ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ហ្វីលីពីន​ផ្ដល់​សញ្ញា​ថា​ខ្លួន​នឹង​តតាំង​ជាមួយ​ចិន​ក្នុង​ជម្លោះ​ដែន​សមុទ្រ

  • Ralph Jennings

លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ថ្លែង​នៅ​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​នៅ​ទីក្រុង Baguio ប្រទេស​ហ្វីលីពីន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧។

គម្រោង​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte ក្នុង​ការ​ពង្រាយ​កងទ័ព​នៅ​លើ​កោះ​នានា​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ជម្លោះ និង​គម្រោង​ផ្ទាល់​ខ្លួន​របស់​លោក​ក្នុង​ការ​ដោត​ទង់ជាតិ​នៅ​លើ​កោះ​ទាំង​នោះ បាន​បង្ហាញ​ថា ប្រទេស​ហ្វីលីពីន​ឆ្អែតឆ្អន់​នឹង​ការ​ពង្រីក​ដែន​សមុទ្រ​របស់​ចិន ទោះបីជា​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​មាន​ភាព​ប្រសើរ​ឡើង​ចាប់​តាំងពី​ខែ​តុលា ឆ្នាំ ២០១៦ មក​ក៏​ដោយ។

លោក Duterte បាន​ប្រាប់​អ្នក​សារព័ត៌មាន​នានា កាល​ពី​ថ្ងៃ​ទី ៦ ខែ​មេសា កន្លង​ទៅ​នេះ​ថា លោក​នឹង​បញ្ជូន​កងទ័ព​ទៅ​កាន់​កោះ​តូចៗ​ចំនួន ៩ ក្នុង​ប្រជុំ​កោះ Spratly ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ស្ថិត​នៅ​ខាង​លិច​នៃ​ប្រទេស​ហ្វីលីពីន។

ប្រទេស​ប្រ៊ុយណេ ចិន ម៉ាឡេស៊ី តៃវ៉ាន់ និង​វៀតណាម សុទ្ធតែ​បាន​ទាមទារ​កាន់កាប់​ប្រជុំ​កោះ​ទាំង​នោះ​ដូចៗ​គ្នា។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី ៦ ខែ​មេសា កន្លង​ទៅ​នេះ ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បំពាក់​ជា​ថ្មី ឬ​ជួសជុល​គ្រឿង​បរិក្ខារ​នៅ​តាម​កោះ​មួយ​ចំនួន​នៃ​ប្រជុំ​កោះ Spratly ដែល​ប្រទេស​ហ្វីលីពីន​កំពុងតែ​កាន់កាប់។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន​នានា​នៅ​ក្នុង​ទីក្រុង​ម៉ានីល។

នៅ​ឯ​សន្និសីទ​សារព័ត៌មាន​សង្ខេប​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ៧ ខែ​មេសា កន្លង​ទៅ​នេះ ប្រទេស​ចិន​ក៏​បាន​សម្ដែង​នូវ​ការ​ភ្ញាក់ផ្អើល និង​ក្ដី​បារម្ភ​របស់​ខ្លួន​អំពី​ការ​វិវឌ្ឍ​ថ្មីៗ​ចុង​ក្រោយ។ អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​ចិន លោកស្រី Hua Chunying បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​តែ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ហ្វីលីពីន​អំពី​ការ​ពង្រាយ​កងទ័ព​ដែល​គ្រោង​នឹង​ធ្វើ​របស់​ហ្វីលីពីន​នេះ ហើយ​សង្ឃឹម​ថា នឹង​ដោះ​ស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់។

អ្នកវិភាគ​នានា​បាន​និយាយ​ថា ប្រទេស​ចិន​ទំនង​ជា​មិន​ឆ្លើយតប​ខ្លាំងៗ​ទៅ​លើ​ការ​ពង្រាយ​កងទ័ព​នៅ​ក្នុង​ប្រជុំ​កោះ Spratlys នោះ​ទេ។

លោក Franklin Cattigay មេបញ្ជាការ​ឆ្មាំ​សមុទ្រ​ប្រចាំ​ទីក្រុង Masinloc ដែល​ជា​ទីក្រុង​ប្រទេស​ហ្វីលីពីន ពឹង​ផ្អែក​លើ​ការ​នេសាទ​នៅ​ក្នុង​ដែនទឹក​ដែល​ត្រួតត្រា​ដោយ​ចិន បាន​និយាយ​ថា៖ «រដ្ឋាភិបាល​ចិន មិន​ខ្វល់​ខ្វាយ​អ្វី​ឡើយ ពីព្រោះ​ខ្លួន​ដឹង​ថា ខ្លួន​អាច​ប្រយុទ្ធ​តតាំង​បាន»។

កាល​ពី​ឆ្នាំ​មុន លោក​ប្រធានាធិបតី Duterte បាន​ចាប់ផ្ដើម​បន្ធូរបន្ថយ​នូវ​ការ​ប្រទូសរ៉ាយ​ដាក់​គ្នា​រវាង​ចិន និង​ហ្វីលីពីន ពាក់ព័ន្ធ​នឹង​ជម្លោះ​ដែន​សមុទ្រ​រយៈពេល ៤ ឆ្នាំ កន្លង​មក តាមរយៈ​ការ​ធ្វើ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ទីក្រុង​ប៉េកាំង។ ប្រទេស​ចិន បាន​អះអាង​ទាមទារ​កាន់កាប់​ដែនទឹក​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ស្ទើរតែ​ទាំង​មូល ដែល​ក្នុង​នោះ រួម​បញ្ចូល​ទាំង​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ​ភាគ​ច្រើន​របស់​ហ្វីលីពីន​ផង​ដែរ។

គម្រោង​ដោត​ទង់​ជាតិ​របស់​លោក Duterte អាច​នឹង «ធ្វើ​ឲ្យ​សាធារណជន​មាន​ការ​ចាប់​អារម្មណ៍​ថា ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នៅ​តែ​មាន»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Termsak Chalermpalanupap អ្នក​សិក្សា​ស្រាវជ្រាវ​ជំនាញ​សន្តិសុខ​ដែន​សមុទ្រ​នៃ​វិទ្យាស្ថាន ISEAS Yusof Ihsak ក្នុង​ប្រទេស​សិង្ហបុរី ។

លោក Duterte មិន​បាន​និយាយ​ថា កងទ័ព​ចំនួន​ប៉ុន្មាន​នាក់​ដែល​លោក​គ្រោង​នឹង​បញ្ជូន​ទៅ​កាន់​ប្រជុំ​កោះ Spratly នោះ​ទេ ដែល​នៅ​ប្រជុំ​កោះ Spratly នេះ យ៉ាង​ហោច​ណាស់​មាន​កូន​កោះ​មួយ​ ឈ្មោះ Pag-asa ឬ Thitu ដែល​មាន​ទាហាន​ឈរ​ជើង​នៅ​ទី​នោះ និង​មាន​ផ្លូវ​យន្តហោះ​មួយ​រួច​ទៅ​ហើយ។ កាលពី​ខែ​មិថុនា ឆ្នាំ​មុន លោក Duterte បាន​និយាយ​ថា លោក​អាច​នឹង​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​កោះ Pag-asa ដើម្បី​ដោត​ទង់ជាតិ​ប្រទេស​ហ្វីលីពីន​នៅ​ចំ​ថ្ងៃ​ឯករាជ្យ​របស់​ហ្វីលីពីន។

ចំណុច​ក្ដៅ​ថ្មី​

ការ​ប្រកាស​ដូច្នេះ​របស់​លោក Duterte ធ្វើ​ឡើង បន្ទាប់ពី​មាន​ការ​បញ្ចេញ​ព័ត៌មាន​ដែល​ថា កាលពី​ឆ្នាំ​មុន នាវា​ស្រាវជ្រាវ​របស់​ចិន​មួយ​ចំនួន បាន​ប្រចាំ​ការ​នៅ​តាម​តំបន់​ដីសណ្ដ​មួយ​កន្លែង ដែល​គ្រប់គ្រង​ដោយ​ប្រទេស​ហ្វីលីពីន ស្ថិត​នៅ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ភាគ​ឦសាន​ឆ្នេរ​សមុទ្រ​ហ្វីលីពីន។

ក្រុមបាតុករ​លើបដាជំទាស់​នឹង​ការ​សាងសង់​ហេដ្ឋរចនាសម្ព័ន្ធ​យោធា​របស់​ចិន​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង នៅមុខ​ស្ថានកុងស៊ុលចិន។
ក្រុមបាតុករ​លើបដាជំទាស់​នឹង​ការ​សាងសង់​ហេដ្ឋរចនាសម្ព័ន្ធ​យោធា​របស់​ចិន​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង នៅមុខ​ស្ថានកុងស៊ុលចិន។



លោក​ប្រធានាធិបតី Duterte បាន​ប្រាប់​អ្នក​សារព័ត៌មាន​នានា កាល​ពី​ពាក់​កណ្ដាល​ខែ​មិនា​កន្លង​ទៅ​នេះ​ថា គាត់​បាន​ដឹង​ថា នាវា​ចិន​បាន​មក​ប្រចាំ​ការ​នៅ​តំបន់ Benham Rise ដែល​ជា​តំបន់​ដីសណ្ដ​ទំហំ ១៣ លាន​ហិកតារ សម្បូរ​ទៅ​ដោយ​ធនធាន​រ៉ែ និង​ឧស្ម័ន​ធម្មជាតិ​ក្រោម​បាត​សមុទ្រ។ យ៉ាង​ហោច​ណាស់​នាវា​ស្រាវជ្រាវ​មួយ​គ្រឿង បាន​ប្រចាំការ​នៅ​ទី​នោះ​អស់​រយៈ​ពេល ៣ ខែ។

ករណី​នេះ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ហ្វីលីពីន​ក្រោកឈរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ក្នុង​នោះ​ក៏​មាន​មន្ត្រី​រដ្ឋាភិបាល និង​ក្រុម​អ្នក​នេសាទ​មួយ​ចំនួន​ផង​ដែរ ដែល​មាន​ការ​ឆ្អែតឆ្អន់​នឹង​ការ​រារាំង​របស់​នាវា​ចិន។

លោក Ramon Casiple នាយក​ប្រតិបត្តិ​នៃ​ក្រុម​អ្នក​តស៊ូ​មតិ នៃ​វិទ្យាស្ថាន​សម្រាប់​កំណែ​ទម្រង់​នយោបាយ និង​ការ​បោះឆ្នោត បាន​និយាយ​ថា៖ «ប្រជាពលរដ្ឋ​ហ្វីលីពីន​អាច​ក្រោក​ឈរ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន ប្រសិនបើ​ប្រទេស​ចិន​អនុវត្ត​សកម្មភាព​មួយ​ក្នុង​ចំណោម​សកម្មភាព​ទាំង​នេះ៖ ទី​មួយ ប្រសិន​បើ​ប្រទេស​ចិន​បន្ត​ការ​សិក្សា​ស្រាវជ្រាវ​បែប​ឈ្លានពាន​លើ​តំបន់ Benham Rise ហួស​ពី​ដែន​កម្រិត​នៃ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ច្បាប់​សមុទ្រ ដែល​ផ្ដល់​សិទ្ធិ​អធិបតេយ្យ​ដល់​ប្រទេស​ហ្វីលីពីន​នោះ។ ទី​ពីរ គឺ​ករណី​ដែល​ប្រទេស​ចិន (មិន)ទទួល​ស្គាល់​ទាំង​ពាក្យ​សម្ដី និង​សកម្មភាព​នូវ​សិទ្ធិ​អធិបតេយ្យ​របស់​ប្រទេស​ហ្វីលីពីន»។

គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ការ​កំណត់​ដែន​ទ្វីប បាន​ឯកភាព​យល់ព្រម​លើ​ការ​ទាមទារ​កាន់កាប់​របស់​ប្រទេស​ហ្វីលីពីន​លើ​តំបន់ Benham Rise កាល​ពី​ឆ្នាំ ២០១២។ ប៉ុន្តែ​ក្រសួង​ការបរទេស​ចិន​បាន​បញ្ជាក់​ថា អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ អនុញ្ញាត​ឲ្យ​ខ្លួន​ធ្វើ​នាវាចរណ៍ និង​ហោះ​ហើរ​ពី​លើ​តំបន់ Benham Rise បាន​ដោយ​សេរី។

លោក Euan Graham ប្រធាន​ផ្នែក​សន្តិសុខ​អន្តរជាតិ នៃ​វិទ្យាស្ថាន Lowy សម្រាប់​គោល​នយោបាយ​អន្តរជាតិ ក្នុង​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី បាន​និយាយ​ថា៖ «ច្បាស់​ណាស់ ប្រទេស​ចិន​គ្មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់​ណា​មួយ​សម្រាប់​ការ​អះអាង​តប​វិញ​លើ​ផ្នែក​សិទ្ធិ​អធិបតេយ្យ​ទាំង​លើ​បាត​សមុទ្រ​ ឬ​ក្នុង​សមុទ្រ​នោះ​ទេ ពីព្រោះ​ការ​ពិត យើង​កំពុង​តែ​និយាយ​អំពី​តំបន់​ដែល​មាន​ទីតាំង​ទល់​មុខ​នឹង​ប្រទេស​ហ្វីលីពីន»។

រដ្ឋាភិបាល​ក្រុង​ម៉ានីល​អាច​នឹង​ផ្ដល់​សម្បទាន​មួយ​ចំណែក​នៃ​តំបន់ Benham Rise ដែល​មាន​ជម្រៅ​៣៥ ម៉ែត្រ​ក្រោម​ផ្ទៃ​មហា​សមុទ្រ សម្រាប់​ការ​រុករក​ធនធាន​នានា។ កាល​ពី​ឆ្នាំ​មុន ក្រុមហ៊ុន​មកពី​ប្រទេស​ជប៉ុន ដែល​ជា​វិនិយោគិន​ដ៏​ធំ​មួយ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន និង​ក្រុមហ៊ុន​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​បង្ហាញ​ចំណាប់អារម្មណ៍​លើ​ការ​វិនិយោគ​ក្នុង​តំបន់​នោះ។

ការ​ប្រយុទ្ធ​តប​ត​វិញ

លោក Duterte បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី ១៣ ខែ​មិនា កន្លង​ទៅ​នេះ ថា លោក​សង្ឃឹម​ថា នឹង​អាច​រក្សា​សន្តិភាព​ជាមួយ​ប្រទេស​ចិន​បាន។ លោក​បាន​បន្ថែម​ថា កង​កម្លាំង​យោធា​ហ្វីលីពីន​មិន​ទាន់​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ប្រយុទ្ធ​ជាមួយ​នឹង​ប្រទេស​ចិន​នៅ​ឡើយ​ទេ ប្រសិន​បើ​មាន​ការ​ចាំបាច់​នោះ។

រូបឯកសារ៖ លោក​ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte និង​លោក​ប្រធានាធិបតីចិន Xi Jinping ចាប់ដៃគ្នានៅក្នុង​ពិធីចុះហត្ថលេខាមួយ នៅ​ប្រទេសចិន កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។
រូបឯកសារ៖ លោក​ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte និង​លោក​ប្រធានាធិបតីចិន Xi Jinping ចាប់ដៃគ្នានៅក្នុង​ពិធីចុះហត្ថលេខាមួយ នៅ​ប្រទេសចិន កាលពី​ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។

លោក Duterte បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដី​ពី​តំបន់ Benham Rise ដែល​បាន​ចាក់​ផ្សាយ​ជា​វីដេអូ​នៅ​លើ​វិបសាយ​សារព័ត៌មាន​ក្នុង​ស្រុក​មួយ ដែល​មាន​អាសយដ្ឋាន Philstar.com ថា៖ «យើង​មិន​ត្រូវ​ប្រយុទ្ធ​គ្នា​ពាក់ព័ន្ធ​នឹង​បញ្ហា​ជា​ម្ចាស់​កម្មសិទ្ធិ ឬ​បញ្ហា​អធិបតេយ្យភាព​នៅ​ពេល​នេះ​នោះ​ទេ ពីព្រោះ​រឿងរ៉ាវ​ផ្សេងៗ​កំពុង​តែ​មាន​ភាព​ប្រសើរ​ឡើង​នៅ​ក្នុង​ប្រទេស​របស់​ខ្ញុំ។ កម្លាំង​ប្រទេស​ខ្ញុំ​មិន​ស៊ី​គ្នា​នឹង​កម្លាំង​ប្រទេស​ចិន​ឡើយ»។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង ដែល​ជា​ប្រទេស​មាន​កម្លាំង​យោធា​ដ៏​ខ្លាំង​បំផុត​មួយ​ក្នុង​ពិភពលោក កំពុង​តែ​ពង្រីក​កម្លាំង​យោធា​ខ្លួន​នៅ​តាម​តំបន់​នានា​នៃ​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ក្នុង​នោះ​មាន​ទាំង​កូន​កោះ​តូចៗ​នៅ​ក្នុង​ប្រជុំ​កោះ Spratly ផង​ដែរ។

ប្រទេស​ចិន​បាន​ខឹង​សម្បា​នឹង​ប្រទេស​ហ្វីលីពីន​ចាប់​តាំង​ពី​ឆ្នាំ ២០១២ មក ដោយ​បាន​គ្រប់គ្រង​កាន់កាប់​កោះ Scarborough Shoal ដែល​ជា​ដែន​នេសាទ​ដ៏​ចម្បង​មួយ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង ដែល​មាន​ចម្ងាយ ១៩៨ គីឡូម៉ែត្រ ស្ថិត​នៅ​ភាគ​ខាង​លិច​កោះ Luzon។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ព្រមាន​ប្រទេស​ម៉ាឡេស៊ី វៀតណាម និង​ហ្វីលីពីន កាល​ពី​ប្រហែល ៥ ឆ្នាំ មុន ដោយ​បាន​ចាក់​ដី​បំពេញ​បន្ថែម​កូន​កោះ​តូចៗ​សម្រាប់​ការ​ប្រើប្រាស់​កិច្ចការ​យោធា។

សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ទំហំ ៣ លាន ៥ សែន​គីឡូម៉ែត្រ​ការ៉េ សម្បូរ​ទៅ​ដោយ​ធនធាន​មច្ឆាជាតិ និង​ធនធាន​ប្រេងកាត និង​ថែម​ទាំង​ជា​ផ្លូវ​សម្រាប់​ការ​ធ្វើ​ចរាចរ​នាវា​ដឹក​ទំនិញ​ទៀត​ផង៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី

XS
SM
MD
LG