ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទស្សនកិច្ច​លោក​ហ៊ុន សែន​នៅ​វៀតណាម​ នាំ​ឲ្យ​មាន​ការ​រិះគន់​និង​សង្ស័យ​ថ្មី


រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) ថត​រូប​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​វៀតណាម ង្វៀន សួនហ៊្វុក​ (Nguyen Xuan Phuc) នៅ​ការិយាល័យ​រដ្ឋាភិបាល​វៀតណាម នៅ​ទីក្រុង​ហាណូយ កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។ (REUTERS/Kham)
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) ថត​រូប​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​មន្ត្រី​វៀតណាម ង្វៀន សួនហ៊្វុក​ (Nguyen Xuan Phuc) នៅ​ការិយាល័យ​រដ្ឋាភិបាល​វៀតណាម នៅ​ទីក្រុង​ហាណូយ កាលពី​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។ (REUTERS/Kham)

សេចក្តី​ថ្លែងការណ៍​រួម​មួយ​រវាង​វៀតណាម​និង​កម្ពុជា​ក្រោយ​បញ្ចប់​ទស្សនកិច្ច​របស់​លោក​ ហ៊ុន សែន​ បាន​សរសេរ​ថា៖​ «ភាគី​ទាំងពីរ​បាន​បញ្ជាក់​អះអាង​សារ​ជា​ថ្មី​នូវ ការ​គោរព និង​ការ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​សន្ធិសញ្ញា​កំណត់​ព្រំដែន​ និង​កិច្ច​ព្រមព្រៀង​ព្រំដែន​ពាក់ព័ន្ធ​ដ៏ទៃទៀត​រវាង​រដ្ឋ​ទាំងពីរ‍»។

លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ នៃប្រទេស​កម្ពុជា​រង​ការ​រិះគន់​ ក្រោយ​ពេល​លោក បំពេញ​ទស្សន​កិច្ចនៅ​ប្រទេស​វៀតណាម​រយៈពេល​ពីរថ្ងៃ​នៅ​សប្តាហ៍​នេះ។ ​ការ​រិះគន់​ទាំង​នោះ ​បាន​កើត​ឡើង​ដោយសារ​បញ្ហា​ពាក់ព័ន្ធ​នឹង​រឿងព្រំដែន ​និង​រឿង​ស្នើឲ្យ​មាន​ការ​ផ្តល់​សិទ្ធិ​ស្របច្បាប់​ដល់​ពលរដ្ឋ​វៀតណាម ​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្រុម​អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា​ និង​វៀតណាម​ បាន​រិះគន់​ដល់​កិច្ច​ព្រមព្រៀង​រួម ចុងក្រោយ​មួយ​ ដែល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​បាន​ព្រមព្រៀង​ជាមួយ​សមភាគី​វៀតណាម​របស់​លោក ជាពិសេស​បញ្ហា​គោរព​អនុវត្ត​កិច្ច​ព្រមព្រៀង​ព្រំដែន​ដែល​បាន​ចុះ​ហត្ថលេខា​ដ៏​ចម្រូង​ចម្រាស​កាលពី​អតីតកាល​ ហើយនឹង​ការ​ស្នើ​របស់​វៀតណាម ​ដែល​ចង់​ឲ្យ​កម្ពុជា​ផ្តល់ភាព​ស្របច្បាប់​ដល់​ជនជាតិ​វៀតណាម​ដែល​កំពុង​តាំង​ទីលំនៅ​លើ​ទឹកដី​កម្ពុជា។

ការ​រិះគន់​នេះ​កើត​ឡើង​ ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​បំពេញ ទស្សនកិច្ច​ចំនួន​ពីរ​ថ្ងៃ​កាលពី​ថ្ងៃទី​២០ ​ដល់ថ្ងៃទី​២១ ​ខែធ្នូ​ ឆ្នាំ​២០១៦ ​ដែល​បាន​សច្ចា​រួមគ្នា​ថា នឹង​បន្ត​រឹត​ចំណង​ទំនាក់ទំនង​កិច្ចសហ​ប្រតិបត្តិការ​ស៊ីជំរៅ​លើ​វិស័យ​នានា​រវាង​ប្រទេស​ទាំងពីរ។

សេចក្តី​ថ្លែងការណ៍​រួម​មួយ​រវាង​វៀតណាម​និង​កម្ពុជា​ក្រោយ​បញ្ចប់​ទស្សនកិច្ច​របស់​លោក​ ហ៊ុន សែន​ បាន​សរសេរ​ថា៖​ «ភាគី​ទាំងពីរ​បាន​បញ្ជាក់​អះអាង​សារ​ជា​ថ្មី​នូវ ការ​គោរព និង​ការ​អនុវត្ត​ឲ្យ​បាន​ពេញលេញ​សន្ធិសញ្ញា​កំណត់​ព្រំដែន​ និង​កិច្ច​ព្រមព្រៀង​ព្រំដែន​ពាក់ព័ន្ធ​ដ៏ទៃទៀត​រវាង​រដ្ឋ​ទាំងពីរ‍»។

ទោះជា​យ៉ាងណា​ក៏ដោយ ​ភាគី​ទាំងពីរ​ពុំបាន​ដាក់​បញ្ចូល​ពាក្យ​មួយ​ឃ្លា​ណា​ដែល​និយាយ​ពី​ការ​រំលោភ​ដែន​អធិប​តេយ្យភាព ដែល​កម្ពុជា​បាន​តវ៉ា​ទាក់ទង​នឹង​ការ​ធ្វើ​ផ្លូវ​ ជីកស្រះ ​ធ្វើបុស្តិ៍​យោធា​ជួរមុខ​ដែល​កម្ពុជា​បាន​ចោទ​ថា ប្រទេស​វៀតណាម​បាន រំលោភ​បំពាន​ចូល​ក្នុង​ទឹកដីខ្មែរ​តាម​បណ្តោយ​ព្រំដែន​នោះ​ទេ។

រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន ស្វាគមន៍​មន្ត្រី​វៀតណាម​នៅ​ការិយាល័យ​វដ្ឋាភិបាល​វៀតណាម នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។ (REUTERS)
រូបឯកសារ៖ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន ស្វាគមន៍​មន្ត្រី​វៀតណាម​នៅ​ការិយាល័យ​វដ្ឋាភិបាល​វៀតណាម នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។ (REUTERS)

មិន​ត្រឹមតែ​ប៉ុណ្ណោះ ​នាយក​រដ្ឋមន្ត្រី​វៀតណាម ​ង្វៀន សួនហ៊្វុក​ (Nguyen Xuan Phuc) បាន​ទទូច​ដល់​កម្ពុជា «ធានា​សិទ្ធិស្របច្បាប់​របស់​អនិកជន​វៀតណាម​នៅកម្ពុជា‍» ដូចជា​ជនជាតិ​ដ៏ទៃ​ដែល​រស់នៅ​ក្នុងប្រទេស​កម្ពុជា​ដែរ។ ​បន្ថែម​លើ​នេះ ភាគី​ទាំងពីរ​ប្តេជ្ញា​ថា នឹង​ខិតខំ​រក​ដំណោះ​ស្រាយ​បញ្ហា​កំណត់​ព្រំដែន​ និង​បោះ​បង្គោល​ឲ្យ​បាន​ឆាប់ ដើម្បី​កសាង​បន្ទាត់​ព្រំដែន​នៃ​សន្តិភាព ​ស្ថិរភាព ​មិត្តភាព​កិច្ចសហ​ប្រតិបត្តិការ​និង​ការ​អភិវឌ្ឍ​ដោយ​ចីរភាព។

លោក ​ឌី ការ៉េត​ អនុប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​នៅ​ប្រទេស​បារាំង​បាន ថ្លែង​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​មិន​អាច​ប្រកែក​ជាមួយ​វៀតណាម​បាន​ទេ​ទាក់ទង​នឹង​រឿង​ព្រំដែន​ និង​អន្តោប្រវេសន៍ ​ដោយសារ​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​គ្រប់គ្រង​ដោយ​លោក​ហ៊ុន សែន ​បាន​ចុះ​កិច្ចព្រម​ព្រៀង និង​សន្ធិសញ្ញា​នានា​កាល​ពីទសវត្សរ៍​១៩៨០។

«ដរាប​ណា​លោក​ហ៊ុន សែន នៅ​កាន់​អំណាច​ត្រូវ​តែ​យល់ព្រម​ជាមួយ​គេ ព្រោះ​គាត់ អ្នក​ស៊ីញ៉េ​កិច្ចព្រម​ព្រៀង​សន្ធិសញ្ញា​អស់​ហ្នឹង​ជាមួយគេ​ពី​ហ្នុងមក​បាទ។ ហើយ​ដោយ​សារ​សន្ធិសញ្ញា និង​កិច្ចព្រម​ព្រៀង​ហ្នឹង​អត់​ត្រូវ​បាន​លុបចោល​អី​ទាំង​អស់។​ ដូច្នេះ​ត្រូវតែ​អនុវត្ត​ជា​បន្តបន្ទាប់​រហូតមក​ដល់សព្វ​ថ្ងៃ​ហ្នឹង​ តទៅទៀត​លោក​ហ៊ុន សែន គេច​ពី​ការ​អនុវត្ត​ហ្នឹង​អត់​រួច​ទេ ​ពីព្រោះ​គាត់​ស៊ីញ៉េ​ជាមួយ​គេ​ ហើយ​គាត់​អត់​លុបចោល​សន្ធិសញ្ញា​ហ្នឹង‍»។

លោក​ ឌីការ៉េត ​បាន​បញ្ជាក់​ពី​ដំណោះ​ស្រាយ​បញ្ហា​កម្ពុជា​នាពេល​អនាគត​ថា៖

«អាហ្នឹងវា​ទាល់តែ​មាន​រដ្ឋាភិបាល​ថ្មី ​លើក​រឿង​ហ្នឹង​មក​ពិចារណា​ម្តងទៀត ​ហើយ​ត្រូវ សម្រេច​ចិត្ត​ថា​ត្រូវ​លុប​សន្ធិសញ្ញា​ពីមុនៗ​ហ្នឹង​ឲ្យ​អស់​ទៅ​ ព្រោះ​ជា​ការ​បំពាន​លើ​ច្បាប់ អន្តរជាតិ។ ​ដូច្នេះ​ហើយ​ដោយ​ស្រប​ទៅ​តាម​គោលការណ៍​នៃកិច្ច​ព្រមព្រៀង​សន្តិភាព ក្រុងប៉ារីស​ឆ្នាំ​១៩៩១ផង ​យើង​អាច​លុបសន្ធិសញ្ញា​អស់​ហ្នុង​ចោល ​ព្រោះ​ជា​ការ​បំពានទៅលើ​ច្បាប់​អន្តរជាតិ‍»។

លោក​ ការ៉េត​ បាន​អះអាង​ថា ជា​ធម្មតា​ តាំង​ពី​ដំបូង​មក​វៀតណាម​តែងតែ​ទទូច​ឲ្យ រដ្ឋាភិបាល​កម្ពុជា​ចុះកិច្ច​ព្រមព្រៀង​ជាថ្មី​រាល់​លើក ដែល​មាន​ការ​ផ្លាស់ប្តូរ​គណៈប្រតិភូ ទាក់​ទងនឹង​រឿង​ព្រំដែន និង​ការ​យក​ចិត្ត​ទុកដាក់​ដល់​ជន​ជាតិ​វៀតណាម​នៅ​កម្ពុជានេះ។

លោក ​ម៉ែន ណាត ​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅប្រទេស​ន័រវេ ​បាន​ជំទាស់​នឹង កិច្ច​ព្រម​ព្រៀង​កាលពី​អតីតកាល និង​សេចក្តី​ថ្លែងការណ៍​រួម​លើ​ចំណុច​ព្រំដែន និងអន្តោប្រវេសន៍​ ដែល​វៀតណាម​បាន​ស្នើ​ចុងក្រោយ​នេះ។

«យើង​នៅ​តែទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​មិន​ត្រូវ​ធ្វើ​ប្រឡេម​ប្រឡំ​ទៅ​តាម​ការ​ចង់​បាន របស់​រដ្ឋាភិបាល​វៀតណាម​ចង់បាន​ទេ។ ហើយ​រដ្ឋាភិបាល​វៀតណាម​រំលឹក​ហើយ​រំលឹក​ទៀត​ឲ្យ​កម្ពុជា​ទទួល​យក​ភាព​ស្រប​ច្បាប់​ឲ្យ​ជនជាតិ​របស់ខ្លួន​នៅ​កម្ពុជា ​យើង​ធ្វើអញ្ចឹង​អត់បាន​ទេ។​ លក្ខខណ្ឌ​ជន​អន្តោប្រវេសន៍​វា​មាន​កំណត់​ដោយ​ច្បាប់​របស់​វា ហើយ​ជន​ជាតិណា​ក៏ដោយ យើង​មិន​រើសអើង​ទេ ​ជនជាតិ​ណា​ក៏ដោយ​ដែល​មក​រស់ នៅ​ក្នុង​ប្រទេស​ណាមួយ ទាល់តែ​ជនជាតិ​ហ្នឹង​ត្រូវ​ទទួល​ស្គាល់​ដោយ​ច្បាប់​ជាមុន​សិន‍»។

លោក​ថ្លែង​ថា សម្រាប់​កម្ពុជា ​ជនបរទេស​ដែល​អាច​ទទួល​បាន​សញ្ជាតិ​ខ្មែរ​មាន​កត្តា​ច្រើន តែ​ត្រូវ​បំពេញ​លក្ខខណ្ឌ​ដូចជា​ទទួល​បាន​ព្រះរាជក្រិត​របស់​ព្រះមហាក្សត្រ និង​ពិធី​ស្បថ​ជាមុន។​ ហើយ​លោក​ទទូចថា​សន្ធិសញ្ញា​ស្តីពី​ជន​អន្តោប្រវេសន៍​កាល​ពី​ឆ្នាំ ១៩៧៩ និង​ចរាចរណ៍​អន្តោ​ប្រវេសន៍​ថ្ងៃទី​១៨ ​ខែកុម្ភៈ​ ឆ្នាំ១៩៨៦ ​ដែល​កម្ពុជា​យកចិត្តទុក​ដាក់​ចំពោះ​ជនអន្តោ​ប្រវេសន៍​វៀតណាម​នៅតែ​អនុវត្ត​ដដែល ​ដែល​លោក​ថា ជា​រឿង​មិន​អាច​ទទួល​ស្គាល់​បាន​ ហើយ​លោក​ទទូច​ដល់​រដ្ឋាភិបាល​ឲ្យ​ពន្យល់​ច្បាស់​លាស់ ដើម្បី​កុំឲ្យ​មាន​ការ​សង្ស័យ​ពី​ប្រជាពលរដ្ឋ​កម្ពុជា​រឿង​វៀតណាម​ធ្វើ​ជា​តូបនីយកម្មលើទឹកដី​កម្ពុជា។

រូបឯកសារ៖ មន្ត្រី​ប៉ូលិស​កម្ពុជា​ឈរ​យាម​ ខណៈ​ដែល​ពលរដ្ឋ​វៀតណាម​គ្រវី​ទង់ជាតិ​វៀតណាម​នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ព្រែក​មួយ​ ក្នុង​អំឡុង​ពេលទស្សនកិច្ចចុះ​ត្រួត​ពិនិត្យ​ព្រំដែនរបស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​ស្វាយរៀង​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥។
រូបឯកសារ៖ មន្ត្រី​ប៉ូលិស​កម្ពុជា​ឈរ​យាម​ ខណៈ​ដែល​ពលរដ្ឋ​វៀតណាម​គ្រវី​ទង់ជាតិ​វៀតណាម​នៅ​ត្រើយ​ម្ខាង​ទៀត​នៃ​ព្រែក​មួយ​ ក្នុង​អំឡុង​ពេលទស្សនកិច្ចចុះ​ត្រួត​ពិនិត្យ​ព្រំដែនរបស់​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្ត​ស្វាយរៀង​ កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥។

លោក ម៉ែន​ ណាត​ បាន​បន្ត​ថា លោក​នៅតែ​ចាត់ទុក​ថា​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ ២០០៥ ​ដែល​លោក ​ហ៊ុន សែន បង្ខំ​ឲ្យ​ព្រះមហាក្សត្រ​ឡាយ​ព្រហស្ថ​លេខា និង​ចាប់ សកម្មជន​ព្រំដែន​ដាក់គុក​នោះ​ ជា​សន្ធិសញ្ញា​ខុសច្បាប់ ​ដូច​សន្ធិសញ្ញា​ឆ្នាំ​១៩៨២ ១៩៨៣​ ហើយ​នឹង​ឆ្នាំ​១៩៨៥ ផង​ដែរ។ លោក​ថា សន្ធិសញ្ញា​ទាំង​នោះ​មិន​ស្រប​នឹង​សន្ធិសញ្ញា​សន្តិភាព​ទីក្រុងប៉ារីស​ដែល​លោក​ថា​ត្រូវ​លុប​ចោល។

«ដូច្នេះ​សន្ធិសញ្ញា​ហ្នឹង យើង​អាច​សើរើ​បាន ​បើសិន​មាន​រដ្ឋាភិបាល​ល្អ​ណាមួយ​ដើម្បី សើរើ ​យើង​អាច​សើរើ​បាន។ ​ប៉ុន្តែ​បច្ចុប្បន្នហ្នឹង​រដ្ឋាភិបាល​កម្ពុជា​កាន់កាប់​ដោយ​គណបក្ស​ប្រជាជន​ដែល​បន្តុប​ដោយ​វៀតណាម​ហ្នឹង គាត់​នៅតែ​កាន់កាប់​បន្ត​អញ្ចឹង។ អញ្ចឹង​គាត់​មាន​សិទ្ធិធ្វើ​បន្តអញ្ចឹង ទោះបី​ជា​យើង​មិន​គាំទ្រ​ក៏ដោយ ក៏​គាត់​នៅតែ​ធ្វើ​ដែរ។​ ប៉ុន្តែ​គ្រាន់តែ​យើងខ្លួន​យើង​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ ជា​សកម្មជន ​ជា​អ្នកសិក្សា បញ្ហា​ព្រំដែន​ហ្នឹង​ យើង​នៅតែ​រក្សាជំហរ​គឺ​ថា​ជំទាស់។ យើង​ជំទាស់​ពីព្រោះ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥​នេះ​ វាធ្វើ​ឲ្យ​ខ្មែរ​បាត់បង់​ទឹកដី​ គឺ១០០​ភាគរយ​បាត់បង់​ទឹកដី។​ហើយ​ខាង​គណៈកម្មាធិការ​ព្រំដែន​ក៏​បាន​កំណត់​ដែរ​ថា យើង​បាត់បង់​ទឹកដី​ច្រើន ​ចន្លោះ​ពី​៤ទៅ៦ពាន់​គីឡូម៉ែត្រ​ក្រឡា។​ អាហ្នឹង​ ដី​ព្រំដែន​គោក​ យើង​អត់​និយាយ​ព្រំដែន​ទឹក​ទេ។ ហើយ​ដល់​ពេល​បោះបង្គោល​ព្រំដែន​បច្ចុប្បន្ន​រយៈពេល​១០ឆ្នាំ​មក​ដល់​ឥឡូវ​ហ្នឹង ឬ​១១ឆ្នាំ​ហ្នឹង យើង​ឃើញ​ថា​ប្រជាពលរដ្ឋ​នៅតាម​គ្រប់ទី​កន្លែង​នៅ​តាម​ព្រំដែន​ហ្នឹង​បាត់បង់​ទឹកដី‍»។

លោក ​ថាច់ ង៉ុកថាច់ ​ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​មាន​មូលដ្ឋាន​នៅ​ក្នុង​សហរដ្ឋ អាមេរិក ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ដែល​ខ្លាច​ថា ទឹកដី​ខ្មែរ​ត្រូវ​បរទេស​រស់នៅ​ទៅ​ថ្ងៃ ក្រោយ ដោយសារ​កិច្ចព្រម​ព្រៀង​ឥណ្ឌូចិន​ គឺ​វៀតណាម​ ឡាវ ​និងកម្ពុជា ​ដែល​ផ្តល់សិទ្ធិ​ឲ្យ​គ្នា​ទៅវិញ​ទៅមក​រស់នៅ ​នៅពេល​ដែលភាគី​នយោបាយ​ខ្មែរ​មិន​បាន​នាំគ្នាដោះស្រាយ​បញ្ហា​ស្រុក​ទេស ​តែបន្ត​បែក​បាក់គ្នា ។

«​យួនក៏ដោយ​ លាវ​ក៏ដោយ គេ​អាច​មក​នៅ​ស្រុកខ្មែរ​បាន ដែល​នេះ​ជា​រឿង​មួយ​ដែល បងប្អូន​ខ្មែរ​យើង​មិន​បាន​ចាប់អារម្មណ៍​រឿង​ហ្នឹង បូកទាំង​អាស៊ាន​ទាំង​១០នោះ​ទៀត គឺថា​យួនគេ​នៅ​ស្រុក​ខ្មែរ​ជា​ស្វ័យប្រវត្តិ​តែម្តង។ ដល់​សរុប​ទៅ​គឺ​ថាយើង​បាត់​ស្រុក។ប្រទេស​នៅតែ​ជា​ប្រទេស​ខ្មែរ​ តែ​មនុស្ស​នៅសុទ្ធ​តែជា​ជនជាតិ​យួន។ នេះ​ជា​រឿង​មួយ ដែល​បងប្អូន​ខ្មែរ​យើង​មិន​យក​ចិត្ត​ទុកដាក់ ហើយ​យើង​នៅតែ​វាយ​ប្រហារ​គ្នាបញ្ហាទំនាស់​ផ្ទៃក្នុង​ទៅវិញ‍»។

ទោះជា​ចំនួន​តួលេខ​ជនជាតិ​វៀតណាម​រស់នៅ​កម្ពុជា និង​ជនជាតិ​ខ្មែរក្រោម​នៅលើ ទឹកដី​កម្ពុជា​ក្រោម ដែល​វៀតណាម​កាន់កាប់ មិន​មាន​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់​ក្តី តែ លោក​ថាច់ ង៉ុកថាច់ ​បាន​ប្រមើល​មើល​ឃើញ​ថា នៅ​ថ្ងៃណា​មួយ​រដ្ឋាភិបាល​វៀតណាម និង​កម្ពុជា នឹង​លើក​យក​រឿង​ខ្មែរ​ក្រោម​មក​និយាយ​ទៅ​លើ​បញ្ហា​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជាក្រោម ​ដើម្បី​ឆ្លុះ​បញ្ចាំង​ពី​ការ​យកចិត្ត​ទុកដាក់​លើ​ជនជាតិ​វៀតណាម​នៅលើ​ទឹក​ដី​កម្ពុជា​ដែល​ការណ៍​នេះ ​លោក​ថា​ជា​រឿង​គ្រោះថ្នាក់​សម្រាប់​កម្ពុជា​ ហើយ​លោកបន្ត​ទទូច​ឲ្យ​ភាគី​នយោបាយ​ខ្មែរ​មាន​ឯកភាព​ជាតិ​ដើម្បី​ដោះស្រាយ។

ទោះជា​មាន​ការ​បារម្ភ​ពី​ក្រុម​អ្នក​សង្កេតការណ៍​បញ្ហា​កម្ពុជា​ខ្លះ​ក្តី​ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍រួម​រវាង​ប្រទេស​កម្ពុជា និងវៀតណាម ក៏បាន​ផ្តោត​ការ​យកចិត្ត​ទុកដាក់​ទៅ​លើ រឿង​សន្តិភាព​ ស្ថិរភាព ​និងការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​រវាង​ប្រទេស​ទាំងពីរ​ហើយ​នឹង​ការ​អបអរ​សារទរ និង​អរគុណគ្នា​ទៅវិញ​ទៅមក​ចំពោះ​កិច្ច​សហប្រតិបត្តិការ​កាលពី​អតីតកាល ដែល​វៀតណាម​បាន​ចូល​ឈ្លានពាន​ទឹកដី​កម្ពុជា​ដើម្បី​ជួយ​បណ្តេញ​ក្រុម​ខ្មែរក្រហម​ចេញពី​អំណាច​កាល​ពី​ឆ្នាំ១៩៧៩ ​និង​ការ​ប្តេជ្ញា​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច និង​វិស័យ​ជាច្រើន​ទៀត ដែល​ប្រទេស​ទាំងពីរ​ថា​នឹង​មិន​ឲ្យ​អមិត្រ​ណាមក​បង្ក​អស្ថិរភាព និង​អសន្តិសុខ​ចំពោះ​ប្រទេស​ទាំងពីរ​បាន​ទេ។

សាស្ត្រាចារ្យ​ច្បាប់​អាមេរិកាំង​លោក ​ភីធ័រ ម៉ាខ្វៃអ័រ (Peter Maguire) ដែល​ជា​អ្នកតាម​ដាន​ស្ថានការណ៍​ក្នុង​តំបន់​មួយ​រូប​បាន​ថ្លែងថា ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ជិត​ខាង​ទាំងពីរ គឺជា​រឿង​ផ្លាស់ប្តូរ​ផល​ប្រយោជន៍​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ​ តែ​ក្តី​បារម្ភ និង​ការ​សង្ស័យ​រំពឹង​ថា​នឹង​កើតឡើង ដោយសារ​ប្រទេស​ទាំងពីរ​ធ្លាប់​មាន​ភាព​តានតឹង​ជា​ប្រវត្តិសាស្ត្រ​នោះ។

«ខ្ញុំ​ដឹង​ថា មាន​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​រិះគន់​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ខ្លាំង ខណៈ​ពេល​ដែល​ពួកគេ​សង្ស័យ​លើ​ទំនាក់​ទំនង​រវាង​លោក​ហ៊ុន សែន​ និង​វៀតណាម នោះ។​ តែ​ខ្ញុំ​គិត​ថា ដំណើរ​ទស្សនកិច្ច​នេះ​គឺជា​ការ​បង្កើន​ទំនាក់​ទំនង​ជាមួយ​ប្រទេស ជិត​ខាង​ទៅ​មុខ​ទៀត​តែ​ប៉ុណ្ណោះ‍»។

ប្រទេស​វៀតណាម​ដែល​មាន​ខ្សែបន្ទាត់​ព្រំដែន​រួមគ្នា​ជាមួយ​កម្ពុជា​ជាង​១២០០គីឡូ​ម៉ែត្រ​នោះ ​ទទួល​រង​ការ​រិះគន់​មិន​ចេះចប់​មិន​ចេះហើយ​ថា​ ជា​អ្នក​ប៉ុនប៉ង​លេប​ត្របាក់​ទឹកដី​ខ្មែរ​តាម​រយៈ​ការ​រំលោភ​បំពាន​ព្រំដែន និង​បញ្ជូន​និគមជន​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា ទោះជា​រឿង​នេះ​វៀតណាម​បាន​បដិសេធ​ក្តី៕

XS
SM
MD
LG