\

ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​វិភាគ​ព្រមាន​អំពី​លទ្ធភាព​នៃ​ការ​រាំងស្ទះ​កិច្ច​សន្ទនា​នយោបាយ​រវាង​បក្ស​កាន់​អំណាច​និង​បក្ស​ប្រឆាំង


លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ (Reuters/Leng Len/VOA Khmer)

លោកនាយករដ្ឋ​មន្ត្រី ហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី (ស្តាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។ (Reuters/Leng Len/VOA Khmer)

ការ​ផ្ដល់​ទស្សនៈ​អំពី​ការ​ចង់​បាន​អំណាច​ និង​ការ​រក្សា​អំណាច​របស់​អ្នក​នយោបាយ​នៃ​គណបក្ស​ទាំង​ពីរ​ កើត​មាន​នៅ​មុន​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ក្នុង​រយៈពេល​តែ​ប្រមាណ​ប្រាំ​មួយ​ខែ​ទៀត​តែ​ប៉ុណ្ណោះ។

ក្រុម​មន្ត្រី​គណបក្ស​កាន់​អំណាច​ បាន​ប្រកែក​មិន​ទទួលយក​ការ​អះអាង​របស់​គណបក្ស​ប្រឆាំង ​អំពី​ការ​ឈ្នះ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់ និង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នៅ​ពេល​ខាង​មុខ ដោយ​បាន​ហៅ​លោក ​សម​ រង្ស៊ី ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ថា ជា​បុគ្គល​មាន​ទោស​ និង​មាន​ចេតនា​ចង់​តែ​អុជអាល​ឲ្យ​មាន​ទំនាស់​ក្នុង​សង្គម។

លោក​ សម​ រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​និរទេស​ខ្លួន​ទៅ​ក្រៅ​ប្រទេស បាន​ធ្វើការ​អធិប្បាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃសុក្រ​នេះ​ថា​ ក្រោយ​ពី​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ នៅ​ថ្ងៃ ២៨​ កក្កដា​ ២០១៨​ ខាងមុខនេះ​ លោក​មាន​បំណង​ធានា​ឲ្យ​មាន​ការ​ផ្ទេរ​អំណាច​ពី​គណបក្ស​កាន់អំណាច​ទៅ​គណបក្ស​របស់​លោក​ ដោយ​រលូន​ និង​ដោយ​សន្តិ​វិធី​ ហើយ​លោក​ក៏​នឹង​ធ្វើ​អ្វីៗ​ទាំង​អស់​ដើម្បី​សម្រេច​គោល​បំណង​នេះ។

​ការ​ធ្វើ​អធិប្បាយ​របស់​ លោក​ សម រង្ស៊ី​ គឺ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ក្រុម​អ្នកវិភាគ​ដែល​បាន​ផ្ដល់​ការ​អធិប្បាយ​ក្នុង​ន័យ​មួយ​ចង់​បន្ទោស​រូបលោក​ ថា​ លោក សម រង្សី មិន​ប្រុងប្រយ័ត្ន មាន​មោទនភាព​ខ្លាំង​ពេក និង​មិន​មាន​លក្ខណៈ​ប្រាកដ​និយម ដោយ​ហ៊ាន​លើក​ពី​បញ្ហា​ផ្ទេរ​អំណាច​នៅ​ឆ្នាំ​២០១៦​នេះ។

​យ៉ាង​ណា​ក៏​ដោយ​ លោក​ សួស​ យ៉ារ៉ា អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​ VOA ​ថា​ ជីវិត​នយោបាយ​របស់​លោក​ សម​ រង្ស៊ី តែង​តែ​ប្រឈម​មុខនឹង​ការ​ដាក់​ទោស​ពី​តុលាការ។

លោក​និយាយ​ថា​ លោក​ សម​ រង្ស៊ី​ មាន​បំណង​ផ្លាស់ប្តូរ​របប​គ្រប់គ្រង​ប្រទេស​ដើម្បី​ឲ្យ​រូបលោក​រួច​ផុត​ពី​ការ​ជាប់​ឃុំ​តែ​ប៉ុណ្ណោះ។

លោក​អះ​អាង​ថា មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​រូប​នេះ​ ហាក់​ដូច​ជា​មិន​ចង់​ឃើញ​ភាព​ចុះ​សម្រុង​ក្នុង​សង្គម​ខ្មែរ​នោះ​ឡើយ។

​«គាត់​មិន​មែន​ជា​មនុស្ស​ដែល​មាន​សិទ្ធិ​ពេញ​លេញ​ ដើម្បី​និយាយ​អ្វី​ដែល​លក្ខណៈ​ស្រប​ច្បាប់ លក្ខណៈ​នៃ​សន្តិភាព​របស់​ប្រជាជន សុខដុមរមនា​របស់​ប្រជា​ជន​ គាត់​អត់​និយាយ​កើត​ទេ។ អញ្ចឹង​គាត់​និយាយ​អ្វី​តែ​ពាក្យ​អុជអាល​ ធ្វើ​ម៉េច​ដុត​កម្ដៅ​សង្គម​ឲ្យ​មាន»។

លោក​បន្ថែម​ថា​ ការ​លើក​ឡើង​របស់​លោក​ សម រង្ស៊ី​ គឺ​មិន​អាច​ជឿ​បាន​នោះ​ទេ។

ដោយ​មិន​បាន​ឆ្លើយ​ឲ្យ​ចំ​ទៅ​នឹង​សំណួរ​របស់​ VOA ដែល​សួរ​ថា តើ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​ការ​បារម្ភ​ពី​ការ​បាត់​សំឡេង​គាំទ្រ​ដែរ​ឬ​ទេ​នោះ លោក​ សួស​ យ៉ារ៉ា​ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ រចនា​សម្ព័ន្ធ​គណបក្ស​កាន់​អំណាច​នៅ​តែ​រឹងមាំ​ ដែល​នាំ​ឲ្យ​គណបក្ស​នេះ​នៅ​តែ​បន្ត​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​ជឿន​លឿន​ប្រកបដោយ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ និង​ការ​លើក​កម្ពស់​ជីវភាព​របស់​ប្រជាជន។

​ក៏ប៉ុន្តែ លោក​សម រង្ស៊ី​ ដែល​បាន​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ប្រព័ន្ធ​តុលាការ​បាន​ថ្លែង​បន្ត​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​អំពី​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ក្នុង​ន័យ​ដើម​ថា៖

«រដ្ឋាភិបាល​ស្រប​ច្បាប់​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ធានា​សុវត្ថិភាព​ និង​ភាព​ថ្លៃ​ថ្នូរ​ចំពោះ​សមាជិក​ ឬ​អតីត​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទាំង​អស់​ ហើយ​យើង​ក៏​នឹង​ផ្ដល់​លទ្ធភាព​ និង​ឱកាស​ឲ្យ​ជន​ជាតិ​ខ្មែរ​គ្រប់​រូប​ ចូល​រួម​ក្នុង​ការ​រៀប​ចំ​ប្រទេស​កម្ពុជា​ឡើងវិញ​ ដើម្បី​ឲ្យ​មាន​ការ​អភិវឌ្ឍពិត​ប្រាកដ​ទូលំ​ទូលាយ​ប្រកប​ដោយ​សមធម៌​ និង​យុត្តិធម៌»។

លោក​ ឈាង វុន​ មន្ត្រី​នាំ​ពាក្យ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​លោក​ សម រង្ស៊ី។

លោក​បានប្រាប់​ VOA​ ថា​ គំនិត​នៃ​ការ​រៀបចំ​រដ្ឋាភិបាល​ថ្មី​ដើម្បី​នាំ​ប្រទេស​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​គ្រាន់តែ​ជា​ការ​ស្រមើស្រមៃ​របស់​គណបក្ស​ប្រឆាំង​នេះ​តែប៉ុណ្ណោះ។

«ចង់​និយាយ​ថា​ ណែ៎​ស្អី​ ដែល​គាត់​និយាយ​ថា​គាត់​ឈ្នះ​ឆ្នោត​អីៗ​ហ្នឹង​ ជា​រឿង​ស្រមើស្រមៃ។ រឿង​ស្រមើស្រមៃ​ជា​រឿង​មួយ ដែល​គាត់​កំពុង​តែ​យល់សប្ដិ​ ហើយ​កំពុង​តែ​យល់សប្ដិ​ថា​ អ្ហូ៎​គាត់​អាច​ចាត់​ចែង​កិច្ច​ការងារ​រដ្ឋ​ធំៗ​នៅ​កម្ពុជា​បាន។​ ចាត់​ចែង​យ៉ាង​ម៉េច​ឥឡូវ​មាន​ទោស​ជាប់​គុក​ហើយ​រត់​ចេញ​ពី​ស្រុក​ខ្មែរ គណបក្ស​ក៏​ដក​សេចក្ដី​ទុក​ចិត្ត​ពី​គាត់​នៅ​ក្នុង​រដ្ឋសភ ​លែង​មាន​តួនាទី​អី​ហើយ​ បាត់​ទាំង​អភ័យ​ឯកសិទ្ធិ​នៅ​រដ្ឋ​សភា​ទៅទៀត»។

ការ​អះអាង​ពី​ជោគជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត​របស់​គណបក្ស​ប្រឆាំង​នា​ពេល​ខាងមុខ​នេះ​ មិន​ត្រឹម​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​លោក​ សម រង្ស៊ី​ នោះ​ទេ​ លោក​ អេង​ ឆៃ​អ៊ាង​ តំណាងរាស្ត្រ​គណបក្សសង្គ្រោះ​ជាតិ​បាន ប្រាប់​ VOA កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ផង​ដែរ​ថា​ គណបក្ស​ប្រឆាំង​មាន​ជំនឿ​ថា​ នឹង​ឈ្នះ​ការ​បោះឆ្នោត​ ហើយ​គណបក្ស​នេះ​ត្រៀម​ខ្លួន​ផ្លាស់ប្ដូរ​មន្ត្រី​ក្នុង​ក្របខ័ណ្ឌ​នយោបាយ​ តែ​មិន​ផ្លាស់ប្ដូរ​មន្ត្រី​បម្រើ​ការ​ក្នុង​រដ្ឋបាល​សាធារណៈ​នោះ​ទេ។

«យើង​ផ្លាស់ប្ដូរ​ក្របខ័ណ្ឌ​មន្ត្រី​នយោបាយ​ទេ​បាទ។ ចំពោះ​មន្ត្រី​រដ្ឋបាល​គឺ​អត់​ទេ​ គឺ​យើង​នឹង​រៀប​ចំ​ធ្វើ​ម៉េច​ ឲ្យ​រដ្ឋបាល​របស់​រដ្ឋ​ទៅជា​ស្ថាប័ន​អព្យាក្រឹត​ ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ​មិន​មែន​បម្រើ​បក្ស​ទេ»។

លោក​ ឈាង​ វុន​ អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ប្រតិកម្ម​ថា​ លោក​ អេង​ ឆៃ​អ៊ាង​ កំពុង​ភូត​កុហក​សកម្មជន​របស់​គណបក្ស​ប្រឆាំង​ និង​មន្ត្រី​រាជការ​ដែល​កំពុង​មាន​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​នា​ពេល​បច្ចុប្បន្ន។

ទោះ​ជា​យ៉ាង​ណា​ លោក​បាន​បញ្ជាក់​ថា​ គណបក្ស​កាន់​អំណាច​ នឹង​មិន​ចាញ់​ការ​បោះឆ្នោត​នោះ​ទេ​ ដោយសារ​គណបក្ស​នេះ​បាន​ដាក់​ចេញ​គោល​នយោបាយ​ដែល​ជួយ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​កម្ពុជា​ជានិច្ច។

ការ​ផ្ដល់​ទស្សនៈ​អំពី​ការ​ចង់​បាន​អំណាច​ និង​ការ​រក្សា​អំណាច​របស់​អ្នក​នយោបាយ​នៃ​គណបក្ស​ទាំង​ពីរ​ កើត​មាន​នៅ​មុន​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ក្នុង​រយៈពេល​តែ​ប្រមាណ​ប្រាំ​មួយ​ខែ​ទៀត​តែ​ប៉ុណ្ណោះ។

នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​២០១៣​ គណបក្ស​ប្រជាជន​កម្ពុជា​ ទទួល​បាន​កៅអី​ចំនួន​៦៨​ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ​ទទួល​បាន​កៅអី​ចំនួន​ ៥៥នៅ​រដ្ឋសភា។

ការ​កើន​ឡើង​កៅអី​របស់​គណបក្ស​ប្រឆាំង​ ត្រូវ​បាន​គេ​ជឿ​ថា​ បណ្ដាល​មក​ពី គណបក្ស​នេះ​មាន​កម្មវិធី​នយោបាយ​ល្អ ដែល​មាន​ដូចជា​ការ​សន្យា​ដំឡើង​ប្រាក់​ខែ​ដល់​មន្ត្រី​រាជការ​ និង​កម្មករ​ ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​មនុស្ស​ចាស់​ ការ​លើក​ស្ទួយ​ជីវភាព​ប្រជាកសិករ​តាមរយៈ​ការ​ការ​ពារ​តម្លៃ​កសិផល​របស់​ពួក​គេ​ជាដើម។

ការ​ធ្លាក់​ចុះ​នូវ​ចំនួន​អ្នក​គាំទ្រ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាង​គំហុក​កាលពី​ឆ្នាំ​២០១៣​ ត្រូវ​បាន​អ្នក​ឃ្លាំ​មើល​នយោបាយ​ខ្មែរ​ សន្និដ្ឋាន​ថា​ ដោយ​សារ​ប្រជាពលរដ្ឋ​ខ្មែរ​ ចង់​បាន​ការ​ផ្លាស់ប្ដូរ​គណបក្ស​កាន់​អំណាច ហើយ​ពួកគេ​មិន​ចង់​ឃើញ​លោក​ ហ៊ុន​ សែន បន្ត​កាន់​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​របស់​កម្ពុជា​តទៅ​ទៀត។

លោក​ អ៊ូ​ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវជ្រាវ​គោល​នយោបាយ​ក្នុង​ស្រុក​ ប្រាប់​ VOA​ ថា​ ​កិច្ច​ខំ​ប្រឹងប្រែង​របស់​គណបក្ស​នយោបាយ​ ក្នុង​ការ​តស៊ូ​មតិ​ដើម្បី​ឈ្នះ​ការ​បោះឆ្នោត​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ក្នុង​សង្គម​ប្រជាធិបតេយ្យ។

​ទោះ​បី​ជា​មាន​ការ​លើក​ទឹក​ចិត្ត​អ្នក​នយោបាយ​ឲ្យ​ធ្វើ​ការ​តស៊ូ​មតិ​គ្នា​ក្ដី លោក​ អ៊ូ វីរៈ​ ឲ្យ​ដឹង​បន្ថែម​ថា​ នយោបាយ​កម្ពុជា​ អាច​ប្រឈម​នឹង​ភាព​រកាំរកូស​ម្ដង​ទៀត​ដែល​អាច​រារាំង​ដល់​កិច្ច​សន្ទនា​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​នយោបាយ​ដែល​នៅ​សេសសល់​ ក្រោយ​ពី​ការ​លើកលែង​ទោស​លោក​ កឹម សុខា ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​បញ្ជាក់​ថា​ អ្នក​នយោបាយ​ខ្មែរ​ច្រើន​យក​អារម្មណ៍​មក​ដោះ​ស្រាយ​បញ្ហា។

«វា​អាច​ដែរ​ដោយសារ​នយោបាយ​ស្រុក​យើង​ហ្នឹង​ វា​នយោបាយ​តាម​អារម្មណ៍។ អញ្ចឹង​វា​អាច​ដែរ​ការ​ធ្វើ​ការ​ងារ​មួយ​ចំនួន​ វា​អាច​ពាក់ព័ន្ធ​ដែរ ដោយសារ​យើង​ធ្វើ​ការងារ​ទៅ​តាម​អារម្មណ៍​ មិនមែន​តាម​ប្រជាពលរដ្ឋ​ ឬ​មួយ​តាម​ខ្លឹម​សារ​ច្បាប់​អីចឹង។ អញ្ចឹង​ជា​ទូទៅ​ អា​ហ្នឹង​វា​អាច​ជា​បញ្ហា​មួយ​ដែរ»។

ក្រុម​អ្នក​ឃ្លាំ​មើល​ស្ថានភាព​នយោបាយ​ទាំង​ក្នុង និង​ក្រៅ​ប្រទេសថ្លែង​ថា​ អំពើ​អយុត្តិធម៌​ក្នុង​សង្គម​នានា​ ដូច​ជា​ការ​បណ្ដេញ​ប្រជាជន​ចេញ​ពី​ផ្ទះ​សម្បែង​ដើម្បី​ការ​អភិវឌ្ឍ ការ​បំផ្លិច​បំផ្លាញ​ធនធាន​ធម្មជាតិ និង​គម្លាត​សេដ្ឋកិច្ច​ដ៏​ធំ​រវាង​អ្នក​មាន​ និង​អ្នក​ក្រ បាន​រួម​ចំណែក​ដល់​ការ​ធ្លាក់​ចុះ​ប្រជាប្រិយភាព​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​កាន់​អំណាច​ជិត​៤០​ឆ្នាំ​មក​ហើយ​នេះ៕

XS
SM
MD
LG