ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ខួប​២៥ឆ្នាំ​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៖ បញ្ហា​សេសសល់ ​(ភាគទីមួយ)

  • ម៉ែន គឹមសេង

រូបភាព​ទិដ្ឋភាព​ទូទៅ​នៅ​សន្និសីទ​ស្តី​ពី​សន្តិភាព​​នៅ​កម្ពុជា​ដែល​​ធ្វើ​ឡើងនៅ​ទី​ក្រុង​ប៉ារីស ​ប្រទេស​បារាំង​កាល​ពី​​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។

កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃទី​២៣ខែ​តុលា ​ឆ្នាំ​១៩៩១​ ដោយ​ភាគី​ខ្មែរ​ចំនួន​បួន​ គឺ​ក្រុម​អ្នក​តស៊ូ​ដែល​មាន​ក្រុមរាជានិយម​ហ៊្វុនស៊ីនប៉ិច ដឹកនាំ​ដោយ​សម្តេច​ព្រះ​នរោត្តម សីហនុ ​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​លោក​ សឺន សាន ​ក្រុម​ខ្មែរ​ក្រហម ​និង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ ដែល​លើក​បន្តុប​ដោយ​វៀតណាម។​

កំណត់​និពន្ធ៖ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ដែល​បាន​ចុះ​ហត្ថលេខា​កាល​ពី​២៥​ឆ្នាំ​មុន បាន​នាំ​មក​នូវ​ការ​រីកចម្រើន​ និង​ការ​ទទួលស្គាល់​ជា​អន្តរជាតិ​ដល់​ប្រទេស​កម្ពុជា ដែល​ធ្លាប់​តែ​ហែកហួរ​ដោយសារ​សង្គ្រាម។ ប៉ុន្តែ​ ការ​អភិវឌ្ឍ​ក្នុង​រយៈពេល​នេះ​ក៏​បាន​មក​ដោយ​សារ​ការ​បណ្តេញ​ពលរដ្ឋ​ក្រីក្រ​ចេញ​ពី​លំនៅដ្ឋាន​ផងដែរ។ នៅ​មាន​កិច្ចការ​ជាច្រើន​ទៀត​ ដូចជា​សិទ្ធិ​សេរីភាព​ នៅ​តែ​ជា​បញ្ហា​ប្រឈម។ រីឯ​បញ្ហា​ព្រំដែន​ត្រូវ​បាន​អ្នក​ជំនាញ​មើល​ឃើញ​ថា​ មិន​ត្រូវ​បាន​អនុវត្ត​តាម​កិច្ចព្រមព្រៀង​នោះ​នៅ​ឡើយ​ទេ។ លោក​ ម៉ែន គឹមសេង​ នៃ​វីអូអេ​ បាន​ផលិត​វីដេអូ​ឯកសារ​ដែល​មាន​ចំណងជើង​ថា​«បញ្ហា​សេសសល់‍»។ ​ខាងក្រោម​នេះ​ជា​អត្ថបទ​ភាគទីមួយ​នៃ​សេចក្តី​រាយការណ៍​ ដែល​មានបី​ភាគ​ដក​ស្រង់​ពី​ឯកសារ​វីដេអូ​នេះ។

… ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​២៥ឆ្នាំ​ក្រោយ​ពី​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ បាន​នាំ​ឱ្យ​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ ការ​រីកចម្រើន​សេដ្ឋកិច្ច ​និង​ការ​អភិវឌ្ឍន៍។

ប៉ុន្តែ ការ​អភិវឌ្ឍន៍​ខ្លះបាន​មក​ដោយសារ​ការ​បណ្តេញ​ពលរដ្ឋ​ក្រីក្រ​ចេញ​ពី​លំនៅដ្ឋាន។ ​រីឯ​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​ការ​លើក​កម្ពស់​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​មាន​ចែង​នៅក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ នៅតែ​ជា​ការ​ព្រួយ​បារម្ភ។

ក្នុង​ចំណោម​អ្នក​សម្តែង​ការព្រួយ​បារម្ភ​នេះ​ គឺ​មាន​លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា។

រូបឯកសារ៖ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លើក​ដៃស្វាគមន៍​អ្នក​គំាទ្រ​នៅ​ពេល​ដែល​លោក​បាន​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លើក​ដៃស្វាគមន៍​អ្នក​គំាទ្រ​នៅ​ពេល​ដែល​លោក​បាន​ចេញ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។

លោក​ សម រង្ស៊ី​ បាន​បញ្ជាក់​ក្នុង​បទសម្ភាស​ជាមួយ​នឹង​វីអូអេ​ មុន​ពេល​លោក​លាលែង​ចេញ​ពី​តំណែង​ប្រធាន​គណបក្ស​ថា៖

«អ្វី​ដែល​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ​បាន​បញ្ជាក់​ហើយ​ឱ្យ​ខ្មែរ​អនុវត្ត​គោរព​ជា​រៀង​រហូត​ គឺលទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស។ ឥឡូវ​ប្រជាធិបតេយ្យ​ក៏អត់​ សេរី​ក៏​អត់ ​ពហុបក្ស​ក៏អត់។ អត់​មាន​ប្រជាធិបតេយ្យ​ គឺ​យើង​វិល​ត្រឡប់​ទៅរក​អំណាច​ផ្តាច់ការ​វិញ ​មិនមែន​ជា​សេរី ​យើង​អត់​មាន​សេរីភាព​ទេ​ គឺ​បាត់​បង់​អស់​សិទ្ធិ​សេរីភាព​ជាមូលដ្ឋាន ​ហើយ​ពហុបក្ស​គឺ​អត់​មាន​ពហុបក្ស​ទេ​ គឺ​ឯកបក្ស ​គឺបក្ស​តែមួយ ​ហើយ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​ គឺ​បុគ្គល​តែ​ម្នាក់។ អីចឹង​ហើយ​វា​ឆ្ងាយ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​មែនទែន‍»។

បន្ទាប់ពី​ការ​ចរចា​ដ៏​តឹងតែង​ជាច្រើន​ឆ្នាំ កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃទី​២៣ខែ​តុលា ​ឆ្នាំ​១៩៩១​ ដោយ​ភាគី​ខ្មែរ​ចំនួន​បួន​ គឺ​ក្រុម​អ្នក​តស៊ូ​ដែល​មាន​ក្រុមរាជានិយម​ហ៊្វុនស៊ីនប៉ិច ដឹកនាំ​ដោយ​សម្តេច​ព្រះ​នរោត្តម សីហនុ ​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​លោក​ សឺន សាន ​ក្រុម​ខ្មែរ​ក្រហម ​និង​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ ដែល​លើក​បន្តុប​ដោយ​វៀតណាម។​

ប្រទេស​ចំនួន​១៨​ រួម​ទាំង​មហាអំណាច​ទាំង៥​ ដែល​មាន​សហរដ្ឋ​អាមេរិក​ ចិន ​អង់គ្លេស ​បារាំង​និង​រុស្ស៊ី ​បាន​ជួយ​ជ្រោមជ្រែង​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង​នេះ។

អង្គការ​សហ​ប្រជាជាតិ​បាន​ចំណាយ​ថវិកា​ជាង​មួយ​ពាន់​ប្រាំ​រយ​លាន​ដុល្លារ ​ចន្លោះ​ពី​ឆ្នាំ​ខែ​វិច្ឆិកា​ឆ្នាំ១៩៩១ ​ដល់​ខែ​កញ្ញា​ឆ្នាំ​១៩៩៣ ​និង​ប្រើ​ប្រាស់​កងកម្លាំង​ស៊ីវិល ​និង​យោធា​ជាង​២ម៉ឺននាក់​ ដើម្បី​បញ្ចប់​សង្គ្រាម​រវាង​ខ្មែរ​និង​ខ្មែរ ​ការ​គ្រប់គ្រង​របស់​វៀតណាម ​និង​នាំ​យក​លទ្ធិ​ប្រជាធិបតេយ្យ​មក​កម្ពុជា។

កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ តម្រូវ​ឱ្យ​គ្រប់​ភាគី​ទាំងអស់​ទម្លាក់​អាវុធ​ហើយ​អាជ្ញាធរ​បណ្តោះ​អាសន្ន​មួយ​របស់​អង្គការ​សហប្រជាជាតិ​ហៅ​ថា​អ៊ុនតាក់​ ត្រូវ​គ្រប់គ្រង​ប្រទេស​កម្ពុជា​ រៀប​ចំ​ការធ្វើ​មាតុភូមិ​និវត្តន៍​ជនភៀសខ្លួន​ចំនួន​៣៥០.០០០នាក់​ និង​រៀបចំ​ការបោះឆ្នោត​មួយ។ ប៉ុន្តែ​ការអនុវត្ត​មិន​បាន​ជោគជ័យ​ទាំងស្រុង​ទេ។

រូបឯកសារ៖ លោក សឺន ស៊ូប៊ែរ្តិ៍ ​អតីតសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ និង​បច្ចុប្បន្ន​ជាទីប្រឹក្សា​ផ្ទាល់​នៃ​ព្រះ​មហាក្សត្រ​សម្ដេច​នរោត្តម​សីហមុនី​ថ្លែង​ទៅ​កាន់​ព្រះសង្ឃ​និង​អ្នក​ចូលរួមប្រមាណ​ជាង​៧០០​នាក់​នៅ​វត្តចាស់​នៃ​រាជធានី​ភ្នំពេញ នៅថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក សឺន ស៊ូប៊ែរ្តិ៍ ​អតីតសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ និង​បច្ចុប្បន្ន​ជាទីប្រឹក្សា​ផ្ទាល់​នៃ​ព្រះ​មហាក្សត្រ​សម្ដេច​នរោត្តម​សីហមុនី​ថ្លែង​ទៅ​កាន់​ព្រះសង្ឃ​និង​អ្នក​ចូលរួមប្រមាណ​ជាង​៧០០​នាក់​នៅ​វត្តចាស់​នៃ​រាជធានី​ភ្នំពេញ នៅថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ២០១៦។

លោក សឺន សូប៊ែរិ៍ ​អតីត​អនុប្រធាន​រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ ​ហើយ​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ អះអាង​ថា​ មាន​តែ​ភាគី​ខាង​លោក​ និង​ហ៊្វុនស៊ិនប៉ិច​ទេ​ ដែល​អនុវត្ត​បាន​ត្រឹមត្រូវ៖

«បើថា​ជោគជ័យ​ចំពោះ​ការ​រៀបចំ​ការ​បោះឆ្នោត​ហ្នឹង​ប្រហែល​មែន ​ក៏​ប៉ុន្តែ​អ្វីៗ​ទៀត​ដែល​សំខាន់​ក្នុង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ គឺ​ទីមួយ​ប្រមូល​កងទ័ព​ទាំង​បួន​ភាគី​ហ្នឹង​ ដក​កាំភ្លើង​និង​រំសាយ។ ហ្នឹង​អ៊ុនតាក់​អត់ ​បាន​អនុវត្ត​ត្រឹម​ត្រូវ​ មិន​ថា​អត់​អនុវត្ត​ត្រឹមត្រូវ​ផង​ វាអត់​បាន​អនុវត្ត​បណ្តោយ‍»។

ដំបូង​គឺ​ក្រុម​ខ្មែរក្រហម​ជាអ្នក​ ដែល​បាន​បដិសេធ​មិនព្រម​ដាក់​អាវុធ​ ដែល​នេះ​ផ្តល់​ជា​លេស​ឱ្យ​ភាគី​ក្រុង​ភ្នំពេញ​របស់​លោក​ ហ៊ុន សែន​ មិន​ព្រម​ដាក់​អាវុធ​ដែរ។​

លោក​ ខ្លូត ម៉ាតាំង ​អតីត​ឯកអគ្គរដ្ឋ​ទូត​បារាំង​ ដែល​បាន​ចូលរួម​រៀបចំ​ដំណើរ​ការ​កិច្ច​ចរចា​តាំងពី​ឆ្នាំ​១៩៨៧​ បាន​ទទួល​ស្គាល់​ពី​បរាជ័យ​លើ​ផ្នែក​នេះ។

នៅក្នុង​បទសម្ភាស​ពិសេស​ជាមួយ​នឹង​វីអូអេ ​លោក​ ម៉ាតាំង ​បាន​បញ្ជាក់​ថា៖​

«ពេល​ដែល​លោក ខៀវ សំផន ​និង​អ្នកដទៃ​ទៀត​បាន​មក​ទីក្រុង​ភ្នំពេញ​ដូច​ដែល​លោក​បាន​ដឹង​ហើយ​ថា​ មាន​ក្រុម​កុប្បករ​បាន​វាយ​ប្រហារ​មក​លើ​គាត់​ ក្នុង​ស្ថានការណ៍​ដែល​មិន​ដឹង​ច្បាស់លាស់។ ដូច្នេះ ​ពួកគេ​បាន​រត់ភៀស​ខ្លួន​ត្រឡប់​ទៅ​តំបន់​ខ្មែរ​ក្រហម​វិញ​ ហើយ​ខ្មែរក្រហម​ បាន​និយាយ​ថា ​យើង​នឹង​នៅ​បន្ត​ប្រយុទ្ធ​តទៅ​ទៀត ​ហើយ​យើង​មិន​យល់​ព្រម​ទទួល​យក​ការ​បោះឆ្នោត​នៅ​ក្នុង​តំបន់​របស់​យើង​ទេ។ ដូច្នេះ​ ផ្នែក​ដ៏​សំខាន់​មួយ​នៃ​កិច្ចព្រមព្រៀង​មិន​ត្រូវ​បាន​អនុវត្ត​ទេ‍»។

លោក​ ខៀវ សំផន ​ដែល​តំណាង​ឱ្យ​ភាគី​ខ្មែរ​ក្រហម​ បាន​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​ភ្នំពេញ​ ដើម្បី​ចូលរួម​ប្រជុំ​ក្នុង​នាម​ជា​សមាជិក​នៃ​ឧត្តម​ក្រុមប្រឹក្សា​ជាតិ​ជាន់​ខ្ពស់​ដែល​ដឹកនាំ​ដោយ​សម្តេច​ព្រះនរោត្តម​សីហនុ។ ប៉ុន្តែ​ត្រូវ​ក្រុម​កុប្បករ​វាយ​ឱ្យ​រង​របួស។

អ៊ុនតាក់ ​ក៏​មិន​បាន​គ្រប់​គ្រង​លើ​ក្រសួង​សំខាន់ៗ​មួយ​ចំនួន ​ដូច​ជា​ហិរញ្ញវត្ថុ ​និង​មហាផ្ទៃ​ទេ។

រូបឯកសារ៖ ព្រះសង្ឃ​ដាក់​សន្លឹកឆ្នោត​ចូល​ក្នុងហិបនៅ​ស្ថានីយ៍​បោះឆ្នោត​មួយកន្លែង​នៅ​វត្តថាន់ក្នុង​ក្រុង​ភ្នំពេញ កាល​ពីថ្ងៃអាទិត្យ ទី៣ ខែមិថុនា ២០១២។
រូបឯកសារ៖ ព្រះសង្ឃ​ដាក់​សន្លឹកឆ្នោត​ចូល​ក្នុងហិបនៅ​ស្ថានីយ៍​បោះឆ្នោត​មួយកន្លែង​នៅ​វត្តថាន់ក្នុង​ក្រុង​ភ្នំពេញ កាល​ពីថ្ងៃអាទិត្យ ទី៣ ខែមិថុនា ២០១២។

យ៉ាងណា​ក៏ដោយ​ ការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣​ មាន​អ្នក​ចូលរួម​ជិត​៩០ភាគរយ ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​បោះឆ្នោត​ ដោយ​ផ្តល់​ជ័យ​ជម្នះ​ទៅលើ​ក្រុម​រាជានិយម​ហ៊្វុនស៊ិនប៉ិច។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ​ហ៊ុន សែន​ ចាញ់​ដោយ​ទទួល​បាន​អាសនៈ​តែ​៥១ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​ឈ្នះ​បាន​៥៨​អាសនៈ ​គណបក្ស​របស់​លោក ​សឺន សាន​ទទួលបាន​ ១០​អាសនៈ​ និង​គណបក្ស​មូលីណាកា​ និង​អ្នក​តស៊ូ​ខ្មែរ​ទទួល​បាន​មួយ​អាសនៈ​ក្នុង​សភាជាតិ​ ដែល​មាន​១២០​អាសនៈ។

ប៉ុន្តែ​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​បដិសេធ​មិន​ព្រម​ប្រគល់​អំណាច។

លោក ​ខ្លូត ម៉ាតាំង ​បន្ថែម​ថា៖​

«បន្ទាប់ពី​ក្រុម​រាជានិយម​របស់​ព្រះអង្គម្ចាស់​រណឫទ្ធិ​ បាន​ឈ្នះ​ឆ្នោត​ ហើយ​អាច​មាន​លទ្ធភាព​ក្នុង​ការ​រៀបចំ​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​នឹង​ភាគី​ដទៃទៀត​ ដូច​ជា​គណបក្ស​លោក ​សឺន សាន ​និង​បក្ស​ដទៃ​ទៀត​ ដោយ​មិន​បញ្ចូល​លោក ​ហ៊ុន សែន ​នោះ​ហើយ​នៅ​ពេល​ដែលលោក​ ហ៊ុន សែន ​ថា ​ខ្ញុំ​នៅ​កាន់​អំណាច​ហើយ​មិន​ចុះ​ចេញ​ទេ​ គឺ​ប្រទេស​ដែល​ចុះ​ហត្ថលេខា​ទាំងអស់​ ត្រូវ​តែ​និយាយ​អ្វី​មួយ​ គឺ​មិនមែន​ត្រូវ​តែ​ទទួល​តាម​ទេ‍»។

ព្រះបាទ​នរោត្តម​សីហនុ​ ដែល​នៅ​មិនទាន់​ឡើង​សោយរាជ្យ​វិញ​នៅ​ឡើយ ​បាន​ខិតខំ​ប្រឹងប្រែង​ផ្សះផ្សា​ដោយ​ស្នើ​ឡើង​នូវ​រូបមន្ត​នៃ​ការ​បែងចែក​អំណាច​គ្នា​ដោយ​ព្រះអង្គម្ចាស់​នរោត្តម​ រណឫទ្ធិ​ ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច​ ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​ទីមួយ​ និង​លោក ​ហ៊ុន សែន ​ជា​នាយក​រដ្ឋមន្ត្រី​ទីពីរ។

អតីតឯកអគ្គរដ្ឋទូតបារាំង Claude Martin រៀបរាប់ពី​ដំណើរការចរចា​សន្តិភាព​និង​ទស្សនៈ​របស់​លោក​ពីការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភា​ព​ទីក្រុង​ប៉ារីស​ក្នុង​រយៈពេល​២៥ឆ្នាំ​កន្លង​មកនេះ។ (ពិន ស៊ីសុវណ្ណ/VOA)
អតីតឯកអគ្គរដ្ឋទូតបារាំង Claude Martin រៀបរាប់ពី​ដំណើរការចរចា​សន្តិភាព​និង​ទស្សនៈ​របស់​លោក​ពីការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភា​ព​ទីក្រុង​ប៉ារីស​ក្នុង​រយៈពេល​២៥ឆ្នាំ​កន្លង​មកនេះ។ (ពិន ស៊ីសុវណ្ណ/VOA)

នោះ​ជា​ការ​បរាជ័យ​មួយ​ទៀត​របស់​ក្រុម​ហត្ថលេខី​ក្នុង​ការ​ខកខាន​ មិន​បង្ខំ​ឱ្យ​ភាគី​លោក​ ហ៊ុន សែន​ ទទួល​យក​លទ្ធផល​ឆ្នោត​ក្នុង​នាម​ជា​អ្នកចាញ់។​

លោក ​ខ្លូត ម៉ាតាំង ​បន្ថែម​ទៀត​ថា៖

«សហគមន៍​អន្តរជាតិ​និយាយ​ថា​ សម្រាប់​យើង​យល់​ថា​ វា​ជា​បញ្ហា​របស់​កម្ពុជា​ហួស​ពី​ដែន​សមត្ថកិច្ច​យើង​ហើយ។ ឥឡូវ​នេះ​យើង​មាន​បញ្ហា​នៅ​អាហ្វ្រិក​ និង​កន្លែង​ដទៃ​ទៀត។ នេះ​ជា​រឿង​ខុស​ឆ្គង​ ព្រោះ​វា​ជា​ការ​សាកល្បង​សម្រាប់​អង្គការ​សហប្រជាជាតិ។ វា​ជា​កិត្តិយស​របស់​អង្គការ​សហប្រជាជាតិ។ បរាជ័យ​នៃ​អន្តរាគមន៍​របស់​អង្គការ​សហ​ប្រជាជាតិ​នាពេល​ក្រោយ​មក​ នៅ​ប្រទេស​នៅ​អាហ្វ្រិក​ មាន​ឫសគល់​ចេញ​មក​ពី​កំហុស​ ដែល​យើង​បាន​សាង​នៅ​ក្នុង​ប្រទេស​កម្ពុជា‍»។

​អង្គការ​សហ​ប្រជាជាតិ​វាយ​តម្លៃ​ថា​ បេសកកម្ម​របស់​ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ​គឺជា​ជោគជ័យ​មួយ។ ប៉ុន្តែ​អ្នក​និពន្ធ ​និង​ជា​អតីត​អ្នក​សារព័ត៌មាន​ The New York Times ​ដ៏ល្បី​ឈ្មោះ​ គឺ​អ្នកស្រី​អេលីហ្សាបែត ​បែកឃឺ​ បាន​ប្រាប់​ដល់​មូលនិធិ​បេតិកភ័ណ្ឌ​នៅក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ ក្នុងកម្មវិធី​រំលឹក​ខួប២៥ឆ្នាំ​ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ថា​វា​គឺ​ជា​បរាជ័យ​មួយ៖

«ហើយ​អង្គការ​សហប្រជាជាតិ​ដោយ​មាន​ការគាំទ្រ​ពី​សហរដ្ឋ​អាមេរិក​ផងដែរ ​បាន​ចុះ​ចាញ់​នឹង​ការ​សម្លុត​នេះ ​ហើយ​បង្កើត​នូវ​តំណែង​ថ្មី​មួយ​ហៅថា​ សហ​នាយក​រដ្ឋមន្ត្រី​ដែល​អនុញ្ញាត​ឱ្យ​លោក​ ហ៊ុន សែន ​នៅ​រក្សា​ការ​គ្រប់​គ្រង​ប្រទេស​យ៉ាង​ពេញលេញ​រហូត​ដល់​គាត់​ធ្វើ​រដ្ឋ​ប្រហារ​រយៈពេល​ប្រាំ​ឆ្នាំ​ក្រោយ​មក។ ដូច្នេះ​យើង​បរាជ័យ​ក្នុង​ការ​សាកល្បង​ដំបូង​នេះ​ ក្នុង​ការ​លើក​កម្ពស់​គោលការណ៍​ប្រជាធិបតេយ្យ។ វា​មិនមែន​ជា​កំណត់​ត្រា​ដ៏​ល្អ​ទេ‍»។​

រដ្ឋប្រហារ​ថ្ងៃទី​៥ និង​ទី៦ ខែ​កក្កដា ឆ្នាំ​១៩៩៧​ បាន​នាំ​ឱ្យ​លោក​ ហ៊ុន សែន​ កាន់​អំណាច​ទាំងស្រុង។

គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន​ បន្ត​ឈ្នះ​ការ​បោះឆ្នោត​ជាតិ​ជាបន្ត​បន្ទាប់។ ហើយ​បក្ស​ប្រឆាំង​តែង​តែ​តវ៉ា​ថា​ មាន​ការ​គំរាម​កំហែង​និង​ការ​បន្លំ​សន្លឹក​ឆ្នោត។

នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​១៩៩៨ ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​អាសនៈ​ចំនួន​៦៤ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​៤៣អាសនៈ ​និង​គណបក្ស​សម រង្ស៊ី​ ដែល​បំបែក​ចេញ​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ទទួល​បាន​១៥​អាសនៈ។

រូបឯកសារ៖ លោក​ សម រង្ស៊ី (ឆ្វេង) អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃគ្នា ក្រោយ​រដ្ឋសភាបាន​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ថ្មី​នៃ​គណៈកម្មការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥។
រូបឯកសារ៖ លោក​ សម រង្ស៊ី (ឆ្វេង) អតីតប្រធាន​គណបក្ស​សង្គ្រោះជាតិ និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃគ្នា ក្រោយ​រដ្ឋសភាបាន​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ថ្មី​នៃ​គណៈកម្មការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥។

នៅក្នុង​ការបោះឆ្នោត​ឆ្នាំ​២០០៣ ​អាសនៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ឡើង​ដល់​៧៣ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បាន​ធ្លាក់​មក​ចំនួន​២៦អាសនៈ​ ក្នុងពេល​ដែល​គណបក្ស​សមរង្ស៊ី​កើន​ដល់​២៤​អាសនៈ។ ហើយ​នៅឆ្នាំ​២០០៨​ គណបក្ស​ប្រជាជន​កម្ពុជា​ឡើង​ដល់​៩០អាសនៈ។ រីឯ​គណបក្ស​សម រង្ស៊ី​ ឡើង​ដល់​២៦​អាសនៈ។

លោក​ សម រង្ស៊ី​ និង​លោក​ កឹម សុខា ​អតីត​អ្នកតំណាងរាស្រ្ត​របស់​ភាគី​លោក​ សឺន សាន បាន​រួមគ្នា​បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ​នៅមុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ហើយ​ឈ្នះ​បាន​អាសនៈ​ចំនួន​៥៥​ ពី​ក្នុង​សភា​ដែល​មាន​១២៣​អាសនៈ។ ហើយ​បាន​ក្លាយ​ជា​គណបក្ស​ប្រឆាំង​តែមួយ​គត់​ ដែល​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា​នៅកម្ពុជា។ រីឯ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ធ្លាក់​មក​ដល់​៦៨អាសនៈ។

បច្ចុប្បន្ន​គណបក្ស​ហ៊្វុនស៊ិនប៉ិច​របស់​ព្រះអង្គម្ចាស់​នរោត្តម​ រណឫទ្ធិ​ មិន​មាន​អាសនៈ​នៅក្នុង​រដ្ឋសភា​ទេ។ គណបក្ស​របស់​លោក​ សឺន​ សាន ​បាន​រលាយ​បាត់។ រីឯ​មេដឹកនាំ​ក្រុមខ្មែរ​ក្រហម​កំពុង​ទទួល​ការ​កាត់​ទោស​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ដោយ​មាន​ការ​គាំទ្រ​ពីអង្គការ​សហប្រជាជាតិ។ ព្រះបាទ​នរោត្តម សីហនុ​ បាន​យាង​សោយ​ទីវង្គត​នៅ​ឆ្នាំ​២០១២។

(សូមរង់ចាំ​អាន​ភាគ​ទីពីរ​ដែល​ជា​ភាគ​បន្ត)

XS
SM
MD
LG