ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Putin បដិសេធ​ថា​មិន​បាន​ជ្រៀតជ្រែក​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​នោះ​ទេ


លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin ចាប់​ដៃ​លោកស្រី​អធិការបតី​អាល្លឺម៉ង់ Angela Merkel បន្ទាប់​ពី​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​ក្រុង Sochi ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧។

ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​បដិសេធ​កាល​ពី​ថ្ងៃ​អង្គារ​ថា រុស្ស៊ី​មិន​បាន​ជ្រៀតជ្រែក​នៅ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​កាល​ពី​ឆ្នាំ​មុន​នោះ​ទេ ដោយ​និយាយ​ថា ការ​ចោទ​ប្រកាន់​យ៉ាង​ដូច្នេះ​គឺ​គ្រាន់​តែ​ជា «រឿង​ចចាម​អារ៉ាម» ដែល​ត្រូវ​បាន​លើក​ឡើង​សម្រាប់​មូលហេតុ​នយោបាយ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​តែ​ប៉ុណ្ណោះ។

ការ​បដិសេធ​របស់​លោក Putinត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​មួយ​នៅ​ក្នុង​ទីក្រុង Sochi ប្រទេស​រុស្ស៊ី ជាមួយ​នឹង​អធិការបតី​អាល្លឺម៉ង់ លោកស្រី Angela Merkel បន្ទាប់​ពី​មេដឹកនាំ​ទាំង​ពីរ​បាន​ជួបគ្នា ក្នុង​អំឡុង​ពេល​ដែល​មាន​ការ​តានតឹង​ចំណងទាក់ទង​កាន់​តែ​ខ្លាំង​ឡើង​ជុំវិញ​បញ្ហា​សង្គ្រាម​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​ការ​ដែល​រុស្ស៊ី​យក​តំបន់ Crimea របស់​អ៊ុយក្រែន ធ្វើ​ជា​ឧបសម្ព័ន្ធ​របស់​ខ្លួន។ ​

សុន្ទរកថា​របស់​លោក Putin គឺ​ផ្ទុយ​ពី​អ្វី​ដែល​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​របស់​អាមេរិក​បាន​រកឃើញ ដែល​ថា រុស្ស៊ី​គឺ​ជា​អ្នក​លួចចូល​ទៅ​ក្នុង​គណនី​អ៊ីម៉ែល​របស់​គណបក្ស​ប្រជាធិបតេយ្យ ដែល​មាន​បំណង​ផ្តល់​អត្ថប្រយោជន៍​ដល់​លោក Donald Trump ខាង​គណបក្ស​សាធារណរដ្ឋ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គូប្រជែង​ខាង​គណបក្ស​ប្រជាធិបតេយ្យ គឺ​លោកស្រី Hillary Clinton។ ​

ជា​ការ​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​អ្នក​យក​ព័ត៌មាន លោកស្រី Merkel បាន​មាន​ប្រសាសន៍​ថា លោក​ស្រី​មិន​មាន​ការ​ភ័យខ្លាច​អំពី​ការ​គំរាមកំហែង​ទៅ​លើ​ការ​ជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការ​បោះឆ្នោត​របស់​ប្រទេស​អាល្លឺម៉ង់​ក្នុង​ឆ្នាំ​នេះ​នោះ​ទេ ហើយ​នឹង​ធ្វើ​ចំណាត់ការ​ទៅ​លើ​ព័ត៌មាន​មិន​ត្រឹមត្រូវ​តាមរយៈ​ការ​ពិត៕

XS
SM
MD
LG