ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហគមន៍​ខ្មែរ​ក្រៅ​ប្រទេស​បាតុកម្ម​ទាមទារ​ឲ្យ​ដោះលែង​អ្នកការពារ​សិទ្ធិ​មនុស្ស​


បាតុករ​មក​ពី​រដ្ឋ​ជាច្រើន​ក្នុង​សហរដ្ឋ​អាមេរិក កំពុង​តែ​ជួបជុំ​គ្នា​តវ៉ា​នៅ​ខាងមុខ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ដើម្បី​សុំ​ឱ្យ​មាន​​​អន្តរាគមន៍​បញ្ឈប់​ការ​រំលោភសិទ្ធិ​មនុស្ស​នានា​ក្នុង​ប្រទេស​កម្ពុជា នៅរដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦
បាតុករ​មក​ពី​រដ្ឋ​ជាច្រើន​ក្នុង​សហរដ្ឋ​អាមេរិក កំពុង​តែ​ជួបជុំ​គ្នា​តវ៉ា​នៅ​ខាងមុខ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ដើម្បី​សុំ​ឱ្យ​មាន​​​អន្តរាគមន៍​បញ្ឈប់​ការ​រំលោភសិទ្ធិ​មនុស្ស​នានា​ក្នុង​ប្រទេស​កម្ពុជា នៅរដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦

ក្រុមបាតុករ​ក៏ស្នើសុំ​ឲ្យ​មានការ​បង្កើត​នូវ​«ក្រុម​​ទាក់​ទងកម្ពុជា‍»​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​និង​មានការ​ចូលរួម​ពី​ប្រទេស​អង់គ្លេស បារាំង អូស្ត្រាលី ជប៉ុន និង​ឥណ្ឌូនេស៊ី​ ដើម្បី​ធានា​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ហើយ​ក្នុង​ករណី​ដែល​គណបក្ស​កាន់​អំណាច​ចាញ់​ឆ្នោត ​គឺ​ក្រុម​ប្រទេស​នេះ​ត្រូវ​ធានា​ថា​នឹង​មាន​ការផ្ទេរ​អំណាច​ដោយ​សន្តិវិធី។

បាតុកម្ម​បាន​កើតមានឡើង​ព្រមៗគ្នា​នៅ​ក្នុង​រដ្ឋ​ជាច្រើន​ក្នុង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​មួយ​ចំនួន​កាលពីថ្ងៃ​សុក្រ​និង​សៅរ៍​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​អ្នកការពារ​សិទ្ធិ​មនុស្ស​និង​សកម្មជន​គណបក្ស​ប្រឆាំង។

ដោយ​នៅក្នុងដៃ​មាន​កាន់​បដា​ដែល​មាន​រូបថត​អ្នក​ការពារសិទ្ធិ​មនុស្ស សកម្មជន​បរិស្ថាន​និងសកម្ម​ជន​នយោបាយ​ជាច្រើន​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេស​កម្ពុជា​ ក្រុម​បាតុករ​ខ្មែរ​អាមេរិកាំង​ជិត​ពីររយ​នាក់​ដែល​បាន​មក​ជួបជុំ​គ្នា​នៅ​មុខ​រដ្ឋ​សភាសហរដ្ឋ​អាមេរិកបាន​ស្នើ​សុំ​ឲ្យ​សហរដ្ឋ​អាមេរិ​កជួយ​ធ្វើ​អន្តរាគមន៍ដើម្បីឲ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ជនរងគ្រោះ​ទាំងនោះ​មកវិញ។ ​

លោក​ទូច វិបុល ​ប្រធាន​អង្គការ​សម្ព័ន្ធ​មិត្ត​ខ្មែរអាមេរិកាំង​ដែល​រៀបចំ​ការតវ៉ា​នេះ​បាន​បញ្ជាក់​ថា៖

«យើង​ឃើញ​ថា​នយោបាយ​នាពេលបច្ចុប្បន្ន​បាន​ប្រែប្រួល​មានន័យ​ថា​វប្បធម៌​សន្ទនារវាង​មេដឹកនាំ​ទាំងពីរបានទទួល​បរាជ័យ​រហូត​មកទល់​សព្វថ្ងៃ​នេះ​ទើប​យើង​មក​ធ្វើ​នៅថ្ងៃនេះ​ដោយ​លើក​ឡើង​ពី បញ្ហា​ការចាប់​ចង​។ ខ្ញុំ​ជឿជាក់​ថា​បងប្អូនជាច្រើន​បាន​ឃើញ​ហើយ​ការ​យំសង្វេគរបស់​ប្រពន្ធ​កូន​ជាពិសេស​លោក​នី ចរិយា​ដែល​ជា​មន្ត្រី​គ.ជ.​ប​ផងត្រូវបាន​ចាប់​ដាក់​គុក​ហើយ​ប្រពន្ធ​កូន​របស់​គេ​បាន​យំស្រែក​ទាំងអស់​នេះ​ហើយ​ដែល​យើង​ទាំងអស់​គ្នា​បាន​មក​រួបរួម​គ្នា​នៅថ្ងៃ​នេះ​ដើម្បី​រំលឹក​ឡើងវិញ​ថា​ប្រទេស​កម្ពុជា​ពុំ​មាន​សេរីភាព​គ្រប់​គ្រាន់​ហើយ​ពុំ​មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ពេញលេញ‍»។​

បើ​មិនបាន​ដូច​ការ​ទាមទារ​ទេ​ក្រុម​បាតុករ​ស្នើសុំឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​ការទូត​ដល់​រដ្ឋាភិបាល​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែនជាពិសេ​សលើ​មន្ត្រី​ធំៗ​មួយ​ចំនួន​ដែលពាក់​ព័ន្ធ​នឹង​ការប្រព្រឹត្តិ​អំពើ​ទុច្ចរិត។ ​

មានអ្នក​ការពារសិទ្ធិ​មនុស្ស​ចំនួន​៤នាក់​មក​ពី ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​គឺ ​លោក​នី សុខា​ លោក​ណៃ វង់ដា ​លោក​យី សុខសាន្ត​ លោកស្រី លឹម មុន្នី ​និង​មន្ត្រី​រៀបចំ​ការបោះឆ្នោត​គឺលោក​នី ចរិយា‍​ត្រូវបាន​តុលាការ​ឃុំ​ខ្លួន​ពាក់​ព័ន្ធ​នឹង​សំណុំរឿង​សូកប៉ាន់សាក្សី។ ក្រៅពីនេះ​មាន​មន្ត្រី​និង​សកម្មជន​គណបក្ស​ប្រឆាំង​ជាង​១០នាក់​ទៀត​កំពុងតែ​ជាប់​ពន្ធនាគារ​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​ហិង្សា​និង​ឯកសារព្រំដែន​។ ក្នុង​ចំណោម​នេះ​មាន​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ចំនួន​ពីរនាក់​គឺ​លោក​មាជ សុវណ្ណារ៉ា​និង​លោកអ៊ុំ សំអាន។

បាតុករ​ដែល​បាន​ជួប​ជុំ​គ្នា​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន​បាន​ធ្វើ​ដំណើរ​មកពី​រដ្ឋ​ជាច្រើន។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ស្រី​សុរាក់ភី អ៊ូ អ្នកតវ៉ា​មក​ពី​រដ្ឋ​មីនីសូតា និង​ជាអតីត​មន្ត្រី​រាជការ​ក្នុង​ក្រសួង​អប់រំ​នៅ​កម្ពុជា​ដែល​ទើប​តែ​បាន​មក​រស់​នៅ​សហរដ្ឋ​អាមេរិក។ លោកស្រី​យល់​ថា​គំនាប​ផ្លូវចិត្ត​ដែល​បិទ​សិទ្ធិ​សេរីភាព​ពលរដ្ឋ​នៅ​ប្រទេស​កម្ពុជាមាន​ច្រើន​ប៉ុន្តែ​ពួកគេ​ខិតខំ​លាក់បាំង​បើ​ទោះបី​ជា​គេមើល​ឃើញ​រូបភាព​ខាងក្រៅ​ថា​មាន​ការ​រីកចម្រើន​ផ្នែក​សេដ្ឋកិច្ច​ក៏ដោយ។

«នេះ​ជា​ការមើល​ឃើញ​ជា​សកម្មភាព​មួយ​មើល​ឃើញ​ដោយភ្នែក​ក៏ប៉ុន្តែ​មានការលាក់អារម្មណ៍​របស់​មនុស្ស​គឺ លាក់​។ អារម្មណ៍​មនុស្ស​ម្នាក់​លាក់​ក្នុង​ខ្លួន​គឺ​មាន​អារម្មណ៍​ពីរ​ឬក៏បី​។ អារម្មណ៍​មួយ​សប្បាយតែផ្លូវកាយទេបង្ហាញ​មក​ខាងក្រៅប៉ុន្តែ​ខាងក្នុង​ចិត្ត​មានការ​ឈឺចាប់​គ្រាំគ្រាចិត្ត‍»។​

អ្នកស្រី​ម៉ារី ង៉ា អ៊ុយ សុខចិត្តធ្វើ​ដំណើរ​មកតវ៉ា​ដល់​រដ្ឋ​ធានីវ៉ាស៊ីនតោន​ដើម្បី​ចង់​ប្រាប់​ពី​អ្វី​ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជាដល់​សភាជាតិ​អាមេរិកាំងបើទោះបី​ជា​មាន​ការរៀបចំ​បាតុកម្ម​ដូច​គ្នា​នេះ​ដែរ​នៅរដ្ឋ​ម៉ាស្សាឈូសិត​ដែល​អ្នកស្រី​រស់​នៅ​ក៏ដោយ។ ​

អ្នក​ស្រី​មើល​ឃើញថា​ក្រៅពីបិទសិទ្ធិសេរីភាព​ ប្រទេស​កម្ពុជា​ក៏​រងគ្រោះ​ដោយ​សារការ​បំផ្លាញធនធាន​ធម្មជាតិ​បើ​ទោះបីស្ថានភាពសេដ្ឋកិច្ច​មាន​ភាពប្លែកជាងមុន​ខ្លះ​មែនក៏ដោយ៖

«ឃើញមាន​ប្លែក​ប៉ុន្តែ​អស់​ព្រៃឈើ​ អស់​កោះអស់​ដី អស់​អី​រលីង​ហើយ។ កោះត្រល់​យួន​យក​បាត់​ហើយ‍»។​

បាតុកម្ម​ក៏​ត្រូវ​បាន​រៀបចំឡើង​នៅ​រដ្ឋ​ម៉ាស្សាឈូសិត រដ្ឋ​វ៉ាស៊ីនតោនស្តេត និង​រដ្ឋ​កាលីហ្វញ៉ា និង​នៅ​ប្រទេស​កាណាដា ក្នុង​ថ្ងៃជាមួយ​គ្នា​ផងដែរ។

លោកស្រីណាវ៉ាន់ ចិត្រ​អ្នក​រៀបចំបាតុកម្ម​នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា​បាន​បញ្ជាក់​ថា​សហរដ្ឋ​អាមេរិក​ត្រូវ​តែ​ធ្វើ​អន្តរាគមន៍​ឲ្យ​បាន​ខ្លាំង​បើ​មិន​ដូច្នេះ​ទេ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ក៏​មិន​អាច​មាន​ការផ្ទេរអំណាចដែរ៖

«ខ្ញុំ​មាន​បារម្ភខ្លាំងពីព្រោះ​គណបក្ស​ប្រឆាំង​អត់​មាន​អាវុធ​ទេ។ គណបក្ស​លោក​ហ៊ុន សែន​គឺ​គាត់​មាន​អាវុធ​ម្ល៉ោះហើយ​កាលពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៣គាត់​បាន​យក​រថក្រោះទៅដាក់​ក្នុង​ទីក្រុង​ភ្នំពេញ​ហើយ‍»។​

បាតុកម្ម​ក្នុង​ប្រទេស​កាណាដា​ក្នុង​បុព្វហេតុ​ដូចគ្នា​នេះមាន​អ្នក​ចូលរួម​ជាច្រើន​រយនាក់។

អ្នក​ស្រីសុធី កងបាតុករ​បាន​ប្រាប់​វីអូអេ​ថា៖

«ខ្ញុំ​សុំ​ឲ្យ​ប្រទេសកាណាដាហ្នឹង​ដែល​បាន​ចុះ ហត្ថលេខា​កាលពីថ្ងៃ​ទី ២៣ខែ​តុលាឆ្នាំ​១៩៩១​ឲ្យ​គាត់​ដាក់​សម្ពាធលើ​រាជរដ្ឋាភិបាល​ខ្មែរ​យើង​ឲ្យ​គោរព​សន្ធិសញ្ញា​ទីក្រុង​បារីស​ឆ្នាំ​១៩៩១​ហើយ​ឲ្យ​រាជរដ្ឋាភិបាល​មាន​ការដោះលែង​សកម្មជន​ទាំងអស់​ដោយ​អត់​លក្ខខណ្ឌ។ ដូច​ជា​សកម្មជន​ដីធ្លី សកម្មជន​ព្រៃឈើ​ សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ សកម្ម​ជន​អង្គការ​សង្គមស៊ីវិល​អាដហុក​និង​សកម្មជន​គ.ជ.ប‍»។​

លោក ​Alan Lowenthal ​អ្នក​តំណាងរាស្រ្ត​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​បាន​ប្រាប់​ដល់​ក្រុម​បាតុករ​ថា​លោកបាន​ដឹងយ៉ាងច្បាស់ពីការធ្វើ​បាប​អ្នក​នយោបាយ​គណបក្សប្រឆាំង និង​អ្នកការពារ​សិទ្ធិ​មនុស្សនៅកម្ពុជា។ លោក​បន្ថែម​ថា​សូម្បី​តែ​លោកសម រង្ស៊ី​ក៏​ត្រូវ​រត់​ចាក​ចេញពី​ប្រទេស​ដើម្បី​គេច​ចេញ​ពី​ការធ្វើ​ទុក្ខបុកម្នេញតាម​ផ្លូវ​តុលាការ​ហើយ​លោក​កឹម សុខា​អនុប្រធាន​គណបក្ស​ក៏​សម្រេច​ចិត្ត​ឃុំ​ខ្លួន​ឯង​នៅក្នុង​កន្លែង​ធ្វើការ​ដោយ​សារតែ​មាន​ការ​ប៉ុនប៉ងចាប់​ខ្លួន​លោក។​ក្រុមបាតុករ​ក៏ស្នើសុំ​ឲ្យ​មានការ​បង្កើត​នូវ​«ក្រុមទាក់​ទងកម្ពុជា‍»​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​និង​មានការ​ចូលរួម​ពី​ប្រទេស​អង់គ្លេស បារាំង អូស្ត្រាលី ជប៉ុន និង​ឥណ្ឌូនេស៊ី​ ដើម្បី​ធានា​ឲ្យ​មានការ​បោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​ហើយ​ក្នុង​ករណី​ដែល​គណបក្ស​កាន់​អំណាច​ចាញ់​ឆ្នោត ​គឺ​ក្រុម​ប្រទេស​នេះ​ត្រូវ​ធានា​ថា​នឹង​មាន​ការផ្ទេរ​អំណាច​ដោយ​សន្តិវិធី។

​លោក​ Alan Lowenthal ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​បាតុករ​ដែល​មក​ពី​រដ្ឋ​នានា​នៃសហរដ្ឋ​អាមេរិក ដែល​កំពុង​តែ​ជួបជុំ​គ្នា​តវ៉ា​នៅ​ខាងមុខ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ដើម្បី​សុំ​ឱ្យ​មាន​អន្តរាគមន៍​បញ្ឈប់​ការ​រំលោភសិទ្ធិ​មនុស្ស​នានា​ក្នុង​ប្រទេស​កម្ពុជា នៅរដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦
​លោក​ Alan Lowenthal ​ថ្លែង​សុន្ទរកថា​ទៅ​កាន់​បាតុករ​ដែល​មក​ពី​រដ្ឋ​នានា​នៃសហរដ្ឋ​អាមេរិក ដែល​កំពុង​តែ​ជួបជុំ​គ្នា​តវ៉ា​នៅ​ខាងមុខ​រដ្ឋ​សភា​សហរដ្ឋ​អាមេរិក​ដើម្បី​សុំ​ឱ្យ​មាន​អន្តរាគមន៍​បញ្ឈប់​ការ​រំលោភសិទ្ធិ​មនុស្ស​នានា​ក្នុង​ប្រទេស​កម្ពុជា នៅរដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាលពី​ថ្ងៃសុក្រ ទី១០ ខែមិថុនា ឆ្នាំ២០១៦

លោក​បន្ថែមទៀត​ថា៖

«ស្ថានភាព​នយោបាយ​ពេល​បច្ចុប្បន្ននេះ ដែល​មាន​បរិយាកាស​ភ័យខ្លាច​និង​ការ​បំភិត​បំភ័យ​ដែល​បង្កើត​ឡើង​ដោយ​រដ្ឋាភិបាល​លោក​ហ៊ុន សែនផ្តល់​នូវ​ក្តី​សង្ឃឹម​តិចតួច​ណាស់​ថា​មាន​ការបោះឆ្នោត​ដោយ​យុត្តិធម៌​នៅឆ្នាំ​២០១៧និង​២០១៨‍»។​

​លោក​ Alan Lowenthal ​បាន​បញ្ជាក់​ថា​ដោយ​ហេតុ​នេះ​ហើយ​បាន​ជាលោក​បង្កើត​ក្រុម​អ្នកតំណាងរាស្រ្ត​ទទួលបន្ទុក​កិច្ចការ​កម្ពុជា​ដែលមាន​ប្រធាន​មក​ពី​គណបក្ស​ទាំងពីរ​ហើយ​លោក​កំពុងតែ​ទាក់​ទាញ​សមាជិកសភា​ដទៃ​ទៀតឲ្យ​គាំទ្រ​សេចក្តី​សម្រេច​មួយ​ដែល​លោក​បាន​ព្រាងឡើង​ដើម្បី​នាំ​យក​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ពិតប្រាកដ​ទៅ​ប្រទេសកម្ពុជា។

បាតុកម្មដូចគ្នា​ក៏កើត​មានឡើង​នៅ​ប្រទេស​បារាំង និង​អូស្រ្តាលីនៅថ្ងៃ​សៅរ៍ផងដែរ។

លោក​ជា យូហ៊ន​ ប្រធាន​សហព័ន្ធខ្មែរ​អូស្ត្រាលីដែលបាន​ដឹកនាំ​បាតុកម្ម​បានបញ្ជាក់ថា៖

«ខ្ញុំ​ឃើញ​ថា​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ​លទ្ធិប្រជាធិបតេយ្យ​ ជាពិសេស​សេរីភាព​នៃការ​និយាយ​ស្តី​គឺ អត់​មាន​។ ខាងក្រុម​របស់​ខ្លួន​ខាង​រដ្ឋាភិបាល​និយាយ​អ្វី ក៏បានដែរ​។​ ចំពោះ​អ្នក​ដទៃ​និយាយ​អ្វី ឲ្យតែ​ខុស​ចាប់ភ្លាម​។ ដូច្នេះ​ខ្ញុំ​សូម​អង្វរ​សុំ​លោក​ហ៊ុន សែន​គិត​គូរឡើងវិញ​។ ខ្ញុំ​ជឿថា​បើ​នៅតែ​ចាប់​ចង​របៀប​ហ្នឹង​ការបោះឆ្នោត​ច្បាស់​ជាចាញ់ហ្មង​ បើ​បោះឆ្នោត​ដោយ​យុត្តិធម៌‍»។

លោកផៃ ស៊ីផាន រដ្ឋ​លេខាធិការ​នៃទីស្តីការ​គណរដ្ឋ​មន្ត្រី​បានលើកឡើង​ថា​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​តែ អ្នក​បោះឆ្នោត​ឲ្យ​ខ្លួន​នៅក្នុង​ប្រទេស​ទេ ហើយ​ថាបាតុករ​ទាំងនោះ​គឺ​ជា​អ្នក​នៅក្រៅ​ប្រទេស​ដែល​អាច​ដាក់​សម្ពាធ​បាន​តែ​លើ​រដ្ឋាភិបាល​នៃ ប្រទេស​ដែល​ខ្លួន​កំពុង​រស់​នៅ​តែប៉ុណ្ណោះ។

ដោយបាន​ចោទ​បាតុករ​ថា​ជាអ្នកគាំទ្រ​គណបក្ស​ប្រឆាំង​លោក​ផៃ ស៊ីផាន​បាន​បន្ថែម​ទៀត​ថា៖

«ក៏ប៉ុន្តែ​បាតុកម្មនោះមិន​មាន​អ្វី​ក្រៅតែ​ពី​យក​កម្ពុជា​ជាទិសដៅដើម្បី​អំណាច​បក្ស​ពួក​របស់​គេ​ យក​ជាឈ្នាន់​នយោបាយ​ហើយ​បំផ្លាញនូវ​សន្តិភាព បំផ្លាញនូវ​ការរីកចម្រើន​។ យើង​ឃើញ​ហើយ​លទ្ធផលនៃការដាក់គំនាបសេដ្ឋកិច្ច​ឬការងារ​ទូត​ហ្នឹង​វាហួសសម័យ​ទៅហើយ​ដែល​ពិភពលោក​គេ​លែង​ចង់​បាន​ទៅហើយ​គឺ​មាន​តែ​អ្នក​រស់​នៅ​អតីតកាលទេ​ដែល​នៅ​ចង់​ទាមទារ​ឲ្យ​មាន​ចាត់​វិធានការ​របស់​សហរដ្ឋ​អាមេរិក​មក​លើ​កម្ពុជា​នេះឯង។ នេះ​គួរ​ឲ្យ​ខ្មាស់​អៀន ណាស់‍»។​

កាលពី​ថ្ងៃ​ព្រហស្បត្តិ៍ ​សភា​សហគមន៍​អឺរ៉ុបក៏បាន​អនុម័ត​ចេញ​សេចក្តី​សម្រេច​មួយ​ ​ថ្កោល​ទោសចំពោះ​សកម្មភាព​ហិង្សា​នានា ការចោទ​ប្រកាន់​ដែល​មាន​លក្ខណៈ​នយោបាយ ការឃុំ​ឃាំង​មនុស្ស​តាម​ទំនើងចិត្ត​ ការហៅ​មក​សាកសួរ ការកាត់​ទោស​និង​ការ​ដាក់​ទោស​លើ​អ្នក​នយោបាយ​និង​សកម្ម​ជន​សិទ្ធិ​មនុស្ស។ សភានេះ​ក៏​ស្នើ​ឲ្យ​ភ្ជាប់​លក្ខខណ្ឌ​ជំនួយ​របស់​ខ្លួន​មក​កម្ពុជា​ដោយ​ផ្អែក​លើ​ស្ថានភាព​សិទ្ធិ​មនុស្ស​ផងដែរ៕

XS
SM
MD
LG