ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុង​ព្យូងយ៉ាង​សន្យា​ចាត់​វិធានការ​ដ៏​ខ្លាំង​បំផុត​ខណៈ​ពេល​កង​នាវាចម្បាំង​​អាមេរិក​ឆ្ពោះ​ទៅ​កាន់​ផ្ទៃ​ទឹក​កូរ៉េ


ទាហាន​កូរ៉េ​ខាង​ជើងកំពុង​ដើរ​នៅ​ទីក្រុង​ព្យុងយ៉ាង​ ដោយ​មាន​កាន់​រូប​អតីតមេ​ដឹក​នាំ លោក គឹម អ៊ិលស៊ុង និង​ លោក គឹម ជុងអ៊ិល កាល​ពី​ថ្ងៃទី​១៣ មេសា។
ទាហាន​កូរ៉េ​ខាង​ជើងកំពុង​ដើរ​នៅ​ទីក្រុង​ព្យុងយ៉ាង​ ដោយ​មាន​កាន់​រូប​អតីតមេ​ដឹក​នាំ លោក គឹម អ៊ិលស៊ុង និង​ លោក គឹម ជុងអ៊ិល កាល​ពី​ថ្ងៃទី​១៣ មេសា។

យោធា​របស់​កូរ៉េខាង​ជើង​កាល​ពី​ថ្ងៃ​សុក្រ​បាន​ធ្វើ​ការ​ឆ្លើយ​តប​ដោយ​ផ្ទាល់​ទៅ​នឹង​ការ​បន្ត​គំរាម​កំហែងរបស់​លោក​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ​ ដែលអះ​អាង​ថា​នឹង​ចាត់​វិធានការ​ចំពោះ​ការ​គំរាម​កំហែង​នុយក្លែអ៊ែ​របស់​រដ្ឋាភិបាល​ក្រុង​ព្យូងយ៉ាង​ ស្រប​ពេលដែល​មាន​ការរំពឹង​ទុក​ពីការ​សាក​ល្បង​អាវុធ​នុយក្លែអ៊ែ​ថ្មី​ដែល​ប្រហែល​កើត​មាន​ឡើង​នៅ​ពេល​ឆាប់​ៗ​នេះ។

យោង​ទៅ​តាម​មន្ត្រី​មិន​ប្រាប់​ឈ្មោះ​របស់​កងទ័ព​ប្រជាជន​កូរ៉េ​បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ «ការ​វាយ​ប្រហារ​តបត​ដ៏​ខ្លាំង​បំផុត​របស់​យើង​ប្រឆាំង​នឹង​សហរដ្ឋ​អាមេរិក​និង​កង​កម្លាំង​អាយ៉ង​របស់​អាមេរិក ​នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​គ្មាន​ត្រា​ប្រណី​ដើម្បីកុំ​ឲ្យ​ពួក​ឈ្លាន ពាន​នៅ​រស់​រាន​មាន​ជីវិត‍»។

សេចក្តី​ថ្លែងការណ៍​ដែល​បាន​ធ្វើ​ឡើង​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​មជ្ឈិម​កូរ៉េ​បាន​បន្ត​ទៀត​ថា៖ «ក្រោម​ស្ថាន​ភាពដ៏​ធ្ងន់​ធ្ង​នេះ សហរដ្ឋ​អាមេរិក ​ត្រូវតែ​គិត​ពិចារណា​ប្រកប​ដោយ​សុភនិច្ឆ័យ​និង​ធ្វើ​ការ​ជ្រើស​រើស​ដោយ​ត្រឹមត្រូវ​សម្រាប់​ដំណោះ​ស្រាយ​នៃ​បញ្ហា​នោះ‍»។

កាល​ពីមួយ​ថ្ងៃ​មុន ​លោក​ប្រធានា​ធិបតី​អាមេរិក​ ដូណាល់ ត្រាំ ​បាន​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​ថា ​កូរ៉េខាង​ជើងបាន​ប្រុងប្រៀប​ចុច​បំផ្ទុះ​គ្រាប់​បែក​បរមាណូ​នៅ​ក្រោម​ដី​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ដើម្បី​ប្រារព្ធ​ខួប​កំណើត​របស់​លោក Kim Il Sung បិតា​បង្កើត​មេ​ដឹកនាំ​ប្រទេស​កូរ៉េខាង​ជើង។

លោក​ប្រធានា​ធិបតី​ ត្រាំ ​បាន​មាន​ប្រសាសន៍​នៅ​ឯ​សេតវិមាន​ថា៖ «ប្រទេស​កូរ៉េខាង​ជើង​ជា​បញ្ហា។ បញ្ហា​នេះ​នឹង​ត្រូវ​តែ​ដោះ​ស្រាយ‍»។

សេចក្តី​ថ្លែងការណ៍​របស់​យោធា​កូរ៉េខាង​ជើង​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​យប់​ថ្ងៃ​សុក្រ​ នៅ​ក្នុង​ទីក្រុង​ព្យូងយ៉ាង​ បាន​ប្រកាស​ប្រឆាំង​លោក​ប្រធានា​ធិបតី​ ត្រាំ ​ដោយ​និយាយ​ថា ការ​បង្ក​រឿង​របស់​ប្រធានា​ធិបតី​ត្រាំមិន​អាច​អត់​ឱន​ឲ្យ​បាន​ឡើយ។

សេចក្តី​ថ្លែង​ការណ៍​នោះ​បាន​ព្រមាន​ថា ​កងទ័ព​កូរ៉េខាង​ជើង ​អាច​បំផ្លាញ​មូលដ្ឋាន​យោ​ធា​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ហើយ​និង​គេហដ្ឋាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​សេអ៊ូល​ តែ​រយៈ​ពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ៕

XS
SM
MD
LG