ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ស្ថានីយ​វិទ្យុ​បម្រើ «តំបន់​ក្រីក្រ​តោកយ៉ាក​របស់​យើង» នៅ​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា


នាង Tebby Otien ជា​ពិធីការនី​នៅ​វិទ្យុ Mtaani។

នាង Tebby Otien ជា​ពិធីការនី​នៅ​វិទ្យុ Mtaani។

មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ស្ថានីយ​វិទ្យុ Mtaani បាន​ដំណើរ​ការ​អស់​រយៈ​ពេល​បី​ឆ្នាំ​ហើយ។ ស្ថានីយ​នេះ​ជា​ស្ថានីយ​ផ្សាយ​សំឡេង​របស់​ប្រជា​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់ Dagoretti នៃ​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា ដោយ​មាន​អ្នក​ស្តាប់​ប្រមាណ ៥ ពាន់​នាក់។ រាប់​ចាប់​ពី​ការ​ប្រកាស​រក​កុមារ​ដែល​​បាត់ខ្លួន ការ​វែក​រក​មុខ​ចោរ​លូក​ហោប៉ៅ និង​ការ​បញ្ចុះ​បញ្ចូល​អ្នក​នយោបាយ​ឲ្យ​គោរព​តាម​ពាក្យ​សន្យា​របស់​ពួក​គេ ស្ថានីយ​វិទ្យុ​នេះ​បាន​ជះ​ឥទ្ធិពល​វិជ្ជមាន​ដល់​សហគមន៍​មួយ​នេះ។

Mtaani គឺ​ជា​ពាក្យ​គ្រាម​ភាសា​នៃ​ភាសា​ស្វាហ៊ីលី (Swahili) ដែល​មានន័យ​ថា​ «តំបន់​ក្រីក្រ​តោក​យ៉ាក​របស់​យើង»។ ចាប់​តាំង​ពី​ឆ្នាំ ២០១៣ មក ស្ថានីយ​វិទ្យុ Mtaani ជា​ស្ថានីយ​ដែល​ផ្សាយ​សំឡេង​របស់​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់ Dagoretti នៃ​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។ ស្ថានីយ​វិទ្យុ​ដែល​មាន​កម្លាំង​ផ្សាយ ១០០ វ៉ាត់​នេះ ផ្សាយ​ជា​ភាសា​ស្វាហ៊ីលី (Swahili) និង​ភាសា​សេង (Sheng) ដែល​ភាសា​ទាំង​ពីរ​នេះ ជា​ភាសា​ដែល​យុវជន​នៅ​ក្នុង​តំបន់​ងាយ​យល់​ជាង​ភាសា​ដទៃ​ផ្សេង​ទៀត។

ស្ថានីយ​នេះ​គឺ​ជា​គំនិត​ផ្តួចផ្តើម​របស់​លោក Kelvin Nyangweso ដែល​បាន​ធំ​ដឹង​ក្ដី​នៅ​ក្នុង​តំបន់​ក្រីក្រ​តោកយ៉ាក​នៃ​ទី​ក្រុង​ណៃរ៉ូប៊ី​នេះ។

លោក Kelvin Nyangweso និយាយ​យ៉ាង​ដូច្នេះ​ថា៖

«យើង​គិត​ថា មាន​បញ្ហា​ជា​ច្រើន​ដែល​យើង​អាច​ផ្សាយ​បាន ហើយ​ប្រជាពលរដ្ឋ​កាន់​តែ​ច្រើន​អាច​ទទួល​បាន​ព័ត៌មាន​ពី​ការ​ផ្សាយ​ទាំង​នេះ ដោយសារ​តែ​តំបន់ Dagorreti នេះ មាន​ប្រជាជន​ចំនួន ២ សែន ៤ ម៉ឺន​នាក់។ ដូច្នេះ អ្នក​អាច​ស្រមៃ​មើល​ថា សារ​ដែល​បាន​ផ្សាយ​ចេញ​តាម​រយៈ​វិទ្យុ​នេះ អាច​ផ្លាស់ប្ដូរ​អ្នក​ដែល​ស្ដាប់​វិទ្យុ​នេះ ដែល​មាន​ទាំង​យុវជន​ផង បាន​យ៉ាង​ម៉េច​នោះ ដោយសារតែ​វិទ្យុ Mtaani នេះ គឺ​ជា​គំនិត​ផ្តួចផ្តើម​របស់​យុវជន ហើយ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ដែល​ស្តាប់​វិទ្យុ​នេះ​គឺ​ជា​យុវជន»។

លោក Nyangweso បាន​ចាប់ផ្ដើម​បង្កើត​ស្ថានីយ​វិទ្យុ​នេះ​ដោយ​ប្រើ​ម៉ាស៊ីន​ផ្សាយ​ដែល​ផ្ដល់​ដោយ​អង្គការ​យូណេស្កូ (UNESCO)។ ស្ថានីយ​នេះ​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ភាគ​ច្រើន​ពី​សប្បុរសជន។ ហើយ​ស្ថានីយ​នេះ​បាន​ប្រើប្រាស់​ថវិកា​ឧបត្ថម្ភ​ទាំង​នោះ​ដើម្បី​ផ្គត់ផ្គង់​ដល់​ការ​ចំណាយ​ទៅ​លើ​ការ​ជួល​ទីតាំង និង​ទៅ​លើ​ថ្លៃ​ប្រើប្រាស់​អគ្គិសនី។

ហេតុអ្វី​បាន​ជា​ស្ថានីយ​វិទ្យុ​នេះ​នៅតែ​បន្ត​ទទួល​បាន​ថវិកា​ឧបត្ថម្ភ​នានា? អ្នក​ឧបត្ថម្ភ​ថវិកា​និយាយ​ថា ​ពួក​គេ​បាន​មើល​ឃើញ​ពី​ឥទ្ធិពល​ដែល​ស្ថានីយ​នេះ​មាន​ទៅ​លើ​សហគមន៍។ អ្នក​សារព័ត៌មាន​ទាំង ៩ រូប របស់​វិទ្យុ Mtaani នេះ គឺ​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់ Dagoretti ដែល​ធ្វើ​ការ​ដោយ​ស្ម័គ្រ​ចិត្ត។ នាង Tebby Otien បាន​ធ្វើ​ការ​នៅ​ស្ថានីយ​វិទ្យុ​នេះ​អស់​រយៈ​ពេល ៣ ឆ្នាំ​ហើយ​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ។ នាង​និយាយ​ថា មូលហេតុ​ដែល​នាង​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​នៅ​ទី​នេះ​គឺ​ដោយសារ​តែ​នាង​ជឿ​លើ​ឥទ្ធិពល​នៃ​ការ​ផ្សព្វផ្សាយ។

នាង Tebby បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖

«នៅ​ពេល​ដែល​ខ្ញុំ​ដើរ​នៅ​ជុំវិញ​តំបន់​នេះ ហើយ​បាន​ឮ​ប្រជាពលរដ្ឋ​និយាយ​អំពី​អ្វី​ដែល​ពួក​គេ​បាន​ជួប​ប្រទះ និង​អ្វី​ដែល​ប៉ះពាល់​ដល់​ពួក​គេ នោះ​ហើយ​គឺ​ជា​ប្រធានបទ​ដែល​ខ្ញុំ​នឹង​យក​មក​ពិភាក្សា​នៅ​ក្នុង​ស្ទូឌីយោ​ផ្សាយ។ ក្នុង​នាម​ជា​អ្នក​កាសែត​មួយ​រូប ខ្ញុំ​ជឿ​ថា​នៅ​ពេល​ខ្ញុំ​លើក​យក​រឿង​ទាំង​នេះ​មក​ផ្សាយ ដែល​មាន​ដូចជា​បញ្ហា​អ​សន្តិសុខ ឬ​បញ្ហា​កង្វះ​ទឹក​ជា​ដើម​នោះ ពួក​គេ​នឹង​មាន​អារម្មណ៍​ថា​បញ្ហា​ដែល​ប៉ះពាល់​ដល់​ពួក​គេ​ទាំង​នេះ​កំពុង​ត្រូវ​បាន​ដោះ​ស្រាយ»។

តាម​រយៈ​កម្មវិធី​វិទ្យុ​របស់​នាង នាង Tebby បាន​បញ្ចុះ​បញ្ចូល​អ្នក​នយោបាយ​ក្នុង​ស្រុក​ឲ្យ​សាងសង់​ផ្លូវ​នៅ​ក្នុង​តំបន់​នោះ និង​កែ​លម្អ​ភ្លើង​បំភ្លឺ​តាម​ដង​ផ្លូវ ដើម្បី​ឲ្យ​មាន​សុវត្ថិភាព​ល្អ​ប្រសើរ​ជាង​មុន។ ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ក្រោយ​មក ទីនោះ​មាន​ផ្លូវ​ក្រាល​កៅស៊ូ និង​ភ្លើង​បំភ្លឺ​យ៉ាង​ល្អ។

ពលរដ្ឋ​រស់​នៅ​ទីនោះ​បាន​និយាយ​ថា ពួក​គេ​មាន​ការ​យល់​ឃើញ និង​មាន​ចិត្ត​ដូច​អ្នក​និយាយ​វិទ្យុ​ទាំង​នោះ​ដែរ ហើយ​ថា​អ្នក​និយាយ​វិទ្យុ​ទាំង​នោះ​បាន​ក្លាយជា​អ្នក​នាំ​ពាក្យ​របស់​ពួក​គេ​ហើយ។

លោក Alex Opondo ដែល​ជា​អ្នក​ស្តាប់​វិទ្យុ​នេះ​ដ៏​សកម្ម​ម្នាក់​បាន​និយាយ​ថា៖

«បញ្ហា​ភាគ​ច្រើន​ដែល​បាន​ផ្សាយ​តាម​វិទ្យុ Mtaani មាន​ដូចជា​អំពើ​ហិង្សា​ទូទៅ អំពើ​ហិង្សា​លើ​ស្ត្រី​ភេទ​នៅ​ក្នុង​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ចំនួន និង​បញ្ហា​អសន្តិសុខ​ជា​ដើម។ ហើយ​តាម​ពិត បញ្ហា​មួយ​ចំនួន​ធំ​ប្រសិន​បើ​ពាក់ព័ន្ធ​នឹង​បញ្ហា​សន្តិសុខ បន្ទាប់​ពី​បាន​រាយការណ៍​តាម​វិទ្យុ Mtaani មក យើង​ឃើញ​មាន​ដំណោះស្រាយ​ធ្វើ​ឡើង​ចំពោះ​បញ្ហា​អស់​ទាំង​នេះ»។

ស្ថានីយ​វិទ្យុ Mtaani ក៏​រាយការណ៍​អំពី​ដំណឹង​ក្នុង​ស្រុក​សំខាន់ៗ​ផងដែរ​ ដែល​រឿង​ទាំង​នោះ​ត្រូវ​បាន​ចាក់​ផ្សាយ​ក្នុង​អំឡុង​ពេល​ការ​ផ្សាយ​ម៉ោង ៩។ ស្ថានីយ​វិទ្យុ​នេះ​មាន​ក្ដី​រំពឹង​ថា នឹង​អាច​ផ្តល់​ការងារ​ដល់​បុគ្គលិក ហើយ​អាច​ផ្សាយ​ទៅ​ដល់​តំបន់​ផ្សេងៗ​ទៀត​នៃ​ទីក្រុង​ណៃរ៉ូប៊ី នា​ពេល​អនាគត៕

ប្រែ​សម្រួល​ដោយ​ ផន​ បុប្ផា

XS
SM
MD
LG