\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការ​តវ៉ា​ដក​លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ចេញ​ពី​តំណែង​បន្ត​កើន​ឡើង


 ​បាតុកម្ម​តវ៉ា​ទម្លាក់​លោកស្រី​ប្រធានាធិបតី Park Geun-hye ចេញ​ពី​តំណែង ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុករលួយ​នយោបាយ​ នៅ​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាល​ពីថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០១៦។

​បាតុកម្ម​តវ៉ា​ទម្លាក់​លោកស្រី​ប្រធានាធិបតី Park Geun-hye ចេញ​ពី​តំណែង ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុករលួយ​នយោបាយ​ នៅ​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង កាល​ពីថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០១៦។

មនុស្ស​រាប់​សែន​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង រហូត​ដល់​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ ​ដើម្បី​ធ្វើ​ការ​តវ៉ា​ទម្លាក់​លោកស្រី​ប្រធានាធិបតី Park Geun-hye ចេញ​ពី​តំណែង ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ពុករលួយ​នយោបាយ​កន្លង​មក។ ការ​តវ៉ា​លើក​នេះ ជា​ការ​តវ៉ា​ដ៏​ធំ​បំផុត​នៅ​ក្នុង​ការ​តវ៉ា​ទម្លាក់​លោកស្រី Park កន្លង​មក។

ការ​តវ៉ា​លើក​នេះ ជា​ការ​តវ៉ា​លើក​ទី ៥ ដែល​ធ្វើ​ឡើង​នៅ​រៀងរាល់​ចុង​សប្ដាហ៍​កន្លង​មក​ជាប់ៗ​គ្នា ដោយ​ក្នុង​នោះ អ្នក​តវ៉ា​ជា​ច្រើន​នាក់​បាន​ប្រមូល​ផ្ដុំ​នៅ​លើ​ដង​ផ្លូវ​ធំៗ​នៅ​កណ្ដាល​ក្រុង​សេអ៊ូល។

ប៉ូលិស​បាន​និយាយ​ថា មាន​អ្នក​តវ៉ា​ប្រហែល ២ សែន ៧ ម៉ឺន​នាក់​បាន​ចេញ​មក​តវ៉ា​នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ ប៉ុន្តែ​អ្នក​រៀបចំ​បាតុកម្ម​នេះ​បាន​ប៉ាន់​ប្រមាណ​ថា អ្នក​តវ៉ា​មាន​ចំនួន​ប្រហែល ១ លាន កន្លះ។

មន្ត្រី​ប៉ូលិស​ចំនួន​ប្រហែល ២ ម៉ឺន ៥ ពាន់​នាក់ ត្រូវ​បាន​ដាក់​ពង្រាយ​ដើម្បី​ការពារ​ក្រែង​មាន​អំពើ​ហិង្សា​កើត​ឡើង និង​ដើម្បី​រារាំង​អ្នក​តវ៉ា​កុំ​ឲ្យ​ធ្វើ​ដំណើរ​ជា​ក្បួន​ទៅ​កាន់​វិមាន​ប្រធានាធិបតី។

លោកស្រី Park Geun-hye ត្រូវ​គេ​សង្ស័យ​ថា​បាន​ជួយ​លោកស្រី Choi Soon-sil ដែល​ជា​មិត្តភក្ដិ​ជិតស្និទ្ធ​របស់​លោកស្រី។ លោកស្រី Choi Soon-sil ត្រូវ​គេ​ចោទ​ប្រកាន់​ថា​ បាន​លូក​ដៃ​ចូល​ក្នុង​កិច្ចការ​រដ្ឋាភិបាល និង​បាន​បង្ខំ​ក្រុមហ៊ុន​មួយ​ចំនួន​បង់​ថវិកា​លើ​អង្គការ​សប្បុរសធម៌ ​ដែល​លោកស្រី​បាន​បង្កើត និង​គ្រប់គ្រង​ដោយ​ខ្លួន​ឯង និង​ទាញ​យក​ផល​ចំណេញ​ពី​ថវិកា​ទាំង​នោះ។

រដ្ឋអាជ្ញា​ដែល​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​សំណុំ​រឿង​លោកស្រី Choi Soon-sil បាន​ចោទ​ប្រកាន់​លោកស្រី Choi ជា​ផ្លូវការ និង​នា​ពេល​បច្ចុប្បន្ន​នេះ កំពុង​សាកសួរ​លោកស្រី Park អំពី​តួនាទី​របស់​លោកស្រី​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​អាស្រូវ​នយោបាយ​នេះ៕

XS
SM
MD
LG