ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោកស្រី Choi Soon Sil បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​កូរ៉េ​ខាង​ត្បូង


អ្នកស្រី Choi Soon-sil (កណ្តាល) មិត្តភក្តិជិតស្និទ្ធ​របស់​អ្នកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​បាន​លេច​មុខ​នៅ​ក្នុង​ថ្ងៃ​ដំបូង​ក្នុង​តុលាការ Seoul Central District ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ថ្ងៃទី​១៩ ធ្នូ​២០១៦។

លោកស្រី Choi Soon Sil ដែល​ជា​មិត្តភក្ដិ​ជិតស្និទ្ធ​របស់​លោកស្រី​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Park Geun hye និង​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​លួច​បន្លំ​ថវិកា​នោះ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​សវនាការ​សាកសួរ​របស់​តុលាការ​នៅ​ថ្ងៃ​ចន្ទ​នេះ នៅ​ក្នុង​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។

រដ្ឋអាជ្ញា​បាន​និយាយ​ថា លោកស្រី Choi Soon Sil បាន​បង្ខំ​ឲ្យ​ក្រុមហ៊ុន​កូរ៉េ​ធំៗ​ផ្ដល់​ថវិកា​រាប់​សិប​លាន​ដុល្លារ​អាមេរិក​ទៅ​ឲ្យ​មូលនិធិ​ពីរ​កន្លែង​ដែល​កាន់កាប់​ដោយ​លោកស្រី​ផ្ទាល់។ លោកស្រី​ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​បង្ហូរ​សាច់​ប្រាក់​មួយ​ចំនួន​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​របស់​លោកស្រី និង​តាម​រយៈ​កិច្ច​សន្យា​បន្ទាប់បន្សំ​មួយ​ចំនួន។

កន្លង​មក លោកស្រី​បាន​បដិសេធ​នូវ​ការ​ចោទ​ប្រកាន់​អស់​ទាំង​នេះ។

ការ​ខឹង​សម្បា​របស់​ប្រជាពល​រដ្ឋ​កូរ៉េ​ខាង​ត្បូង​កន្លង​មក​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​នេះ គឺ​ដោយសារ​លោកស្រី Choi ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​បាន​បង្ហាញ​ថា លោកស្រី​បាន​គ្រប់គ្រង​ដោយ​សម្ងាត់​លើ​ការ​រៀបចំ​គោល​នយោបាយ​របស់​លោកស្រី Park Geun Hye ដោយ​គ្មាន​តួនាទី​ណា​មួយ​នៅ​ក្នុង​រដ្ឋាភិបាល​នោះ​ទេ។

រដ្ឋអាជ្ញា​នៅ​ក្នុង​រឿង​ក្ដី​នេះ បាន​បង្ហាញ​ថា លោកស្រី​ប្រធានាធិបតី Park Geun Hye គឺ​ជា​ឧក្រិដ្ឋជន​មួយ​រូប​នៅ​ក្នុង​ការ​ស៊ើប​អង្កេត និង​បាន​អះអាង​ថា លោកស្រី Park មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​លោកស្រី Choi នៅ​ក្នុង​ការ​បញ្ជា​អ្នក​ដែល​នៅ​ក្រោម​បង្គាប់​លោកស្រី​ឲ្យ​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​សាជីវកម្ម​កូរ៉េ​នានា ដើម្បី​ផ្ដល់​ថវិកា​ដល់​មូលនិធិ​កីឡា និង​វប្បធម៌​របស់​លោកស្រី Choi៕

XS
SM
MD
LG