ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​ស្ទង់មតិ​មួយ​រក​ឃើញ​ថា អាមេរិក​មាន​ចំណាប់​អារម្មណ៍​តិច​ចំពោះ​អាស៊ាន

  • សុខ ខេមរា

រូបភាពឯកសារ៖ ទង់ជាតិរបស់អាស៊ាន នៅកណ្តាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/ VOA)

ការ​ស្ទង់មតិក្នុង​តំបន់​មួយ​ បាន​បង្ហាញថា ​ទោះជា​សហរដ្ឋ​អាមេរិក​មាន​ការ​តាំងចិត្ត​ធ្វើ​ទំនាក់​ទំនង​ និង​ពង្រឹង​កិច្ចសហ​ប្រតិបត្តិការ​ជាមួយ​ប្រទេស​អាស៊ាន​ក្តី​ ក៏​ការ​តាំង​ចិត្ត​របស់​ស.រ.អា​នេះ​ ត្រូវគេ​គិតថា ​នឹង​ថមថយ​ដែរ​ចំពោះ​បណ្តា​ប្រទេស​ក្នុង​តំបន់។

រដ្ឋបាល​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ បាន​ខិតខំ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​អាស៊ាន​ថ្មីៗនេះ ក៏​ពិតមែន​ក្តី​ តែ​បើ​តាម​ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញថា​ ទំនាក់ទំនង​រវាង​ស.រ.អា ​និង​អាស៊ាន​ មាន​ការ​ធ្លាក់ចុះ​ ដោយ ទុក​ឱកាស​ឲ្យ​ចិន​បង្កើន​ឥទ្ធិពល​របស់ខ្លួន​ក្នុង​តំបន់។​

នេះ​ជា​លទ្ធផល​នៃ​ការ​ស្ទង់មតិ មួយ​របស់​មជ្ឈមណ្ឌល​សិក្សា​ពី​កិច្ចការ​អាស៊ាន​នៃ​វិទ្យាស្ថាន​ ISEAS ​Yousof​ ISHAK ក្នុង​ប្រទេស​សិង្ហបុរី ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃទី៤ ខែ​ឧសភា ​ហើយ​ដែល ​VOA ទទួល​បាន​នៅថ្ងៃ​នេះ។

ការ​ស្ទង់​មតិ​នេះ​បាន​ប្រមូល​ទិន្នន័យ​ពី​មនុស្ស​ចំនួន​៣១៨នាក់ ​ក្នុង​ប្រទេស​អាស៊ាន ទាំង​១០។​ ក្នុងនោះ​មាន​មន្ត្រី​ អ្នក​តាក់តែង​គោល​នយោបាយ​ អ្នក​ដឹកនាំ ​សាស្ត្រាចារ្យ អ្នក​ជំនួញ ​អ្នក​សារព័ត៌មាន​ ក្រុម​អង្គការ​សង្គម​ស៊ីវិល។​

ការ​សិក្សា​នេះ​ហាក់​ដូចជា​ផ្ទុយ​ពី​អ្វី​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ​បាន​ប្តេជ្ញាចិត្ត​បន្ត​ទំនាក់​ទំនង​ជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​អាស៊ាន ​និង​ការ​អញ្ជើញ​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន ​ទាំង១០ ទៅ​ជួប​ប្រជុំគ្នា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ Rex Tillerson​ នៅរដ្ឋធានី​វ៉ាស៊ីនតោន ​ការ​អញ្ជើញ​របស់​លោក​ប្រធានាធិបតី ​ត្រាំ​ ចំពោះ​មេដឹកនាំ​អាស៊ាន​មួយ​ចំនួន​ទៅ​សេតវិមាន​ ក្នុង​ពេល​ដែល​មាន​ភាពតានតឹង​ នៅ​ឧបទ្វីប​កូរ៉េ​ រឿង​ការ​សាកល្បង​អាវុធប្រល័យ​លោក​ និង​បញ្ហា​ជម្លោះ​ដែន​អធិបតេយ្យ​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ហើយ​នឹង​ចម្ងល់​ពី​ទំនាក់​ទំនង​អាមេរិក ​និង​អាស៊ាន​ក្នុង​រដ្ឋបាល​អាមេរិក​ថ្មី។

លោក ​តាំង ស៊ូវមុន ​(Tang Siew Mun)​ នាយក​មជ្ឈមណ្ឌល​សិក្សា​ពី​កិច្ចការ​អាស៊ាន​នៃ វិទ្យាស្ថាន ​ISEAS ​Yousof​ ISHAK ​ក្នុង​ប្រទេស​សិង្ហបុរី​ ដែល​មជ្ឈមណ្ឌល​លោក​បាន​ធ្វើការ​ស្ទង់មតិ​នោះ បាន​ដាក់ការ​សង្ស័យ​ចំពោះ​កិច្ចខិត​ខំ​ប្រឹងប្រែង​ចុងក្រោយ​របស់​ក្រុម​មេដឹកនាំ​អាមេរិក។

«ការ​លូកដៃ​ធ្វើ​ទំនាក់​ទំនង​ទាំងនេះ​ មាន​លក្ខណៈ​ការទូត​ ហើយ​វា​មិនទាន់​ប្រាកដ​ទេ ថា​ នឹង​មាន​លទ្ធផល​ជា​ដុំកំភួន​ណាមួយ​កើត​ចេញ​ពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ទាំង​នោះ»។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson (កណ្តាល) ថតរូបជាមួយក្រុមរដ្ឋមន្ត្រីការបរទេសមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson (កណ្តាល) ថតរូបជាមួយក្រុមរដ្ឋមន្ត្រីការបរទេសមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧។

លោក​ថ្លែង​យ៉ាង​ដូច្នេះ​ ដោយ​យោង​ថា ​លោក​ប្រធានាធិបតី​ ត្រាំ ​បាន​ដកខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វ៊ិក មិន​បន្ត​គោល​នយោបាយ​របស់​អតីត​ប្រធានាធិបតី ​គឺ​លោក​ បារ៉ាក់ ​អូបាម៉ា ​មក​កាន់​តំបន់​អាស៊ី ​ឬ ​Rebalance ​Policy និង​ការ​មិនទាន់​មាន​ការ​ប្តេជ្ញា​ជាក់លាក់ ​ចំពោះ​តំបន់​អាស៊ាន​ ដែល​អាច​ឲ្យ​ប្រទេស​ក្នុង​តំបន់​ជឿ​ជាក់។

លោក ​បណ្ឌិត​ ឈាង វណ្ណារិទ្ធ​ ជា​អ្នក​វិភាគ​កិច្ចការ​តំបន់ ​និង​ជា​អ្នក​ស្រាវជ្រាវ​នៃ វិទ្យាស្ថាន​ ISEAS ​Yousof ​ISHAK​ បាន​ថ្លែង​ប្រាប់​កម្មវិធី​ ហេឡូវីអូអេ​ (Hello VOA) កាលពី​យប់ថ្ងៃ​ព្រហស្បតិ៍​ថា​ ស.រ.អា. ​បង្ហាញ​ពី​ការ​តាំងចិត្ត​ចំពោះ​តំបន់​នេះ​ គឺ​ទំនង​ជា​ដោយសារ​តែ​ត្រូវការ​កម្លាំង​ពី​តំបន់​អាស៊ាន​ទាក់ទង​នឹង​បញ្ហា​នុយក្លេអ៊ែរ​ប្រទេស​កូរ៉េ ខាងជើង ​ហើយ​នឹង​ការ​គាំទ្រ​ឲ្យ​ស.រ.អា ក្នុងការ​ធ្វើ​នាវាចរណ៍​ ក្នុង​តំបន់​ជម្លោះ​ដែន​អធិបតេយ្យ ​សមុទ្រ​ចិន​ខាងត្បូង​តែ​ប៉ុណ្ណោះ។

«ក៏​ប៉ុន្តែ​នៅក្នុង​គោលដៅ​ដើម្បី​កៀរគរ​បណ្តា​ប្រទេស​ក្នុង​តំបន់​ហ្នឹង ​ដើម្បី​ដាក់​សម្ពាធ ការទូត​ទៅលើ​កូរ៉េ​ខាងជើង​ហ្នឹង​ ពីព្រោះ​ថា​អទិភាព​របស់​ស.រ.អា ​គឺ​បញ្ហា​កូរ៉េ​ខាងជើង ហ្នឹង។​ ហើយ​យើង​ឃើញ​ថា​ បញ្ហា​សមុទ្រចិន​ខាងត្បូង​ក៏​មាន​ការ​លើក​ឡើង​ដែរ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យអាមេរិក ​និង​អាស៊ាន​ អាច​សហប្រតិបត្តិការ​គ្នា​ទាក់ទង​នឹង​ការ​ធានា​ឲ្យ​បាន​នូវសេរីភាព​នាវា​ចរណ៍​ នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​យើងនេះ​ ជាពិសេស​សមុទ្រ​ចិន​ខាង​ត្បូង​ហ្នឹង»។

លោក​ វណ្ណារិទ្ធ ​ក៏បាន​អះអាង​ដែរ​ថា​ ស.រ.អា​ កំពុង​បង្កើត​ឲ្យ​មាន​ចម្ងល់​ក្នុង​តំបន់​លើបញ្ហា​អញ្ជើញ​មេដឹកនាំ​ប្រទេស​ចំនួន៣ ​គឺ​មេដឹកនាំ​សិង្ហបុរី​ ថៃ ​និង​ហ្វីលីពីន​ទៅ​កាន់​សេតវិមាន ​ដោយ​មិន​បាន​អញ្ជើញ​ប្រទេស​ក្នុង​តំបន់​ផ្សេង​ទៀត។

ទោះជា​យ៉ាងណា​ក៏ដោយ​ ការ​ស្ទាបស្ទង់​មតិ​ដែល​មាន​ចំណង​ជើង​ថា​ តើ​តំបន់​អាស៊ីអាគ្នេយ៍​មាន​ទស្សនៈ​យ៉ាងណា​ ចំពោះ​រដ្ឋបាល​លោក​ ដូណាល់ ត្រាំ​ បាន​បង្ហាញ​ដែរ​ថា ក្រុម​អ្នក​ផ្តល់​ទិន្នន័យ​និយាយ​ថា​ ប្រទេសចិន​ជា​ប្រទេស​មាន​ឥទ្ធិពល​បំផុត​ក្នុង​តំបន់ ហើយ​ស.រ.អា ​បាន​បាត់បង់​ទីតាំង​យុទ្ធសាស្ត្រ​ទៅឲ្យ​ប្រទេស​ចិន។

មួយ​វិញ​ទៀត ប្រទេស​ដែល​ស.រ.អា ​ផ្តោតការ​យកចិត្ត​ទុកដាក់​លើ គឺ​តំបន់​មជ្ឈឹម​បូព៌ា​ប្រទេស​ ក្រៅ​ពី​បង្ហាញថា​ក្នុង​រយៈពេល​៤ខែ​ចុងក្រោយ​នេះ ​ស.រ.អា ​ជា​ប្រទេស​មិនអាច​ពឹងពាក់​បាន​សម្រាប់​សម្ព័ន្ធមិត្ត​នោះ​ទេ។​ បន្ថែម​ពីលើនេះ​ មាន​មតិ​ភាគច្រើន​បាន​យល់​ថា​ តំបន់​អាស៊ី​អាគ្នេយ៍​មិ​នមែន​ជា​តំបន់​ដែល​ស.រ.អា​ចូលចិត្ត​ទេ ​តែ​បញ្ហា​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ ​នៅតែ​ជា​ការ​ផ្តោតការ​យកចិត្ត​ទុកដាក់​របស់​ស.រ.អា​ដដែល។

ការស្ទង់មតិ​ដដែល​ បាន​បង្ហាញថា​ ប្រទេស​ភូមា ​និង​ប្រទេស​ហ្វីលីពីន ​មាន​ការ​ចូលរួម​ឆ្លើយ​នឹង​សំនួរ ​ឬ​ផ្តល់​ទិន្នន័យ​ច្រើន​ជាង​គេ​បំផុត។​ វៀតណាម​ស្ថិត​ក្នុង​លំដាប់​លេខ២។ ចំណែក​ប្រទេស​ឡាវ​ គឺជា​ប្រទេស​ដែល​មាន​ការ​ចូលរួម​តិចជាង​គេ​បំផុត​ គឺ​មាន​អ្នក​ចូលរួម​តែ៥នាក់​ប៉ុណ្ណោះ។​ ប្រទេស​កម្ពុជា​ និង​ព្រុយណេ ​ជា​ប្រទេស​ដែល​មាន​ការ​ចូលរួម​កម្រិត​ទាប​ដែរ៕

XS
SM
MD
LG