ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​គំរាម​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែ​​របស់​កូរ៉េ​ខាងជើង​មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​ខាងត្បូង​ព្រួយ​ពេក​ទេ

  • សុខ ខេមរា
  • ពិន ស៊ីសុវណ្ណ

ព្រះ​សង្ឃ​កម្ពុជា​និមន្ត​ទៅ​កាន់​ព្រំប្រទល់​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ប្រទេស​កូរ៉េ​ខាង​ជើង កាលពី​ថ្ងៃ​សុក្រ ទី១៤ ខែ​មេសា ឆ្នាំ២០១៧ នៅសួន អ៊ីមជីងកាក់ (Imjingak) ក្រុង ផាជូ (Paju) ដែល​ស្ថិត​នៅ​ប្រមាណ ៤៨ គីឡូម៉ែត្រ​ ពី​ភាគ​ខាង​ជើង​នៃ​ទីក្រុង សេអ៊ូល។ ព្រះ​តេជគុណ រិន សារ៉ូ (រូប​ពី​ស្តាំ​ទៅ​ឆ្វេង) និង​ព្រះសង្ឃ​ពីរ​អង្គ​និមន្ត​មក​ពី​ប្រទេស​កម្ពុជា និង​ពលករ​ចំណាកស្រុក​នៅ​ក្នុងប្រទេស​កូរ៉េខាង​ត្បូង លោក វី សំណាង។ (រូបថតដោយ៖ សុខ ខេមរា)

ទោះ​ជា​ពិភពលោក​មាន​ក្តី​បារម្ភ​រឿង​ការ​គំរាម​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ប្រឆាំង​នឹង​សហរដ្ឋអាមេរិក​ហើយ​និង​សម្ព័ន្ធ​មិត្ត​ក្តី តែ​សម្រាប់ ព្រះសង្ឃ​និង​ពលរដ្ឋ​កម្ពុជា ដែល​កំពុង​គង់​និង​រស់​នៅ​ជិត​ព្រំដែន​កូរ៉េ​ខាង​ជើង ហាក់​ដូច​មិន​បារម្ភ​ជ្រុល​ហួស​ពេក​ទេ​មក​ដល់​ពេល​នេះ។

ព្រះសង្ឃ​និង​ពលករខ្មែរ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​មិនមាន​ក្តីបារម្ភ​ប៉ុន្មាន​ទេ ទោះជា​ប្រទេស​កូរ៉េខាង​ជើងគំរាម​វាយប្រហារ​ស.រ.អា.​និងកូរ៉េ​ខាង​ត្បូង ដោយ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​ប្រល័យ​លោកក្តី។

មាន​ថេរដីកា​ប្រាប់​VOA ​ផ្នែក​ខេមរភាសា​ក្នុងពេល​ដំណើរ​កម្សាន្ត​ ជាមួយ ព្រះសង្ឃ ​និង​ ពលករ​ខ្មែរខ្លះ​នៅតំបន់​អ៊ីម​ជីងកាក់​(Imjingak)​ ក្រុង​ផាជូ (Paju)​ ជាប់នឹង​ទល់ដែន​កូរ៉េ​ខាងជើង​ កាលពី​ថ្ងៃសុក្រ​ ព្រះតេជគុណ​ រិន សារ៉ូ ​ប្រធាន​មជ្ឃមណ្ឌល​ពុទ្ធសានា​ខ្មែរនៅ​ជាយ​ក្រុងស៊ូវុន​ (Suwon) ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​បញ្ជាក់​ដោយ​សង្ឃដីកា​ថា​ព្រះតេជគុណ​មិន សូវបារម្ភ​ទេ​ ទោះជា​ឃើញថា​អាមេរិក​បញ្ជូន​នាវា​ចម្បាំង​ចូលមក​ដែនទឹក កូរ៉េ​ ​ក្រោយពី​កូរ៉េ​ខាងជើង​គំរាម​វាយប្រហារ​ស.រ.អា.​និងកូរ៉េ​ខាងត្បូង ដោយ​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​ប្រល័យ​លោកក្តី។

«ប៉ុន្តែម្តង​នេះ​ ឃើញថា ​ស.រ.អា.​ដឹកជញ្ជូន​កប៉ាល់​ផ្ទុក​យន្តហោះ​តម្លើង​ក្បែរៗហ្នឹង​ចាប់ផ្តើម​បារម្ភ​ជាងមុន​បន្តិច​ តែការ​គំរាមកំហែង​នោះ​យើង ឃើញ​តាមដាន​តាម​ទូរទស្សន៍​ឃើញថា​ញឹកញាប់​ពេកទៅ វា​ជារឿង​ធម្មតា​ហើយ»។

ព្រះតេជ​គុណ សារ៉ូ ​ដែល​តាមដាន​ព័ត៌មាន​កូរ៉េ​ជាប្រចាំ ​ហើយចេះ​ភាសា កូរ៉េ ​ស្ទាត់​ជំនាញ​នោះ​ បាន​បញ្ជាក់​ដោយ​សង្ឃដីកា​ទៀតថា​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ជា ទូទៅ ​ហាក់ដូច​ជាបន្ត​កិច្ចការ​ប្រចាំ​ថ្ងៃធម្មតា​ មិនមាន​ការបារម្ភ​ពេកដែរ។

យោធារបស់កូរ៉េ​ខាង​ជើងកាល​ពីថ្ងៃ​សុក្របាន​ធ្វើ​ការឆ្លើយ​តបដោយផ្ទាល់​ទៅ​នឹងការ​បន្តគំរាមកំហែង​របស់លោកប្រធានា​ធិបតីសហរដ្ឋអាមេរិក ​ដូណាល់ ​ត្រាំ ដែល​អះ​អាង​ថានឹងចាត់​វិធានការចំពោះ​ការគំរាមកំហែង​នុយក្លែអ៊ែរបស់រដ្ឋាភិបាលក្រុង​ព្យូងយ៉ាង ស្រប​ពេល​ដែល​មានការរំពឹង​ទុក​ពី​ការសាក​ល្បងអាវុធនុយក្លែអ៊ែថ្មីដែលប្រហែលកើត​មានឡើងនៅ​ពេល​ឆាប់​ៗនេះ។

ព្រះសង្ឃ​កម្ពុជា​ប្រើប្រាស់​កែវ​យឹត​ដើម្បី​មើល​ព្រំប្រទល់​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​តំបន់​គ្មាន​យោធា​ ឬ​តំបន់ DMZ។ (រូបថតដោយ៖ សុខ ខេមរា)
ព្រះសង្ឃ​កម្ពុជា​ប្រើប្រាស់​កែវ​យឹត​ដើម្បី​មើល​ព្រំប្រទល់​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​តំបន់​គ្មាន​យោធា​ ឬ​តំបន់ DMZ។ (រូបថតដោយ៖ សុខ ខេមរា)

បើយោងទៅ​តាមមន្ត្រីកងទ័ពប្រជាជនកូរ៉េ​បានប្រាប់​ឲ្យដឹង​ថា៖ ​«ការ​វាយ​ប្រហារតបតដ៏​ខ្លាំងបំផុតរបស់​យើងប្រឆាំង​នឹងសហរដ្ឋអាមេរិក​ ​និងកង​កម្លាំងសម្ព័ន្ធមិត្តរបស់អាមេរិក​ ​នឹង​ត្រូវធ្វើ​ឡើងដោយ​គ្មានត្រាប្រណី​ដើម្បី កុំ​ឲ្យពួកឈ្លានពាននៅ​រស់​រានមាន​ជីវិត‍» ​ហើយ​មេដឹកនាំ​កូរ៉េ​ខាងជើង​គឺ ប្រធានាធិបតី ​គឺម ជុងអ៊ុន​បាន​ប្រកាស​ទម្លាក់​ការទទួល​ខុសត្រូវ​រឿង​ភាព តានតឹង​នេះ​ទៅលើ​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​ហើយ​ប្រាប់ថាសរអា​ត្រូវ​ពិចារណា​ឡើងវិញ​ពី​ជំហរ​របស់​ខ្លួន​ក្រៅពី​បញ្ជាក់​ពីការ​ត្រៀមខ្លួន​រួចជា ស្រេច​ដើម្បី​ធ្វើសង្គ្រាម​នុយក្លេអ៊ែ​ជាមួយ​ស.រ.អា.​និង​សម្ព័ន្ធមិត្ត​អាមេរិក។

លោក ហែម សំបូរ ​អាយុ៤៧​ឆ្នាំ​ដែល​កំពុង​ធ្វើការ​ជា​ពលករ​ខ្មែរផ្នែកគ្រឿង​អេឡិច​ត្រូនិច​នៅ​ចម្ងាយ​៥០គីឡួម៉ែត​ពីព្រំដែន​កូរ៉េ​ខាងជើង​បានថ្លែង​ថា លោក​មិនសូវ​បារម្ភទេ​ ដោយសារ​លោកសម្តែង​ការ​ទុកចិត្ត​លើ​ប្រព័ន្ធ​ការពារ​របស់​កូរ៉េ​ខាងត្បូង​និង​ស.រ.អា។

«នៅ​កូរ៉េនេះ​ខ្ញុំ​គិត​ថា​ជម្លោះគ្នា​ប្រទេស​នឹង​ប្រទេស​ដូចជា​មិនសូវ​បារម្ភ​ដូច នៅស្រុក​ខ្មែរ​ពីព្រោះ​ថាយើង​អ្នក​ធ្វើការ​គិតតែ​ធ្វើការ​ទៅ​ អ្នក​ការពារ​គេ ការពារ​ផ្សេង។​ អញ្ចឹង​អត់ព្រួយ​ទេ​ វាខុស​ពីស្រុក​ខ្មែរ ​បើថា​ប៉ាញ់គ្នា​អញ្ចឹង ប្រជាជន​ពិបាក​រកស៊ី។​ តែនៅ​កូរ៉េ​(ខាងត្បូងនេះ)​ជារឿង​ធម្មតា»។

លោក​ថា​ក្រុម​ហ៊ុន​ហាក់​ដូចជា​មិនបាន​ប្រាប់ពី​រឿងគំរាម​កំហែង​របស់​កូរ៉េ ខាង​ជើងទេ​ តែ​លោកថា​បើច្បាប់​គេឲ្យ​ទៅផ្ទះវិញ ​លោកនឹង​ទៅវិញ​ដែរ។

លោក ​ហែម សំបូរ​មាន​ស្រុក​កំណើត​នៅស្រុក​រលាប្អៀរ ​ខេត្តកំពង់​ឆ្នាំ ហើយ​មកធ្វើការ​នៅកូរ៉េ​១១ឆ្នាំ​ដើម្បី​ចញ្ចឹម​កូន៥នាក់​និង​ទ្រទ្រង់​ជីវភាព​គ្រួសារ។

ចំណែកលោកឃីម គឿន អាយុ៣៦ឆ្នាំ​ ​រស់​នៅ​ស្រុក​ពោធិ៍រៀង ខេត្តព្រៃ​វែង​ក៏​កំពុងធ្វើការនៅក្នុងរោងចក្រអេឡិចត្រនិច​ ​ជិតនឹងទល់ដែនកូរ៉េ ទាំងពីរនេះ​ដែរ បាន​ថ្លែងថា​លោកមិនសូវបារម្ភប៉ុន្មានទេដោយសារថា ជនជាតិ​កូរ៉េដូច​ជាអ្នក​គ្រប់​គ្រងរបស់លោកក៏មិនសូវបារម្ភដែរ​ ​នៅពេល​លោក​សួរ​នាំ​ពី​ការចង់វាយប្រហារអាវុធនុយក្លេអ៊ែនោះ។

«ជនជាតិកូរ៉េគាត់​ថាមិន​បាច់គិតទេរឿងហ្នឹង។ គាត់​ថាកូនគាត់ និងឪពុក​ម្តាយ​គាត់ក៏​នៅទីនេះទាំងអស់គ្នាដែរ ខំតែធ្វើការទៅបានហើយ ព្រោះអី​នៅទីនេះ​(ប្រទេសកូរ៉េ) គាត់ថាថ្នាក់ដឹក​នាំប្រទេសខាងលើគេ​ចេះ​ដោះ​ស្រាយ​ហើយ គ្នាគេៗចេះ​និយាយ​គ្នា​ហើយ មិនបាច់បារម្ភទេ។ យើងខំតែ​ធ្វើការទៅ»។

លោកថាការមិនសូវ​ព្រួយបារម្ភពេលនេះក៏ដោយ​សារ​ថា វាបានកើតឡើង ច្រើន​លើកច្រើនគ្រាជាច្រើនឆ្នាំកន្លងមកហើយចំពោះការគំរាម​កំហែងស្រដៀងគ្នានេះ។ លោក​បន្ត​ថា​លោកក៏ធ្លាប់ធ្វើដំណើរកម្សាន្តទៅតំបន់​អ៊ីមជីងកាក់ជាតំបន់រមណីយដ្ឋាន ដែល​មានស្តូប​អនុស្សាវរីយ​នៃការបែក​បាក់ ដោយ​សារសង្ក្រាមរវាងកូរ៉េទាំងពីរដែល​អង្គការ​ ​UNESCO របស់សហប្រជាជាតិ​ដាក់ជាបេតិកភណ្ឌពិភពលោក​ ​នៅជាប់ទល់ដែន​នោះដែរ ទោះជាមានការគំរាមកំហែងក្តី។

លោក វី សំណាង ជាពលករ​ខ្មែរ​នៅកូរ៉េ​ខាងត្បូង​ផ្នែក​ឩស្សាហកម្ម​បាន​ ថ្លែង​ប្រាប់​ VOA ​ក្នុងពេល​ដំណើរ​កម្សាន្ត​នៅក្នុង​រមណីយដ្ឋាន អ៊ីម ជីងកាក់ ជាប់​ព្រំដែន​កូរ៉េ​ទាំងពីរ​ថា​ទាំងប្អូន​និង​ពលករ​ដ៏ទៀត​មិនទាន់​ចង់វិល​ទៅ​ប្រទេស​កម្ពុជា​វិញទេ​ ទោះជា​មានការ​គំរាម​កំហែងក្តី។ តែ​សំណាង​បាន អះអាង​ថា​មាន​ការសួរ​នាំខ្លះ​តាមទូរសព្ទ​ពីមិត្តភក្តិ​និង​ក្រុមគ្រួសារ​នៅស្រុក ខ្មែរ។

«គាត់សួរ​នាំដែរ​ តែខ្ញុំ​ឆ្លើយថា​ អត់ទាន់​អីទេ​ ចាំមើល​សភាព​ការណ៍​បន្តិច​ទៀត»។

លោកប្រធានា​ធិបតីអាមេរិក​ ​ដូណាល់ ត្រាំ បានធ្វើការឆ្លើយ​តបទៅ​នឹង​របាយ​ការណ៍ថា​កូរ៉េ​ខាង​ជើង​បានប្រុងប្រៀបចុច​បំផ្ទុះ​គ្រាប់បែកបរមាណូ​នៅ​ក្រោមដី​នៅ​ ​ព្រឹកថ្ងៃ​សៅរ៍​ដើម្បីប្រារព្ធខួប​កំណើតរបស់លោក ​Kim Il Sung ​បិតាបង្កើតមេ​ដឹកនាំប្រទេសកូរ៉េ​ខាង​ជើង។​លោក ត្រាំ បានមាន​ប្រសាសន៍នៅ​ឯសេត​វិមាន​ថា៖

«ប្រទេសកូរ៉េ​ខាង​ជើងជា​បញ្ហា។​ បញ្ហា​នេះនឹង​ត្រូវតែ​ដោះស្រាយ‍»។

សេចក្តីថ្លែងការណ៍របស់យោធាកូរ៉េ​ខាង​ជើងដែល​បានចេញ​ផ្សាយកាលពី​ យប់ថ្ងៃ​សុក្រ​ ​នៅ​ក្នុងទីក្រុងព្យូងយ៉ាង​ ​បានប្រកាសប្រឆាំងលោកប្រធានា​ធិបតី ត្រាំ​ ​ក្រោយ​ពី​ស.រ.អា.​បានបញ្ជូន​កងនាវា​ចូល​ទៅក្នុង​ដែន​សមុទ្រ​នៃ​ឧបទ្វីប​កូរ៉េ​និង​ការតម្លើង​ប្រព័ន្ធ​ទប់ស្កាត់​អាវុធ​របស់​កូរ៉េ​ខាងជើង​ ដោយ​និយាយ​ថា​ ការ​បង្ករឿងរបស់ប្រធានា​ធិបតីត្រាំ​មិន​អាចអត់​ឱនឲ្យបាន​ឡើយ។

សេចក្តីថ្លែង​ការណ៍នោះបានព្រមាន​ថា កងទ័ពកូរ៉េ​ខាង​ជើង អាចបំផ្លាញ​មូលដ្ឋានយោធាសហរដ្ឋអាមេរិកក្នុងប្រទេសកូរ៉េខាងត្បូង ហើយនិង​គេហដ្ឋានប្រធានាធិបតីក្នុងទីក្រុងសេអ៊ូល ត្រឹមតែ​រយៈ​ពេល​ប៉ុន្មាននាទី​ប៉ុណ្ណោះ។ តែកូរ៉េ​ខាងជើង​បានផ្អាក​ការសាក​ល្បង​អាវុធ​នុយ​ក្លេអ៊ែ របស់ខ្លួន​ដែលប្រុង​ធ្វើ​កាល​ពីថ្ងៃសៅរ៍កន្លង​ទៅ។

ព្រះសង្ឃ​សូត្រ​ធម៌​នៅ​លើ​ស្ពាន​សេរីភាព ឬ Freedom Bridge នៅ​សួន អ៊ីមជីងកាក់ (Imjingak) ក្បែរ​ព្រំប្រទល់​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​តំបន់​គ្មាន​យោធា​ ឬ​តំបន់ DMZ។(រូបថតដោយ៖ សុខ ខេមរា)
ព្រះសង្ឃ​សូត្រ​ធម៌​នៅ​លើ​ស្ពាន​សេរីភាព ឬ Freedom Bridge នៅ​សួន អ៊ីមជីងកាក់ (Imjingak) ក្បែរ​ព្រំប្រទល់​ប្រទេស​កូរ៉េ​ខាង​ត្បូង​និង​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​តំបន់​គ្មាន​យោធា​ ឬ​តំបន់ DMZ។(រូបថតដោយ៖ សុខ ខេមរា)

ទោះជា​យ៉ាងណា​ក្តី​ព្រះតេជគុណ​រិន សារ៉ូ ​ដែល​ជាបេក្ខជន​បណ្ឌិត​ ផ្នែក សង្គមវិទ្យា​នៃ​សាកល​វិទ្យាល័យ ​ឌុងហ្គុក​ (Dongguk University)​ ក្រុង សេអ៊ូល​ដែលគង់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ជាង​១១ឆ្នាំ​ហើយ​នោះ​ បាន មាន​ថេរដីកា​ថាជម្រើស​ដ៏ល្អ​ក្នុងដំណោះ​ស្រាយ​នៃភាព​តាន​តឹងនៃ ឧបទ្វីបកូរ៉េ​នេះ​គឺការ​ចរចា​ដោយ​សន្តិវិធី​ ឈរលើ​សន្តិភាពនិង​ការ​អត់ឱន​ឲ្យគ្នា។

«បើថា​ចង់បាន​សន្តិភាព​ សេចក្តី​សុខ​ ចង់បាន​ការរួប​រួមគ្នា​ លុះត្រា​ តែភាគី ទាំងពីរ​ ព្យាយាម​ខិតឱយ​ជិតគ្នា​ ចរចាគ្នា​ខ្លះទៅ។ យើង​ពឹង​កម្លាំង​ខាង ក្រៅ​ក៏​ពិតមែន​ តែយើង​ទាំងពីរ​ គូប្រជែង​គ្នា​ គួរតែ​រកឱកាស​ខិត​ឲ្យ​ជិតគ្នា»។

ព្រះ​តេជគុណ​បាន​បន្ថែម​ដោយសង្ឃ​ដីកា​ថា​ប្រទេស​ទាំងពីរ​មិន​ត្រូវ​បង្រៀន​ប្រជាជន​ឱ្យ​ស្អប់​គ្នា​ទៅវិញ​ទៅមកបន្ត​ទៀតដែលនាំ​ឲ្យ​ប៉ះពាល់​ដល់​ការបង្រួប​បង្រួម​គ្នា​ដែល​មាន​ការ​បែកបាក់​ដោយ​សង្គ្រាម​ជា​ច្រើន ទសវត្សរ៍​មក​ហើយ​នោះ​ទេ៕

XS
SM
MD
LG