ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​គឹម សុខ ទទូច​ចង់​ជួប​លោក​ហ៊ុន សែន​ ក្នុង​តុលាការ


រូបឯកសារ៖ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន (ស្តាំ) និង​អ្នកវិភាគ​នយោបាយ​លោក​គឹម សុខ (ឆ្វេង)។

សាលាឧទ្ធរណ៍​នៅ​ថ្ងៃសុក្រ​នេះ​ បាន​បដិសេធ​មិនធ្វើ​តាម​សំណើ​របស់​អ្នក​វិភាគ​នយោបាយ លោក​ គឹម សុខ​ ដែល​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មក​តទល់​ជាមួយ​លោក​ដោយ​ផ្ទាល់​ក្នុង​សវនាការ​ ពាក់​ព័ន្ធ​នឹង​បទ​ចោទប្រកាន់​អំពី​ការ​បង្ក​អំពើ​ញុះ​ញង់​ នាំ​ឲ្យ​មាន​មាន​ភាព​វឹកវរ​ដល់​សង្គម។

លោក​ គឹម សុខ​ អ្នកវិភាគ​នយោបាយ​ម្នាក់ បាន​មក​បង្ហាញ​ខ្លួន​នៅ​សាលា​ឧទ្ធរណ៍​តាម​សំណើ​របស់​លោក​ ដែល​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន​ មក​តទល់​នឹង​លោក​ ដើម្បី​បកស្រាយ​អំពី​ការ​ចោទ​ប្រកាន់​ការ​បរិហារកេរ្តិ៍។ ក្រោយ​សវនាការ​ សាលា​ឧទ្ធរណ៍​សម្រេច​មិន​ធ្វើ​តាម​ការ​ស្នើសុំ​របស់​លោក​ គឹម សុខ នោះទេ។​ លោក គឹម សុខ ​ត្រូវបាន​សាលាដំបូង​រាជ​ធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ តាម​បណ្តឹង​របស់​លោក​ហ៊ុន សែន​ ពាក់​ព័ន្ធ​នឹង​ការ​បរិហារកេរ្តិ៍​គណបក្ស​កាន់​អំណាច។

សាលាឧទ្ធរណ៍​នៅ​ថ្ងៃសុក្រ​នេះ​ បាន​បដិសេធ​មិនធ្វើ​តាម​សំណើ​របស់​អ្នក​វិភាគ​នយោបាយ លោក​ គឹម សុខ​ ដែល​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មក​តទល់​ជាមួយ​លោក​ដោយ​ផ្ទាល់​ក្នុង​សវនាការ​ ពាក់​ព័ន្ធ​នឹង​បទ​ចោទប្រកាន់​អំពី​ការ​បង្ក​អំពើ​ញុះ​ញង់​ នាំ​ឲ្យ​មាន​មាន​ភាព​វឹកវរ​ដល់​សង្គម។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មេធាវី​ការពារ​ក្តី​ឲ្យ​លោក គឹម សុខ​ និង​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍។​

ការ​ទាម​ទាររបស់​លោក​ គឹម សុខ​ ធ្វើ​ឡើង​ ក្រោយ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​លោក កាលពី​ពាក់​កណ្តាល​ខែកុម្ភៈ​ តាម​បណ្តឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី។​

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​ឃុំ​ខ្លួន​អ្នក​វិភាគ​រូបនេះ​នៅ​ពន្ធនាគារ​ព្រៃស ​ពី​បទ​ «បរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​ញុះ​ញង់​ឱ្យ​មាន​ភាព​វឹកវរ​ចលាចល​ដល់​សន្តិសុខ​សង្គម»។

​លោក ហ៊ុន សែន បាន​ប្ដឹងលោក គឹម សុខ ​ថា ​បាន​អធិប្បាយ​ចោទប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​លោក​ កែម​ ឡី និង​ទារ​ឲ្យ​លោក​គឹម សុខ ផ្តល់​សំណង​ចំនួន​៥សែន​ដុល្លារ​អាមេរិក។

លោក​មេធាវី​ ជួង ជូងី​ និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ខាងក្រោយ​សាលាឧទ្ធរណ៍​អំពីការ​ចង់​បាន​របស់លោក​ គឹម សុខ​ ក្នុង​ការ​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៣១​ ខែ​មីនា​ ឆ្នាំ​ ២០១៧។ (ហ៊ុល​ រស្មី/VOA)
លោក​មេធាវី​ ជួង ជូងី​ និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ខាងក្រោយ​សាលាឧទ្ធរណ៍​អំពីការ​ចង់​បាន​របស់លោក​ គឹម សុខ​ ក្នុង​ការ​ជួប​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​៣១​ ខែ​មីនា​ ឆ្នាំ​ ២០១៧។ (ហ៊ុល​ រស្មី/VOA)

​លោក​ជួង​ ជូងី​ មេធាវីការ​ពារ​ក្តី​លោក​ គឹម សុខ​ ប្រាប់​អ្នក​សារព័ត៌មាន​ថា​ កូនក្តី​លោក​ មិន​ទុក​ចិត្ត​ចំពោះ​ការ​អះអាង​របស់​មេធាវី​លោក​ហ៊ុន សែន​ ដូច្នេះ​ហើយ​ទើប​ កូនក្តី​លោក​ទាម​ទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ មក​ជជែក​គ្នា​នៅ​មុខ​តុលាការ​ដើម្បី​បញ្ជាក់​ពី​ភាព​គ្មាន​ទោស​របស់​ខ្លួន។

«តុលាការ​សំអាង​ថា​ សាច់​រឿង​ឬ​ក៏ច​ម្លើយ​របស់​លោក គឹម សុខ​ គឺ​មាន​ភាព​ច្បាស់លាស់​ហើយ មិន​មាន​ភាព​ចាំបាច់​ត្រូវហៅ​ដើមបណ្តឹង​មក​សួរ​តទល់​ទេ។ ប៉ុន្តែ​លោក​ គឹម សុខ ​គាត់​សំអាង​ថា​ អ្វី​ដែល​គាត់​លោក​តាម​វិទ្យុអាស៊ីសេរី​កន្លង​ទៅ​ គឺ​គាត់​លើក​តាម​អង្គហេតុ​ពិត​កើត​ឡើង​ក្នុង​សង្គម​ មិន​មែន​ជា​ការ​ប្រឌិត​របស់​គាត់​ទេ។ ហើយ​លោក​ គឹម សុខ ​សំអាង​ថា​ អ្វី​ដែល​គាត់​លើក​នេះ​ វា​ជា​អង្គហេតុ​ពិត​ ហើយ​ព្រឹត្តការណ៍​អស់​នេះ​ ស្ថិត​នៅក្រោម​ការ​គ្រប់​គ្រង​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី។​ អញ្ចឹង​ហើយ​ទើប​គាត់​ចង់​ឲ្យ​ដើម​បណ្តឹង​មកតទល់​ជាមួយ​គាត់​នៅ​តុលាការ»។

លោក​មេធាវី​របស់​លោក គឹម សុខ បន្ថែម​ថា​ បណ្តឹង​ផ្សេង​ទៀត​នឹង​ត្រូវដាក់​ទៅ​តុលាការ​កំពូល​នៅ​សប្តាហ៍ក្រោយ ដើម្បី​ទាម​ទារ​ឲ្យ​លោក​ ហ៊ុន សែន​ ចេញ​មក​តទល់​ជាមួយ​កូនក្តី​លោក​ គឺ​លោក​ គឹម សុខ។

លោក​ គី តិច​ មេធាវី​ការពារ​ក្តី​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បដិសេធ​មិន​ផ្តល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​ នៅពេល​លោក​កំពុង​ដើរ​ចូល​ទៅកាន់​សាលា​ឧទ្ធរណ៍។ លោក​ថា​ លោក​ប្រញាប់​ទៅ​ចូល​រួម​សវនាការ។

«សវនាការ​គេចាំ​ខ្ញុំ​ សុំទោស!»។

លោក​ ទូច ថារិទ្ធ​ អ្នក​នាំពាក្យ​សាលា​ឧទ្ធរណ៍​ ប្រាប់​ VOA នៅ​រសៀល​ថ្ងៃសុក្រ​នេះថា​ ប្រធាន​ក្រុម​ប្រឹក្សា​អង្គជំនុំ​ជម្រះ លោក​ ភូ ពៅស៊ុន បាន​សម្រេច​តម្កល់​ការ​សម្រេចរបស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដែល​បាន​ផ្តល់​ហេតុផល​សមស្រប​ អំពី​ការណ៍​ដែល​មិន​ចាំបាច់​ត្រូវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ មក​តទល់​ដោយ​ផ្ទាល់​ជាមួយលោក​ គឹម សុខ​ នោះទេ។

រូបឯកសារ៖ ប្រជា​ពលរដ្ឋ​កម្ពុជា​ ស្រែក​ទ្រហ៊ោយំ នៅ​ពេល​មក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ក្នុង​វត្ត​ចាស់ នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន​ សុជាតា/VOA)
រូបឯកសារ៖ ប្រជា​ពលរដ្ឋ​កម្ពុជា​ ស្រែក​ទ្រហ៊ោយំ នៅ​ពេល​មក​ចូលរួម​ពិធីបុណ្យ​សព​របស់​លោក ​កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ ក្នុង​វត្ត​ចាស់ នៅ​ជាយ​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១ ​ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន​ សុជាតា/VOA)

លោក​មាន​ប្រសាសន៍​ថា​ បណ្តឹង​របស់​លោក​នាយករដ្ឋ​មន្ត្រី​មាន​សំអាង​គ្រប់​គ្រាន់​ ដូច្នេះ​តុលាការ​មិន​ចាំចាច់​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ចូល​មក​តទល់​ដោយ​ផ្ទាល់​នោះ​ឡើយ។

«បាទ​ដោយ​សារ​តែ​បណ្តឹង​របស់​គាត់​ហ្នឹង​មាន​សំអាង​ហេតុ​ ត្រឹម​ត្រូវ​ បណ្តឹង​ហើយ​ហ្នឹង​អង្គ​ច្បាប់​ហ្នឹង​មាន​លក្ខណៈ​ត្រឹមត្រូវ​អស់​ហើយ​ ពុំ​ចាំបាច់​ហៅ​ដើមបណ្តឹង​មក​តទល់​អីទៀត​ទេ​ អញ្ចឹង​តុលាការ​មាន​ភស្តុតាង​ សំអាង​ហេតុ​ត្រឹមត្រូវ​ទៅតាម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដាក់​បន្ទុក​ហើយ​ អញ្ចឹង​អាច​ជំនុំ​ជម្រះ​ទៅ​តាម​ផ្លូវ​ច្បាប់»។

ក្រៅពី​ការ​ប្តឹង​ប្រឆាំង​លោក​ គឹម សុខ ដែល​បាន​អធិប្បាយ​ចោទ​ប្រកាន់​គណបក្ស​កាន់​អំណាច​ថា​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​លោក​ កែម​ ឡី នោះ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ក៏​បានប្ដឹង​លោក​ គឹម សុខ​ មួយ​ករណី​ទៀត​ចំពោះ​ការ​អត្ថាធិប្បាយ​ថា ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋាភិបាល​បច្ចុប្បន្ន​ បណ្ដោយ​ឱ្យ​មាន​ការ​សម្លាប់​មនុស្ស ហើយ​មិន​រក​មុខ​ឃាតក​ពិត​ ដូចជា​ក្នុង​ករណី​លោក​ កែម ឡី​ លោក​ ជា​ វិជ្ជា​ ព្រះ​សង្ឃ​ សម​ ប៊ុន​ធឿន និង​លោក​ ឈុត​ វុទ្ធី​ ជា​ដើម។ លោក ហ៊ុន សែន ទាមទារ​ប្រាក់​សំណង​១០លាន​រៀល​ផ្សេងទៀត​ផង​ដែរ​សម្រាប់​ករណី​នេះ។

មុន​ពេល​សវនាការ​របស់​លោក​ គឹម សុខ​ ចាប់​ផ្តើម ក្រុម​សន្តិសុខ​ដែល​យាម​នៅ​ច្រក​ចូល​សាលា​ឧទ្ទរណ៍​ បាន​ហាមឃាត់​អ្នក​សារព័ត៌មាន​មិន​ឲ្យ​ចូល​តាម​ដាន​សវនាការ​នោះ​ផង​ដែរ។​ ក្រុម​សន្តិសុខ​មិន​ផ្តល់​មូលហេតុ​អ្វី ក្រៅតែ​ពី​ប្រាប់​អ្នក​កាសែត​ថា​ មិន​មាន​ការ​អនុញ្ញាត​ឲ្យ​អ្នក​កាសែត​ចូល​ក្នុង​បរិវេណ​សាលា​ឧទ្ធរណ៍​នោះ​ទេ។

លោក​ គឹម សុខ​ គឺ​ជា​អតីត​មន្ត្រី​របស់​គណបក្ស​រាជានិយម​ហ៊្វុន​ស៊ីនប៉ិច​ពីឆ្នាំ​ ២០០២​ រហូត​ដល់​ឆ្នាំ​ ២០០៨។​ នៅ​មុន​ពេល​លោក​ត្រូវបាន​តុលាការ​ឃុំ​ខ្លួន​ អ្នក​វិភាគរូប​នេះ​ បាន​និយាយ​រិៈគន់​មិន​សំចៃ​មាត់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទៅលើ​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​សព្វថ្ងៃ៕

XS
SM
MD
LG