ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពិព័រណ៍​រូបថត​ពី​ទិដ្ឋភាព​​កម្ពុជា​ក្នុង​ឆ្នាំ​១៩៨០ ជួយ​ផ្សារ​ភ្ជាប់​មនុស្ស​ជំនាន់​មុន​ជាមួយ​ក្មេង​ជំនាន់​ក្រោយ


កុមារ​កម្ពុជា​ជញ្ជូន​ទឹក​ដើម្បី​យក​ទៅ​ប្រើប្រាស់​។ ​រូបភាព​ថតនៅភ្នំពេញ​ ​ក្នុង​ឆ្នាំ១៩៨០។ ​(រូប​ផ្តល់​ឱ្យ​ដោយលោក​​ John Burgess)

ម្ចាស់​រូបថត​និង​អ្នក​រៀបចំ​កម្មវិធី​យល់ថា ការ​តាំង​ពិព័រណ៍​នេះ​ នឹង​ជួយ​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​យល់​កាន់​តែ​ច្បាស់​ពី​អ្វី​ដែល​ឪពុកម្ដាយ​របស់​ពួក​គេ​បាន​ឆ្លងកាត់ និង​ជួយ​ផ្សារ​ភ្ជាប់​មនុស្ស​ទាំងពីរ​ជំនាន់​ឱ្យ​កាន់​តែ​ជិតស្និទ្ធ។

នៅ​សប្ដាហ៍​ក្រោយ ការ​តាំង​ពិព័រណ៍​រូបថត​មួយ​ដែល​មាន​ចំណង​ជើង​ថា «ការ​ក្រោក​ឡើង​វិញ​នៃ​ប្រទេស​កម្ពុជា- រយៈពេល​មួយ​ឆ្នាំ​ក្រោយ​សម័យ​ខ្មែរ​ក្រហម» (Cambodia Reawakening – One year after the Khmer Rouge) ​បង្ហាញ​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៨០។ ម្ចាស់​រូបថត​និង​អ្នក​រៀបចំ​កម្មវិធី​យល់ថា ការ​តាំង​ពិព័រណ៍​នេះ​ នឹង​ជួយ​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​បាន​យល់​កាន់​តែ​ច្បាស់​ពី​អ្វី​ដែល​ឪពុកម្ដាយ​របស់​ពួក​គេ​បាន​ឆ្លងកាត់ និង​ជួយ​ផ្សារ​ភ្ជាប់​មនុស្ស​ទាំងពីរ​ជំនាន់​ឱ្យ​កាន់​តែ​ជិតស្និទ្ធ។

រូប​ថត​ដែល​ថត​ដោយ​អ្នក​កាសែត​អន្តរជាតិ​ជនជាតិ​អាមេរិក​ម្នាក់ បង្ហាញ​ពី​ទិដ្ឋភាព​ប្រទេស​កម្ពុជា​ក្រោយ​សម័យ​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៨០ អម​ជាមួយ​នឹង​ការ​យល់​ឃើញ​របស់​យុវជន​ នឹង​ត្រូវ​ដាក់​បង្ហាញ​នៅ​ក្នុង​ពិធី​តាំង​ពិព័រណ៍​មួយ​នៅ​ក្នុង​ខេត្ត​សៀមរាប​នៅ​សប្ដាហ៍​ក្រោយ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ Anjali House ចេញ​ផ្សាយ​កាល​ពី​ថ្ងៃពុធ ​បាន​ឱ្យ​ដឹង​ថា ការ​តាំង​ពិព័រណ៍​រូបថត​របស់​អ្នក​កាសែត​អាមេរិក​ឈ្មោះ John Burgess ​ដែល​មាន​ចំណង​ជើង​ថា «ការ​ក្រោក​ឡើង​វិញ​នៃ​ប្រទេស​កម្ពុជា-រយៈពេល​មួយ​ឆ្នាំ​ក្រោយ​សម័យ​ខ្មែរ​ក្រហម» (Cambodia Reawakening – One year after the Khmer Rouge) នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពីថ្ងៃ​ទី​៣​ដល់​ថ្ងៃ​ទី​១៧ ខែ​ឧសភា នៅ​ហាង​កាហ្វេ​ Footprint Café ​ក្នុង​ខេត្ត​សៀមរាប។

ទិដ្ឋភាព​នៃ​ការដឹកជញ្ជូន​តាម​រថភ្លើង​មកកាន់​ក្រុងភ្នំពេញ​នាឆ្នាំ​១៩៨០។​ (រូប​ផ្តល់​ឱ្យ​ដោយ​លោក​ John Burgess)​
ទិដ្ឋភាព​នៃ​ការដឹកជញ្ជូន​តាម​រថភ្លើង​មកកាន់​ក្រុងភ្នំពេញ​នាឆ្នាំ​១៩៨០។​ (រូប​ផ្តល់​ឱ្យ​ដោយ​លោក​ John Burgess)​

លោក John Burgess គឺជា​អ្នក​និពន្ធ និង​ជា​អ្នកកាសែត​អាមេរិក​ម្នាក់​ ដែល​បាន​រាយការណ៍​អំពី​បញ្ហា​វិបត្តិ​ជន​ភៀសខ្លួន​នៅ​ឥណ្ឌូចិន​ក្នុង​ឆ្នាំ​១៩៧០ និង​ឆ្នាំ​១៩៨០ ឱ្យ​កាសែត The Washington Post។ លោក​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា​រយៈពេល​២​សប្ដាហ៍ នៅ​ក្នុង​ខែ​មេសា ឆ្នាំ​១៩៨០ ពោល​គឺ​មួយ​ឆ្នាំ​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម។

នៅ​ក្នុង​ដំណើរ​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​នា​ពេល​នោះ លោក John Burgess បាន​ធ្វើ​ដំណើរ​ជុំវិញ​បឹង​ទន្លេ​សាប ដោយ​បាន​ផ្ដិត​យក​ទិដ្ឋភាព​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​សៀមរាប បាត់ដំបង និង​រាជធានី​ភ្នំពេញ។

អ្នកនាង Nancy Barrett ប្រធាន​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ Anjali House ប្រាប់​VOA កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា តាមរយៈ​ការ​តាំង​ពិព័រណ៍​ដែល​មាន​ចំណង​ជើង​ថា «ការ​ក្រោក​ឡើង​វិញ​នៃ​ប្រទេស​កម្ពុជា- រយៈពេល​មួយ​ឆ្នាំ​ក្រោយ​សម័យ​ខ្មែរ​ក្រហម» ​រូបភាព​ចំនួន​៣១​សន្លឹកដែល​លោក John Burgess បាន​ថត​ក្នុង​ឆ្នាំ​១៩៨០ នឹង​ត្រូវ​ដាក់​បង្ហាញ។

អ្នកនាង​បន្ត​ថា នៅ​ជាប់​ជាមួយ​នឹង​រូបថត​ទាំង​នោះ នឹង​មាន​ចំណង​ជើង​រូបភាព​ដែល​សរសេរ​ដោយ​លោក John Burgess អម​ដោយ​អត្ថបទ​ជារឿង ឬ​កំណាព្យ ដែល​សរសេរ​ដោយយុវជន​របស់​អង្គការ Anjali House អាយុ​ពី​១៤​ដល់​១៩​ឆ្នាំ ដោយ​បង្ហាញ​ពី​អារម្មណ៍​របស់​ពួកគេ ក្រោយ​ពី​បាន​មើល​រូបភាព​ទាំង​នោះ។

«យើង​គិត​ថា យុវជន​ជំនាន់​ក្រោយ​របស់​កម្ពុជា​ គួរ​ដឹង​ពី​អតីតកាល ហើយ​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង ពី​ព្រោះ​ពួកគេ​តំណាង​ឱ្យ​អនាគត​របស់​ប្រទេស។ ដូច្នេះ វា​ពិត​ជា​សំខាន់​ដែល​ពួកគេ​ដឹង​ថា​អ្វី​បាន​កើត​ឡើង ហើយ​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង​អំពី​វា»។

សំណល់​រថក្រោះ​ ដែល​ខូច​ដោយ​សង្គ្រាម​ ត្រូវ​គេ​ទុក​ចោល​ តាម​ដងច​ផ្លូវ​ចូល​មកកាន់​រាជធានី​ភ្នំពេញ​នាឆ្នាំ​១៩៨០។​ ​(រូប​ផ្តល់​ឱ្យ​ដោយ​លោក​ John Burgess)​
សំណល់​រថក្រោះ​ ដែល​ខូច​ដោយ​សង្គ្រាម​ ត្រូវ​គេ​ទុក​ចោល​ តាម​ដងច​ផ្លូវ​ចូល​មកកាន់​រាជធានី​ភ្នំពេញ​នាឆ្នាំ​១៩៨០។​ ​(រូប​ផ្តល់​ឱ្យ​ដោយ​លោក​ John Burgess)​

លោក John Burgess ម្ចាស់​រូបថត​ទាំង​៣១​សន្លឹក​ដែល​នឹង​ត្រូវ​ដាក់​តាំង​បង្ហាញ​នោះ មានប្រសាសន៍​ប្រាប់​VOA ពី​សហរដ្ឋអាមេរិក​មក​ថា ដោយសារ​តែ​ភាគច្រើន​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន មិនបាន​ឆ្លង​កាត់​សម័យ​សង្គ្រាម និង​ស្ថានភាព​ក្រោយ​សង្គ្រាម ពួកគេ​មិន​សូវ​បាន​យល់​ពី​អ្វី​ដែល​ឪពុក​ម្ដាយ​របស់​ពួកគេ បាន​ឆ្លងកាត់​នោះ​ទេ។

លោក​សង្ឃឹម​ថា រូបថត​ទាំង​នោះ​ អាច​ជួយ​ក្មេង​ជំនាន់​ក្រោយ​ឲ្យ​បាន​យល់​កាន់​តែ​ច្បាស់​ពី​ឪពុកម្ដាយ និង​ជីដូន​ជីតា​របស់​ពួកគេ និង​ធ្វើ​ឱ្យ​មនុស្ស​ពីរ​ជំនាន់​ខុស​គ្នា ​កាន់​តែ​ជិតស្និទ្ធ។

«ប្រហែល​ជា​រូបភាព​ទាំង​នេះ​ នឹង​ធ្វើ​ឱ្យ​យុវជន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន កាន់តែ​ពេញ​ចិត្ត​ក្នុង​ការ​ស្ដាប់​ព្រឹត្តិការណ៍​ដែល​ឪពុក​ម្ដាយ​របស់​ពួកគេ​បាន​ស៊ូទ្រាំ​ឆ្លងកាត់ និង​យល់​ថា ហេតុ​អ្វី​បាន​ជា​ឪពុកម្ដាយ​និង​ជីដូន​ជីតា​របស់​ពួកគេ​ មាន​លក្ខណៈ​ដូច​សព្វថ្ងៃ។ ប្រហែល​ជា​វា ​នឹង​ជួយ​ឱ្យ​យុវជន​កម្ពុជា​ឃើញ​ពី​គុណ​តម្លៃ​នៃ​ការ​លះបង់ និង​សេចក្ដី​ស្វាហាប់​ដែល​មនុស្ស​ត្រូវការ​នា​ពេលនោះ»។

ទិដ្ឋភាព​តាម​ដង​ផ្លូវ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​ឆ្នាំ​១៩៨០។​ ​(រូប​ផ្តល់​ឱ្យ​ដោយ​លោក​ John Burgess)
ទិដ្ឋភាព​តាម​ដង​ផ្លូវ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​ ក្នុង​ឆ្នាំ​១៩៨០។​ ​(រូប​ផ្តល់​ឱ្យ​ដោយ​លោក​ John Burgess)

លោក John Burgess បន្ត​ទៀត​ថា រូបភាព​ទាំងនោះ ​ក៏​នឹង​ក្លាយ​ទៅ​ជា​ភស្តុតាង​បញ្ជាក់​បន្ថែម​លើ​អ្វី​ដែល​ឪពុក​ម្ដាយ​តែង​រៀបរាប់​ប្រាប់​កូនៗ​ពី​ការ​លំបាក​ដែល​ពួក​គាត់​បាន​ឆ្លង​កាត់​ក្នុង​សម័យ​សង្គ្រាម និង​ក្រោយ​សង្គ្រាម។

កុមារី ទេព សុលី អាយុ​១៤ឆ្នាំ ដែល​បាន​ចូល​រួម​សរសេរ​បង្ហាញ​ការ​យល់ឃើញ​របស់​នាង​លើ​រូបភាព​ដែល​នឹង​ត្រូវ​ដាក់​បង្ហាញ​ទាំង​នោះ​ ប្រាប់​VOA​ថា ឪពុកម្ដាយ​របស់​នាង​តែង​និយាយ​ប្រាប់​ពី​ទុក្ខ​លំបាក​ដែល​ពួក​គាត់​បាន​ឆ្លងកាត់ ប៉ុន្តែ​នាង​ពុំ​សូវ​ចាប់អារម្មណ៍​ឬ​ជឿ​អ្វី​ដែល​ពួកគាត់​ប្រាប់​នោះ​ទេ។ កុមារី​បន្ត​ថា ក្រោយ​ពី​បាន​ឃើញ​រូបភាព​ទាំងនោះ នាង​យល់​កាន់​តែ​ច្បាស់​ពី​អារម្មណ៍ និង​ការ​លំបាក​ដែល​ឪពុក​ម្ដាយ​នាងបាន​ឆ្លងកាត់។

«[ខ្ញុំ]សរសើរ​គាត់​ខ្លាំង​បំផុត ព្រោះអី​គាត់​អាច​ទ្រាំ​នូវ​ទុក្ខវេទនា​នេះ​បាន ហើយ​គាត់​ព្យាយាម​រស់នៅ​ដោយ​វេទនា​បំផុត។ ហើយ​គាត់​ពូកែ​ខាង​អត់ធ្មត់»។

​លោក ឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែល​ជា​មជ្ឈមណ្ឌល​ប្រមូល​ផ្ដុំ​ឯកសារ​ធំ​ជាងគេ​ពាក់ព័ន្ធ​នឹង​របប​ខ្មែរ​ក្រហម មាន​ប្រសាសន៍​ថា ការ​ដាក់​តាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​ដូចជា​រូបថត​ទាំង​នេះ នឹង​ជួយ​ឱ្យ​ក្មេង​ជំនាន់​ក្រោយ មាន​ការ​ត្រិះរិះ​ពិចារណា និង​មាន​ការ​ស្រមើស្រមៃ ក៏​ដូចជា​ការ​ប្រាថ្នា​និង​គំនិត​ច្នៃ​ប្រឌិត ដែល​ចំណុច​ទាំង​នេះ​ត្រូវ​បាន​រលុប​បាត់​ពី​គំនិត​របស់​យុវជន​ខ្មែរ​ដោយសារ​សង្គ្រាម។

លោក​ថា ការ​ដាក់​តាំង​ពិព័រណ៍​រូបភាព​នេះ ក៏​អាច​ចូលរួម​ចំណែក​ក្នុង​ការ​កសាង​សង្គម​ឡើង​វិញ​ផង​ដែរ។

«អ្វី​ដែល​បាន​កើតឡើង​ក្នុង​ទសវត្ស​៨០​ឬ​សម័យ​ខ្មែរ​ក្រហម គឺ​មាន​ទំនាក់​ទំនង​ទៅ​នឹងបច្ចុប្បន្នកាល​ទាំងអស់។ ដោយសារ​មូលហេតុ​អ្វី? ដោយសារ​នៅ​ស្រុក​ខ្មែរ​យើង​ មាន​ប្រជាជន​១៥​លាន​នាក់ ទាំងអស់​សុទ្ធ​តែ​ជា​អ្នក​រស់រាន​មាន​ជីវិត​ក្នុង​សម័យ​ខ្មែរ​ក្រហម​ឬ​ក៏​កូនចៅ​អ្នក​ដែលរស់រាន​មាន​ជីវិត​ពី​សម័យ​ខ្មែរ​ក្រហម។ អញ្ចឹង ​នៅ​ក្នុង​រូបភាព​ណា​ក៏ដោយ យើង​មិន​អាច​គេច​វេស​ពី​ប្រវត្តិសាស្ត្រ​នេះ​បាន​ទេ។ ដូច្នេះ​ការ​តាំង​រូបភាព​បែបនេះ​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​មួយ​នៅ​បច្ចុប្បន្នកាល​ សម្រាប់​អ្នក​ដែល​បាន​ឆ្លងកាត់»។

បើ​តាម​លោក John Burgess រូបថត​ដែល​នឹង​ត្រូវ​ដាក់​តាំង​ទាំង​នោះ បង្ហាញ​ពី​ជីវភាព​ក្រ​លំបាក​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​ការ​ព្យាយាម​ស្ដារ​ឡើងវិញ​នូវ​ជីវិត​របស់​ពួកគេ ​ក្រោយ​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​ដែល​បាន​ធ្វើ​ទុក្ខ​និង​រឹតត្បិត​សិទ្ធិ​សេរីភាព​របស់​ពួកគេ​អស់​រយៈពេល​ជិត​៤ឆ្នាំ៕

XS
SM
MD
LG