ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខ្សែជីវិត​អ្នកស្រី ពុង ឈីវកេក ជួយ​កិច្ច​ព្រមព្រៀង​សន្តិភាព​នៅ​កម្ពុជា​ និង​សិទ្ធិ​មនុស្ស


លោកស្រី​វេជ្ជបណ្ឌិត​ពុង ឈីវកេក​ជា​ស្ថាបនិក​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទិ្ធ​មនុស្ស​ លីកាដូ។
លោកស្រី​វេជ្ជបណ្ឌិត​ពុង ឈីវកេក​ជា​ស្ថាបនិក​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទិ្ធ​មនុស្ស​ លីកាដូ។

លោកស្រី​ពុង ឈីវកេក​ជា​មនុស្សមិន​ចេះនឿយ​ហត់​នឹង​ការងារ។​ ទោះបី​លោក​ស្រី​មាន​គោល​ដៅថា​ ចង់​ធ្វើ​ដំណើរ​កម្សាន្ត​បន្ថែម​នៅ​ថ្ងៃ​អនាគត​ក៏​ដោយ​ ក៏​លោកស្រី​មិន​ឈប់​ធ្វើការ​ងារ​សង្គម​ឡើយ។ ​លោក​ស្រីនិយាយ​បណ្តើរ​ សើច​បណ្តើរ។​​

រដ្ឋាភិបាល​បារាំង​ទទួល​ស្គាល់​ស្នាដៃ​របស់​លោកស្រី​វេជ្ជបណ្ឌិត​ពុង ឈីវកេក​ក្នុង​កិច្ច​ស្វែងរក​សន្តិភាព ​និង​ការពារ​សិទ្ធិ​មនុស្ស។ ​កាលពី​ថ្ងៃទី​២៨​ ខែ​កក្កដា​កន្លង​ទៅនេះ ​លោកស្រី​ទទួល​បានគ្រឿង​ឥស្សរិយយស​ La Légion d’Honneur​ ថ្នាក់​អស្សឫទ្ធិ​ពីរដ្ឋាភិបាល​បារាំង។ ​លោក​ Jean-Claude Poimboeuf (ហ្សង់­ក្លូដ ពាំបឺហ្វ) ​ឯក​អគ្គ​រដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​ ជាអ្នក​បំពាក់​មេដាយ​ជូន​អ្នកស្រី។ ​ការ​ទទួល​ស្គាល់​អំពី​សំណាក់​រដ្ឋាភិបាល​បារាំង​នេះ​ដូចជា​ខ្យល់​ដង្ហើម​ថ្មីមួយ ​ដែល​លើកទឹក​ចិត្ត​ឲ្យ​លោកស្រី ​និង​សហការី​នៃ​អង្គការ​លីកាដូ​មាន​កម្លាំង​ចិត្ត​បន្ត​ដំណើរ​ការ​ការងារឆ្ពោះ​ទៅមុខទៀត។​

លោកស្រី​វេជ្ជបណ្ឌិត​ពុង ឈីវកេក​ជា​ស្ថាបនិក​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន​ និង​ការពារ​សិទិ្ធ​មនុស្ស​ លីកាដូ។ ​លោកស្រី​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ មិនត្រឹម​តែក្នុង​ផ្នែក​សិទ្ធិ​មនុស្ស​នោះ​ទេ​ តែនៅ​ក្នុង​ដំណើរការ​ផ្សះផ្សារ​ជាតិ​កម្ពុជា​ផង​ដែរ។ លោកស្រី​ជា​អ្នក​ជួយ​នៅពី​ក្រោយ​ឆាក​នៃជោគ​ជ័យ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ ដោយ​លោកស្រី​ជា​អ្នក​ដែល​រៀបចំ​ឲ្យ​មាន​ជំនួប​ដំបូង​បង្អស់​រវាង​អតីត​ព្រះ​មហា​ក្សត្រ ​នរោត្តម​ សីហនុ ​និង​លោក​ហ៊ុន​ សែន​ ដើម្បី​ពិភាក្សា​អំពី​រឿង​សន្តិភាព​នៅ​កម្ពុជា។​

លោកស្រី​វេជ្ជបណ្ឌិត​ពុង ឈីវកេក​ កើត​នៅ​ឆ្នាំ១៩៤២ ​នៅរាជ​ធានី​ភ្នំពេញ។ ​ស្ថិត​ក្នុង​វ័យ​ ៧៥​ឆ្នាំ ​លោកស្រី​មាន​មាឌតូចស្តើង ​រស់រាយ​រាក់ទាក់​ តែ​មាន​សម្តី​ម៉ឺងម៉ាត់។​ លោកស្រី​មាន​ឈ្មោះ​មួយ​ទៀត​ហៅ​ថា ​កេក ហ្កាឡាប្រ៊ូ ​ដែល​យក​នាម​ត្រកូល​តាម​ស្វាមី​លោកស្រី​គឺ​លោក​ហ្សង់​ហ្សាក់ ហ្កាឡាប្រ៊ូ ​(Jean-Jacques Galabru)​ ជា​ឯក​អគ្គរដ្ឋ​ទូតបារាំង។​ លោកស្រី​ និង​ស្វាមី​បាន​រៀប​អាពាហ៍​ពិពាហ៍​នៅប្រទេស​បារាំង ​ក្នុង​ទស​វត្ស១៩៦០។​ លោកស្រី​មាន​កូន​៣​នាក់​ និ​ងចៅ​៦​នាក់។​

នៅក្នុង​ភូមិគ្រឹះ​ដ៏​ត្រជាក់​រហឹម ​លោកស្រី​អង្គុយ​លើ​សាឡុងពូក ​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ​ដែល​មាន​ពន្លឺ​ព្រឿងៗ។​ ខាង​ក្រោយ​ខ្នង​លោកស្រី​ជា​កូន​បណ្ណាល័យ​មួយ។​ អ្នក​ស្រីតែង​តែ​ឆ្លៀត​ពេល​អង្គុយ​អាន​សៀវភៅ​ ​ពេលអ្នកស្រី​ទំនេរ​ពី​ការងារ។​

ប្រវត្តិ​ការ​សិក្សា ​និង​ការងារ​ជា​វេជ្ជ​បណ្ឌិត

ឪពុក​របស់​លោកស្រី​គឺ​លោក​ពុង ប៉េងចេង ​និង​ម្តាយ​ឈ្មោះ​ស៊ីវ អេងទុង ​ដែល​សុទ្ធ​តែជា​គ្រូ​បង្រៀន។ ​ឆ្នាំ​១៩៦៨​ ម្តាយ​អ្នកស្រី​ត្រូវ​បាន​ជ្រើសតាំង​ជា​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ ​ហើយ​បាន​ផ្លាស់​មក​ជា​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​វិញ។​ ក្រោយ​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៧០ ​ឪពុក​ម្តាយ​លោក​ស្រី​បាន​ដង្ហែ​តាម​អតីត​ព្រះ​មហា​ក្សត្រ​ នរោត្តម​សីហនុ​នៅ​ទីក្រុង​ប៉េកាំង។​

កាលពី​នៅជា​កុមារ​ ​លោកស្រី​ពុង ឈីវកេក​រៀន​នៅ​ភ្នំពេញ​នៅ​សាលា​បឋម​សិក្សា​បារាំង​ និង​សាលា​លីសេ​ដេកាត ​(Lycee Descartes)​ រហូត​ទទួល​បាន​សញ្ញា​ប័ត្រ​បាក់ឌុប​ឆ្នាំ​១៩៦០។​ លោកស្រី​បន្ត​ការ​សិក្សា​ជំនាញ​វេជ្ជសាស្រ្ត​នៅ​សាលា​ពេទ្យក្នុង​ទីក្រុង​ភ្នំពេញ​រយៈ​ពេល​៤ឆ្នាំ​ ត្រឹម​ឆ្នាំ​១៩៦៤​ និង​បន្តរៀន​ផ្នែក​វេជ្ជសាស្រ្ត​បន្ថែម​២​ឆ្នាំ​ទៀត​នៅ​ឯ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង​ដើម្បី​យក​សញ្ញាប័ត្រ​វេជ្ជបណ្ឌិត។​

ពេល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៦៨​ក្រោយ​រៀន​ចប់ ​លោកស្រី​បម្រើ​ការ​ក្នុង​វិស័យ​សុខាភិបាល ​ធ្វើ​ជា​គ្រូពេទ្យ​នៅ​មន្ទីរ​ពេទ្យ​មិត្ត​ភាពខ្មែរ-សូវៀត​ផង​ និង​ជា​គ្រូ​បង្រៀន​ផ្នែក​វេជ្ជសាស្រ្ត​នៅ​សាលា​ពេទ្យ​ផង។ ​ជា​អកុសល​នៅ​ឆ្នាំ​១៩៧១ ​ក្រោយ​រដ្ឋ​ប្រហារ ​លោកស្រី​ និង​គ្រួសារ​របស់លោក​ស្រី​ចាក​ចេញពី​កម្ពុជា​ទៅ​កាន់ប្រទេស​បារាំងវិញ​ ហើយ​លោកស្រី​បាន​បន្តរៀន​បច្ចេកទេស​ខាង​ជំងឺ​ក្នុង​ឈាម ​(Hematology)។​

ដំណើរ​ជីវិត​ឆ្ងាយ​ពី​មាតុភូមិ

ស្វាមី​លោកស្រី​ដែល​ជា​មន្ត្រី​ទូត​បារាំង​ត្រូវ​បាន​ចាត់តាំង​ឲ្យ​ទៅ​ធ្វើជា​អគ្គកុងស៊ុល​ប្រចាំ​នៅ​ប្រទេស​កាណាដា។ ​ដូច្នេះ​លោកស្រី​ត្រូវបន្ត​ដំណើរ​ទៅក្រុង​ ​Vancouver ​ ប្រទេស​កាណា​ដា​នៅ​ឆ្នាំ​១៩៧៣។ ​នៅ​ពេល​នោះ​ លោកស្រី​ស្រាវជ្រាវ​ផ្នែក​វេជ្ជ​សាស្រ្ត​ជាមួយ​គ្រូពេទ្យកាណាដា​ដទៃ​ទៀត។​ ទោះ​ជាយ៉ាងណា​ លោកស្រី​ពុំ​ដែល​ភ្លេច​អំពី​បញ្ហា​នៅ​កម្ពុជា​ឡើយ។ ​នៅពេល​ដែល​បាត់ដំណឹង​ពី​បងប្អូន​នៅ​ក្នុង​ប្រទេស​ លោកស្រី​សង្ស័យ​អំពី​ភាព​មិន​ប្រក្រតី​ក្នុងប្រទេស​កម្ពុជា។ ​ដូចនេះ​ក្នុង​ឆ្នាំ​១៩៧៧​ លោកស្រី​ព្យាយាម​ខ្នះខ្នែង​ជួប​លោក ​François Mitterrand​ដែល​ពេល​នោះកាន់​តំណែង​ក្នុងគណបក្ស​ប្រឆាំង​នៅបារាំង​នៅឡើយ​គឺ​គណបក្ស​ Socialist Party ​ដែល​មាន​ន័យ​ថា ​គណបក្ស​សង្គម​និយម។​

លោកស្រី​ចាំ​មិន​ភ្លេច​ពាក្យ​សន្យារបស់​លោក ​François Mitterrand ​ដែល​ក្រោយ​មកបាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​បារាំង។​

«លោក ​Mitterrand ​ថា​ បើលោក​ជាប់ឆ្នោត​ឆ្នាំ​១៩៨១ ​លោក​សន្យា​មុខ​សហការី​គាត់​ទាំងអស់​ថា បើលោក​ជា​ប្រធានាធិបតី ​លោក​នឹង​រក​មធ្យោបាយ​គ្រប់​មុខ​ដើម្បី​ជួយ​ឲ្យ​ប្រទេស​កម្ពុជា​យើង​បាន​ស្គាល់​សន្តិភាព​ឡើង​វិញ។​ នែ!​ពាក្យ​សម្តី​ហ្នឹង​ខ្ញុំចងចាំ​ជា​រៀង​រហូត។​ ​តាំងពី១៩៧៧​ ខ្ញុំ​ខំ​បន់​ទេវតា​ហើយ​ឲ្យ​លោក​ជាប់ឆ្នោត។ ​លោក​ជាប់មែន!»​

តែ​លោកស្រី​និយាយ​ថា ក្នុង​ឋានៈ​ជា​ប្រធានាធិបតី ​គេ​អាច​មិន​ខ្វល់នឹង​ពាក្យ​សន្យា​ជាមួយ​ លោកស្រី​ក៏​ព្រោះតែ​កម្ពុជា​ជា​ប្រទេស​តូច។​ ការណ៍​នេះ​បាន​ធ្វើឲ្យ​លោកស្រី​បារម្ភ​ និង​សុខចិត្ត​បន្ថយ​ការងារ​ក្នុង​វិស័យ​វេជ្ជសាស្រ្ត​ មក​ស្វែងរក​យុទ្ធ​សាស្រ្ត​ការទូត​ និង​ធ្វើទំនាក់​ទំនង​យ៉ាងណា​ឲ្យ​មាន​តុ​ចចារ​អំពី​សន្តិភាព​នៅ​ប្រទេស​កំណើត​ខ្លួន។​

លោកស្រី​បន្ត​ដើរតាម​ការងារ​របស់​ស្វាមី​ទៅ​ដល់​ទីក្រុង​ Rio de Janeiro ​ប្រទេស​ប្រេហ្ស៊ីល​នៅ​ឆ្នាំ​១៩៧៩ ​និង​ឆ្នាំ​១៩៨២​ អ្នកស្រី​បន្ត​ទៅ​ប្រទេស​ Angola ​ទ្វីប​អាហ្វ្រិក​ទៀត។​ នៅ​ Angola ​នោះ​ហើយ​ជា​ឱកាស​ដែល​លោកស្រី​បាន​ជួប​លោក​ហ៊ុន សែន។​ ពេល​នោះ​លោក​ហ៊ុន សែន​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ដែល​ធ្វើ​ទស្សន​កិច្ច​ផ្លូវ​ការ​ជាមួយ​គណៈ​ប្រតិភូ​មួយ​ក្រុម​ទៅ​កាន់ទី​នោះ។ ដើម្បី​សម្រេច​បេសក​កម្ម​ដើម្បី​សន្តិភាព​នៅ​កម្ពុជា​ ​ លោកស្រី​ចាប់ផ្តើម​បោះបង់​ការងារ​ជា​គ្រូពេទ្យ​មួយ​រយៈ។​

ឧបសគ្គ ​និង​យុទ្ធសាស្រ្ត​ទំនាក់ទំនង

ជោគជ័យ​នៃ​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ចាប់ផ្តើម​ពី​ជំនួប​ដំបូង​បង្អស់​រវាង​អតីត​ព្រះ​មហា​ក្សត្រ ​និង​លោក​ហ៊ុន សែន​កាលពី​ថ្ងៃ​ទី២ ​ធ្នូ​ ឆ្នាំ​១៩៨៧ ​នៅ​ Fère-en-Tardenois ​ប្រទេស​បារាំង។​ ការជួប​នេះ​មិន​ងាយ​ស្រួល​ឡើយ ​បន្ទាប់ពី​មាន​បរាជ័យ​មួយ​ដង​រួច​មក​នោះ។​

«កាល​ឆ្នាំ​១៩៨៤​ រៀប​ចំ​អត់​បាន​ជោគជ័យ។​ កាល​ហ្នឹង​ខាង​គណៈ​ប្រតិភូ​ភ្នំពេញ​ទៅ​ដល់​ប៉ារីស​ចាំនៅ​ហ្នឹងហើយ ​សម្តេច​ឪ​លោក​ថា​ លោក​យាង​ទៅ​អត់បាន​ មិន​ដឹង​មូលហេតុអី​ ចេះតែ​ឃ្វៀង​គ្នា​អញ្ចឹង​មិន​បាន​ជួប។ ​មិន​បាន​ជួប​ធ្វើមិន​ជជែក​រឿង​សន្តិភាព​បាន! ​ មួយនៅ​ក្រៅ​ មួយ​នៅ​ក្នុង​ ចេះតែ​វាយ​គ្នា​អញ្ចឹង»។​

លោកស្រី​ពន្យល់​បន្ថែម​ថា ​យុទ្ធសាស្រ្ត​ទំនាក់​ទំនង​ត្រូវតែ​ធ្វើ​ដោយ​ប្រុង​ប្រយ័ត្ន។​

«ឧបសគ្គ​គឺ​យើង​មិន​ដឹង​ថា ​មាន​ប្រទេស​ណាចង់​ឲ្យ​យើង​មាន​សន្តិភាព​ពិត​ប្រាកដ​ទេ។ ​មាន​តែ​៤​នាក់​គត់​ទេ​ដែល​ដឹង​គឺលោក​ឪពុក​អ្នកម្តាយ​ជា​ទីប្រឹក្សា ​និង​គ្រួសារ​(ស្វាមី)​ខ្ញុំ។​ ប្រុង​ប្រយ័ត្ន​មែន​ទែន។ ​ហើយ​ពិបាក​ទី២​គឺដោយសារ​បារាំង​មិន​ទាន់​ទទួល​ស្គាល់​ផ្លូវការ​កម្ពុជា​ពេល​ហ្នឹង​ទេ ​មិន​មាន​ប្រទេស​សេរី​ណា​ទទួល​ស្គាល់»។​

ក្រោយ​ពី​ជំនួប​ពីរ​ដង​ទៀត​រវាង​អតីត​ព្រះមហា​ក្សត្រ ​និង​លោក​ហ៊ុន សែន​នៅ​ខែ​មករា​ ​និង​វិច្ឆកា​ឆ្នាំ​១៩៨៣ ​ទី​បំផុតកម្ពុជា​អាច​ឈាន​ដល់​ដំណាក់​កាល​ចរចា​ជា​ប្រវត្តិ​សាស្រ្ត​មួយ​នៅថ្ងៃទី​២៣​ខែ​តុលា​ឆ្នាំ​១៩៩១ ​បង្កើត​បាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​ដែលមាន​៤​ភាគី​ចូល​រូម​គឺភាគី​រដ្ឋកម្ពុជា ​នៅ​ភ្នំពេញ ​ភាគី​លោក​សឺន សាន​ ភាគីហ្វុនស៊ិនប៉ិច ​និង​ភាគី​ខ្មែរក្រហម។ ពេលនោះ ​ប្រទេស​បារាំង ​និង​ឥណ្ឌូនេស៊ី​ជាសហ​ប្រធាន ​និង​មាន​ប្រទេស​ហត្ថលេខី​ចំនួន​១៨​ប្រទេស។ ​រដ្ឋាភិបាល​អូស្រ្តាលីគឺ​ជាអ្នក​រៀប​ចំ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​នោះ។​

បេសក​កម្ម​នៅតែ​បន្ត​ ជំនាញ​ផ្នែក​វេជ្ជសាស្រ្តក៏​មិន​បោះ​បង់

បន្ទាប់ពី​ការ​ចុះ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ លោកស្រី​វេជ្ជបណ្ឌិត​ពុង ឈីវកេក​ផ្តួច​ផ្តើម​បង្កើត​អង្គការ​លីកាដូ ​ក្នុង​គោល​បំណង​តាមដាន​ការងារ​របស់​ខ្មែរក្រហម។​

អង្គការ​លីកាដូ​ត្រូវបាន​បង្កើត​ដំបូង​នៅ​ទីក្រុង​ប៉ារីស។​ អង្គការ​នេះ​បង្កើត​ឡើងជា​លក្ខណៈ​គ្រួសារ។​ ក្រោយ​មក​ទើប​ចាប់​ប្រតិបត្តិការ​នៅ​ភ្នំពេញ​នៅ​ឆ្នាំ​១៩៩២។ ​មិន​យូរ​ប៉ុន្មានលីកាដូ​បានក្លាយ​ទៅ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដ៏​លេច​ធ្លោ​ក្នុង​ការ​ការពារសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ ការ​ការពារ​សិទ្ធិ​ជាមូលដ្ឋាន ​និង​ការ​ឃ្លាំមើល​ការ​បោះឆ្នោត។​

ដោយនៅ​ស្តាយ​ជំនាញ​ជា​ពេទ្យ​ លោកស្រី​ពុង ឈីវកេក​ក៏​បង្កើត​កម្ម​វិធី​ពិសេស​មួយ​ក្នុង​អង្គការ​លីកាដូ​ គឺ​ការ​ផ្តល់​ជំនួយ​ផ្នែក​មនុស្ស​ធម៌​ និង​ជំនួយ​ផ្នែក​វេជ្ជសាស្រ្ត​ដល់អ្នក​ជាប់​ពន្ធនាគារ។​

«ខ្ញុំ​នៅតែ​នឹក​ស្រណោះ​រឿង​ពេទ្យ​ ចង់​ធ្វើ​ពេទ្យ​ តែ​មិន​អាច​ធ្វើ​ទាំងពីរ​ តែ​ដោយសារ​យើង​ចង់​បាន​សន្តិភាព​ពុះពារ។ ​អញ្ចឹង​ថ្វីដ្បិត​មិន​បាន​ធ្វើពេទ្យ​ខ្លួន​ឯង​ ក៏​បង្កើត​កម្ម​វិធី​ពេទ្យ​មួយ​ក្នុង​អង្គការ​លីកាដូ»។​

ឯក​អគ្គរដ្ឋ​ទូត​បារាំង ​លោក​ Jean-Claude Poimboeuf ​ ទទួល​ស្គាល់​ជោគជ័យ​របស់​អង្គការលីកាដូ។ ​លោក​ថា​ ជាង​២០​ឆ្នាំ​មក​នេះ​លីកាដូបានរួម​ចំណែក​ពង្រឹង​នីតិរដ្ឋ​ និង​ជួយ​ជន​ងាយ​រងគ្រោះ​នៅ​កម្ពុជា។​

ជោគជ័យ ​និង​អនាគត

លោកស្រី​ពុង ឈីវកេក​ជា​មនុស្សមិន​ចេះនឿយ​ហត់​នឹង​ការងារ។​ ទោះបី​លោក​ស្រី​មាន​គោល​ដៅថា​ ចង់​ធ្វើ​ដំណើរ​កម្សាន្ត​បន្ថែម​នៅ​ថ្ងៃ​អនាគត​ក៏​ដោយ​ ក៏​លោកស្រី​មិន​ឈប់​ធ្វើការ​ងារ​សង្គម​ឡើយ។ ​លោក​ស្រីនិយាយ​បណ្តើរ​ សើច​បណ្តើរ។

«ខ្ញុំ​ចង់​ធ្វើ​ដំណើរ​កម្សាន្ត​ ចង់​ទៅឲ្យ​គ្រប់​ នៅ​ខ្វះ​ប្រទេស​ខ្លះ។​ តែចេះ​តែនឹក​ឃើញ​ថា​ បើ​ឈប់​ទៅ ​អារម្មណ៍​នៅ​អាឡោះ​អាល័យ​នៅ​លីកាដូ។ ​អញ្ចឹង​កុំ​បាច់​ឈប់​ហ្មង​ នៅ​ជា​ទីប្រឹក្សា ​នៅ​ក្នុង​ គណៈ​កម្មការ​គ្រប់គ្រង ​នៅតែ​ជួយ​រហូត​ដល់​ថ្ងៃ​ណាមួយ​ងើប​លែង​រួច»។​

លោកស្រី​វេជ្ជ​បណ្ឌិត​ពុង ឈីវកេក​ធ្លាប់ទទួល​ការ​តែងតាំង​ជា​បេក្ខនារី​ទទួល​ពាន​រង្វាន់​ណូបែល​សន្តិភាពក្នុង​ចំណោម​បេក្ខជន​១០០០​នាក់ ​ក្នុង​ឆ្នាំ​២០០៥។​

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​កាលពី​ថ្ងៃទី​២៨​ ខែ​កក្កដា​កន្លង​ទៅ​នេះ ​លោកស្រី​ទទួល​បានគ្រឿង​ឥស្សរិយ​យស La Légion d’Honneur​ ថ្នាក់​អស្សឫទ្ធិ​ពីរដ្ឋាភិបាល​បារាំង។​

La Légion d’Honneur ​គឺ​ជា​គ្រឿង​ឥស្សរិយ​យស​ដ៏​ឧត្តុង្គឧត្តម​បំផុត​របស់​ប្រទេស​បារាំង​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះចៅ ​Napoleon Bonaparte ​ នៅ​ឆ្នាំ​១៨០២៕

XS
SM
MD
LG