ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ប្រធានាធិបតី​អាមេរិក Donald Trump នឹង​បញ្ជាក់​ពី​អាទិភាព​ថវិកា​នៅ​ក្នុង​ការ​ថ្លែង​ដំបូង​ទៅ​កាន់​សភា


ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump កំពុង​សម្ភាសជាមួយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោនកាល​ពី​ថ្ងៃទី​២៣ កុម្ភៈ ២០១៧។

នៅ​ក្នុង​រយៈពេល​មួយ​ថ្ងៃ​មុន​ពេល​ការ​ថ្លែង​ទៅ​កាន់​សភា​របស់​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Donald Trump មន្ត្រី​សេតវិមាន​បាន​សន្យា​ថា ការ​ថ្លែង​របស់​លោក​នឹង «ផ្ដោត​ខ្លាំង​លើ​ការ​ដោះស្រាយ​បញ្ហា​ពិត​ប្រាកដ​សម្រាប់​ពលរដ្ឋ»។

មន្ត្រី​ជាន់​ខ្ពស់​សេតវិមាន​មួយ​រូប​បាន​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ឯ​សេតវិមាន​ប្រធានាធិបតី​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា៖ «លោក​ប្រធានាធិបតី​នឹង​ប្រាប់​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​ដឹង​ថា រដ្ឋាភិបាល​កំពុង​គិតគូរ​ជួយ​ពួកគេ​ហើយ»។

ការ​ថ្លែង​របស់​លោក Trump ទៅ​កាន់​សភា​ទាំង​ពីរ​ថ្នាក់ ដែល​នឹង​ធ្វើ​ឡើង​នៅ​ម៉ោង ៩ យប់ ម៉ោង​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នា​ថ្ងៃ​អង្គារ​នេះ មាន​ចំណង​ជើង​ថា «ការ​ធ្វើ​ឲ្យ​ទឹកចិត្ត​ពលរដ្ឋ​អាមេរិកាំង​មាន​ភាព​រស់​រវើក​ឡើង​វិញ» ហើយ​នឹង​ផ្ដោត​ជា​ចម្បង​លើ «ឱកាស​សេដ្ឋកិច្ច និង​ការ​ការពារ​ពលរដ្ឋ​អាមេរិកាំង»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ជាន់​ខ្ពស់​រូប​នោះ។

ទោះបីជា​មាន​ការ​លើក​ឡើង​ខ្លះៗ​អំពី​បញ្ហា​គោល​នយោបាយ​ការបរទេស​នៅ​ក្នុង​ការ​ថ្លែង​របស់​លោក Trump ក៏ដោយ ក៏​មន្ត្រី​សេតវិមាន​ថា ពួកគេ​មិន​រំពឹង​ថា លោក Trump នឹង​ថ្លែង​អំពី​ប្រទេស​ណា​មួយ​ជាក់លាក់​នោះ​ទេ។ ប៉ុន្តែ លោក Trump នឹង​ថ្លែង​ពី​មូលហេតុ​ដែល​សហរដ្ឋ​អាមេរិក​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក TPP ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សេតវិមាន។

ជា​រួម ការ​ថ្លែង​នេះ «គឺ​ជា​ទស្សនវិស័យ​សុទិដ្ឋិនិយម​មួយ​សម្រាប់​សហរដ្ឋ​អាមេរិក»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក Sean Spicer កាល​ពី​លើក​មុន​ក្នុង​អំឡុង​ពេល​ធ្វើ​សន្និសីទ​សារព័ត៌មាន​សង្ខេប​ប្រចាំ​ថ្ងៃ​របស់​សេតវិមាន​ប្រធានាធិបតី៕

XS
SM
MD
LG