមូល​រំលឹក​ធ្វើ​ម៉េច​ទំនាក់​ទំនង​សម្រប​សម្រួល​ឱ្យ​ប្រទេស​ជា​ហត្ថលេខី​ទាំងអស់​នោះ​ គឺធ្វើ​ការ​ជាមួយ​គ្នា​ផ្តួចផ្តើម​គំនិត​ណាមួយ​អ្វី​មួយ ​ដើម្បី​ឱ្យ​យើង​វិលត្រឡប់​ទៅ​រក​ស្មារតី​ទីក្រុង​ប៉ារីស។ ពេលនោះ​គឺ​ប្រទេស​យើង​បាន​សុខសន្តិភាព​ពិត​ប្រាកដ ​ហើយ​បាន​នូវ​អ្វី​ដែល​យើង​ហៅ​ថា​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ផង​ដែរ‍»។

លោក​ អ៊ីវ ឌុយម៉ុង​ អតីត​ប្អូនថ្លៃ​របស់​ព្រះបាទ​នរោត្តម​សីហនុ​ បាន​យល់​ស្រប​ថា​ គួរតែ​មាន​ការ​រៀបចំ​សន្និសីទ​មួយ​របស់​បណ្តា​ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រម​ព្រៀង​ប៉ារីស​ ដើម្បី​ពិនិត្យ​មើល​ការ​អនុវត្ត​កិច្ចព្រមព្រៀង​នោះ។

«ខ្ញុំ​ជា​អ្នក​ជំនួញ ​ហើយ​នៅក្នុង​របរ​ជំនួញ​នៅ​ពេល​ណា​ ដែល​អ្នក​ធ្វើ​សេចក្តី​ព្រម​ព្រៀង​អ្វី​មួយ​ គឺ​អ្នក​ធ្វើ​ការ​ប្រជុំ​ដើម្បី​ពិនិត្យ​មើល​កិច្ចព្រម​ព្រៀង​នោះ​ថា ​តើ​ត្រូវ​បាន​គេ​អនុវត្ត​តាម​ឬទេ? អ្វី​ដែល​នៅ​បាត់​បង់?​ ហើយ​តើ​យើង​ភ្លេច​អ្វី​ខ្លះ? តើ​យើង​គួរតែ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ទេ? កិច្ច​ព្រម​ព្រៀង​ស្ថិត​នៅ​ជានិច្ច​ នៅ​ពេល​ដែល​អ្នក​ចុះ​ហត្ថលេខា​ហើយ​ក្នុង​ករណី​នេះ​ វាហាក់​ដូច​ជា​កិច្ចព្រមព្រៀង​បាន​ស្លាប់​ហើយ។ វា​មិន​ទាន់​ស្លាប់​ទេ។ គេ​មិន​គួរ​ធ្វើ​អីចឹង​ទេ‍»។

លោក​ ឌុយម៉ុង ​យល់​ថា ​បើ​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣ ​ព្រះបាទ​នរោត្តម​សីហនុ ​ត្រូវ​បាន​ថ្វាយ​តំណែង​ជា​អ្នក​កាន់​អំណាច​នៅ​អង្គនីតិ​ប្រតិបត្តិ ​គឺ​ស្ថានការណ៍​អាច​នឹង​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​នេះ៖

«ខ្ញុំ​គិត​ថា​ ព្រះអង្គ​គឺ​ជា​មនុស្ស​ដ៏​អស្ចារ្យ។ គ្មាន​អ្នកណា​ការពារ​មាតុភូមិ​របស់​ព្រះអង្គ​បាន​ល្អ​ជាង​ព្រះអង្គ​ទេ។ ប្រហែល​ជា​មាន​តែ​លោក​ឧត្តមសេនីយ៍ ​ដឺហ្កោល ​ឬ​លោក​ឆឺចឈីល ​ទេ​ដែល​អាច​ប្រៀបធៀប​ជាមួយ​នឹង​ព្រះអង្គ​បាន។ បើ​ព្រះអង្គ​កាន់​អំណាច​កិច្ចព្រមព្រៀង​ប៉ារីស​ នឹង​មាន​មុខ​មាត់​ថ្មី ​ហើយ​ខ្ញុំ​ជឿ​ជាក់​ថា​ អ្វីៗ​នឹង​បាន​ល្អ​ជាង​ពេល​បច្ចុប្បន្ន​នេះ​សម្រាប់​ប្រទេស​កម្ពុជា ​ប្រសិនបើ​ព្រះបាទ​សីហនុ​មាន​អំណាច​មក​អនុវត្ត​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស‍»។

ប៉ុន្តែ​ សម្រាប់​លោក ជុំ ប៊ុនរ៉ុង ​ឯកអគ្គរាជទូត​ខ្មែរ​យល់​ថា ​មូលដ្ឋាន​ដែល​កិច្ចព្រមព្រៀង​បាន​ដាក់​ចេញ​កំពុងតែ​ដំណើរការ​ល្អ​ហើយ។​

«វា​គ្មាន​ចំណុច​ណា​ត្រូវ​វិល​ត្រឡប់​ទៅ​រក​សេចក្តី​ព្រាង​ដើម​នោះ​ទេ។ សេចក្តី​ព្រាង​ដើម​វា​ជា​គោល​មួយ​សម្រាប់​ឱ្យ​យើង​ធ្វើ​ល្អ​នៅ​ទីបញ្ចប់។ នៅក្នុង​ការអនុវត្ត​ជា​បន្តបន្ទាប់​មក​នេះ។ អីចឹង​ខ្ញុំ​ឃើញ​ថា ​វាល្អ​មក​ហើយ​នៅក្នុង​ការអនុវត្ត​កន្លង​មក​នេះ​ គ្មាន​រឿងអ្វី​ដែល​ថា​អាក្រក់​អាច​នឹង​ធ្វើ​ឱ្យ​គេ​មិន​ពេញ​ចិត្ត​នោះ​ទេ។ មាន​តែ​អ្នក​ប្រឆាំង​ អ្នក​ដែល​ចង់​រក​ចំណេញ​ពី​បញ្ហា​នោះ​ទេ​ដែល​ថា​មិន​ល្អ‍»។

ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (អូន ឆេងប៉រ/VOA)
ប្រជាពលរដ្ឋ​ខេត្ត​កោះកុង ​ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​សមាជិក​ព្រឹទ្ធសភា ​លី​ យ៉ុងផាត់ ​ឡើង​មក​តវ៉ា​សុំ​ដំណោះ​ស្រាយ​ពី​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន ​នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១៧។ (អូន ឆេងប៉រ/VOA)

ជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែរ​ ប្រទេស​ម្ចាស់​ជំនួយ​បាន​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​ជាច្រើន​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ​ដើម្បី​ផ្តល់​ជំនួយ​ស្តារ​កម្ពុជា។ ការណ៍​នេះ​នាំ​ឱ្យ​បណ្តា​បស្ចិម​ប្រទេស​មាន​ឥទ្ធិពល​ក្នុង​ការសម្តែង​ការព្រួយ​បារម្ភ​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​នានា​ ប៉ុន្តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​ចិន​កាន់តែ​កៀក​គ្នា​កាន់​តែ​ខ្លាំង។ ចិន​បាន​ផ្តល់​ជំនួយ​សេដ្ឋកិច្ច ​និង​យោធា​ដោយ​មិន​មាន​ភ្ជាប់​លក្ខខណ្ឌ​ឱ្យ​គោរព​សិទ្ធិមនុស្ស​ ដូច​ក្រុម​បស្ចិម​ប្រទេស​ទេ​ ដែល​នាំ​ឱ្យ​ឥទ្ធិពល​បស្ចិម​ប្រទេស​កាន់​តែ​ថយ​ចុះ។

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ចិន​ ស៊ី ជិនពីង ​ទៅ​កម្ពុជា​នៅ​ពាក់​កណ្តាល​ខែ​តុលា​ ភាគី​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ចំនួន​៣១ ​ដែល​មាន​ទឹកប្រាក់​ចំនួន​២៣៧​លាន​ដុល្លារ។ ហើយ​ក៏​មាន​ការលុប​ចោល​បំណុល​ជិត​៩០​លាន​ដុល្លារ។

បណ្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​រហូត​ដល់​៤,៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៥។

ក្នុង​ឆ្នាំ​២០១០ ​សហរដ្ឋ​អាមេរិក​បាន​ព្យួរ​ជំនួយ​រថយន្ត​យោធា​ចំនួន​២០០​គ្រឿង​ទៅ​ប្រទេស​កម្ពុជា​ ដោយសារតែ​រដ្ឋាភិបាល​ភ្នំពេញ​បាន​បណ្តេញ​ជនជាតិ​ចិន​វីហ្ក័រ​ ដែល​មកសុំ​សិទ្ធិ​ជ្រក​កោន​ទៅចិន​វិញ។ ប៉ុន្តែ​ជំនួស​វិញ​ចិន​បាន​ជួយ​រថយន្ត​យោធា​ចំនួន​២៥៦គ្រឿង​ និង​ឯកសណ្ឋាន​យោធា​ចំនួន​៥០.០០០​កំប្លេ​ដល់​កម្ពុជា។

រូបឯកសារ៖ សិស្សានុសិស្ស​រាប់រយ​នាក់កាន់​រូបថត​ប្រធានា​ធិបតី​ចិន​ Xi Jinping​ និង​សម្ដេច​ព្រះបរមនាថ​នរោត្តម​សីហមុនី ស្វាគមន៍​លោក​ក្នុងទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជារបស់​លោក​ប្រធានាធិបតី​ចិន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែ​តុលា​ ឆ្នាំ​២០១៦។
រូបឯកសារ៖ សិស្សានុសិស្ស​រាប់រយ​នាក់កាន់​រូបថត​ប្រធានា​ធិបតី​ចិន​ Xi Jinping​ និង​សម្ដេច​ព្រះបរមនាថ​នរោត្តម​សីហមុនី ស្វាគមន៍​លោក​ក្នុងទស្សន​កិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជារបស់​លោក​ប្រធានាធិបតី​ចិន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែ​តុលា​ ឆ្នាំ​២០១៦។

នេះ​ជា​សច្ចភាព​នយោបាយ​មួយ​ ដែល​លោក​ខ្លូត ម៉ាតាំង ​អតីត​ឯក​អគ្គរដ្ឋ​ទូត​បារាំង​យល់​ថា​ ពិបាក​នឹង​វិល​ទៅរក​ស្ថានភាព​ឆ្នាំ​១៩៩១​ឡើង​វិញ៖​

«ប៉ុន្តែ​ជាថ្មី​ម្តងទៀត​ ការទូត​គឺ​ជា​សិល្បៈ​នៃ​ការ​ប្រើ​ប្រាស់​ស្ថានភាព​ជាក់ស្តែង។ បច្ចុប្បន្ន​នេះ​ តើ​នៅ​មាន​ប្រទេស​ណា​គាំទ្រ​គំនិត​នេះ​ទៀត។ ប្រទេស​ចិន​យល់​ច្បាស់​ហើយ​ថា ​លោក ហ៊ុន សែន ​នឹង​នៅ​កាន់​អំណាច​យូរ​ឆ្នាំទៀត​ ហើយ​ពួកគេ​បាន​វិនិយោគ​ច្រើន​នៅ​កម្ពុជា​ ដោយ​មាន​ផលប្រយោជន៍​សេដ្ឋកិច្ច​នៅ​ទីក្រុង​ភ្នំពេញ។ ប្រទេស​ថៃ​ក៏​មាន​កិច្ចព្រមព្រៀង​ជាមួយ​នឹង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ អំពី​ធនធាន​ធម្មជាតិ​ និង​ព្រំដែន។ ប្រទេស​ជិតខាង​រីករាយ​នឹង​ស្ថានភាព​ដែល​កំពុង​មាន​នេះ។ អ្នក​ដែល​មិន​សប្បាយ​ចិត្ត​គឺ​ពលរដ្ឋ​កម្ពុជា។ ប៉ុន្តែ ​តើ​ពួកគេ​មាន​សម្ព័ន្ធ​មិត្ត​មកពី​ណា? ហើយ​តើ​ពលរដ្ឋ​ប្រភេទ​ណា​ដែល​ពួកគេ​អាច​ប្រើ​ប្រាស់​បាន​ ដើម្បី​ដឹកនាំ​ក្នុង​ការ​ប្រយុទ្ធ​ដើម្បី​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​ក្នុង​ប្រទេស​កម្ពុជា?‍»

អ្វីដែល​ប្រទេស​ហត្ថលេខី​អាច​ធ្វើ​បាន​ គឺ​ការ​ផ្ញើ​សារ​ជា​ប្រចាំ​ឆ្នាំ​ដល់​រដ្ឋាភិបាល​កម្ពុជា​ថា​ អ្វី​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា ​គឺ​ខុស​ពី​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ហើយ។ នេះ​បើ​តាម​ការ​ស្នើឡើង​របស់​លោក ម៉ាតាំង ​ប៉ុន្តែ​សូម្បី​តែ​ធ្វើ​ដូចនេះ​ក៏​ជា​ការពិបាក។

លោក​ ខ្លូត ម៉ាតាំង​ បាន​បន្ថែម​ថា៖

«ប៉ុន្តែ​ តើ​ពលរដ្ឋ​ តើ​ប្រទេស​នៅ​ជុំវិញ​កម្ពុជា​ពិត​ជា​ត្រៀម​លក្ខណៈ​ក្នុង​ការ​ដាក់​សម្ពាធ​មក​លើ​លោក ​ហ៊ុន សែន ​ហើយ​ឬនៅ​ដើម្បី​ឱ្យ​គាត់​ប្តូរ​ជំហរ​ ប្តូរ​វិធី​សាស្រ្ត? គឺ​ខ្ញុំ​ពិតជា​មាន​ទុទ្ទិដ្ឋិនិយម​ខ្លាំង​ណាស់។ ប៉ុន្តែ​ ខ្ញុំ​គិត​ថា​ វា​អាស្រ័យ​លើ​ពលរដ្ឋ​កម្ពុជា​ក្នុង​ការ​តស៊ូ​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​ពី​ខាង​ក្នុង​មក​វិញ។ ប៉ុន្តែ​ ការណ៍​នេះ​នឹង​មិនកើត​ឡើង​នៅ​ថ្ងៃ​ស្អែក​ខានស្អែក​ទេ ​ប៉ុន្តែ​ថ្ងៃនោះ​នឹង​មក​ដល់‍»។

រូបឯកសារ៖ កម្មករប្រុសស្រី​ចូលរួម​ទិវាពលកម្មអន្តរជាតិនៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥។
រូបឯកសារ៖ កម្មករប្រុសស្រី​ចូលរួម​ទិវាពលកម្មអន្តរជាតិនៅរាជធានី​ភ្នំពេញ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៥។

រយៈពេល​២៥​ឆ្នាំ​ក្រោយ​ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ត្រូវ​បាន​ចុះ​ហត្ថលេខា​ កូន​សោរ​ពិតប្រាកដ​ក្នុង​ការ​ទាមទារ​ឱ្យ​បាន​លទ្ធិ​ប្រជាធិតេយ្យ​ និង​សេរីភាព​នៅ​កម្ពុជា​គឺ​ពលរដ្ឋ​កម្ពុជា។​

សកម្មជន​អង្គការ​សង្គម​ស៊ីវិល ​ដូច​ជា​លោកស្រី ​ពុង​ ឈីវកេក យល់​ថា​ ការ​ចាប់​យក​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ជា​ដៃគូ​ពិត​ប្រាកដ​របស់​រដ្ឋាភិបាល​ ក៏​នឹង​ជួយ​ជំរុញ​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស​ផង​ដែរ។

បើទោះបី​ជា​រយៈ​ពេល​២៥ឆ្នាំ​កន្លង​មកនេះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​បាន​អ្នកវិភាគ​ និង​សកម្មជន​នានា​មើល​ឃើញ​ថា​ នៅ​មិនទាន់​បាន​សម្រេច​ទាំងស្រុង​ក៏​ដោយ​ ក៏ប៉ុន្តែ​ពួកគេ​សង្ឃឹម​ថា​ សម្រាប់​រយៈពេល​ខាង​មុខ​តទៅទៀត​នេះ​តាម​រយៈ​ការ​ចង់​បាន​ការ​ទាមទារ​ ការ​តវ៉ា​របស់​ពលរដ្ឋ​ខ្មែរ ​និង​សហគមន៍​នានា​ព្រម​ទាំង​សកម្មជន​នានា​សហគមន៍​អន្តរជាតិ ​នឹង​យក​ចិត្ត​ទុក​ដាក់​ទៅលើ​បញ្ហា​របស់​គេ​នឹង​ជួយ​ដោះស្រាយ​ធ្វើ​យ៉ាងណា​ ឱ្យ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ​សម្រេច​បាន​ទាំង​ស្រុង៕

(រាយការណ៍​បន្ថែម​ដោយ​លោក​ សុខ ខេមរា ​ពី​សហរដ្ឋ​អាមេរិក​ និង​លោក​ នៅ វណ្ណារិន ពី​ប្រទេស​កម្ពុជា)

អត្ថបទ​ទាក់ទង

XS
SM
MD
LG