ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​តស៊ូ​ប្រឆាំង​អំពើ​ពុករលួយ ទទូច​ពលរដ្ឋ​ កុំ​ឲ្យ​គាំទ្រ​ជន​ពុករលួយ បើ​ពួកគេ​ចង់​ឲ្យ​មាន​ការ​កែប្រែ

  • សាយ មុន្នី

លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅពេល​ដែល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៦។ (ប៉ូច រាសី/VOA)

លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា នៅក្នុង​បន្ទប់​ផ្សាយ​របស់ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន នៅពេល​ដែល​លោក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី Hello VOA នៅ​ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៦។ (ប៉ូច រាសី/VOA)

ប្រទេស​កម្ពុជា ត្រូវ​បាន​ចាត់​ចំណាត់​ថ្នាក់​ថា ​ជា​ប្រទេស​ដែល​ពុករលួយ​ខ្លាំង​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ នេះ​បើ​យោង​តាម​អង្គការ​តម្លាភាព​អន្តរជាតិ។

អ្នក​តស៊ូ​មតិ​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា លើកឡើង​ថា ពលរដ្ឋ​ខ្មែរ ត្រូវ​តែ​បង្ហាញ​ការ​គាំទ្រ​បេក្ខជន​នយោបាយ​ឬ​មន្ត្រី​សាធារណៈ​ស្អាតស្អំ ដែល​ហ៊ាន​ប្ដេជ្ញា​ប្រឆាំង​នឹង​អំពើ​ពុករលួយ ប្រសិន​បើ ពួកគេ​ចង់​ឃើញ​ការ​ផ្លាស់​ប្ដូរ​ស្ថានភាព​ពុករលួយ​នៅ​កម្ពុជា។


លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា បាន​ថ្លែង​បែប​នេះ នៅ​ក្នុង​កម្មវិធី​ «Hello VOA» កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ទី ១៥ ខែធ្នូ ឆ្នាំ២០១៥។

«កុំ​គាំទ្រ​ជន​ពុករលួយ ដើម្បី​ដាក់​សម្ពាធ​ដល់​អ្នក​នយោបាយ​ ឲ្យ​កែប្រែ»។

ប្រទេស​កម្ពុជា ត្រូវ​បាន​ចាត់​ចំណាត់​ថ្នាក់​ថា ​ជា​ប្រទេស​ដែល​ពុករលួយ​ខ្លាំង​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ នេះ​បើ​យោង​តាម​អង្គការ​តម្លាភាព​អន្តរជាតិ។

ខណៈ​ប្រទេស​នេះ កំពុង​ត្រៀម​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​របស់​ខ្លួន​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ និង​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ អ្នកវិភាគ​ខ្លះ លើកឡើង​ថា នេះ​គឺ​ជា​ឱកាស​ដែល​ពលរដ្ឋ​ខ្មែរ អាច​ដាក់​សម្ពាធ​ដល់​អ្នកនយោបាយ​ដែល​ចូលរួម​ប្រកួតប្រជែង​ដើម្បី​តំណែង​ដឹកនាំ ឲ្យ​ប្ដេជ្ញា​ប្រឆាំង​អំពើពុករលួយ​ដែល​បាន​និង​កំពុង​ញាំញី​សង្គម​កម្ពុជា អស់​រយៈពេល​ជាច្រើន​ទសវត្ស​មក​ហើយ។

លោក ព្រាប កុល ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ បាន​ថ្លែង​ថា ទោះបីជា​គ្មាន​នរណា​ម្នាក់​ អាច​ចាប់ដៃ​ពលរដ្ឋ​ឲ្យ​គូស​សន្លឹក​ឆ្នោត​គាំទ្រ​បេក្ខជន​នយោបាយ​ណាមួយ​ក៏ដោយ ក៏​ពួកគេ មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ជ្រើសរើស​អ្នក​តំណាង​ឬ​អ្នកដឹកនាំ​ស្អាតស្អំ​បាន ប្រសិន​បើ​ពួកគេ​ចង់​ឲ្យ​មាន​ការ​កែប្រែ​ស្ថានភាព​នៃអំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​នោះ។

មុន​ការ​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​មុន កាល​ពី​ឆ្នាំ​២០១៣ ​អង្គការ​តម្លាភាព​កម្ពុជា បាន​បង្កើត​កម្មវិធី​ ជំរុញ​ឲ្យ​គណបក្ស​នយោបាយ​ដែល​ប្រកួតប្រជែង​គ្នា ចុះ​ហត្ថលេខា​គាំទ្រ​ការ​ប្ដេជ្ញា​ចិត្ត​ប្រឆាំង​អំពើ​ពុករលួយ។

លោក ព្រាប កុល ថ្លែង​ថា អង្គការ​របស់​លោក នឹង​រៀបចំ​ឲ្យ​មាន​កម្មវិធី​បែប​នេះ​ទៀត នៅ​មុន​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នៅ​ឆ្នាំ​២០១៨ ដើម្បី​ធ្វើ​ជា​សក្ខី​ភាព​ដល់​ពលរដ្ឋ​ឲ្យ​មើល​ឃើញ​ថា​តើ​អ្នក​នយោបាយ​ណា​ខ្លះ ដែល​ហ៊ាន​ប្រកាស​ថា​ខ្លួន​នឹង​មិន​ប្រព្រឹត្ត​ ហើយ​ប្ដេជ្ញា​ប្រឆាំង​អំពើ​ពុករលួយ​នោះ៕

XS
SM
MD
LG