ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប៉ូលិស៖ ​មិន​មាន​ភ័ស្តុតាង​បញ្ជាក់​ថា​ការវាយ​ប្រហារ​​ក្លឹប​រាត្រី​នៅ​រដ្ឋ Ohio ​ពាក់ព័ន្ធ​នឹង​ភេរវកម្ម​ទេ​


ប៉ូលិសចុះ​​ប្រតិបត្តិការណ៍​នៅ​កន្លែង​កើត​ហេតុ​ខាង​ក្រៅ​ក្លឹបរាត្រី Cameo ក្រោយ​មាន​ហេតុការណ៍​បាញ់​ប្រហារ​គ្នា​កាល​ពី​ថ្ងៃអាទិត្យ ទី​២៦ ខែ​មីនា។ យ៉ាង​ហោច​ណាស់​មនុស្ស​២​នាក់​ បាន​​បាញ់​ប្រហារ​ក្នុង​ក្លឹប​រាត្រី​នោះ។

ក្រុម​មន្ត្រី​បាន​ឲ្យ​ដឹង​ថា មនុស្ស​ម្នាក់​ត្រូវ​បាន​សម្លាប់​ហើយ​មនុស្ស​១៥​នាក់​ផ្សេង​ទៀត​បាន​រង​របួស​នៅ​ក្នុង​ហេតុការណ៍​បាញ់​ប្រហារ​មួយ​នៅ​ក្លឹបរាត្រី​ដែល​មាន​មនុស្ស​ច្រើន​កុះករ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ក្នុង​ទីក្រុង​ Cincinnati រដ្ឋ Ohio សហរដ្ឋ​អាមេរិក។

លោក Eliot Isaac ស្នងការ​ប៉ូលិស​ក្នុង​ទីក្រុង Cincinnati បាន​ថ្លែង​ថា បុរស​ប៉ុន្មាន​នាក់​បាន​ផ្ទុះ​ជម្លោះ​នៅ​ក្នុង​ក្លឹបរាត្រី​នោះ ហើយ​បាន​បង្ក​ឲ្យ​ឈាន​ដល់​ការ​បាញ់​ប្រហារ​គ្នា។

លោក Isaac បាន​មាន​ប្រសាសន៍​ថា ក្លឹបរាត្រី​នេះ​មាន​មនុស្ស​ច្រើន​កុះករ​រហូត​ដល់​ទៅ​រាប់​រយ​នាក់​ឯណោះ។

លោក​បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ជា​លទ្ធផល មនុស្ស​១៦​នាក់​បាន​រង​គ្រាប់​កាំភ្លើង ហើយ​ម្នាក់​ក្នុង​ចំណោម​នោះ​បាន​ស្លាប់​បាត់បង់​ជីវិត។ ជនរងគ្រោះ​១៥​នាក់​ទៀត​បាន​រង​របួស ហើយ​ម្នាក់​ក្នុង​ចំណោម​នោះ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ។ អ្នក​ផ្សេង​ទៀត​មាន​របួស​ធ្ងន់​និង​ស្រាល»។

លោក Isaac មិន​បាន​បញ្ជាក់​នោះ​ទេ ថា​តើ​ជន​ដៃដល់​គឺ​ស្ថិត​ក្នុង​ចំណោម​ជនរងគ្រោះ​ដែល​ត្រូវ​របួស​ឬ​យ៉ាង​ណា។ លោក​គ្រាន់​តែ​បញ្ជាក់​ថា «នឹង​ត្រូវ​ធ្វើ​ការ​សាកសួរ​និង​ពិនិត្យ​លើ​ភ័ស្តុតាង​ជាច្រើន​ទៀត ហើយ​យើង​នឹង​ផ្តល់​ព័ត៌មាន​បន្ថែម​ជា​បន្តប​ន្ទាប់​ពេល​ក្រោយ»៕

XS
SM
MD
LG